អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅ​កូឡុំប៊ី ពួកឧទ្ទាម​ងាក​បែរ​ពី​ការផលិត​កូកាអ៊ីន​ ​ទៅ​ធ្វើអាជីវកម្ម​ជីក​មាស និង​ត្បូង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

របាយការណ៍​មួយ​របស់​ការិយាល័យ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​របស់​អង្គការ​សហប្រជាជាតិ ចេញផ្សាយ​ នៅចុងសប្តាហ៍ មុន ​បង្ហាញថា ចំនួន​ដី​ដាំដើម​កូកា បាន​ថយចុះ​ច្រើន នៅ​អាមេរិក​ឡាទីន។ នៅកូឡុំប៊ី ទំហំ​ដី​ដើមកូកា ដែល​ជា​ធាតុ​ផ្សំ​សំខាន់​សម្រាប់​ផលិត​ថ្នាំញៀន កូកាអ៊ីន បាន​ថយ​ចុះ ​ប្រមាណ​២៥​ភាគរយ នៅ​ឆ្នាំ ២០១២។ តើមាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ចំការ​ដាំដើម​កូកា​ថយចុះ​នៅ​អាមេរិកឡាទីន?

របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បង្ហាញ​ថា ទំហំ​ដី​ដាំ​ដើម​កូកា​សម្រាប់​ផលិត​ថ្នាំ​កូកាអ៊ីន​បាន​ថយ​ចុះ​២៥​ភាគរយ នៅ​កូឡុំប៊ី
របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បង្ហាញ​ថា ទំហំ​ដី​ដាំ​ដើម​កូកា​សម្រាប់​ផលិត​ថ្នាំ​កូកាអ៊ីន​បាន​ថយ​ចុះ​២៥​ភាគរយ នៅ​កូឡុំប៊ី ©
ផ្សាយពាណិជ្ជកម្ម

កូឡុំប៊ី បាន​ជាប់ចំណាត់​ថា្នក់​ជាមួយ​ប្រទេស​បូលីវី និង​ប្រទេស​ប៉េរូ ថា ជា​ក្រុមប្រទេស​អាមេរិក​ឡាទីន ធំបី​នៅក្នុង​ពិភពលោក​ខាង​ផលិតថ្នាំញៀន កូកាអ៊ីន។ នៅប្រទេស​កូឡុំប៊ី ពួក​ឧទ្ទាម​ទ័ពព្រៃ និង​ពួក​ក្រុមជន​ខិលខូច បាន​សាបព្រួស​ដាំ​ដើម​កូកា​រាប់ម៉ឺន​ហិចតា។ ពួកទ័ពព្រៃ​បាន​ធ្វើ​អាជីវកម្ម​ដាំ និង​ផលិត​ថ្នាំញៀន​កូកាអ៊ីន ដើម្បី​យកលុយ​មក​ទិញកាំភ្លើង​សម្រាប់​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទ័ព​រដ្ឋាភិបាល​កូឡុំប៊ី។

 
ប៉ុន្តែ ក្នុង​នាមជា​ប្រទេស​ធំមួយ ខាងផលិត​ថ្នាំញៀន​កូកាអ៊ីន កូឡុំប៊ី​បាន​ចាត់​វិធានការ​រាប់ឆ្នាំ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការផលិត និង​ការជួញដូរ​ថ្នាំញៀន​ខុសច្បាប់ ទៅ​តាម​ការដាក់​សម្ពាធ​ពី​លុយ​ជំនួយ​អាមេរិកាំង។ ជាលទ្ធផល ក្នុង​រយៈពេល​១០ឆ្នាំ ដីចម្ការដាំ​ដើម​កូកា​នៅ​កូឡុំប៊ី​បាន​ថយចុះ​ពី​១សែន ៤ម៉ឺន ហិចតា នៅ​ឆ្នាំ ២០០១ មក​នៅ​ជាង​៤​ម៉ឺន​ហិចតា នៅ​ឆ្នាំ ២០១២។ នៅឆ្នាំ ២០១២ ដីចម្ការថយចុះ​ដល់​ទៅ ២៥ភាគរយ នៅពេល​ដែល​ការផលិត​ថ្នាំកូកាអ៊ីន​បាន​ថយចុះ​ដែរ​ពី​៣៤៥​តោន មក​ត្រឹម​៣០៩​តោន។ តម្លៃជួញដូរ​ថ្នាំញៀន​កូកាអ៊ីន​បាន​ថយចុះ​ពី​៤២២​លាន​ដុល្លារ នៅឆ្នាំ ២០១១ មក​នៅ​ត្រឹម​៣៧០​លាន​ដុល្លារ នៅឆ្នាំ ២០១២។ នេះ​បើតាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ផ្នែក​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន។

តាំងពីមុន​ពេល​ចេញផ្សាយ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិម្ល៉េះ កងទ័ព​កូឡុំប៊ី​បាន​អបអរ​ស្នាដៃ​ការងារ​របស់ពួកគេ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​ថ្នាំញៀន។ បើតាម​ប្រមុខ​កងទ័ព​កូឡុំប៊ី មាន​មូលហេតុបី​ដែល​ធ្វើ​ឲ្យ​ដីចម្ការដាំ​ដើម​កូកា​ថយចុះ។

ទីមួយ គឺ​យុទ្ធនាការ ក្រុមទាហាន​ដើរ​កាប់បំផ្លាញ​ចម្ការកូកា និង​ការបង្រ្កាប​ក្រុមអ្នកផលិត និង​ជួញដូរ​ថ្នាំញៀន​កូកាអ៊ីន។ ទីពីរ រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ប្រជាជន​ឲ្យ​ឈប់​ធ្វើ​កសិកម្ម​លើ​ដើមកូកា ដែល​ច្បាប់​ហាមឃាត់ និង​បែរ​មក​ដាំអ្វីផ្សេងវិញ។ ទីបី គឺ ដោយសារ​កម្លាំង​ចុះខ្សោយ​នៃ​ចលនា​ឧទ្ទាម​Farce ។ បើតាម​មន្រ្តី​ការពារ​ជាតិ​កូឡុំប៊ី ចំនួន​ទ័ពព្រៃ​Farce ដែល​បាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជាង​៥​ទសវត្សរ៍​មកហើយនោះ បាន​ថយចុះ​កម្លាំង មក​នៅ​តិច​ជាង ៨ពាន់​នាក់ ហើយ​មេដឹកនាំ​របស់ពួកគេ​ត្រូវ​បាន​ទាហាន​រដ្ឋាភិបាល​បាញ់សម្លាប់​អស់​ជាច្រើន​នាក់។ ក្រុម​ឧទ្ទាម​ទ័ពព្រៃ​ជាអ្នកជំនាញ​ដាំ និង​ផលិត​ថ្នាំកូកាអ៊ីន ដូច្នេះ បើ​កម្លាំង​ទ័ពព្រៃ​ថយចុះ នោះ ការផលិត​ថ្នាំញៀន​កូកាអ៊ីន​ខុសច្បាប់ ក៏ថយចុះដែរ។

អ្នកសរសេរ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​យល់ស្រប​ដែល​ថា ការងារ​របស់​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​ការដាំ និង​ផលិត​ថ្នាំញៀន​កូកាអ៊ីន​ធ្លាក់ចុះ​នៅ​កូឡុំប៊ី។ ប៉ុន្តែ ការងារ​តែមួយ​មុខ​របស់​រដ្ឋាភិបាល មិនមែន​មូលហេតុ​សំខាន់​ធ្វើ​ឲ្យ​ចំនួន​ដី​ចំការ ដាំ​ដើម​កូកា​ធ្លាក់​ចុះ គួរ​ឲ្យ​កត់សំគាល់ នៅ​លើកនេះទេ។

អ្នកជំនាញ​អាមេរិកាំង ខាងតាមដាន​ការផលិត​ថ្នាំញៀន នៅអាមេរិឡាទីន បាន​លើក​ឡើង​ថា ចំនួន​ដីចម្ការដើម​កូកា​ថយចុះ ដោយសារ​តែ​ពួក​ឧទ្ទាម​ទ័ពព្រៃ និង​ពួក​ជនប្រដាប់អាវុធ​ម៉ាហ្វីយ៉ា​បាន​បោះបង់​ចោល​កសិកម្ម​ដើម​កូកា និង​បែរ​ទៅរក​ការធ្វើ​អាជីវកម្ម​មាស និង​ត្បូងវិញ ដែល​ងាយស្រួល​រកលុយ បាន​រហ័ស និង​គ្មាន​គ្រោះថ្នាក់ ដូច​ថ្នាំញៀន​កូកាអ៊ីន។ នៅ​កូឡុំប៊ី បើទោះបី​ជា​សកម្មភាព​ជីកមាស ធ្វើ​ឡើង​ដោយ​ខុសច្បាប់ក្តី ប៉ុន្តែ កងទ័ព​រដ្ឋាភិបាល​កូឡុំប៊ី​បាន​បន្ធូរដៃ មិន​សូវ​សស្រាក់​សស្រាំ​បង្រ្កាប​ប៉ុន្មានទេ នោះ គឺ ដោយសារ​តែ​អាជីវកម្ម​មាស និង​ត្បូង​មាន​តម្លៃ មិន​មែន​ជា​មុខសញ្ញា​ទាមទារ​របស់​អាមេរិក ដែល​ជា​ម្ចាស់ជំនួយ។

មួយវិញ ការផលិត​ថ្នាំញៀន នៅ​កូឡុំប៊ី បាន​ធ្លាក់ចុះ ដូច​នៅ​បូលីវី ដោយសារ​តែតម្រូវការ​ធ្លាក់ចុះ។ ពួកឧទ្ទាមទ័ពព្រៃ និង​ក្រុមទុច្ចរិត កូឡុំប៊ី ដែល​ជា​អ្នកទិញ និង​ជួញដូរ​ថ្នាំញៀន មាន​ការលំបាក​កាន់តែខ្លាំង មិន​អាច​ជ្រៀតចូល​ក្នុង​ទីផ្សារ​ងងឹត​គ្រឿងញៀន ដែល​ពេល​នេះ គ្រប់គ្រង​ដោយ​ក្រុម​ម៉ាហ្វីយ៉ា Cartel នៅ​ម៉ិកស៊ិក។ របរ​ដាំ​ដើម​កូកា​លែង​សូវ​ត្រចះត្រចង់​ដូច​ក្នុង​អតីតកាល​ទៀតហើយ នៅកូឡុំប៊ី។ ជារួម មិនមែន​ការបង្រ្កាប​របស់​រដ្ឋាភិបាល​ដែល​ធ្វើ​ឲ្យ​អ្នកដាំ និង​ផលិត​កូកាអ៊ីន​រាងចាល ​បញ្ឈប់​អាជីវកម្ម​របស់ខ្លួនទេ ប៉ុន្តែ គឺ​តម្លៃ​ធ្លាក់ចុះ​ក្នុង​ទីផ្សាររបស់​ស្លឹក​កូកា ទេ ដែល​ជា​មូលហេតុ​សំខាន់​ធ្វើ​ឲ្យ​ប្រជាជន​បាក់ទឹកចិត្ត​លែង​ចង់​ដាំដើម​កូកា​ទៀត។ គួរដឹងថា នៅកូឡុំប៊ី ម្ចាស់​ចម្ការដើម​កូកា​បច្ចុប្បន្ន អាច​រកប្រាក់ចំណូល​បាន​ប្រមាណ​តែ ១២២០​ដុល្លារ​តែប៉ុណ្ណោះ ក្នុង​មួយឆ្នាំ។ ប្រាក់ចំណូល​ទាប ហើយ ម្ចាស់ចំការ ឬ​ក្រុមឧទ្ទាម​ត្រូវ​ទទួល​រង​ការបង្រ្កាប របស់​អាជ្ញាធរ​កូឡុំប៊ី ដោយសារ​តែ​ការដាំដើម​កូកា ជាកសិកម្ម​ខុសច្បាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ