អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រជាជន​ប្រេស៊ីល​ធ្វើ​បាតុកម្ម ដោយសារ​តែ​សំបុត្រ​ឡើង​ថ្លៃ ២០សេន ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​សប្តាហ៍មុន ប្រជាជន​ប្រេស៊ីល​រាប់សែន​នាក់​បាន​ចុះថ្នល់​ធ្វើ​បាតុកម្ម​សន្តិភាព។ ប៉ុន្តែ បាតុកម្ម​បាន​ប្រែក្លាយ​ជា​ហិង្សា ដោយ​បាតុករ​មួយ​ចំនួន​បាន​ចូល​វាយបំផ្លាញ​ទីតាំង​ពាណិជ្ជកម្ម និង​ស្ថាប័ន​មួយ​ចំនួន​របស់​រដ្ឋាភិបាល។ នេះ​ជា​បាតុកម្ម​កម្រ ដែល​គេ​ខាន​ឃើញ​តាំង​ពី​របប​ផ្តាច់ការ​បាន​ដួល​រំលំ​ទៅ នៅក្នុង​ប្រទេស​ប្រេស៊ីល កាលពី​ឆ្នាំ ១៩៨៥។ សួរថា តើ​ប្រជាជន​ប្រេស៊ីល​ធ្វើ​បាតុកម្ម ដោយសារ​តែ​គេ​បាន​ដំឡើង​ថ្លៃ​ឡាន​ក្រុង​បន្ថែម ២០​សេន ឬ​យ៉ាងណា ?

បាតុករ​ឱប​ប៉ូលិស​ប្រេស៊ីល​នៅក្នុង​បាតុកម្ម​ដែល​ចេះ​តែ រីកធំឡើងៗ នៅក្នុង​ប្រទេស​ប្រេស៊ីល
បាតុករ​ឱប​ប៉ូលិស​ប្រេស៊ីល​នៅក្នុង​បាតុកម្ម​ដែល​ចេះ​តែ រីកធំឡើងៗ នៅក្នុង​ប្រទេស​ប្រេស៊ីល ©reuters
ផ្សាយពាណិជ្ជកម្ម

 

ដំឡើង​ថ្លៃ​សំបុត្រ​ក្រុង ត្រឹម​២០​សេន គឺ​ដូចជាគេ​ចាក់សាំង​ទៅលើ​អម្បែងភ្លើង។ ការដំឡើង​ថ្លៃ​សំបុត្រ​ដោយ​ចៅហ្វាយក្រុង Sao Paulo ​បាន​ជំរុញ​ប្រជាជន​ប្រេស៊ីល​ឲ្យ​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់ នៅក្នុង​ទីក្រុង​សេដ្ឋកិច្ច​របស់​ប្រេស៊ីល។ ប៉ុន្តែ ប្រជាជន​ប្រេស៊ីល​ផ្ទុះកំហឹង​ចុះធ្វើ​បាតុកម្ម​ទាំងអស់គ្នា ដោយសារ​តែ ពួកគេ​​ឃើញ​ការបង្រ្កាប​របស់​ប៉ូលិស ដែល​រូបភាព​នេះ​បាន​រំលឹក​ពួកគេ​ឲ្យ​នឹក​ទៅដល់​ការបង្រ្កាប​របស់​មេដឹកនាំ​ផ្តាច់ការ ប្រេស៊ីល​ដែល​បាន​បិទ​បញ្ចប់​កាលពី​ឆ្នាំ ១៩៨៥។

ភាព​អយុត្តិធម៌​ក្នុង​សង្គម អំពើ​ពុករលួយ និងការគ្រប់គ្រង​មិនល្អ ខាងផ្នែក​សេវា​សាធារណៈ នោះ​ជា​មូលហេតុ​ចំបង ដែល​លើក​ទឹកចិត្ត​ប្រជាជន​ប្រេស៊ីល​រាប់សែននាក់​ស្រាក់ស្មា គ្នា ចុះថ្នល់ ធ្វើ​បាតុកម្ម។ បាតុករ​ទាំងនោះ​ រិះគន់​ផងដែរ​ពី​គម្រោង​ចំណាយ​លុយ​ដ៏មហាសាល​ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​កីឡា ដែល​រដ្ឋាភិបាល​កំពុង​ប្រញឹកដៃ សម្រាប់​ទទួល​ការប្រកួត​កីឡា​បាល់ទាត់​ពិភពលោក នៅឆ្នាំ​ក្រោយនេះ។

នៅ​ប្រេស៊ីល​កីឡាបាល់ទាត់​ត្រូវ​គេ​ចាត់ទុក​ដូចជា​ស្តេច។ បាល់ទាត់​ជា​កីឡា​ជាតិ​ដែល​យុវជន​ប្រេស៊ីល​និយម​លេង​ជា​ទូទៅ។ ប្រេស៊ីល​មាន​សម្បូរ​ដោយ​កីឡាករ​ជើងឯក​ល្បីៗ និង​ធ្លាប់​ជា​ម្ចាស់​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក ដល់​ទៅ ៥ដង។ នៅពេល​ដែល​ប្រេស៊ីល​ត្រូវ​គេ​ចាប់ឆ្នោត​ឲ្យ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​បាល់ទាត់ កាលពី​ឆ្នាំ ២០០៧ ទាំង​មេដឹកនាំ និង​ប្រជាជន​មាន​ការ​អបអរ ហ៊ោកញ្ជ្រៀវ​យ៉ាងខ្លាំង។ ប៉ុន្តែ នៅ​ពេលនេះ ប្រជាជន​ប្រេស៊ីល​ហាក់លែង​សូវ​ត្រេកត្រអាល​ដូចមុនទៀតហើយ ព្រោះ​ទីមួយ ពួកគេ​ត្រូវ​រដ្ឋាភិបាល​តម្រូវ​ឲ្យ​ចូលរួម​ធ្វើ​​វិភាគទាន​ក្នុង​ថវិកា សម្រាប់​ចំណាយ​លើ​គម្រោង​រៀបចំ​កីឡាបាល់ទាត់​ពិភពលោក ដែល​មាន​តម្លៃ​រហូត​ដល់​១៣​ពាន់​លាន​ដុល្លារ​ សម្រាប់​រៀបចំ​ការប្រកួត​កីឡា​បាល់ទាត់​សហព័ន្ធដែល​ចាប់ផ្តើម​កាលពី​ពាក់កណ្តាល​ខែ​មិថុនា និង​ការប្រកួតបាល់ទាត់​ពិភពលោកនៅឆ្នាំក្រោយ។ នេះ​គេ​នៅ​មិន​ទាន់​គិត​ដល់​ថវិកា​៨ពាន់​លាន​ដុល្លារទៀត ដែល​គេ​ត្រូវ​ប្រើ​សម្រាប់​រៀបចំ​កីឡា​អូឡាំពិក ឆ្នាំ ២០១៦។

មួយវិញទៀត កាលពី​៦​ឆ្នាំ​មុន ប្រជាជន​ប្រេស៊ីល​សប្បាយចិត្ត​ដែល​បាន​ឈ្នះ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​បាល់ទាត់ ព្រោះ សេដ្ឋកិច្ច​ប្រេស៊ីល​ដែល​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​កសិកម្ម (ប្រេស៊ីល​ជា​កសិដ្ឋាន​ពិភពលោក)​បានស្គាល់​ការរីកចម្រើន​ជា​បន្តបន្ទាប់។ ប្រេស៊ីល​ក្រោម​ការដឹកនាំ​របស់​លោក​អតីត​ប្រធានាធិបតីលុយឡា បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​ជាប់ៗ​គ្នា រហូត​ដល់​ឆ្នាំ ២០១០។ លោកលុយឡា​មានប្រជាប្រិយភាព​ខ្លាំង ដោយសារ​តែ​លោក​បាន​ជំរុញ​ការអភិវឌ្ឍ​ផ្នែក​អប់រំ និង​សេវា​សុខភាព​តាម​ភូមិ។

ប៉ុន្តែ លោកស្រី​ Dilma Rousseff ប្រធានាធិបតី​ថ្មី មើល​ទៅ​គ្មាន​សិល្បៈ​ដឹកនាំ​ល្អ​ដូច​លោកលុយឡា​ទេ។ ជាក់ស្តែង ចាប់តាំង​ពី​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ប្រេស៊ីល​ធ្លាក់ចុះ ជា​បន្តបន្ទាប់។ គេមើលឃើញថា នយោបាយ​របស់​លោកស្រី ក្នុង​ការដំឡើងថ្លៃ​ពន្ធ​លើ​ផលិតផល​នាំចូល​មកក្នុង​ប្រទេស​ប្រេស៊ីល ​បាន​បំបាក់ទឹកចិត្ត​ក្រុមអ្នកវិនិយោគ​បរទេស។ ការដំឡើង​ពន្ធគយនេះ​ ដែល​ដំបូង​ឡើយ ធ្វើឡើង​ដើម្បី​បាន​ទប់ស្កាត់​ការហូរចូល​ទំនិញ​បរទេស នៅទីបំផុត ជាអ្នកធ្វើ​ឲ្យ​រដ្ឋ​ចំណាយលុយ​កាន់​តែច្រើន​ទៅលើ​សម្ភារៈ ឧបករណ៍​ដែល​នាំចូល​មក​ពី​បរទេស និង​ដែល​គេ​ត្រូវការ​ដើម្បី​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​ការប្រកួត​កីឡាបាល់ទាត់។

លោកស្រី​ប្រធានាធិបតី​ប្រេស៊ីល​ធ្លាប់​បាន​និយាយ​ការពារ​គម្រោង​រៀបចំ​​ការប្រកួត​កីឡាអូឡាំពិក និង​កីឡា​បាល់ទាត់​ពិភពលោក ដែល​បើ​តាម​លោកស្រី វា​នឹង​ជំរុញ​ឲ្យ​ហេដ្ឋារចនា​សម្ព័ន្ធ និង​សន្តិសុខ​របស់​ប្រេស៊ីល បាន​រីកចម្រើន ល្អ​ជាងមុន។ ប៉ុន្តែ ការអះអាង​របស់​ប្រមុខ​ដឹកនាំ​ប្រេស៊ីល មិន​បាន​ធ្វើ​ឲ្យ​ប្រជាជន​ស្ងប់ ជឿ​ទុកចិត្ត​ឡើយ ព្រោះ​ចំណាយ​ទៅ​លើ​វិស័យ​កីឡា ច្រើនពេក នៅក្នុង​ខណៈពេល​ដែល​សេវា​សាធារណៈ​នៅ​ខ្សត់ខ្សោយ នៅឡើយ ជាពិសេស​ខាងផ្នែក​សុខភាព និង​អប់រំ។ និយាយ​ឲ្យ​ស្រួលស្តាប់ គឺ​រដ្ឋាភិបាល​ប្រេស៊ីល​មាន​ភ្នែក​ធំជាង​ពោះ សំឡឹង​ចង់​បាន ហួសមាឌ​ដែល​ខ្លួន​មាន។

ដូច្នេះ គឺ​ដូចជា​បដិវត្ត​អារ៉ាប់ផ្សេងទៀត ប្រជាជន​ប្រេស៊ីល​ធ្វើ​បាតុកម្ម ដោយគ្មាន​ការដឹកនាំ​ពី​គណបក្ស​នយោបាយ។ គេ​ផ្តោត​ទាមទារ​តែ​រឿង​សេដ្ឋកិច្ច។ ពេលនេះ អាជ្ញាធរ​ប្រេស៊ីល​ប្រយ័ត្នប្រយែង មិន​ចាត់វិធានការ​ក្តៅ តប​នឹង​បាតុករ​ទេ ប៉ុន្តែ ក៏​មិន​បន្ធូរដៃ ព្រោះ នៅ​ក្រោម​ការតាម​​មើល​របស់​អន្តរជាតិ ប្រេស៊ីល​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​កីឡា​បាល់ទាត់ឆ្នាំ ២០១៤ និង​កីឡា​អូឡាំពិក ២០១៦ ត្រូវ​តែ​ការពារ​មុខមាត់​របស់ខ្លួន ដើម្បី​បញ្ជាក់​ថា ខ្លួន​មាន​សមត្ថភាព​រក្សា​សន្តិសុខ និង​ គ្រប់គ្រង​ស្ថានភាព មិន​ប្រក្រតី​នានា​ដែល​អាច​កើតមាន​នៅក្នុង​ឱកាស​ប្រកួត​កីឡាបាល់ទាត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ