rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ប្រេស៊ីល ព្រៃឈើ បរិស្ថាន ប្រែប្រួល​អាកាសធាតុ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ព្រៃ​អាម៉ាហ្សូន៖ កូឡុំប៊ី​អំពាវនាវ​រក​ជំនួយ ខណៈ​ភ្លើងផ្តើម​ឆេះ​ជាង​១៦០០​ចំណុច​ថ្មី​ទៀត

media
ភ្លើងព្រៃកំពុងឆេះរាលដាល នៅ​​ជិតទីក្រុង Porto Velho ប្រទេស​ប្រេស៊ីល​ ថ្ងៃទី ២៤ សីហា ២០១៩ REUTERS/Ueslei Marcelino

ព្រៃអាម៉ាហ្សូន នៅតែស្ថិត​ក្នុងគ្រោះថ្នាក់ ដោយភ្លើងឆេះឆាបត្របាក់ ជាច្រើនថ្ងៃមកហើយ។ បើផ្អែកតាម អ្នកជំនាញ​នៅវិទ្យាស្ថាន​ស្រាវជ្រាវ​ពីលំហអាកាសប្រេស៊ីល បាន​ឲ្យដឹងថា​ថា រវាងពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រកន្លងទៅនេះ គឺមាន​ភ្លើងឆេះ ចំនួន​ជាង១៦០០ចំណុចបន្ថែមទៀត។ លោកប្រធានាធិបតីកូឡំប៊ី បានថ្លែងអំពាវនាវ កាលពីថ្ងៃសៅរ៍ម្សិលមិញ សុំឲ្យមានជំនួយបច្ចេកទេស និងថវិកា ដើម្បីជួយការពារព្រៃអាម៉ាហ្សូននេះ។


រូបភាពភ្លើងឆេះព្រៃអាម៉ាហ្សូន នៅប្រេស៊ីល បាននិងកំពុង ធ្វើឲ្យរំជួលចិត្តមនុស្សទូទាំងពិភពលោក។ ព្រៃឈើ ដែលជាសួតដកដង្ហើមរបស់ផែនដី កំពុងតែត្រូវអណ្តាតភ្លើងឆាបត្របាក់។ គិតចាប់ពី​ខែមករា ដើមឆ្នាំនេះ ព្រៃឈើអាម៉ាហ្សូន ចំនួន​ ៧៨៣៨៣ហិកតា ត្រូវបាន​វិនាសដោយសារភ្លើងឆេះ។ ប្រមាណជាងមួយសប្តាហ៍ ទំហំនៃភ្លើងឆេះព្រៃកាន់តែរីកធំទៅៗ ដោយអាជ្ញាធរប្រេស៊ីល ហាក់ពុំមានសមត្ថភាព​នឹងទប់ទល់។

វិទ្យាស្ថានជាតិស្រាវជ្រាវ​អាកាសប្រេស៊ីល បានបញ្ជាក់​ឲ្យដឹងថា រវាងថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រសប្តាហ៍នេះ មានចំនុចភ្លើងព្រៃចំនួន​ ១៦៦៣ចំណុច ថ្មីបន្ថែមទៀត។ ផ្សែងខ្មៅខ្មួលខ្មាញ់ បានគ្របដណ្តប់ពីលើទីក្រុងមួយចំនួននៅប្រេស៊ីល។ ប្រជាជនប្រេស៊ីល​រាប់ម៉ឺននាក់ បានចេញធ្វើបាតុកម្ម បរិហារពីភាពអសកម្មរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃ ក៏ដូចជាការកាប់បំផ្លាញព្រៃឈើ។

ដោយទទួលសំពាធពីប្រជាជន និងពីសហគមអន្តរជាតិ លោកបុលសូណារ៉ូ ប្រធានាធិបតី​ប្រេស៊ីល បានសម្រេចបញ្ជូនទាហានចំនួន៤៣០០០នាក់ ដើម្បីជួយក្នុងសកម្មភាព​​ពន្លត់ភ្លើង។ រដ្ឋមន្ត្រី​ក្រសួងការពារជាតិប្រេស៊ីល បានលើកឡើងថា ប្រេស៊ីលស្វាគមន៍គ្រប់ជំនួយទាំងអស់​ ដើម្បីជួយស្រោចស្រង់​ព្រៃអាម៉ាហ្សូន។

លោក Ivan Duque ប្រធានាធិបតី​កូឡុំប៊ី បានថ្លែងនៅថ្ងៃសៅរ៍ម្សិលមិញ ដោយបានអំពាវនាវសុំជំនួយពីសហគម​អន្តរជាតិ ដើម្បីជួយការពារព្រៃអាម៉ាហ្សូន។ ជំនួយអាចធ្វើបាន ​ក្រោមរូបភាព​ជាជំនួយថវិកា បច្ចេកទេស ការ​ស្រាវជ្រាវ ឬគ្រឿងបរិក្ខា ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ។ លោកក៏បានលើកឡើងផងដែរ អំពីបំណងប្រមូលប្រទេសទាំងអស់​ ដែលស្ថិតនៅជាប់តំបន់ព្រៃអាម៉ាហ្សូន ឲ្យរួមគ្នាធ្វើសេច​ក្តី​ប្រកាសរួមមួយ ដើម្បីការពារប្រព័ន្ធជីវចម្រុះ នៃព្រៃអាម៉ាហ្សូនដ៏ធំមហិមានេះ។

​ដោយឡែក សមាជិកសភាបារាំងមួយចំនួន បានអំពាវនាវឲ្យបង្កើតមូលនិធិ​អន្តរជាតិមួយ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃអាម៉ាហ្សូន ព្រមទាំងធ្វើការ​ដាំដើមឈើឡើងវិញ។ នៅក្នុងកិច្ចប្រជុំវេទិកា​កំពូល G7 ​ ឯណោះវិញ លោកដូណាល់ ត្រាំ និង លោក​បូរីស ចនសុន បានស្នើផ្តល់ជំនួយ ទៅកាន់​លោកបុលសូណារ៉ូ។

គួរកត់សំគាល់ថា ភ្លើងឆេះព្រៃមិនមែនជាប្រភពតែមួយ នៃការវិនាសហិនហោចព្រៃអាម៉ាហ្សូននោះទេ។ ក្នុងឆ្នាំ២០១៨កន្លងទៅ ដីព្រៃចំនួន​១៩៧០០០ហិកតា នៅប្រទេស​កូឡុំប៊ី ត្រូវបានគេកាប់បំផ្លាញធ្វើ។ នៅប្រេស៊ីលវិញ ការកាប់បំផ្លាញព្រៃយកឈើលក់ និងការ​រានដីព្រៃ យកធ្វើកសិកម្ម ពិសំណាក់ក្រុមហ៊ុនធំៗ ត្រូវបាន​រដ្ឋាភិបាល​ជំរុញលើកទឹកចិត្ត៕