អានតួអត្ថបទ
សហរដ្ឋអាមេរិក-អាហ្សង់ទីន

លោក​អូបាម៉ា ព្យាយាម​លប់លាង​កំហុស​របស់​សហរដ្ឋ​អាមេរិក នៅ​អាហ្សង់ទីន

បន្ទាប់​ពីបាន​ធ្វើ​ដំណើរ​ជា​ប្រវត្តិសាស្ត្រ ​ទៅកាន់​កោះ​គុយបា ​ លោក​បារ៉ាក់ អូបាម៉ា ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​អាហ្សង់ទីន​ ​នៅ​ថ្ងៃ​ពុធ​ ទី២៣ ​មីនា។ ដំណើរ​ទស្សនកិច្ច​នៅ​អាហ្សង់ទីន ​របស់​លោក​អូបាម៉ា ​គឺ​ធ្វើ​ឡើង​ប្រកប​ដោយ​តម្លៃ​ប្រវត្តិសាស្ត្រ ​ព្រោះវា​គឺ​ជា​ដំណាក់កាល​ថ្មី​ នៃ​ការ​ស្តារ​កិត្តយស ​និង​មុខមាត់​របស់​សហរដ្ឋអាមេរិក ​ដែល​បាន​ធ្លាប់​ធ្វើ​ខុស​ឆ្គង​ ទៅលើ​ប្រជាជាតិ​អាហ្សង់ទីន​ កាល​ពី​ជំនាន់​របប​ផ្តាច់​ការ​យោធា ​រវាង​ពី​ឆ្នំា​១៩៧៦ ​ដល់​ឆ្នាំ​១៩៨៣។

លោក អូបាម៉ា ក្នុងពេល​លៀងសាយភោគ​ជាមួយ​លោក​ប្រធានា​ធិបតី​អាហ្សង់ទីន ម៉ូរីស្យ៊ូ ម៉ាគ្រី ថ្ងៃទី​២៣ មីនា ២០១៦
លោក អូបាម៉ា ក្នុងពេល​លៀងសាយភោគ​ជាមួយ​លោក​ប្រធានា​ធិបតី​អាហ្សង់ទីន ម៉ូរីស្យ៊ូ ម៉ាគ្រី ថ្ងៃទី​២៣ មីនា ២០១៦ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​របស់​លោក​អូបាម៉ា ​នៅ​អាហ្សង់ទីន ​វា​មាន​តម្លៃ​ប្រវត្តិសាស្ត្រ ​ផ្សេង​ខុស​ម្យ៉ាង​ពី​ទស្សនកិច្ច​លោក​នៅ​គុយបា។ កាលណាគេ​និយាយ​ថា ​វា​មាន​តម្លៃ​ប្រវត្តិសាស្ត្រ​មាន​ន័យ​ថា ​កាល​ពី​អតីតកាល​ ប្រទេស​ទាំងពីរ​ធ្លាប់​មាន​ប្រវត្តិ​អ្វីមួយ​ ជាមួយ​គ្នា។ រវាង​សហរដ្ឋ​អាមេរិក ​និង​អាហ្សង់ទីន ​គឺ​អ្វីៗ​ចាប់​ផ្តើម​ឡើង​នៅក្នុង​សម័យ​សង្រ្គាម​ត្រជាក់ ​ក្នុង​ទសវត្ស​ទី​៦០។

 
របប​យោធា​ផ្តាច់ការ​អាហ្សង់ទីន សម្លាប់​មនុស្ស​៣ម៉ឺន​នាក់៖
កាល​ជំនាន់​នោះ ​ដើម្បី​ទប់ស្កាត់​ការ​ឡើង​ឥទ្ធិពល​របស់​ពួក​ឧទ្ទាម​កុម្មុយនីស្តិ ​នៅ​តំបន់​អាមេរិក​ឡាទីន​ទាំងមូល ​សហរដ្ឋ​អាមេរិក​ បាន​សម្រេចចិត្ត​ជួយ​ក្រុម​យោធា​ផ្តាច់ការ ​ដើម្បី​ប្រើ​អំណាច​វាយ​សង្រ្គុប​ ទៅលើ​ចលនា​បដិបវដ្តន៍​ម៉ាក្ស ឡេនីន។ តួយ៉ាង​ដូច​ជា​នៅ​អាហ្សង់ទីន​នេះ​តែម្តង​ គឺ​របប​ផ្តាច់ការ​យោធា​មួយត្រូវ​បាន​ស្ថាបនា​ឡើង ​ក្រោមការ​ជួយ​ជ្រោមជ្រែក​ពី​សហរដ្ឋ​អាមេរិក។ របប​យោធា​ផ្តាច់ការ​អាហ្សង់ទីន​ មាន​រយៈ​ពេល​៧ឆ្នាំ ​ពី​ឆ្នាំ​៧៦ ​ដល់​ឆ្នាំ​៨៣។ ក្នុង​រយៈពេល​៧ឆ្នាំ​នេះ ​សហរដ្ឋ​អាមេរិក ​បាន​ធ្មេច​ភ្នែក​ បណ្តោយ​ឲ្យពួក​យោធា​ផ្តាច់ការ ​ធ្វើការ​បង្រ្កាប​ទៅលើ​ចលនា​បះបោរ​គ្រប់​ផ្នែក​ទាំង​អស់ ​មិន​ថា​ជា​ចលនា​របស់​ពួក​ឧទ្ទាម​បដិវដ្តន៍​កុម្មុយនីស្ត ​រឺ​មួយ​ជា​ចលនា​តវ៉ា​របស់​ពួក​សហជីព​ការងារ​ ​រឺ​​ក៏​ជា​សកម្មជន​របស់​គណបក្ស​ប្រឆាំង​ទេ។

សរុប​មក​ក្នុង​រយៈ​ពេល​៧ឆ្នាំ​នេះ ​មាន​មនុស្ស​ប្រហែល​៣ម៉ឺន​នាក់ ​ត្រូវ​បាន​ក្រុម​សម្ងាត់​របស់​ពួក​យោធា ​យក​ទៅ​សម្លាប់​ចោល។ មនុស្ស​រាប់ពាន់​នាក់​ ត្រូវ​បាន​ពួក​យោធា​យកទៅ​ទម្លាក់​ចោល​នៅ​ក្នុង​សមុទ្រ ​ ពីលើ​ឧត្ថម្ភាគចក្រ។ ជំនាន់នោះ ​ គឺ​ជា​សម័យ​ដ៏​ខ្មៅ​ងងឹត​បំផុត​របស់​ប្រវត្តិសាស្ត្រ​អាហ្សង់ទីន ​ហើយ​ដែល​ប្រជាជន​អាហ្សង់ទីន​គ្រប់​រូប​ មិន​អាច​បំភ្លេច​បាន​ទេ។ អ្វី​ដែល​គេ​មិន​អាច​បំភ្លេច​បាន​មួយ​ទៀត​នោះ ​ គឺ​ចំណែក​របស់​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​រឿងរ៉ាវ​ទាំងអស់​នេះ ​ដែល​កាល​ជំនាន់​នោះ​ដឹកនាំ​ដោយ ​លោក​ប្រធានាធិបតី ​ជីមី កាកទឺ។

ចាប់ដៃ​ជាថ្មី ​តែ​មិន​ឱនក្បាល​សុំទោស៖
ដូច​យើង​ដឹង​ហើយ ​ថា​គោលនយោបាយ​របស់​លោក​ប្រធានាធិបតី​អូបាម៉ា ​គឺ​ធ្វើ​យ៉ាងណា​ ស្តារ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដ៏ទៃ ​ដែល​កន្លង​មក​ធ្លាប់មើល​មុខ​គ្នា​មិនត្រង់ ​ជាមួយ​អាមេរិក ​តួយ៉ាង​ដូចជា​អ៊ីរ៉ង់ ​និង​គុយបា​ជាដើម។ ក៏​ប៉ុន្តែ​មិន​មាន​ន័យ​ថា ​លោក​អូបាម៉ា ​ដើរ​ទៅ​អង្វរ​គេ​ឲ្យ​គេ​លេង​ចូល​វិញ​ទេ។ អ្វីៗ​ត្រូវ​ធ្វើទៅ​ដោយ​សន្សឹមៗ។ ទស្សនកិច្ច​លោក​អូបាម៉ា ​នៅ​អាហ្សង់ទីន​នាពេល​នេះ ​គឺ​បង្ហាញ​ពី​ចេតនា​របស់​គាត់​ក្នុង​ការ​ចាប់ដៃ​គ្នា​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​អាហ្សង់ទីន ​ដែល​មាន​លោក​ប្រធានាធិបតី ​ម៉ូរីស្យ៉ូ ម៉ាគ្រី ​ទើប​តែ​ឡើង​កាន់​តំណែង​បាន​៣ខែ​ទេ។

ការ​ចាប់ដៃ​គ្នា​មិន​អាច​ធ្វើ​តែ​ម្ខាង​ទេ ​គឺ​ត្រូវ​ធ្វើ​ទាំង​សងខាង។ ប្រធានាធិបតី​អាហ្សង់ទីន​អាណត្តិ​មុនៗ ​ជា​មនុស្ស​មក​ពី​ក្រុម​ឆ្វេង​និយម ​ដែល​បាន​ឆ្លងកាត់​ប្រវត្តិ​ឈឺចាប់ ​ត្រូវ​ពួក​ទាហាន​ផ្តាច់ការ​ធ្វើ​បាប។ អញ្ចឹង​ហើយ​បាន​ជា​កាល​ពី​អាណត្តិ​មុនៗ ​គឺ​រដ្ឋាភិបាល​អាហ្សង់ទីន ​សូម្បីតែ​ឈ្មោះ​សហរដ្ឋអាមេរិក​ ក៏​គេ​មិន​ចង់​ឮ​ផងទេ។

តាម​ពិត​លោក​ ប៊ីល គ្លីនតុន ​ក៏ធ្លាប់​បាន​អញ្ជើញ​ទៅ​អាហ្សង់ទីន​ដែល​ នៅ​ឆ្នាំ​​១៩៩៧ ​តែ​កាល​ជំនាន់​នោះ ​អាហ្សង់ទីន ​នៅ​មាន​ឥទ្ធិពល​របស់​ពួក​យោធា​នៅ​ឡើយ។ ដូច្នេះ​ទស្សនកិច្ច​របស់​លោក​ប៊ីល គ្លីនតុន ​មិន​បាន​លើកឡើង​អំពី​ប្រវត្តិសាស្ត្រ​របប​យោធា​ផ្តាច់ការ​ទេ។ ប៉ុន្តែ​ក្រោយមក​ ប្រធានាធិបតី​ថ្មី​របស់​អាហ្សង់ទីន​ ដូចជា​លោក​ណេស្តូ ​និង​លោកស្រី ​គ្រីស្ទីណា ​កៀកឈ្នែ ​បាន​សន្យា​គាស់​កកាយ​ការពិត​ រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ដែល​ស្លាប់​ទាំង​៣ម៉ឺន​នាក់ ​ក្នុង​របប​ផ្តាច់ការ។ មេដឹកនាំ​យោធា​ជា​ច្រើននាក់​ត្រូវ​បាន​កាត់​ទោស​ផង​ដែរ។

បើក​សំណុំ​ឯកសារ​សម្ងាត់​CIA ​ដើម្បី​សុំទោស​ជា​ប្រយោល៖
មក​ដល់​តំណាក់កាល​នេះ ​លោក​អូបាម៉ា ​ត្រូវធ្វើ​យ៉ាង​ណា ​បង្ហាញ​ពី​ការ​សោកស្តាយ ​នូវ​នយោបាយ​ខុសឆ្គង​កន្លង​មក​របស់​អាមេរិក។ មិនមែន​ជា​កំហុស​គាត់​ទេ ​ ​តែ​ក្នុង​នាម​ប្រធានាធិបតី​អាមេរិក ​គាត់​ត្រូវ​តែ​ទទួល​ស្គាល់។ អញ្ចឹង​ហើយ​បាន​ជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​មុន​នឹង​ត្រលប់​ទៅ​វិញ ​ លោក​អូបាម៉ា ​បាន​អញ្ជើញ​ទៅ​កាន់​ទីបូជនីយដ្ឋាន ​នៅ​ក្រុង​ប៊ុយណូស អ៊ែរ ​ដើម្បី​ធ្វើ​ការ​ស្មឹងស្មាត​រំលឹក​វិញ្ញាណខន្ធ​ដល់​ជនរងគ្រោះ ​ក្នុង​សម័យ​របប​យោធា​ផ្តាច់ការ​អាហ្សង់ទីន។ លោក​ អូបាម៉ា​មិន​បាន​ថ្លែង​ទទួល​ស្គាល់​កំហុស​របស់​សហរដ្ឋ​អាមេរិក​ ជា​ផ្លូវការ​ទេ ​ តែ​អ្វី​ដែល​គាត់​ធ្វើ​គឺ​គាត់​នឹង​សុំទោស​ដោយ​ប្រយោល។ ការ​សុំទោស​ដោយ​ប្រយោល​នោះ​គឺ​ អាមេរិក​ នឹង​បើក​សំណុំ​ឯកសារ​សម្ងាត់​របស់ ​CIA​ ជា​សាធារណៈ ​ដើម្បី​ឲ្យ​គេ​អាច​ស្រាវជ្រាវ ​ រក​ការពិត​កាន់តែ​ច្បាស់​ ជុំវិញ​សម័យ​ផ្តាច់ការ​យោធា​នៅ​អាហ្សង់ទីន។
 

បាតុកម្ម​ប្រឆាំង​​សហរដ្ឋ​អាមេរិក​ នៅ​រដ្ឋធានី​អាហ្សង់ទីន ថ្ងៃទី ២៣ មីនា ២០១៦
បាតុកម្ម​ប្រឆាំង​​សហរដ្ឋ​អាមេរិក​ នៅ​រដ្ឋធានី​អាហ្សង់ទីន ថ្ងៃទី ២៣ មីនា ២០១៦ REUTERS/Agustin Marcarian

អតីតកាល​ត្រូវតែ​ចងចាំ ​តែ​អនាគត​ក៏​ត្រូវតែ​សម្លឹង៖
ពួក​អ្នក​ប្រឆាំង ​ស្អប់​នយោបាយ​ចក្រព័ទ្ធ​របស់​សហរដ្ឋ​អាមេរិក ​គឺគេ​នៅតែ​មិន​អាច​ទទួល​យក​បាន​ទេ។ សមាគម​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ក្នុង​របប​ផ្តាច់ការ​យោធា ​នាំគ្នា​ធ្វើ​បាតុកម្ម​ផងដែរ។​ ជាង​នេះ​ទៅ​ទៀត​នោះ ​ថ្ងៃ​ទី​២៤​ មីនា​នេះ ​គឺ​ជា​ថ្ងៃ​ខួប​គំរប់​៤០​ឆ្នាំ ​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​របស់​ពួក​យោធា​អាហ្សង់ទីន។ អ្នកខ្លះ​គេ​យល់​ថា ​លោក​អូបាម៉ា​មក​អាហ្សង់ទីន​ចំ​ថ្ងៃ​នេះ ​គឺ​ប្រៀប​ដូចជា​ធ្វើ​ភ្គើន​អាហ្សង់ទិន​អញ្ចឹង​ដែរ។ ប៉ុន្តែ​ការពិត​គឺ​វា​ជា​រឿង​ចៃដន្យ​ទេ ​ យើង​អាច​យក​ទៅ​បកស្រាយ​យ៉ាងម៉េច​ក៏​បាន។

អតីតកាល​ត្រូវតែ​ចងចាំ ​ដើម្បី​កុំ​ឲ្យ​វា​កើតឡើង​ជាថ្មី ​តែ​យើង​ក៏​ត្រូវ​សម្លឹង​មើល​តថៈភាព​ជាក់ស្តែង​ដែរ។ ទោះ​អាមេរិក​សុំ​ទោស​តាម​របៀបណា​ ផ្លូវការ​ ​រឺ​មិន​ផ្លូវការ ​ក៏​វា​នៅ​តែ​មិន​អាច​លប់​ប្រវត្តិសាស្ត្រ​ឲ្យ​ស្អាត​វិញ​បាន​ដែរ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ​គឺ​ទៅ​ថ្ងៃ​មុខ​ ត្រូវគិត​ពី​អនាគត​របស់​អាហ្សង់ទីន។ ក្នុង​នាម​ជា​មហាអំណាច​ទី៣​នៅ​អាមេរិក​ឡាទីន ​អាហ្សង់ទីន​ ត្រូវការ​អាមេរិក​ ជាជាង​អាមេរិក ​​ត្រូវការ​អាហ្សង់ទីន។ សេដ្ឋកិច្ច​អាហ្សង់ទីន​ ត្រូវការ​ការ​ផ្តល់​សន្ទុះ​ថ្មី ​បន្ទាប់​ពី​នៅ​កក​ស្ទះ​រយៈពេល​ជាង​១០ឆ្នាំ​កន្លង​មក​នេះ ​ដោយសារ​តែ​ប្រធានាធិបតី​មុនៗ ​មិន​ព្រម​បើក​ទីផ្សារ​ជាមួយ​អាមេរិក។ អ្នក​រិះគន់ ​គេ​នៅ​តែ​និយាយ​ថា ​ ពួក​ចក្រព័ទ្ធ​អាមេរិក ​នឹង​មិន​ចោល​ក្បួន​ទេ ​នឹង​ប្រើ​វិស័យ​សេដ្ឋកិច្ច​ដើម្បី​សង្កត់​ក្បាល​អាហ្សង់ទីន។ ប៉ុន្តែ​ធម្មតាទេ​ ក្នុង​ការធ្វើ​ជំនួញ  ​គឺ​វា​ត្រូវ​មាន​ប្រយោជន៍​ទៅវិញ​ទៅមក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ