rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក អង្គការ​សហប្រជាជាតិ អ៊ីរ៉ង់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិក​រង​ការរិះគន់​ក្នុង​រឿង​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​កោះប្រជុំ​ពី​បញ្ហា​បាតុកម្ម​នៅ​អ៊ីរ៉ង់

media
លោកស្រី​ Nikki Haley ​នៅក្នុង​​ក្រុម​ប្រឹក្សា​សន្តិសុខ REUTERS/Brendan McDermid

ទៅតាម​ការទទូច​សុំ​របស់​អាមេរិក ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​សុក្រទី ៥​មករា ម្សិលមិញ បាន​បើក​បន្ទាន់​កិច្ចប្រជុំ ដើម្បី​និយាយ​វិបត្តិ​នយោបាយ​​ នៅក្នុង​ប្រទេស​អ៊ីរ៉ង់។ ប៉ុន្តែ រុស្ស៊ី​ ​អ៊ីរ៉ង់ និង​ប្រទេស​សមាជិក​មួយ​ចំនួន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​មិន​យល់​ស្រប​នឹង​គំនិត​របស់​អាមេរិក ​ដែលចង់​​ឲ្យ​គេ​យក​​បញ្ហា​ផ្ទៃក្នុង​របស់​អ៊ីរ៉ង់​ទៅ​ជជែក​នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នោះទេ។


នៅ​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ លោកស្រី នីគគី ហាឡេ ដែល​ជា​អ្នកផ្តួចផ្តើមគំនិត​​ឲ្យ​មាន​ការកោះប្រជុំបន្ទាន់​ដើម្បី​និយាយ​ពី​បញ្ហា​អ៊ីរ៉ង់​បាន​អះអាង​ថា ពិភពលោក​ពេលនេះ​កំពុងតាមមើល​ជាប់ជានិច្ច​សកម្មភាព​របស់​អាជ្ញាធរ​អ៊ីរ៉ង់។ ​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅបាន​បរិហារ​ ​រដ្ឋាភិបាល​អ៊ីរ៉ង់​ថា បាន​​រំលោភ​បិទសិទ្ធិ​ពលរដ្ឋ ដែល​កំពុង​ស្រេកឃ្លាន​ចង់​បាន​សេរីភាព។

អ្នកតំណាង​របស់​អាមេរិក​នៅ​បាន​បញ្ជាក់​ជាថ្មី​ពី​ជំហរ​របស់អាមេរិក​ក្នុងការ​​គាំទ្រ​ក្រុម​បាតុករ​អ៊ីរ៉ង់​ដែល​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល ដើម្បី​សេរីភាព និង​ភាពរុងរឿង​ឲ្យ​ក្រុមគ្រួសារ ហើយនិង​ប្រទេស​​ជាតិ​អ៊ីរ៉ង់។ នៅពេល​ដែល​ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​គួរ​ជារឿង​កង្វល់ ប្រទេស​សមាជិក​ដទៃទៀត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​​គ្មាន​ជំហរ​យល់​ស្រប​ជាមួយ​អាមេរិក​នោះទេ។ រុស្ស៊ី​ដែល​ព្រមាន​ពីការលូកដៃ​របស់​អាមេរិក​ទៅក្នុង​កិច្ចការផ្ទៃក្នុង​របស់​អ៊ីរ៉ង់​បាន​បញ្ជាក់ថា គឺ​មានតែ​អ៊ីរ៉ង់​ដែល​អាច​ដោះស្រាយ​បញ្ហា​ក្នុង​ស្រុក​របស់​អ៊ីរ៉ង់។ សម្រាប់​ Vassily Nebenzia ឯកអគ្គរដ្ឋទូត​រុស្ស៊ី នៅក្រុមប្រឹក្សា​សន្តិសុខ ដោយ​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​កោះប្រជុំ​បន្ទាន់​ដើម្បី​និយាយ​ពី​​បាតុកម្មនៅ​អ៊ីរ៉ង់ អាមេរិក​កំពុង​ធ្វើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ខ្ជះខ្ជាយ​​ពេលវេលា​ ​គ្មានប្រយោជន៍។​

អ្នកតំណាង​របស់​អ៊ីរ៉ង់​នៅ​អង្គការ​សហប្រជាជាតិ​ Gholamali Khoshroo បាន​បរិហារ​អាមេរិក​ថា បាន​រំលោភ​អំណាច​ក្នុង​នាម​ជាសមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ដើម្បី​យក​លេស​ យក​បញ្ហា​ផ្ទៃក្នុង​របស់​អ៊ីរ៉ង់​មក​ជជែក​នៅក្រុមប្រឹក្សា​សន្តិសុខ។ មួយវិញទៀត ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​សំដែង​ការសោកស្តាយ​ផងដែរ ដែល​ក្រុមប្រឹក្សា​សន្តិសុខ​​អនុញ្ញាត​ឲ្យ​អាមេរិក​រំលោភ​អំណាច និង​សុខចិត្ត​បើកកិច្ចប្រជុំ​បើទោះបី​ជាមាន​ការជំទាស់​ពី​ប្រទេស​សមាជិក​​ជាច្រើន​ក៏ដោយ។

ក្រៅតែពី​រុស្ស៊ី និង​អ៊ីរ៉ង់ បារាំង​ឯណោះ​វិញ​ក៏​សំដែង​មតិ​មិន​យល់ស្រប​ ​ជាមួយ​​​អាមេរិកដែរ ។ ឯកអគ្គរដ្ឋទូត​របស់​បារាំង​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក​ Francois Delattre​ បាន​និយាយ​បែប​ចំអក​​ថា ចលនា​ព្រឹត្តិការណ៍​ដែល​កំពុង​កើតឡើង​នៅ​អ៊ីរ៉ង់ ទោះ​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ ​ប៉ុន្តែ មិន​គំរាមកំហែង និង​គ្រោះថ្នាក់​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​ឡើយ។ ដោយ​មិន​និយាយ​ចំឈ្មោះ​អាមេរិក អ្នកតំណាង​បារាំង​បាន​ព្រមាន​​ពីគ្រោះថ្នាក់​ដែល​អាច​កើតឡើង ដោយសារ​តែ​ការចង់​កេង​យក​ចំណេញពី​វិបត្តិ​នៅ​អ៊ីរ៉ង់ ដើម្បី​​ប្រយោជន៍​របស់​បុគ្គល​ណាមួយ។ សម្រាប់​ភាគី​បារាំង អ្វី​ដែល​គេ​ផ្តោតសំខាន់ គឺ​ការរក្សា​កិច្ចព្រមព្រៀង​អន្តរជាតិ​នុយក្លេអ៊ែរ ដែលរដ្ឋបាល​របស់លោកដូណាល់ ត្រាំ​កំពុង​បែរខ្នង លែង​ចង់​គោរព​​ធ្វើតាមតទៅទៀត។