rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី សហរដ្ឋអាមេរិក នុយក្លេអ៊ែរ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិក ​រំលឹក​រុស្ស៊ី​ឲ្យ​គោរព​សន្ធិសញ្ញា ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ ​New Start

media
លោក ​Obama និង​លោក ​Medvedev ចុះ​ហត្ថលេខា​​លើ​​សន្ធិសញ្ញា ​New Start នៅថ្ងៃទី ៨ មេសា ​ឆ្នាំ​២០១០ Reuters

សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ រវាងរុស្ស៊ី ​និង​អាមេរិក ​បាន​ឈាន​មក​ដល់​ដំណាក់កាល​មួយ​ទៀត ​និង​ចូល​ជា​ធរមាន​ កាល​ពីថ្ងៃ​ទី៥​កុម្ភៈ​ ។ សហររដ្ឋ​អាមេរិក ​បាន​ប្រកាស​ថា ​ខ្លួន​បាន​គោរព​សន្ធិសញ្ញា​នេះ​បាន​ខ្ជាប់ខ្ជួន​ ហើយ​សូម​អំពាវនាវ ​ឲ្យភាគី​រុស្ស៊ី​ត្រូវ​គោរព ​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ។ តាមការ​គ្រោងទុក​ ក្នុង​ក្របខណ្ឌ​នៃ​សន្ធិសញ្ញ​នេះ ​នៅ​រវាង​មួយខែ​ទៀត ​មហាអំណាច​នុយក្លេអ៊ែរ​ទាំង​២ ​ត្រូវ​ផ្លាស់ប្តូរ​ទិន្ន័យ​គ្នា ​ស្តីពី​ចំនួន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ ដែល​មាន​រៀងៗ​ខ្លួន។


ក្រសួង​ការបរទេស​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​មួយ នៅថ្ងៃ​ចន្ទ​ទី ៥កុម្ភៈ ​ដោយ​បាន​លើក​ឡើង​ថា សហរដ្ឋ​អាមេរិក និង​រុស្ស៊ី​បាន​ព្រមព្រៀង​គ្នា​ចុះ​ហត្ថលេខា ​លើ​សន្ធិសញ្ញា​ New Start ដើម្បីគ្រប់គ្រង​ និង​កាត់បន្ថយ ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​រៀងៗ​ខ្លួន។ អាមេរិក​សូម​អះអាង​ជាថ្មី​ម្តងទៀត​ ថា ​អាមេរិក ​បាន​គោរព​នូវអ្វី ​ដែល​មាន​កំណត់​ ក្នុង​សន្ធិសញ្ញា​នោះ​ យ៉ាងខ្ជា​ប់ខ្ជួន។

ដោយឡែក​ ភាគីរុស្ស៊ី ​ក៏ធ្លាប់​បាន​អះអាង​ថា ​រុស្ស៊ី​មាន​ការ​តាំងចិត្ត​ខ្ពស់​ ក្នុង​ការ​គោរព​សន្ធិសញ្ញា​នេះដែរ។ មន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី ​បាន​អះអាង​នៅថ្ងៃ​ចន្ទ​​ថា​ សូមភាគី​អាមេរិក​កុំបារម្ភ​ រុស្ស៊ី​នឹង​បញ្ជូន​ឯកសារទិ​ន្ន័យ​ ទាំងអស់​ ស្តីពី​ក្បាលគ្រាប់​នុយក្លេអ៊ែរ​របស់​រុស្ស៊ី ​ទៅឲ្យ​ភាគី​អាមេរិក​បាន​ដឹង។

សូម​បញ្ជាក់ថា​ អាមេរិក ​និងរុស្ស៊ី​ បាន​ចុះហត្ថលេខា​ជាមួយគ្នា​ នៅឆ្នាំ​២០១០​ លើ​សន្ធិសញ្ញា​ New Start​ស្តីពី​ការគ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ។ កម្មវត្ថុ​នៃ​សន្ធិសញ្ញា​នេះ គឺ​នាំ​មហាអំណាច​នុយក្លេអ៊ែរ​​​ទាំង​២ ​ឲ្យ​កាត់​បន្ថយ​បន្តិចម្តងៗ​ នូវក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ក្នុង​រវាង១០​ឆ្នាំ​ ព្រមទាំង​កំណត់​ឲ្យ​ភាគី​ទាំង២ ​ត្រូវ​ផ្លាស់ប្តូរ​ទិន្ន័យ ​និង​ផ្ទៀងផ្ទាត់​គ្នា​ទៅវិញ​ទៅ​មក។ តាម​ការគ្រោងទុក​ ក្នុង​មួយ​ខែទៀត​ ភាគី​ទាំង​២​នឹង​ត្រូវ​ដោះដូរ​ឯកសារ​គ្នា។

កាលពី​ថ្ងៃព្រហស្បតិ៍ ​សប្តាហ៍មុន ​លោកស្រី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ បាន​លើកឡើង​ថា ​លោកស្រី​គិត​ថា ​ភាគី​រុស្ស៊ី​គ្មាន​ហេតុផល​អ្វី ​ដែល​មិន​គោរព​សន្ធិសញ្ញា​នេះ​ទេ។ លោកស្រី​ជឿថា​​ ភាគី​ទាំង២ ​នឹង​ព្រម​ព្រៀង​ទទួល​ស្គាល់​ទិន្ន័យ​រៀងៗ​ខ្លួន។ ទោះបី​ជា​យ៉ាងណា ​ខាង​ក្រសួង​ការបរទេស​រុស្ស៊ី ​បាន​អះអាង​ថា ​រុស្ស៊ី​ពុំមាន​លទ្ធភាព​អ្វី​ទៅ​ផ្ទៀងផ្ទាត់​ ថា​តួលេខ​ដែល​អាមេរិក​ប្រគល់​ឲ្យ​នោះ ​ឆ្លុះប​ញ្ចាំង​ពីការ​ពិត​នោះ​ឡើយ។

សូម​បញ្ជាក់​ថា ការ​ក្រើន​រំលឹក​គ្នា​​ទៅ​វិញ​ទៅ​មក​នេះ គឺធ្វើ​​ឡើងតែ​​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​​ពេល​​ដែល​ក្រសួង​ការពារជាតិ​អាមេរិក​ បាន​បង្ហាញ​ឲ្យដឹង ​នូវ​ផែនការ​អាវុធ​នុយក្លេអ៊ែរ​ថ្មី​របស់​ខ្លួន។ យោង​តាម​គំរោងនេះ​ អាមេរិក ​មាន​ផែនការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ​ធន់ស្រាល ​ជា​ប្រភេទ​អាវុធ​តាក់តិក។ អាមេរិក​សម្រេច​បែប​នេះ ​គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​រុស្ស៊ី ​ដែល​បាន​និង​កំពុង​តែ ​គេចវៀង​កាតព្វកិច្ច​ដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា​New Start ។ យោងតាម​មន្ត្រី​ក្រសួង​ការពារជាតិ ​អាមេរិក​ សន្ធិសញ្ញា​នេះ ​បង្ខំ​មិន​ឲ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ធន់ធំ ​ប្រភេទ​យុទ្ធសាស្ត្រ។ ក៏​ប៉ុន្តែ​រុស្ស៊ី ​បាន​សំងំ​យក​សារធាតុ​នុយក្លេអ៊ែរ ​ទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ធន់ស្រាល ​ជា​ប្រភេទ​តាក់ទិក​។ ដូច្នេះ ​សហរដ្ឋ​អាមេរិក ​ត្រូវ​តែ​ឆ្លើយ​តប​ទៅ​វិញ៕