អានតួអត្ថបទ

អាមេរិក៖ ព្រឹទ្ធសភា​បោះឆ្នោត​ទទួល​ចៅក្រម​ Brett Kavanaugh ​ក្នុង​តុលាការ​កំពូល

ទីបំផុតទៅ ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតយល់ព្រម ទទួលបេក្ខភាពលោក Brett Kavanaugh ឲ្យ​ក្លាយ​ជាសមាជិកនៃអង្គចៅក្រម តុលាការកំពូលអាមេរិក កាលពីថ្ងៃសៅរ៍ទី៦តុលា បើទោះបីជាមានបាតុកម្មតវ៉ា និងរឿងអាស្រូវចោទប្រកាន់ពីបទរំលោភសេពសន្ទវៈ លើរូបលោកចៅក្រមនេះក្តី។ លោកដូណាល់ ត្រាំ ដែលជាអ្នកស្នើបេក្ខភាពនេះ បានប្រកាសអបអរ ថានេះគឺជាជោគជ័យដ៏ធំរបស់បក្សលោក។ ប៉ុន្តែសម្រាប់ អ្នកប្រឆាំងយល់ថា ជាមួយនឹងចៅក្រមថ្មីរូបនេះ តុលាការកំពូលអាមេរិក បានធ្លាក់ទៅក្នុងដៃ របស់ក្រុមមនុស្សអភិរក្សនិយមជ្រុល ដែលនេះគឺជាគ្រោះថ្នាក់ដល់​សង្គមអាមេរិក។

បាតុករប្រឆាំងនឹងលោក​ចៅក្រម​ Brett Kavanaugh នៅ​ញូយ៉ក យប់​ថ្ងៃ​ទី​៦​តុលា ២០១៨
បាតុករប្រឆាំងនឹងលោក​ចៅក្រម​ Brett Kavanaugh នៅ​ញូយ៉ក យប់​ថ្ងៃ​ទី​៦​តុលា ២០១៨ REUTERS/Stephen Yang
ផ្សាយពាណិជ្ជកម្ម

លោក Brett Kavanaugh បានស្បថចូលកាន់មុខងារ ជាចៅក្រមតុលាការកំពូលអាមេរិក ភ្លាមៗប៉ុន្មានម៉ោង ក្រោយព្រឹទ្ធសភា បោះឆ្នោតយល់ព្រមនៅថ្ងៃសៅរ៍ទី ៦កញ្ញា។ ការបោះឆ្នោត ដែលប្រកបដោយភាពរអាក់រអួល ដោយសារតែមានបាតុកម្មតវ៉ា ជាច្រើនកន្លែង ប្រឆាំងនឹងបេក្ខភាពរបស់ចៅក្រមរូបនេះ។

តែទីបំផុត លទ្ធផលបោះឆ្នោតនៅព្រឹទ្ធសភា បានបង្ហាញថា លោក Brett Kavanaugh ត្រូវបានទទួលការយល់ព្រម ក្នុងសម្លេងឆ្នោត ៥០ ទល់នឹងសម្លេងប្រឆាំង៤៨សម្លេង។ នេះគឺជាជោគជ័យ យ៉ាងប្រផិតប្រផោយ ប៉ុន្តែលោកដូណាល់ ត្រាំ បានប្រកាសថា វាគឺជាជោគជ័យដ៏ធំរបស់លោក និងរបស់បក្សសាធារណរដ្ឋ ក្នុងដំណើរការ ការពាររដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា បេក្ខភាពចៅក្រមលោក Brett Kavanaugh ត្រូវបានស្នើដោយលោក​ដូណាល់ ត្រាំ។ ប៉ុន្តែបេក្ខភាពនេះ​ បានពុះចែកមតិសាធារណៈអាមេរិកជាពីរ បន្ទាប់ពីមាន​រឿង​អាស្រូវ និង​ការចោទប្រកាន់ជាច្រើន​ ទៅលើអត្តចរិក បុគ្គលិកលក្ខណៈ មិនសមរម្យ របស់ចៅក្រមរូបនេះ។ លោកស្រី Blasey Ford បានចោទលោកចៅក្រម Brett Kavanaugh ថាបានប៉ុនប៉ងចាប់រំលោភលោកស្រី កាលពីឆ្នាំ១៩៨២។ បន្ថែមពីនេះ ទំនោរ​អភិក្សនិយមជ្រុល របស់ចៅក្រុមរូបនេះ បានធ្វើឲ្យមតិសាធារណៈ មានការព្រួយបារម្ភ ថាតុលាការកំពូលអាមេរិក នឹងក្លាយជាឧបករណ៍មួយ ដើម្បីការពារនយោបាយអភិរក្សនិយម របស់លោកដូណាល់ ត្រាំ។

ជាការកត់សំគាល់ អំណេះតទៅ ក្នុងចំណោមចៅក្រម ទាំង៩រូបនៃតុលាការកំពូល គឺមាន៥រូបដែលសុទ្ធជាចៅក្រម ដែលមានទំនោរអភិរក្សនិយម ផ្ទុយពីចៅក្រម៤ទៀត ដែលមាននិន្នាការបើកចំហរ ធ្វើកំណែទម្រង់សង្គម។ សូមរំលឹកថា តុលាការកំពូលអាមេរិក គឺជាស្ថាប័នកំពូលមួយ ដែលមានតួនាទីត្រួតពិនិត្យ ធម្មនុញ្ញភាពរបស់ច្បាប់នានា ព្រមទាំងជាអ្នកកាត់សេចក្តីរាល់វិវាទសង្គមធំៗទាំងអស់។ មានបញ្ហាជាច្រើន ដែលសង្គមអាមេរិក កំពុងប្រឈមនិងបានពុះចែកមតិសាធារណៈ ហើយដែលបញ្ហាទាំងនោះ ត្រូវឆ្លងកាត់ ការកាត់សេចក្តីពីតុលាការកំពូល។ ក្នុងនោះមានដូចជា សិទ្ធិក្នុងការរំលូតកូន ទោសប្រហារជីវិត ការរិតត្បិតសិទ្ធិកាន់កាប់អាវុធ សិទ្ធិរៀបអាពាហ៍ពិពាហ៍នៃអ្នកស្រលាញ់ភេទដូចគ្នា  ព្រមទាំងបញ្ហាបរិស្ថានជាដើម។

យ៉ាងណាក៏ដោយ ក្រុមគណបក្សប្រជាធិបតេយ្យ រំពឹងថា​ការការតែងតាំងចៅក្រុមអភិរក្សនិយមរូបនេះ អាចនឹងជំរុញអ្នកបោះឆ្នោតដែលជាអ្នកគាំទ្រសិទ្ធិស្ត្រី​ ឲ្យបោះឆ្នោតឲ្យខាងបក្សប្រជាធិបតេយ្យ ដើម្បីធ្វើយ៉ាងណា ដណ្តើមយកសភាខុនក្រេស មកកាន់កាប់វិញ ចៀសវៀងកុំឲ្យ ពួកសាធារណៈរដ្ឋ ជិះសេះលែងដៃតែ​ម្នាក់ឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ