rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

វ៉េណេស៊ុយអេឡា អង្គការ​សហប្រជាជាតិ សិទ្ធិមនុស្ស សិទ្ធិសេរីភាព

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អង្គការ​សហប្រជាជាតិ​ថ្កោលទោស ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ​នៅ​វ៉េណេស៊ុយអេឡា

media
ទាហានវ៉េណេស៊ុយអេឡា ចុះ​ទៅ​ឆែកឆេរ ​ចាប់​មនុស្ស​នៅ​ក្នុង​​ផ្សារ ក្រុង​ការ៉ាកាស ថ្ងៃទី២០ មិថុនា ២០១៨ Reuters

ឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ទើបបានចេញរបាយការណ៍មួយ ស្តីពីស្ថានភាព​​រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ នៅប្រទេសវ៉េណេស៊ុយអេឡា ក្រោមការដឹកនាំ​ផ្តាច់ការ​ របស់រដ្ឋាភិបាល​លោក​ នីកូឡាស ម៉ាឌុយរ៉ូ។ ជាករណីរំលោភសិទ្ធិមនុស្ស ក្រោមរូបភាព នៃការរារាំងសិទ្ធិសេរីភាព ការចាប់ដាក់ឃុំ និងការធ្វើទារុណកម្ម​ ទៅលើសកម្មជន ឬក៏មន្ត្រីសមត្ថកិច្ច ដែលប្រឆាំងរដ្ឋាភិបាល។


របាយការណ៍ ដែលចេញផ្សាយ នៅថ្ងៃសុក្រទី ២២មិថុនា បានលើកឡើង អំពីការប្រើប្រាស់អំពើហឹង្សាហួសប្រមាណ ការចាប់មនុស្សដាក់ឃុំ​ដោយ​គ្មានឆ្លងកាត់ការជំនំជំរះ និងការធ្វើទារុណកម្ម ទៅលើសកម្មជន​នយោបាយប្រឆាំង មន្ត្រីបុគ្គលិករដ្ឋដែលមិនស្របនឹងរដ្ឋាភិបាល ព្រមទាំងបុគ្គលិកធ្វើការក្នុងវិស័យព័ត៌​មាន ដែលមានជំហរ​រិះគន់​រដ្ឋាភិបាល វ៉េណេស៊ុយអេឡា។

គួរកត់សំគាល់ថា កាលពីឆ្នាំ២០១៧ ឧត្តមក្រុមប្រឹក្សសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍មួយរួចម្តងហើយ ស្តីពីសកម្មភាពរំលោភសិទ្ធិមនុស្ស នៅប្រទេសវ៉េណេស៊ុយអេឡា ក្រោយការបង្រ្កាបបាតុកម្ម ទាមទារឲ្យលោក នីកូឡាស ម៉ាឌុយរ៉ូ ចុះចេញពីតំណែង។ ក៏ប៉ុន្តែនៅក្នុងរបាយការណ៍​ថ្មីនេះ ក្រុមអ្នកជំនាញ បានលើកឡើង អំពីករណីចាប់មនុស្សដាក់ឃុំ ដែលមានលក្ខណៈ កាន់តែ សំដៅដោយចំពោះ ច្បិចយកតែមនុស្សសំខាន់ៗ ដែលមាននិន្នាការប្រឆាំង។

លោក Zeid  Ra’ad Al Hussein អគ្គស្នងការសិទ្ធិមនុស្ស បានលើកឡើងថា ស្ថានភាពបច្ចុប្បន្ននៅវ៉េណេស៊ុយអេឡា កាន់តែឌុនដាប ធ្ងន់ធ្ងរ​​បំផុត។ មន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិរូបនេះ បានអំពាវនាវ​ឲ្យបង្កើត គណកម្មការស៊ើបអង្កេតអន្តរជាតិមួយ ហើយក៏សុំសំណូមពរ ឲ្យមានការចូលរួមសហការ ពីសំណាក់តុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ ផងដែរ។

ក្រៅពីស្មានភាពរំលោភសិទ្ធិមនុស្ស លោកអគ្គស្នងការនៃឧត្តមក្រុមប្រឹក្សា​សិទិ្ធ​មនុស្ស បានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ច ដ៏សែនលំបាក​​របស់​ប្រជាជន​វ៉េណេស៊ុយអេឡា នា​ពេល​បច្ចុប្បន្ននេះ។ ប្រជាជន​​ប្រមាណ​​៨៧% កំពុងរស់នៅក្នុងភាពក្រីក្រ ហើយក្នុងចំណោម​​​នោះ ៦១% ស្ថិតក្នុងភាពក្រីក្រតោកយ៉ាងកបំផុត រហូតមានអ្នកខ្លះ​ ត្រូវបង្ខំចិត្តស្វែងរកចំណីអាហារ នៅតាមធុងសំរាមក៏មាន។ ចាប់តាំងពីមានវិបត្តិនយោបាយ និងសេដ្ឋកិច្ចមក មានប្រជាជន​វ៉េណេស៊ុយអេឡា ប្រមាណ​ជា​១លាន​៥សែន​នាក់​ហើយ ដែល​បានរត់​ភៀសខ្លួន​ចេញ​ពី​ប្រទេស។

ដោយឡែក តំណាងទូតរបស់វ៉េណេស៊ុយអេឡា ប្រចាំអង្គការសហប្រជាជាតិ បាន​ច្រានចោលរបាយការណ៍ថ្មី របស់ប្រឹក្សាសិទ្ធិមនុស្សនេះ ដោយចោទថាជាការមួរបង្កាច់ បង្ខូចកិត្តយស់របស់វ៉េណេស៊ុយអេឡា។ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ​ចាត់ទុករបាយការណ៍នេះថា គ្មានឯករាជ្យ និងត្រូវបានធ្វើឡើងដោយ​ស្មានៗ​ពីចំងាយ ពុំមាននីតិវិធីស៊ើបអង្កេត ឲ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយឡើយ។

យ៉ាងណាក៏ដោយ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានអះអាងថា បើរបាយការណ៍នេះ ត្រូវបានអ្នកជំនាញ ធ្វើអង្កេតពីចំងាយ ក៏ដោយសារតែរដ្ឋាភិបាលវ៉េណេស៊ុយអេឡាខ្លួនឯង ដែលមិនបានអនុញ្ញាត ឲ្យមានអ្នកជំនាញអន្តរជាតិ ចុះទៅតាមដានអង្កេតផ្ទាល់។ ផ្ទុយ​ពី​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា ដែលច្រានចោលរបាយការណ៍នេះ អង្គការ​និងសមាគមសិទ្ធិមនុស្សជាច្រើននៅវ៉េណេស៊ុយអេឡា បានអបអរ​របាយការណ៍​​នេះ ហើយបានធ្វើការចែកផ្សាយ នៅតាមបណ្តាញសង្គមយ៉ាងទូលំទូលាយ៕