rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក ដើមបូព៌ា អ៊ីស្រាអែល ប៉ាឡេស្ទីន អង្គការ​សហប្រជាជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អង្គការ​សហប្រជាជាតិ​ថ្កោលទោស​សហរដ្ឋ​អាមេរិក ​ពី​រឿង​ទទួល​ស្គាល់​ហ្សេរុយសាឡឹម​

media
លទ្ធផល​បោះឆ្នោត​​ ប្រកាស​​នៅ​​អង្គ​សន្និបាទ​​អង្គការ​​សហ​ប្រជាជាតិ​​ ថ្ងៃទី​​២១ ​ធ្នូ​ ២០១៧​ AFP

កាលពី​ថ្ងៃព្រហស្បតិ៍​ទី ២១ ធ្នូ​ អង្គការ​សហប្រជាជាតិ​ បាន​បើក​សម័យ​ប្រជុំ​ពិសេស​មួយ ​ដើម្បី​បោះឆ្នោត​ ធ្វើ​សេចក្តី​សម្រេចចិត្ត​មួយ ​ដែល​មាន​ខ្លឹមសារ​ស្តី​បន្ទោស ​និង​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​បាន​ទទួល​ស្គាល់ ​ទីក្រុង​ហ្សេរុយសាឡឹម ​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល។ ប្រទេស​​១២៨ ​ក្នុង​នោះ​មាន​ប្រទេស​ធំៗ​នៅ​អឺរ៉ុប​ ដែល​សុទ្ធតែ​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ បាន​រួមគ្នា ​បោះឆ្នោត​អនុម័ត​សេចក្តី​សម្រេចចិត្ត​ ដែល​មាន​ខ្លឹមសារ​ថ្កោលទោស​សហរដ្ឋ​អាមេរិក​នេះ បើ​ទោះ​បី​ជា​លោក​ដូណាល់ ត្រាំ​ បាន​គំរាម​ថា​នឹង​ផ្តាច់​ជំនួយ​ហិរញ្ញវត្ថុ​ក៏ដោយ។


សហរដ្ឋ​អាមេរិក ​ទើបតែ​ឆ្លងកាត់​ទិវា​ដ៏​អាម៉ាស​បំផុត​ បន្ទា​ប់​ពីត្រូវ​បាន​អង្គការ​សហប្រជាជាតិ​បោះឆ្នោត​អនុម័ត​ សេចក្តី​សម្រេចចិត្ត​មួយ ​ដែល​មាន​ខ្លឹមសារ​ថ្កោលទោស​យ៉ាង​ធ្ងន់ធ្ងរ​ មក​លើ​ខ្លួន។ ការ​បោះឆ្នោត​ធ្វើ​សេចក្តី​សម្រេចិត្ត​ ថ្កោលទោស​សហរដ្ឋ​អាមេរិក​នេះ ​គឺ​បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ ​បាន​សម្រេច​ទទួល​ស្គាល់ ​ក្រុង​ហ្សេរុយសាឡឹម​ ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ​កាលពី​ថ្ងៃ​ទី៦​ធ្នូ​កន្លង​ទៅ។

លទ្ធផល​ឆ្នោត​ បង្ហាញ​ថា​ប្រទេស​១២៨ ​ក្នុង​ចំណោម​នោះ​មាន​មហាអំណាច​ធំៗ​នៅ​អឺរ៉ុប​ ដូចជា​បារាំង​ និង​អង់គ្លេស បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេចចិត្ត​នេះ។ ចំណែក​អ្នក​ដែល​បាន​បោះឆ្នោត​ប្រឆាំង​ មាន​៩ប្រទេស​ ក្នុងនោះ​ គឺ​មាន​ជា​អាថទិ៍​ សហរដ្ឋ​អាមេរិក​ខ្លួនឯង​ផ្ទាល់ ​និង​អ៊ីស្រាអែល។ ចំណែក ​ប្រទេស​៣៥​ផ្សេង​ទៀត​ មាន​ដូច​ជា​កាណាដា​ មិចស៊ិក ​ប៉ូឡូញ ​ហុងគ្រី ​ជាដើម ​បាន​បោះឆ្នោត​អនុបវាទ។​

នៅ​ចំពោះមុខ​អង្គសន្និបាទ​ អង្គការ​សហប្រជាជាតិ ​ក្រោយ​ប្រកាស​លទ្ធផល​ឆ្នោត ​លោកស្រី​ Nikki Haley​ អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ ​បាន​ថ្លែង​អរគុណ ​ប្រទេស​ទាំង​៦៥ ​ដែល​មិន​បាន​បោះឆ្នោត​គាំទ្រ ​ហើយ​លោកស្រី ​បាន​ទាំង​សន្យា​ថា ​នឹង​កត់​ឈ្មោះ​ប្រទេស​ដែល​បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេចចិត្ត​នេះ ​ទុក​ទាំងអស់ ​។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ ​បាន​ថ្លែង​ថា ៖ “សហរដ្ឋ​អាមេរិក​ នឹង​ចងចាំ​ថ្ងៃ​នេះ​ជាប់​ជានិច្ច ​ថា ​អង្គការ​សហប្រជាជាតិ​ ​ដែល​អាមេរិក​តែងតែ​ផ្តល់​វិភាគទាន​ឲ្យ​ច្រើន​ជាង​គេ ​បាន​ធ្វើ​សេចក្តី​សម្រេចចិត្ត​ ថ្កោលទោស​សហរដ្ឋ​អាមេរិក”។

ដោយឡែក​ នៅមុនថ្ងៃ​បោះឆ្នោត​មួយថ្ងៃ ​លោក​ដូណាល់ ត្រាំ​ បាន​សរសេរ​សារ​ លើ​ទំព័រ​Twitter​ ថា​៖  “អង្គការ​សហប្រជាជាតិ​យក​លុយ​អាមេរិក​ទៅចាយ​ មួយឆ្នាំៗ​រាប់រយ​លាន​ដុល្លារ ​តែ​បែជា​បោះឆ្នោត​ស្តី​បន្ទោស​អាមេរិក​ទៅវិញ”។ លោកត្រាំ​គំរាម​ថា៖  “​ចង់ថ្កោលទោស​អី​ក៏​ថ្កោលចុះ ​តែ​ចាប់​ពី​ពេល​នេះ​ទៅ ​អាមេរិក​ នឹង​សន្សំ​លុយ​ទុក​វិញ​ប្រសើរ​ជាង”

គួរបញ្ជាក់​ថា​ខ្លឹមសារ​ជារួម ​នៃ​សេចក្តី​សម្រេចចិត្ត​នេះ ​គឺ​បាន​ថ្កោលទោស ​ដល់​ការ​ទទួល​ស្គាល់​ក្រុង​ហ្សេរុយសាឡឹម ​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក។ សម្រាប់​អង្គការ​សហប្រជាជាតិ​ លក្ខខន្តិកៈ​នៃ​ក្រុង​ហ្សេរុយសាឡឹម ​ត្រូវតែ​ឆ្លងកាត់​ការ​ចរចា​សន្តិភាព ​ទ្វេរ​ភាគី ​រវាង​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន ​ទើប​ជា​រឿង​យុត្តិធម៌ ​និង​មាន​សមភាព។

លោក​ប្រធានាធិបតី​តួកគី ​បាន​ចេញ​មុខ​មក​អំពាវនាវ​ថា ​កុំឲ្យ​សហគមន៍​អន្តរជាតិ ​ខ្លាច​រអា​នឹង​អំណាច​ទឹក​លុយ​ដុល្លារ ​របស់​សហរដ្ឋ​អាមេរិក​​ឲ្យ​សោះ។ រីឯ​លោក ​Mahmoud Abbas ​ប្រមុខ​ដឹកនាំ​ប៉ាឡេស្ទីន​ បាន​អបអរ​នឹង​សេចក្តី​សម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ​នេះ ​បើទោះ​បី​ជា​វា​គ្មាន​កម្លាំង​គតិយុត្តិ​ចាប់​បង្ខំ​ក៏ដោយ។ តែ​​យ៉ាងណា​ វា​បង្ហាញ​ថា ​សហគមន៍​អន្តរជាតិ ​បានយល់​ បាន​ដឹង​ បាន​ឮ​ពី​ការ​តស៊ូ​ស្វែងរក​យុត្តិធម៌ ​របស់​ប្រជាជន​ប៉ាឡេស្ទីន៕