rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

សូរ្យគ្រាស​ទាំងស្រុង ដ៏កម្រ​ ឆ្លងកាត់​សហរដ្ឋ​អាមេរិក

ដោយ ម៉ម ពិសី

នៅថ្ងៃ​ចន្ទទី​​២១ ​សីហា​នេះ បា​តុភូត​ធម្មជាតិ ​ដ៏​កម្រ ​និង​ដ៏​អស្ចារ្យ​មួយ ​នឹង​កើតឡើង ​គឺ​សូរ្យគ្រាស​ទាំងស្រុង ​ដែល​នឹង​ត្រូវ​ឆ្លង​កាត់​សហរដ្ឋ​អាមេរិក​ ​ពី​ទិស​ពាយ័ព្យ ​ដល់​ទិស​អាគ្នេយ៍។ មនុស្សម្នា ​រាប់​ម៉ឺន​នាក់ ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ទី​ឆ្ងាយៗ​ ដើម្បី​ទៅ​រងចាំ​មើល​ព្រឹត្តិការណ៍​សូរ្យគ្រាស​ទាំង​ស្រុង​ដ៏​កម្រ​នេះ​ នៅ​តាម​តំបន់​ដែល​វា​ឆ្លង​កាត់។ ព្រឹត្តិការណ៍​នេះ​ ​ក៏​ជា​ឱកាស ​ឲ្យ​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ​អាច​តាម​ដាន​ស្វែងយល់​បន្ថែម ​ពី​ព្រះ​អាទិត្យ ​ដែល​ជា​ប្រភព​នៃ​ជីវិត​នៅ​លើ​ភព​ផែន​ដី​យើង។

សូរ្យគ្រាស​ទាំងស្រុង​កើតឡើង ​រវាង​១៨​ខែ​ម្តង ​តែ​ភាគច្រើន​នៅ​ពី​លើ​មហាសមុទ្រ

សូរ្យគ្រាស​ គឺជា​បាតុភូត​ធម្មជាតិ ​ដែល​កើត​ឡើង ​ដោយសារ​តែ​ព្រះចន្ទ​ អណ្តែត​មក​ចំ​បន្ទាត់ ​ចន្លោះ​ពី​ផែនដី​ទៅ​ព្រះអាទិត្យ។ ដូច្នេះ​ ព្រះ​ចន្ទ​នឹង​មក​បាំង​កាំ​រស្មី​ព្រះអាទិត្យ​ ហើយ​ស្រមោល​ព្រះចន្ទ​ នឹង​ជះ​មក​លើ​ផែនដី ​នៅ​ទី​កន្លែង​ណា ​ដែល​ស្ថិត​នៅ​ចំ​ពេល​នោះ។ ​ចំណែក​បាតុភូត​ចន្ទគ្រាស ​ឬ​ខ្មែរ​យើង​និយម​ហៅថា ​រាហ៊ូចាប់​ចន្ទនោះ​ គឺកើត​ឡើង​នៅ​ពេល​ភពផែនដី​យើង​ អណ្តែត​ទៅ​ចំ​បន្ទាត់​ត្រង់​ ចន្លោះ​ពី​ព្រះ​អាទិត្យ​ទៅ​ព្រះចន្ទ​ ហើយ​ជះ​ស្រមោល​ងងិត​ទៅ​លើ​ព្រះ​ចន្ទ​ ធ្វើ​ឲ្យ​ព្រះចន្ទ​ងងិត ​មួយ​រយៈពេល។

បាតុភូត​សូរ្យគ្រាស​ទាំងស្រុង ឬសូរ្យគ្រាសពេញ ​គឺ​នៅពេល​ដែល​ ព្រះចន្ទ​ មក​បាំង​ព្រះអាទិត្យ​ជិត​ឈឹង​តែ​ម្តង។ តាម​ធម្មតា​ អង្កត់​ផ្ចិត​របស់​ព្រះអាទិត្យ​មាន​ទំហំ ​ធំជាង​ព្រះចន្ទ ​ដល់​ទៅ​៤០០​ដង​ឯណោះ ក៏​ប៉ុន្តែ​ព្រះចន្ទ​ស្ថិតនៅ​ជិត​ផែនដី​យើង​ជាង​ព្រះ​អាទិត្យ ​ប្រមាណ​ជា​៤០០​ដង​ដែរ។ ដូច្នេះ​បើ​យោង​តាម​ការ​គុណគូរ ​របស់​តារាវិទូ ​ គឺសម្រាប់​ភ្នែក​មនុស្ស​យើង ​នៅពេល​ដែល​ព្រះចន្ទ​ មក​នៅ​បាំង ​ពីមុខ​ផែនដី ​យើង​នឹង​ឃើញ​ព្រះចន្ទ​ មាន​ទំហំ​ប៉ុន​ព្រះអាទិត្យ។ ហើយ​ក្នុង​ករណី​ខ្លះ ​ព្រះចន្ទ​ បាន​អណ្តែត​មក​ចំ​ចំណុច​មួយ ​ដែល​នៅ​កៀក​នឹង​ផែន​ដី​បំផុត​ ដែល​ធ្វើ​ឲ្យ​យើង​មើល​ឃើញ​ព្រះចន្ទ​ កាន់​តែ​ធំ ​បាំង​ព្រះអាទិត្យ​ជិត​ទាំង​ស្រុង​តែម្តង។ ក្នុង​កំឡុង​​ពេល​ដែល​បាំង​ទាំង​ស្រុង​នោះ ​តំបន់​មួយ​ចំនួន​ដែល​ស្ថិត​នៅតាម​បណ្តោយ​បន្ទាត់ ​នៃ​ស្រមោល​ព្រះចន្ទ ​នឹង​ត្រូវ​ងងឹត​ស្លុប​មួយ​រំពេច។

បើតាម​អ្នកជំនាញ ​បាតុភូត​សូរ្យគ្រាស​ទាំង​ស្រុង​នេះ ​កើត​ឡើង​រវាង​ ១៨​ខែ​ម្តង ​ក៏​ប៉ុន្តែ​ ​ជា​ទូទៅគឺ​វា​ឆ្លងកាត់​ពី​លើ​មហាសមុទ្រ ​ព្រោះថា​ ផែនដី​យើង​គ្រប​ដណ្តប់​ដោយ​មហាសមុទ្រ​សឹងតែ​៧០%។ ចំណែក​តំបន់​ផ្សេងទៀត​ អាច​ឃើញ​តែ​សូរ្យគ្រាស​ មួយ​ចំណិត​ ឬ​មួយ​ផ្នែក​ប៉ុណ្ណោះ។ ក្នុង​ករណី​ខ្លះ​ ព្រះចន្ទ ​ស្ថិត​នៅ​ចំ​ចំណុច​មួយ​ ដែល​ឆ្ងាយ​ខ្លាំង​ពី​ផែនដី ​ចំ​ពេល​មាន​សូរ្យគ្រាស ​ដូច្នេះ​អាច​បាំង​ព្រះអាទិត្យ​ដែរ​ តែ​បាំង​មិន​ជិត​ ធ្វើឲ្យ​នៅ​សល់​គែម​ជុំវិញ ​បង្កើត​ជា​ខ្សែ​វណ្ឌ​មាន​ពន្លឺ។ ដូច្នេះ​ករណី​សូរ្យគ្រាស​ទាំងស្រុង ​ដែល ​ព្រះចន្ទ​មក​បាំង​ព្រះអាទិត្យ​ជិត​ឈឹង​ ដែល​មនុស្ស​អាច​មើល​ឃើញ​នេះ ​គឺ​កម្រ​ណាស់។

ផ្លុវឆ្លងកាត់របស់សូរ្យគ្រាសទាំងស្រុុងថ្ងៃទី ២១ សីហា ២០១៧ ព្យាករណ៍ដោយ NASA NASA

សូរ្យគ្រាស​ទាំងស្រុង ​ឆ្លងកាត់​អាមេរិក​ពី​ទិស​ពាយ័ព្យ​ទៅ​ទិស​អាគ្នេយ៍

នេះ​ជា​ព្រឹត្តិការណ៍​កម្រ​ណាស់​ សម្រាប់​ប្រជាជន​អាមេរិក​ ព្រោះ​ថា​សូរ្យគ្រាស​ទាំង​ស្រុង​ប្រភេទ​នេះ ​បាន​កើត​ឡើង​ចុង​ក្រោយគេ​នៅ​អាមេរិក​ ក្នុង​ឆ្នាំ​១៩៧៩ ​ ហើយ​នៅ​កោះ​ហាវ៉ៃ ​កាល​ពី​ឆ្នាំ​១៩៩១។ បើ​តាម​ការ​ព្យាករណ៍​របស់ ​Nasa​ សូរ្យគ្រាស​ទាំង​ស្រុង​នៅ​​ថ្ងៃនេះ ​នឹង​ចាប់​ផ្តើម​ ឆ្លងកាត់​ពី​ទិស​ពាយ័ព្យ ​ត្រង់​តំបន់​ Lincoln Beach ​ក្នុង​រដ្ឋ​ Oregon ​នៅ​វេលា​ម៉ោង ​ប្រហែល​១០​ និង​១៦​នាទី​ ម៉ោង​នៅ​ក្នុង​តំបន់។ បន្ទាប់​មក​ទៀត ​ស្រមោល​ព្រះចន្ទ​ និងបន្ត​បាំង​ព្រះអាទិត្យ​ ដើរ​ជា​បន្ទាត់​ត្រង់ ​កាត់​សហរដ្ឋ​អាមេរិក​ ឆ្ពោះ​ទៅកាន់​ ភាគ​អាគ្នេយ៍​ត្រង់​ទីក្រុង ​Charleston​ ក្នុង​រដ្ឋ​ Caroline ខាងត្បូង ​បិទ​បញ្ចប់​នៅ​ម៉ោង​ប្រមាណ​ជា​២ ​និង​៤៨​នាទី​រសៀល ​ម៉ោង​នៅ​ទីនោះ។

តំបន់ដែល​គេ​អាច​គយគន់​សូរ្យគ្រាស​នេះ ​ បាន​យូរ​ជាង​គេ ​គឺ​នៅ​តំបន់ ​Carbondale​ ក្នុង​រដ្ឋ ​Illinois ​ព្រោះបើ​តាម​ការ​ព្យាករណ៍​របស់​អ្នក​ជំនាញ ​នៅ​ចំ​ទីនោះ ​គឺ​ព្រះអាទិត្យ​នឹង​ត្រូវ​បាំង​ជិត​ទាំង​ស្រុង ​ដោយ​ព្រះចន្ទ​ ក្នុង​រយៈពេល​២នាទី ​និង​៤០​វិនាទី។

ក្រៅតែ​ពី​បន្ទាត់​ឆ្លង​កាត់​នៃ​ស្រមោល​ព្រះ​ចន្ទ​ទាំង​ស្រុង ​ដែល​មាន​ទទឹង​ប្រវែង​ ១១៣​គីឡូម៉ែត្រ​នេះ​​ នៅ​កន្លែង​ផ្សេង​ទៀត ​ក្នុង​សហរដ្ឋ​អាមេរិក ​ក៏​អាច​មើល​សូរ្យគ្រាស​នេះ​ដែរ​ គ្រាន់តែ​ថា​មិនមែន​ជា​សូរ្យគ្រាស​ទាំងស្រុង ​ពោល​គឺ​ឃើញ​ព្រះចន្ទ​បាំង​ព្រះអាទិត្យ​ដែរ ​តែ​បាំង​មួយ​ចំណិត​ប៉ុណ្ណោះ។ តំបន់​មួយ​ចំនួន​នៅ​ក្នុង​សមុទ្រ​ការ៉ាអ៊ីប ​ក៏អាច​មើល​ឃើញ​សូរ្យគ្រាស​មួយ​ចំណិត​ដែរ​ ដែល​ព្រះអាទិត្យ​ នឹង​ត្រូវ​ព្រះ​ចន្ទ​បាំង​ ជិត​ប្រមាណ​ជា​៨០%។ ក៏ប៉ុន្តែ ​គ្រប់គ្នា​ត្រូវ​ប្រុង​ប្រយ័ត្ន ​មិន​ត្រូវ​មើល​សូរ្យគ្រាស​ដោយ​ភ្នែក​ទទេរ ​ទេ ​ត្រូវតែ​ពាក់​វែនតា​ការពារ​ពន្លឺ ​ព្រោះ​កាំរស្មី​ព្រះអាទិត្យ​អាច​ជះ​ធ្វើ​ឲ្យ​ឆេះ​ខ្លោច​ប្រស្រីភ្នែក​យើង​បាន។

បាតុភូតសូរ្យគ្រាស​ បាន​ជួយ​ពន្លឿន​ការ​ស្រាវជ្រាវ​លើ​លំហរ​អាកាស

មនុស្ស​រាប់សែន​នាក់ ​មិន​ថា​ប្រជាជន​អាមេរិក​ ឬ​ជន​បរទេស​ទេ ​បាន​នាំគ្នា​ទៅ​បោះ​ជំរំ ​រង​ចាំ​មើល​សូរ្យគ្រាស​ទាំងស្រុង​ដ៏​កម្រ​នេះ។​ ក្នុង​នោះ​ ក៏​មាន​អ្នក​វិទ្យាសាស្ត្រ ​ក្រុម​អ្នក​តារា​វិទូ​ធំៗ​ជា​ច្រើន​នាក់។ បាតុភូត​សូរ្យគ្រាស ​គឺ​ជា​ឱកាស​ឲ្យ​អ្នក​ជំនាញ​តារាវិទូ​ ធ្វើការ​ពិនិត្យ​មើល ​ស្វែងយល់​អំពី​ស្រទាប់​បរិយាកាស ​ដែល​នៅ​ហ៊ំព័ទ្ធ​ជុំវិញ​ព្រះអាទិត្យ។ តាម​ធម្មតា ​គេមិន​អាច​មើល​ឃើញ​ទេ ​ដោយសារ​ពន្លឺ​ព្រះអាទិត្យ​ចាំង​ខ្លាំង​ពេក។ ក៏​ប៉ុន្តែ​ក្នុង​ពេល​មាន​សូរ្យគ្រាស ​គឺ​កាំ​រស្មី​ព្រះអាទិត្យ​នឹង​ត្រូវ​បាំង ​ការនេះ ​នឹង​អាច​ធ្វើ​ឲ្យ​គេ ​ពិនិត្យ​មើល​បរិយាកាស​ជុំវិញ​ព្រះអាទិត្យ​បាន​ដោយ​ងាយ។ ការ​ពិនិត្យ​មើល​ស្រទាប់​ខាងក្រៅ ​ដែល​ស្ថិត​នៅ​ជុំវិញ​ព្រះអាទិត្យ​នេះ ​នឹង​អាច​ឲ្យ​គេ​ស្វែងយល់​អំពី ​ជីវិត​និង​សកម្មភាព​តិចតូនិក​ របស់​ព្រះអាទិត្យ​។

កាលពី​មុន​គេ​តែងតែ​គិត​ថា ​ស្រទាប់​ដែល​ហ៊ំ​ព័ទ្ធ​នៅ​ពេល​មាន​សូរ្យគ្រាស​នោះ​ គឺ​ជា​ស្រទាប់​បរិយាកាស​របស់​ព្រះចន្ទ។ តែ​រហូត​ដល់​ឆ្នាំ​១៨៤២ ​ទើប​តារា​វិទូ​អង់គ្លេស​ម្នាក់​ឈ្មោះ ​Francis Baily ​បាន​សន្និដ្ឋាន​ថា ​វាជា​ស្រទាប់​ដែល​នៅ​ខាង​ក្រៅ​បង្អស់​ របស់​ព្រះអាទិត្យ​ ហើយ​ដែល​យើង​អាច​មើលឃើញ ​ល្គិក​ណា​ទាល់តែ​ពន្លឺ​ព្រះអាទិត្យ​ ត្រូវ​បាំង​ជិត​អស់។

ការស្រាវជ្រាវ​ពី​ស្រទាប់​បរិយាកាស​របស់​ព្រះអាទិត្យ​ តាម​រយៈ​បាតុភូត​សូរ្យគ្រាស ​បាន​ជួយ​ពន្លឿន​ដល់​វិទ្យាសាស្ត្រ​គណិតវិទ្យា​ រូបវិទ្យា ​និង​គីមីវិទ្យា​ច្រើន​ណាស់។ តួយ៉ាង​ នៅ​ឆ្នាំ​១៨៦៨ ​ជនជាតិ​បារាំង​ ឈ្មោះ ​Jules Janssen ​និង​ជនជាតិ​អង់គ្លេស​ Norman Lockyer​ បាន​រកឃើញ​ ដាច់​ដោយ​ឡែក​ពី​គ្នា ​តែ​សន្និដ្ឋាន​ដូច​គ្នា​ថា​នៅ​ក្នុង​ស្រទាប់​លំហរ​បរិយាកាស​របស់​ចក្រវាឡ ​មាន​ឧស្ម័ន​ម្យ៉ាង​ឈ្មោះ ​Helium។ ធាតុផ្សំ​គីមីនេះ​ គេ​មិន​ដែល​ស្គាល់​ទេ ​ពី​មុន​មក។ ដូចគ្នា​ដែរ​ ទ្រឹស្តី ​Relativité Générale ​របស់​លោក ​Albert Einstein ​ក៏ត្រូវ​បាន​គេ​ធ្វើ​ការ​វិភាគ​សក្ខីកម្ម​ តាម​រយៈ​បាតុភូត​សូរ្យគ្រាស​ទាំង​ស្រុង​ប្រភេទ​នេះ ​នៅ​ឆ្នាំ​១៩១៩។

ការស្រាវជ្រាវ ​ស្វែងយល់​ទាំង​នេះ ​នឹង​អាច​ឲ្យ​យើង​ស្វែង​យល់​កាន់​តែ​ច្បាស់ ​អំពី​ប្រព័ន្ធ​ព្រះអាទិត្យ​ ​និង​លំហរ​ចក្រវាឡ​ទាំង​មូល។ ហើយ​ទ្រិស្តី​និង​ការ​សន្និដ្ឋាន​ទាំង​នេះ ​នឹង​​ជួយ​ដល់​ការ​រិះរក​វិធី​ ការពារ​អាយុ​ជីវិត​ អ្នក​អាវកាស ​នៅក្នុង​ពេល​ដែល​ពួកគេ ​ទៅ​បំពេញ​បេសកកម្ម ​នៅក្នុង​លំហរ​អាកាស៕

ហេតុអ្វី បាន​ជានិស្សិត​បារាំង ធ្វើ​បាតុកម្ម កាន់កាប់​មហាវិទ្យាល័យ​នៅពេលនេះ?

គុយបា​បើកទំព័រ​​សករាជថ្មី ជាមួយ​នឹង​ប្រធានាធិបតី​ថ្មី ក្រៅ​រង្វង់​គ្រួសារ​ត្រកូល​Castro

លោក​ដូណាល់ត្រាំ​បញ្ជាក់ថា​ប្រមុខ​សេអ៊ីអា​ពិតជា​បានទៅជួប​លោក​គីមជុងអ៊ុន​ដោយ​សម្ងាត់

ស្តូប​រំលឹកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម មាន​លើកដំបូងគេ នៅ​ទឹកដី​បរទេស

ណាសា​នឹង​បញ្ជូន​TESS ទៅ​ថតរក​ភព​ផ្សេង នៅជុំវិញ​ផ្កាយ ក្រៅ​ប្រព័ន្ធព្រះអាទិត្យ

អាមេរិក បារាំង និងអង់គ្លេស​រួមគ្នា វាយប្រហារ​ទីតាំង​ស្តុកអាវុធ​គីមី នៅ​ស៊ីរី

ហេតុអ្វី​លោកត្រាំ ចង់​វិល​មក​រកកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ប៉ាស៊ីហ្វិក​វិញ ?

ចរន្ត​ទឹកសមុទ្ទ​ចុះ​ខ្សោយ ដោយ​ការប្រែប្រួល​អាកាសធាតុ

ស៊ីរី៖ ការប្រឈមមុខ​ដោយ​អាវុធ​អាច​នឹង​មាន បន្ទាប់​ពីរុស្ស៊ី​ និង​អាមេរិក ​តម្លើង​សរសៃ​ក​ដាក់គ្នា​នៅ​អ.ស.ប

ចិន៖​លោកស៊ី ជីនពីង​ចាត់​វិធានការ​ទប់​នឹង​នយោបាយ​ការពារនិយម​របស់​លោក​ដូណាល់ ត្រាំ​ដោយ​ប្រកាស​​បើក​ចំហ​ទីផ្សារ​ចិន

តើអ្នកណា​ដែល​បាញ់មីស៊ីល វាយប្រហារ​មូលដ្ឋានទ័ព​អាកាស​ស៊ីរី?

តើប្រជាជន​ហុងគ្រី​នឹង​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្រ្តី ដែល​ស្អប់ជនអន្តោប្រវេសន៍?

លោក​ណាហ្ស៊ីប រ៉ាហ្សាក់ប្រកាស​រំលាយ​សភាម៉ាឡេស៊ី

ប្រេស៊ីល៖​លោកលូឡា​ត្រូវ​បញ្ចប់​ជីវិតនយោបាយ​នៅ​ក្នុង​ពន្ធនាគារ?

ហេតុអ្វី​បាន​ជា​ក្រុម​ប្រទេស​សមាជិក​អូតង់​ស្ថិតជុំវិញ​សមុទ្របាល់ទិច​ងាក​ទៅ​រក​អាមេរិក​ជា​ថ្មី?

កូដកម្ម​នៅ​បារាំង ជា​វិញ្ញាសា​ល្បង​កម្លាំង​សម្រាប់​លោក​ម៉ាក្រុង​និង​សហជីព ឬ ?

ហិង្សា​​ហ្កាហ្សា៖​អ៊ីស្រាអែល​​ទាត់ចោល​​ការទាមទារ​​ស៊ើប​អង្កេត​​ការស្លាប់​​​ជនជាតិ​​ប៉ាឡេស្ទីន​​

ហ្កាហ្សា៖ កំដៅ​នៃ​ភាព​តានតឹង អាច​បង្ក​ជា​ភ្លើង​សង្រ្គាម​សាជាថ្មី​ បាន​គ្រប់​ពេល​វេលា

តុលាការបារាំង​នាំ​ខ្លួនអតីត​ប្រធានាធិបតី​ ​​លោក នីកូឡា សាកូហ្ស៊ី ​ទៅ​ជំនុំជម្រះ​ រឿង​ពុករលួយ

បារាំង​រៀប​យុទ្ធសាស្ត្រ​ដើម្បី​បាន​ក្លាយ​ជា​ជើង​ឯក​ផ្នែក « បញ្ញាសិប្បនិម្មិត”