អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្ទរកថា​ពេញ​ដោយ​​ខ្លឹមសារ​​គំរាម​ ​របស់​លោក​ដូណាល់ ត្រាំ ​នៅ​អង្គការ​សហប្រជាជាតិ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​អង្គារ​ទី ​១៩​ កញ្ញា​​លោក​ដូណាល់ ត្រាំ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​សន្ទរកថា ​ជា​លើក​ទីមួយ​ នៅ​ចំពោះ​មុខ​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ។​ ខ្លឹមសាររួម​នៃ​សន្ទរកថា​នេះ ​ត្រូវ​បាន​ថ្នាក់​ដឹកនាំ ​ព្រមទាំង​អ្នក​វិភាគ​នយោបាយ​ការបរទេស​ជាច្រើន ​រិះគន់ ​ព្រោះវា​ពោរពេញ​ទៅ​ដោយ ​ពាក្យ​គំរាម​ ប្រមាថ​ និង​ការ​ប្រើ​កំលាំង ​ជា​ជាង​ការ​ប្រមូល​ផ្តុំ​គ្នា ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​លោក​ដូណាល់ ត្រាំ ​បាន​ឆ្លៀត​ទាំង​រំលឹក​ម្តង​ទៀត​ថា ​ទោះក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ​គឺគាត់​តំកល់​ផល​ប្រយោជន៍​អាមេរិក​ជា​ចំបង។

លោក ដូណាល់ ត្រាំ នៅ​មហាសន្និបាត​​អង្គការ​សហប្រជាជាតិ​​ ថ្ងៃទី​ ​១៩ កញ្ញា ២០១៧
លោក ដូណាល់ ត្រាំ នៅ​មហាសន្និបាត​​អង្គការ​សហប្រជាជាតិ​​ ថ្ងៃទី​ ​១៩ កញ្ញា ២០១៧ AFP
ផ្សាយពាណិជ្ជកម្ម

កំទេច​កូរ៉េ​ខាងជើង ​ឲ្យខ្ទេច​ក្លាយ​ជា​ផេះ!

នៅ​ចំពោះមុខ​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​១៩៣ ​ក្នុង​អង្គ​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ ​លោក​ដូណាល់ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បាន​ថ្លែង​សន្ទរកថា​ជា​លើក​ទីមួយ ​ដោយ​បាន​សង្កត់​ធ្ងន់​ទៅ​លើ​សំណុំ​រឿង​ជាច្រើន ​ដូចជា​បញ្ហា​កូរ៉េ​ខាង​ជើង​ បញ្ហា​អ៊ីរ៉ង់ ​និង​បញ្ហា​សេដ្ឋកិច្ច​ពិភព​លោក​ជាដើម។ ពាក្យធ្ងន់ៗ ​ដែល​លោក​ដូណាល់ ត្រាំ ​បាន​ប្រើ​ ​គឺគាត់​បាន​និយាយ​គំរាម​ ទៅ​លើ​កូរ៉េ​ខាងជើង ​នៅ​ចំពោះ​មុខ​អង្គ​មហាសន្និបាត​តែម្តង​ ថា​ “បើ​ចាំបាច់​ដើម្បី​ការពារ​ខ្លួន ​ឬ​ការពារ​សម្ព័ន្ធមិត្ត​ខ្លួន ​អាមេរិក ​នឹង​កំទេច​កូរ៉េ​ខាង​ជើង ​ឲ្យ​រលាយ​ក្លាយ​ជា​ផេះ​តែម្តង”។ លោក ដូណាល់ ត្រាំ ​ក៏បាន​ចាត់​ទុក ​មេដឹកនាំ​កូរ៉េ​ខាង​ជើង ​គីម ​ជុងអ៊ុន ​ថាជា​ «Rocket Man» ​ហើយ​ថា ​បើសិន​ជា​កូរ៉េ​ខាង​ជើង​ចង់​សាក​ល្បង ​គឺ​មិន​ខុស​ពី​ការ​សម្លាប់​ខ្លួន​ឯងទេ។

តាមពិត​ទៅ​ សម្តី​បែប​កំរោល​ ពោរពេញ​ដោយ​ពាក្យ​គំរាម​ធ្ងន់ៗ​បែប​នេះ ​គេ​ធ្លាប់​បាន​ឃើញ​លោក​ត្រាំ ​សរសេរ​ក្នុង​សារ​លើ​ទំព័រ​Twitter ​របស់​គាត់ជា​ញឹកញាប់​ហើយ។ តែ​យ៉ាង​ណា ​ការ​យក​វេទិកា ​អង្គ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ​មក​និយាយ​គំរាម​ប្រើ​កំលាំង ​ជះ​កំហឹង​បែប​នេះ ​គឺ​វា​ហាក់​ផ្ទុយ​ស្រឡះ​ពី ​គោលការណ៍គ្រិះ​នៃ​អង្គ​មហាសន្និបាត​នេះ​ ដែល​ជា​ទី​កន្លែង​ជួបជុំ​គ្នា​ដើម្បី​កសាង​សន្តិភាព ​មិនមែន​បញ្ឆេះ​ភ្លើង​សង្រ្គាម​ទេ។

មួយវិញ​ទៀត​ អ្នក​វិភាគ​ជាច្រើន ​បាន​លើក​ថា ​ការ​គំរាម​កំទេច​កូរ៉េ​ខាង​ជើង​ យ៉ាង​ចំហរ​ដូច​នេះ ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ ​ព្រោះវា​រឹងរឹត​តែ​ធ្វើ​ឲ្យ​របប​ផ្តាច់ការ​កូរ៉េ​ខាង​ជើង​ បាន​លេស​នេះ ​ដើម្បី​ពង្រឹង​ពង្រីក​អាវុធ​នុយក្លេអ៊ែរ​របស់​ពួកគេ ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព។ កូរ៉េ​ខាងជើង ​នឹង​យក​លេស​នេះ ​ទៅ​ប្រកាស​ប្រាប់​ប្រជាជន​គេ​ និង​ពិភពលោក​ទាំងមូល ​ថា​ ឃើញ​ទេ ​អាមេរិក​គំរាម​កំទេច​ប្រទេស​គេ ​ដូច្នេះ ​គេត្រូវ​តែ​រក​វិធី​ការពារ​ខ្លួន ​អញ្ចឹង​ហើយ។

ក្នុងន័យនេះ​ អ្នក​វិភាគ​ខ្លះ​យល់​ថា ​លោក​ដូណាល់ ត្រាំ ​កំពុង​ធ្លាក់​ចូល​អន្ទាក់​របស់​ គីម ជុងអ៊ុន ​ព្រោះអ្វី​ដែល​គីម ជុងអ៊ុន​ចង់​បាន​ គឺ​ចង់​ឃើញ​អាមេរិក​គំរាម​កំទេច​កូរ៉េ​ខាងជើង​ដោយ​ចំហរ​បែប​នេះ ​ដើម្បី​ឲ្យ​មតិ​សាធារណៈ​យល់​ថា ​អាមេរិក​ដើរ​ក្អេងក្អាង ​វាយ​គេ​វាយ​ឯង។ ដូច្នេះ ​កូរ៉េ​ខាង​ជើង​ផលិត​អាវុធនុយក្លេអ៊ែរ​ទុក​ការពារ​ខ្លួន ​គឺ​ជា​រឿង​ត្រឹមត្រូវ​ហើយ។ ចំណុច​ទាំង​អស់​នេះ ​ហើយ ​ដែល​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ខ្លះ ​យល់ថា ​លោក​ត្រាំ ​មិន​គួរ​និយាយ​ពាក្យ​ទាំង​អស់​នេះ​ទេ។

អ៊ីរ៉ង់​ ជា​ប្រទេស​យូកូង​បាតផ្សារ!

លោកដូណាល់ ត្រាំ ​មិនមែន​ត្រឹមតែ​គំរាម​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​ទេ ​ គាត់​​ថែម​ទាំង​បាន​គំរាម​ ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​គ្រប់គ្រង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទៀត​ផង។ គោល​ជំហរ​ដក​ខ្លួន​ចេញនេះ​ ក៏ត្រូវ​បាន​លោក​ រ៉ិច ធីលឺសុន ​រដ្ឋ​មន្ត្រី​​ការបរទេស​អាមេរិក​ បញ្ជាក់​បន្ថែម​ដែរ។ ក្នុង​សន្ទរកថា​ លោក​ដូណាល់​ត្រាំ ​បាន​ចាត់​ទុក​ អ៊ីរ៉ង់​ ​ថា​ជា​ប្រទេស​យូកូង​បាតផ្សារ។ សម្តី​ នេះ ​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​ ដែល​មាន​វត្តមាន​ក្នុង​មហាសន្និបាត​នោះ​ដែរ ​ បាន​ចាត់​ទុក​ថា ​ជា​សម្តី​ក្អេងក្អាង​មើល​ងាយ​គេ ​និង​ពេញ​ដោយ​ទឹកចិត្ត​ស្អប់​ឈ្នានីស​អ៊ីរ៉ង់។

លោក​ដូណាល់​ ត្រាំ​ ធ្លាប់​បាន​បង្ហាញ​គោលជំហរ​ រិះគន់​យ៉ាង​ធ្ងន់ៗ ​ទៅ​លើ​កិច្ច​ព្រមព្រៀង ​ដែល​រដ្ឋាភិបាល​លោក​អូបាម៉ា ​បាន​ចុះ​ហត្ថលេខា ​កាល​ពី​ឆ្នាំ​២០១៥។ លោក​ត្រាំ ​និយាយ​រំលឹក​ឡើង​វិញ​ថា ​ កិច្ច​ព្រមព្រៀង​នេះ ​ជា​កិច្ច​ព្រមព្រៀង ​ដ៏​អម៉ាស​បំផុត​សម្រាប់​អាមេរិក​ ព្រោះ​ថា​វា​ជា​កិច្ច​ព្រមព្រៀង ​ដែល​សហគមន៍​អន្តរជាតិ​ចាញ់បោក​អ៊ីរ៉ង់។ ជាមួយ​កិច្ច​ព្រមព្រៀង​នេះ ​លោក​ត្រាំ ​យល់​ថា​ អ៊ីរ៉ង់​និង​បន្ត​អភិវឌ្ឍន៍​កម្មវិធី​នុយ​ក្លេអ៊ែរ​យោធា ​បាន​យ៉ាង​ងាយ។

សម្តី​របស់​លោក​ដូណាល់ ត្រាំ ​មិនមែន​មើល​ងាយ​តែ​ប្រទេស​ហត្ថលេខី ​ថា​មិន​បាន​ពិចារណា​ទេ ​តែ​ជា​​ពិសេស​គឺ​វា​បាន​មើល​ងាយ​ដោយ​ផ្ទាល់ ​ទៅលើ​ភ្នាក់ងារ​អន្តរជាតិ​គ្រប់គ្រង​កម្មវិធី​នុយក្លេអ៊ែរ ​ហៅ​កាត់​ថា ​AIEA​ ដែល​ជា​អ្នក​មាន​តួនាទី​ចំបង​ ក្នុងការ​ត្រួត​ពិនិត្យ​កាតព្វកិច្ច​របស់​អ៊ីរ៉ង់។ សម្រាប់​មន្ត្រី​ជំនាញ ​ដែល​ស្គាល់​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ច្បាស់ ​សម្តី​លោក​ត្រាំ ​ដែល​ចោទ​អ៊ីរ៉ង់​ និង​បន្ទោស​កិច្ចព្រមព្រៀង​នេះ​ថា​ជា​ការ​ចាញ់បោក​អ៊ីរ៉ង់​នោះ ​គឺ​លោកត្រាំ ​និយាយ​ទាំង​មិន​ដឹង​រឿង​ និយាយ​ទាំង​មិន​បាន​ស្រាវជ្រាវថា​ កិច្ច​ព្រម​ព្រៀង​នេះ ​មាន​យន្តការ​អ្វី​ខ្លះ ​មាន​ចែង​អ្វី​ខ្លះ​ទេ។​ ពោលគឺ​មាន​តែ​លោក​ដូណាល់ ត្រាំ​ម្នាក់​ឯង​គត់​ ដែល​ប្រកែក​ថា​អ៊ីរ៉ង់ ​នៅតែ​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​យោធា ​តែ​សម្រាប់​មន្ត្រី​ជំនាញ​របស់​ AIEA ​គេ​បាន​អះអាង​ជា​និច្ច​ ថា​អ៊ីរ៉ង់​កំពុង​អនុវត្ត​កិច្ច​ព្រមព្រៀង​ដោយ​ត្រឹមត្រូវ។

យ៉ាងណាមិញ​ ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​ ជា​ពិសេស​បារាំង​តែម្តង ​បាន​រំលឹក​ ហើយ​ថា ​បើ​អាមេរិក​ ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ នោះគឺ​ជា​រឿង​មួយ​ខុស​ធ្ងន់​ណាស់។ វា​ជះ​ផល​អវិជ្ជ​មាន​ដល់​កិច្ច​ប្រឹងប្រែង​របស់​សហគម​អន្តរជាតិ ​ហើយ​ក៏​ជះ​ផល​អាក្រក់​ដល់​អាមេរិក​ខ្លួនឯង​ដែរ ​ដែល​និយាយ​បាត​ដៃ​ខ្នង​ដៃ ​ចុះ​ហត្ថលេខា​ហើយ ​ដក​ខ្លួន​ចេញ​វិញ ​ម្តង​ជា​ពីរ​ដង​ដូច​ក្នុង​ករណី​កិច្ច​ព្រម​ព្រៀង​ស្តីពី​អាកាសធាតុ​ជាដើម។​ គំរូ ​នៃ​ភាព​ជាអ្នក​ដឹកនាំ ​និង​មហា​អំណាច​ពិភពលោក​របស់​អាមេរិក​ នឹង​សាប​រលាប​ជា​មិន​ខាន​ទេ។

ផល​ប្រយោជន៍​អាមេរិក​ធំ​ជាង​អ្វីៗ​ទាំងអស់!

កន្លងមក​ លោក​ដូណាល់​ ត្រាំ​ តែងតែ​និយាយថា​ ផល​ប្រយោជន៍​របស់​អាមេរិក​ ត្រូវតែ​ចំបង​មុន​គេ។​ លោក​ ត្រាំ មិនអាច​មិន​លើក​និយាយ​ពី​ទស្សនវិស័យ ​បែប​ការពារ​ប្រយោជន៍​ជាតិ​និយម​នេះ ​ទេ​ ព្រោះថា​វាជា​ទស្សនវិស័យ​ដែល​លោក​ដូណាល់​ត្រាំ ​ផ្តល់​តំលៃ​ជា​ទីផុត ​ពោល​គឺ​អ្វីៗ​ត្រូវ​ផ្តើម​ចេញ​ពី​នេះ​ទាំងអស់។ ក្នុង​សន្ទរកថា​ លោក​ដូណាល់ ត្រាំ​និយាយថា ​“ក្នុង​នាម​ជា​ប្រធានាធិបតី​អាមេរិក ​លោក​តំកល់​ផល​ប្រយោជន៍​របស់​អាមេរិក​ មុន​ដំបូង​គេ​បង្អស់”។ លោកត្រាំ​ក៏បាន​បន្ត​ថា ​ថ្នាក់​ដឹកនាំ​ប្រទេស​ផ្សេងទៀត​ ក៏ត្រូវ​តែ​ធ្វើ​អញ្ចឹង​ដែរ​ គឺត្រូវ​យក​ប្រយោជន៍ជាតិ​ខ្លួន​ឯង​ជា​ចំបង ​មុន​អ្វីៗ​ទាំង​អស់។

គាត់បន្ថែម​ទៀត​ថា ​“ប្រទេសទាំ​ងអស់​ត្រូវ​ចាប់ដៃ​គ្នា ​ដើម្បី​កសាង​អនាគត​របស់​ប្រជាជន​រៀងៗ​ខ្លួន​ ក្នុង​ពិភពលោក​មួយ​ដែល​មាន​តែ​សន្តិភាព”។ ពាក្យ​មួយ​ឃ្លា​នេះ ​មាន​អ្នក​ស្តាប់​ខ្លះ​គេ​ជ្រួញ​ចិញ្ចើម ​សួរ​ក្នុង​ចិត្ត​ថា ​ម្តេច​ក៏​លោក​ដូណាល់ ត្រាំ ​និយាយ​ពី​សន្តិភាព​កើត ​បើ​គាត់​ទើបតែ​បាន​គំរាម​ថា​កំទេច​កូរ៉េ​ខាង​ជើង​ ឲ្យ​ខ្ទេច​ក្លាយ​ជា​ផេះ ​ហើយ​និង​បាន​គំរាម​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ មុននេះ​បន្តិច​សោះ!

មាន​សារព័ត៌មាន​អន្តរជាតិ​ជា​ច្រើន ​បាន​វិភាគ​សំដី​របស់​លោក​ដូណាល់ ត្រាំ​ថា ​លោកត្រាំ ​និយាយ​អត់​ក្បាល​អត់​កន្ទុយ​ និង​ជាន់​កែង​ឯង។ ឧទាហរណ៍ ​គាត់​ថា​ប្រទេស​ទាំង​អស់​ត្រូវតែ​ចាប់​ដៃ​គ្នា​ធ្វើ​ការ​ តែ​សួរ​ថា​ធ្វើ​ការ​ដោយ​របៀប​ណា ​បើគាត់​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​នោះ ​យក​គំរូ​តាម​គាត់ ​ដោយ​តំកល់​ប្រយោជន៍​ជាតិ​រៀងៗ​ខ្លួន​ជា​ធំ។ ចាប់​ដៃ​គ្នា​ធ្វើការ ​ទាល់តែ​តំកល់​ប្រយោជន៍​រួម​ជា​ធំ ​ប្រយោជន៍​ដែល​កើត​ចេញ​ពី​ការ​សាមគ្គី ​យោគ​យល់​គ្នា។ ពាក្យ​ថា​ប្រយោជន៍​ជាតិ​ខ្លួន​ឯង​ចំបង​មុន​អ្វីៗ​ទាំង​អស់​ គឺ​មិន​ខុស​ពី​ ថា​ សក់​អ្នក​ណា​ក្បាល​អ្នក​នឹង​ទេ។ ដូច្នេះ​គឺវា​ផ្ទុយ​ពី​ប្រយោជន៍​រួម​បាត់​ទៅ​ហើយ។

ក្នុងសន្ទរកថា​ លោក​ដូណាល់​​ ​ត្រាំ​បាន​លើក​ឡើង​នូវ​ពាក្យ ​ អធិបតេយ្យភាព ​មិន​តិច​ជាង​២០​ដង​ទេ។ គាត់​ថា​វា​ជា​គោលការណ៍​ចំបង​បំផុត​ ដែល​ត្រូវ​តែ​ការពារ​អធិបតេយ្យភាព ​សន្តិសុខ ​និង​ការ​ចំរើន​មានបាន​ របស់​ប្រទេស​នីមួយៗ។ តើបើ​យើង​យក​មក​ពិចារណា​ទៅ ​គោលការណ៍​ទាំង​នេះ ​គឺ​ហាក់​ដូច​ជា​ទុក​អនុវត្ត​សម្រាប់​សហរដ្ឋ​អាមេរិក​ តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។ ព្រោះថា​ បើ​ស្តាប់​សំដី​គាត់ ​លោក​ដូណាល់ ត្រាំ​ ហាក់​ដូច​ជា​មិន​ខ្លាច​នឹង​រំលោភ ​អធិបតេយ្យភាព ​សន្តិសុខ ​ឬ​ផល​ប្រយោជន៍​របស់​ប្រទេស​ផ្សេង​ទៀត​ បើសិន​ជា​អាមេរិក​នឹង​ខាត​បង់។ នេះ​ហើយ ​ដែល​ជា​ខ្លឹមសារ​ពិត​ នៃ​ទ្រឹស្តី ​America First ​របស់​លោក​ដូណាល់ ត្រាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ