អានតួអត្ថបទ
សហរដ្ឋអាមេរិក-បរិស្ថាន

ដូណាល់ ត្រាំ ត្រៀម​ចេញ​ក្រិត្យ​ច្បាប់​ថ្មី លុប​ចោល​កម្មវិធី​ការពារ​បរិស្ថាន​របស់​អូបាម៉ា

លោក​ ដូណាល់​ ត្រាំ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ កំពុង​ត្រៀមខ្លួន​ ចុះ​ហត្ថលេខា ​លើ​ក្រិត្យ​ច្បាប់​ថ្មី​មួយ​ ដែល​មាន​ខ្លឹមសារ ​លុប​ចោល​នូវ​វិធានការ​ទាំង​ឡាយ​ណា ​ដែល​លោក​អូបាម៉ា ​បាន​ដាក់​ចេញ​ដើម្បី​លើក​កំពស់​វិស័យ​ការពារ​បរិស្ថាន។ រដ្ឋាភិបាល​ថ្មី​របស់​លោក​ដូណាល់​ ត្រាំ ​បាន​អះអាង​ថា ​ក្រិត្យ​ច្បាប់​ថ្មី​ នឹង​បង្កើត​ការងារ​ឲ្យ​ប្រជាជន​អាមេរិក​ ក្នុង​វិស័យ​ថាមពល​ធ្យូងថ្ម ​និង​វិស័យ​ឧស្សាហកម្ម​បូប​ប្រេងឆៅ។ ប៉ុន្តែ ​សម្រាប់​អ្នក​ជំនាញ ​និង​សកម្មជន​ការពារ​បរិស្ថាន ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ ​អំពី​គោល​នយោបាយ​នេះ ​របស់​លោក​ដូណាស់ ត្រាំ ​ព្រោះវា​លើក​កំពស់​ដល់​វិស័យ​ផលិត​ថាមពល ​ដែល​បញ្ចេញ​ផ្សែង​ពុល​ ទៅ​ក្នុង​បរិយាកាស។

លោក ​ដូណាល់​ ត្រាំ ប្រធានាធិបតី​អាមេរិក នៅក្នុង​​សេតវិមាន​ ត្រៀម​​ចុះ​ហត្ថលេខា​​លើក្រិត្យ​
លោក ​ដូណាល់​ ត្រាំ ប្រធានាធិបតី​អាមេរិក នៅក្នុង​​សេតវិមាន​ ត្រៀម​​ចុះ​ហត្ថលេខា​​លើក្រិត្យ​ Reuters
ផ្សាយពាណិជ្ជកម្ម

លោក​ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក​ នឹង​អញ្ជើញ​ទៅ​ស្នាក់​ការ​ភ្នាក់ងារ​ជាតិ​ការពារ​បរិស្ថាន​ នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​២៨​មីនា​នេះ ​ដើម្បី​ចុះ​ហត្ថលេខា​លើ​ក្រិត្យ​ច្បាប់​ថ្មី​​មួយ ​ ដែល​រដ្ឋាភិបាល​លោក​ដាក់​ឈ្មោះឲ្យ​ថា ​“ក្រិត្យ​ច្បាប់​ដើម្បី​ឯករាជ្យភាព​នៃ​វិស័យ​ថាមពល”

 

វា​ជា​រឿង​ហួស​ចិត្ត​ណាស់​ ដែល​ពិធី​ចុះហត្ថលេខា ​នឹង​ធ្វើ​នៅ​ស្នាក់ការ​ទីភ្នាក់ងារ​ជាតិ​ការពារ​បរិស្ថាន​ ក៏​ប៉ុន្តែ​ក្រិត្យ​ច្បាប់​នេះ ​មាន​ខ្លឹមសារ​ផ្ទុយ​ស្រលះ​ ពី​អ្វី​ដែល​ហៅថា​ជា​ការ​ការពារ​បរិស្ថាន ​ព្រោះវា​នឹង​លុប​ចោល​​ នូវ​វិធានការ​ជា​ច្រើន ​ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​លោក​បារ៉ាក់​ អូបាម៉ា ​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ទៅ​ក្នុង​បរិយាកាស។

 

សូម​រំលឹក​ថា ​លោក​អូបាម៉ា ​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​មួយ​ហៅ​ថា ​ផែនការ​ថាមពល​ស្អាតស្អំ (Clean Power Plan) ដោយ​ស្រប​ទៅ​តាម​ការ​ប្តេជ្ញា ​ដែល​មាន​ចែង​នៅក្នុង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ​ស្តីពី​អាកាសធាតុ។ ក្នុង​ផែនការ​នេះ ​លោក​អូបាម៉ា ​បាន​ដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ​ដើម្បី​កាត់​បន្ថយ​ការ​ផលិត​ថាមពល ​ដែល​ជះ​ឥទ្ធិពល​អាក្រក់ ​ទៅ​លើ​បរិស្ថាន ​ដូចជា​ការ​ដុត​ធ្យូងថ្ម​ និង​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​ជាដើម​ ហើយ​ងាក​មក​អភិវឌ្ឍន៍​ វិស័យ​ផលិត​ថាមពល​ប្រកប​ដោយ​ចីរភាព ​ដែល​ស្អាតស្អំ ​មិន​បញ្ចេញ​ផ្សែង​ពុល​វិញ។

 

អ្នកនាំ​ពាក្យ​សេតវិមាន​ បាន​បញ្ជាក់​ថា ​ក្រិត្យច្បាប់​ថ្មី ​នឹង​លុប​ចោល​នូវ​វិធានការ​ រឺ​ឧបសគ្គ​ទាំង​ឡាយ​ណា ​ដែល​គ្មាន​ប្រយោជន៍​ដល់​សហគ្រាស ​និង​សេដ្ឋកិច្ច​អាមេរិក។ ក្រិត្យថ្មី​ នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​បង្កើន​ការ​អភិវឌ្ឍន៍​ វិស័យ​ផលិត​ថាមពល​ក្នុង​តំលៃថោក ​មិនថា​ថាមពល​ធ្យូងថ្ម ​រឺ​ឧស្សាហកម្ម​បូមប្រេង​ទេ ​ដើម្បី​ជំរុញ​សន្ទុះ​សេដ្ឋកិច្ច​អាមេរិក​ និង​បង្កើត​ការងារ។

 

ដោយឡែក ​លោក ​James Van Nostrand ​សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​ West Virginia  ​បាន​លើក​ឡើង​ថា ​ការ​ដែល​រដ្ឋាភិបាល​លោក​ត្រាំ ​អះអាង​ថា​ ក្រិត្យ​ច្បាប់​ថ្មី​របស់​ខ្លួន ​និង​បង្កើត​ការងារ​ក្នុង​វិស័យ​ធ្យូង​ថ្ម​នោះ ​គឺ​ជា​រឿង​ស្រមើរស្រម៉ៃ​ណាស់។​ សម្រាប់​លោក​សាស្ត្រចារ្យ ​វិស័យ​ថាមពល​ធ្យូងថ្ម​ កំពុង​ដើរ​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ដោយ​ខ្លួន​ឯង​ ព្រោះ​ ទីមួយ​គឺធ្យូង​ថ្ម ​កាន់តែ​ខ្សត់​ទៅៗ ​ហើយ​ទីពីរ ​ការ​ចំនាយ​ក្នុង​ការ​ផលិត​ គឺ​មាន​តម្លៃ​កាន់​តែ​ខ្ពស់ ​ ដែល​មិន​អាច​ប្រកួត​ប្រជែង​ ជាមួយ​វិស័យ​ថាមពល​ផ្សេងទៀត​បាន​ ​ដូច​ជា​ថាមពល​ឧស្ម័ន​ហ្កាស​ធម្មជាតិ ​និង​ថាមពល​ព្រះអាទិត្យ​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ