អានតួអត្ថបទ
សហរដ្ឋអាមេរិក

ឃាតកម្ម​បាញ់រះ ​នៅ​ឡាសវ៉េហ្កាស​ ស្លាប់​យ៉ាងហោច​ណាស់​៥០​នាក់

នៅសហរដ្ឋ​អាមេរិក​ មាន​អំពើ​ឃាតុកម្ម​បាញ់​រះ​សម្លាប់​មនុស្ស​ ថ្មី​មួយ​ទៀត ​ កើតឡើង ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​នៅ​ទីតាំង​ប្រគុំ​តន្ត្រី​ហាលវាល​មួយ ​ក្នុង​ទីក្រុង​ឡាសវ៉េហ្គាស។ យោង​តាម​ព័ត៌មាន​បឋម ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ​៥០​នាក់​ បាន​ស្លាប់ ​និង​មាន​ជាង​២០០​នាក់​ផ្សេង​ទៀត ​រង​របួស ​ដោយសារ​គ្រាប់​កាំភ្លើង។

ក្រុមសង្គ្រោះ កំពុងប្រមែរប្រមូួល​សាកសព​ ក្រោយ​​ពេល​កើត​ហេតុ យប់​ថ្ងៃ​ទី​១ តុលា ​នៅ Las Vegas
ក្រុមសង្គ្រោះ កំពុងប្រមែរប្រមូួល​សាកសព​ ក្រោយ​​ពេល​កើត​ហេតុ យប់​ថ្ងៃ​ទី​១ តុលា ​នៅ Las Vegas REUTERS/Las Vegas Sun/Steve Marcus
ផ្សាយពាណិជ្ជកម្ម

ការ​ប្រគុំតន្ត្រី​ Country Music​ ហាលវាល​មួយ ​នៅក្នុង​ទីក្រុង​ឡាសវ៉េហ្កាស ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី​ ១ ​តុលា ​បាន​ក្លាយ​ទៅ​ជា​ទីលាន​សោកនាដកម្ម។ ឃាតករ ​បាន​បាញ់​រះ ​សំដៅ​សម្លាប់​មនុស្ស​ម្នា ​ដែល​មក​ចូល​រួម​ស្តាប់​ការ​ប្រគុំ​តន្ត្រី។

យោងតាម​លោក ​Joe Lombardo ​មេ​បញ្ជាការ​នគរបាល ​ឡាស វ៉េហ្កាស ​បាន​ឲ្យដឹង​ថា​ ឃាតករ​ដៃ​ដល់​ជា​ភេទ​ប្រុស ​ បាន​ពួន​សំងំ​នៅ​ជាន់​ទី​៣២ ​នៃ​អាគារ​សណ្ឋាគារ ​កាស៊ីណូ ​Mandalay Bay ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆាក​ប្រគុំតន្ត្រី។ ភ្លាមៗ​ក្រោយ​កើត​ហេតុ​ សមត្ថកិច្ច ​បាន​ឡើង​ទៅ​ទាន់​ និង​បាន​បាញ់​សម្លាប់​ជន​ដៃដល់​ នៅ​នឹង​កន្លែង។ មេ​បញ្ជាការ​នគរបាល​ដដែល​ បញ្ជាក់ថា​គេ​ដឹង​ពី​អត្តសញ្ញាណ​របស់​ជន​នេះ​ហើយ ​តែ​សុំ​មិន​បាន​ផ្តល់​ព័ត៌មាន​លំអិត​ច្រើន​ជាង​នេះ​ទេ ​គ្រាន់តែ​ថា​ ឃាតករ ​គឺ​ជា​មនុស្ស​ដែល​រស់នៅ​ក្នុង​ទីក្រុង​ឡាស វ៉េហ្កាស​នេះ​តែម្តង។

តែអ្វី​ដែល​គេ​មិនទាន់​ដឹង​ច្បាស់ ​គឺ​មូលហេតុ ​ ថា​ហេតុអ្វី ​បាន​ជា​ជន​ដៃដល់​ បាន​បាញ់​រះ​សម្លាប់​ មនុស្ស​បែប​នេះ។ សមត្ថិកិច្ច ​ក៏​កំពុង​តែ​តាម​ដាន​ស្វែងរក​ ស្ត្រី​វ័យក្មេង​ម្នាក់​ទៀត ​ដែល​គេ​សង្ស័យ​ថា ​ជា​អ្នក​បាន​ចូលរួម ​ជាមួយ​ឃាតករ​ដៃដល់ ​ក្នុង​អំពើ​បាញ់រះ​ដ៏​កាច​សាហាវ​នេះ។

សូម​បញ្ជាក់​ថា ​ រហូត​មក​ត្រឹម​ពេល​នេះ ​អាជ្ញាធរ​ក្រុង​ឡាសវ៉េហ្កាស​ បាន​អះអាង​ថា ​មាន​មនុស្ស​ស្លាប់ ​មិន​តិច​ជាង​២០​នាក់​ទេ ​ហើយ​នឹង​របួស​ជាង​មួយ​រយ​នាក់។ អំពើ​បាញ់​រះ​ នេះ​ បាន​បង្ក​ជា​ចលាចល ​ផ្អើល​រត់ជាន់​គ្នា ​ក្នុង​ចំណោម​អ្នក​មក​ចូលរួម​មើល​ការ​ប្រគុំ​តន្ត្រី។ សម្លេង​កាំភ្លើង​រ៉ាហ្វាល់ ​អូតូម៉ាទិក ​ពី​ដំបូង​ ត្រូវ​បាន​មនុស្ស​ម្នា​នឹង​ស្មាន​ថា​ជា​សម្លេង​បាញ់​កាំជ្រួច ​ រហូត​ទាល់​តែ​ឃើញ​មនុស្ស​របួស ​ដួល​ដោយ​គ្រាប់​កាំភ្លើង ​ទើប​បាន​នាំ​គ្នា​ភ័យ​ផ្អើល​ឈូរឆ។

សហរដ្ឋ​អាមេរិក ​តែងតែ​ជួប​នឹង​ហេតុការណ៍​បាញ់​រះ​សម្លាប់​មនុស្ស​បែប​នេះ​ជា​រឿយៗ។ ការ​បាញ់​រះ​ដ៏​សាហាវ​ ចុងក្រោយ​គេ​បំផុត ​គឺ​កើត​ឡើង​នៅ​ក្លឹប​កំសាន្ត​រាត្រី​​សម្រាប់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ​ក្នុង​ក្រុង​ Orlando ​កាលពី​ថ្ងៃ​ទី​ ​១២​ មិថុនា ​២០១៦​ ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​៤៩​នាក់។ ការ​បាញ់រះ​ដ៏​ព្រៃផ្សៃ​នេះ​ ​គឺជា​ស្នាដៃ​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ ប៉ុន្តែ​សម្រាប់​ការ​បាញ់រះ​នៅ​ឡាសវ៉េហ្កាស ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ​គេ​នៅមិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ​ថា ​វា​មាន​ជាប់​ពាក់ព័ន្ធ​ នឹង​បណ្តាញ​ភេរវកម្ម​ឬ​យ៉ាងណា​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ