អានតួអត្ថបទ

សភាខុនហ្ក្រេស​ផ្តើម​ជជែក​អំណះអំណាង​គតិយុត្តិ ថាត្រូវ​ទំលាក់​ឬ​មិន​ទំលាក់​លោក​ដូណាល់ ត្រាំ

នៅថ្ងៃពុធទី៤ធ្នូ សភាខុនហ្ក្រេសរបស់អាមេរិក ចាប់ផ្តើមបើក​ការ​ប្រជុំពិសេស ឈានទៅ​ជជែកគ្នាលើអំណះអំណាងគតិយុត្តិ ដើម្បី​ស្វែងយល់ ថាតើលោកដូណាល់ត្រាំ ពិតជាបានធ្វើបំពាន រំលោភអំណាច ហើយសក្តិសមនឹងត្រូវទំលាក់ចេញពីតំណែង ប្រធានាធិបតី​ ដែរឬទេ។ យោងតាមក្រុមសមាជិកសភា មកពីបក្សប្រជាធិបតេយ្យ ពួកគេបានអះអាងថា គេមានភស្តុតាងដាក់បន្ទុកដោយឥតប្រកែកបាន ទៅលើលោកដូណាល់ ត្រាំ។

លោកដូណាល់ ត្រាំ នៅ​ហ្វ្ល័ររីដា ថ្ងៃទី​២៦ វិច្ឆិកា ២០១៩​
លោកដូណាល់ ត្រាំ នៅ​ហ្វ្ល័ររីដា ថ្ងៃទី​២៦ វិច្ឆិកា ២០១៩​ REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

តើ លោកដូណាល់ ត្រាំ សមនឹងត្រូវទំលាក់ចេញពីតំណែងប្រធានាធិបតី ដែរឬទេ? អង្គសភាខុនហ្ក្រេស ដែលជាស្ថាប័នកំពូលរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមបើកការប្រជុំជជែកគ្នា ដើម្បីស្តាប់អំណះអំណាចគតិយុទ្ធរបស់ភាគីនីមួយៗ។

សម្រាប់លោកដូណាល់ ត្រាំ នីតិវិធីទំលាក់លោកចេញពីតំណែងនេះ គឺគ្រាន់តែជាឆាកល្ខោននយោបាយ ដើម្បីបំបាក់លោក មិនឲ្យឈានទៅឈ្នះឆ្នោតអាណត្តិថ្មី តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ សម្រាប់ក្រុមសមាជិកសភា មកពី​បក្សប្រជាធិបតេយ្យវិញ បានអះអាងថា គេមានភស្តុតាងយ៉ាងច្បាស់ ដោយឥតប្រកែកបាន ដើម្បីបញ្ជាក់ថា លោកដូណាល់ ត្រាំ ពិតជាបានធ្វើបំពាននឹងរដ្ឋធម្មនុញ្ញអាមេរិក។

សូមរំលឹកថា នីតិវិធីនេះ បានចាប់ផ្តើមឡើងដោយសមាជិកសភាតំណាងអាមេរិក ដែលបក្សប្រជាធិបតេយ្យ មាន​សម្លេងភាគច្រើន។ សភាតំណាងបានចាត់តាំងគណកម្មការស៊ើបអង្កេតមួយ ហើយឆ្លងកាត់ ការសាកសួរទៅលើសាក្សី ប្រមាណ​១៥នាក់ គណកម្មការស៊ើបអង្កេតនេះ បានសន្និដ្ឋានកាលពីថ្ងៃអង្គារទី៣ធ្នូ​ថា លោកដូណាល់ ត្រាំ ពិតជាបានដាក់ផលប្រយោជន៍នយោបាយ​ផ្ទាល់ខ្លួនលោក នៅពីលើផលប្រយោជន៍ជាតិ។ លោក Adam Schiff សមាជិកសភា និងជាប្រធានគណកម្មការ​ស៊ើបអង្កេត បានលើកឡើងថា វាជារឿងគ្រោះថ្នាក់ណាស់ សម្រាប់ប្រទេសមួយ ដែលមានប្រធានាធិបតីដែលយកច្បាប់រដ្ឋធម្មនុញ្ញមកទ្រាប់អង្គុយ។

គួរបញ្ជាក់ថា សេចក្តីសន្និដ្ឋានរបស់គណកម្មា​ធិការ​ស៊ើបអង្កេត បានប្រគល់ទៅដល់ដៃគណកម្មការយុត្តិធម៌ របស់សភាតំណាងហើយ។ គណកម្មាធិការនេះ មានតួនាទី​ តាក់តែងមាត្រាច្បាប់ ដើម្បីដាក់បន្ទុកលើលោកដូណាល់ ត្រាំ។ គណកម្មាធិការនេះ មានសមាជិកជាអ្នកច្បាប់នីតិរដ្ឋធម្មនុញ្ញ ចំនួន​៤នាក់ ដែលក្នុងនោះ ៣នាក់ត្រូវរើសដោយបក្សប្រជាធិបតេយ្យ និងម្នាក់រើសដោយបក្ស​សាធារណៈរដ្ឋ។ គណកម្មាធិការនេះ នឹងត្រូវ​ដឹកនាំដោយ លោក Jerry Nadler មកពីបក្សប្រជាធិបតេយ្យ ហើយដែល​ត្រូវគេស្គាល់ ថាជាអ្នកស្អប់លោកដូណាល់ ត្រាំ ខ្លាំង។

អ្នកច្បាប់ជំនាញទាំង៤នាក់ នឹងជជែកគ្នាស្តីពីមូលហេតុ ដែលអាចឈានទៅដល់ការទំលាក់ចេញពីតំណែង ក្នុងនោះមានដូចជា ៖ បទបំពានអំណាច បទពុករលួយ បទ​ប្រើប្រាស់ឥទ្ធិពលដោយខុសច្បាប់ និងបទរារាំងដំណើរការច្បាប់ របស់ប្រព័ន្ធតុលាការ។ នៅពេល​អត្ថបទចោទប្រកាន់លោកដូណាល់ ត្រាំនេះ ត្រូវបានតាក់តែងរួចរាល់ គេនឹយកវាទៅឲ្យអង្គសភាតំណាង បោះឆ្នោតអនុម័ត។

បើតាមការវិភាគ សភាតំណាងដែលបក្សប្រជាធិបតេយ្យមានសម្លេងភាគច្រើន ប្រាកដជាបោះឆ្នោតយល់ព្រម។ តែយ៉ាងណា គេមិនសង្ឃឹមថាច្បាប់នេះ នឹងអាចឆ្លងកាត់ព្រឹទ្ធសភានោះទេ ព្រោះនៅព្រឹទ្ធសភា​ បក្សសាធារណៈរដ្ឋមានសម្លេងភាគច្រើន ហើយគិតមកត្រឹមពេលនេះ បក្សសាធារណៈរដ្ឋបានផ្តុំគ្នាការពារលោកដូណាល់ ត្រាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ