អានតួអត្ថបទ

វ៉េណេស៊ុយអេឡា៖ អាមេរិក ​និងរុស្ស៊ី ​ប្រជែងគ្នា​លើក​ដំណោះស្រាយ​រៀងខ្លួន​ទៅ ​អ.ស.ប

កាលពីថ្ងៃសៅរ៍ ទី៩កុម្ភៈ សហរដ្ឋអាមេរិក បានលើកគម្រោង​​សេចក្តីសម្រេចចិត្តមួយ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលក្នុងគម្រោងនោះ សហរដ្ឋអាមេរិក បានស្នើឲ្យមានការបោះឆ្នោតប្រធានាធិបតីសាជាថ្មី​ តាមបែបសេរី យុត្តិធម៌ គួរទុកចិត្តបាន។ ប៉ុន្តែបើតាមប្រភពពីមន្ត្រីទូត គំរោងនេះអាចនឹងត្រូវរុស្ស៊ីបោះឆ្នោតបដិសេធ ព្រោះ​រុស្ស៊ី ក៏បានស្នើគម្រោងមួយផ្សេងទៀតដែរ ដើម្បីដោះស្រាយវិបត្តិវ៉េណេស៊ុយអេឡានេះ។

ប្រជាជន​វ៉េណេស៊ុយអេឡា នាំ​គ្នា​ភៀសខ្លួន​​​ឆ្លងទៅ​​កូឡុំប៊ី ត្រង់​ចំណុច​ក្រុង​​Cucuta ថ្ងៃទី​៩ កុម្ភៈ២០១៩
ប្រជាជន​វ៉េណេស៊ុយអេឡា នាំ​គ្នា​ភៀសខ្លួន​​​ឆ្លងទៅ​​កូឡុំប៊ី ត្រង់​ចំណុច​ក្រុង​​Cucuta ថ្ងៃទី​៩ កុម្ភៈ២០១៩ REUTERS/Marco Bello
ផ្សាយពាណិជ្ជកម្ម

អត្ថបទនៃគម្រោងរបស់អាមេរិក ដែលទីភ្នាក់ងារព័ត៌មានបារាំង បានទទួលមួយច្បាប់ គឺ​មានខ្លឹមសារ ប្រកាសគាំទ្រយ៉ាងពេញលេញ ទៅលើរដ្ឋ​សភាវ៉េណេស៊ុយអេឡា ដែលជាស្ថាប័នតែមួយគត់ សម្រាប់ពេលនេះ ដែលបាន​កើតចេញពីការបោះឆ្នោតដោយសេរី នៅវ៉េណេស៊ុយអេឡា។ អត្ថបទគម្រោងសេចក្តីសម្រេចចិត្ត ផ្តួចផ្តើមដោយសហរដ្ឋ​អាមេរិក​នេះ បានលើកឡើង អំពីសេចក្តីកង្វល់ ចំពោះការប្រើអំពើហិង្សា ការប្រើកម្លាំងប្រដាប់អាវុធ ពីសំណាក់ រដ្ឋាភិបាល​នីកូឡា ម៉ាឌូរ៉ូ ទៅបង្រ្កាបចលនាបាតុកម្មអហិង្សា របស់ប្រជាជនស្លូតត្រង់។

គម្រោងនេះអំពាវនាវថា ត្រូវតែរៀបចំធ្វើយ៉ាងណា ឲ្យមានការបោះឆ្នោតប្រធានាធិបតី សាជាថ្មី ក្នុងពេលដ៏ឆាប់ ហើយដែលជាការបោះឆ្នោតដោយសេរីយុត្តិធម៌ គួរជាទីទុកចិត្តបាន។ គម្រោងអាមេរិកនេះ ក៏បានអំពាវនាវផងដែរ ឲ្យមានការបើកច្រកផ្លូវ ដើម្បីដឹកជំនួយមនុស្សមនុស្សធម៌ ទៅជួយ​ប្រជាជន​វ៉េណេស៊ុយអេឡា។

ដោយឡែក មន្ត្រីទូតប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា សម្រាប់ពេលនេះ មិនទាន់មានការជួបប្រជុំពិភាក្សាណាមួយ ស្តីពីគម្រោងដែលសហរដ្ឋអាមេរិក បានដាក់ស្នើនេះទេ។ មន្ត្រីទូតដដែលអះអាងថា ទោះយ៉ាងណា គេគ្មានសង្ឃឹមថា គម្រោងសេចក្តីសម្រេចចិត្តនេះ នឹងអាចចេញរួចទេ ព្រោះរុស្ស៊ីបានត្រៀមខ្លួនបោះឆ្នោតវ៉េតូ​​ រួចទៅហើយ។

យោងតាមប្រភពពីមន្ត្រីទូតដដែល រុស្ស៊ីក៏​បានដាក់ស្នើ គម្រោងរបស់ខ្លួនមួយដាច់ដោយឡែក ដើម្បីប្រជែងជាមួយអាមេរិក។ សំណើររបស់រុស្ស៊ី គឺមានខ្លឹមសារ គាំទ្រការរកដំណោះស្រាយដោយសន្តិវិធី តាមរយៈ​ការចរចា រវាងតែភាគីវ៉េណេស៊ុយអេឡា និងតាមរយៈយន្តការ « Macanisme Montevide »។ រុស្ស៊ីបានឆ្លៀតរិះគន់ បំណងរបស់ប្រទេសមួយចំនួន ដែលចង់ដោះស្រាយបញ្ហា​ ដោយការប្រើកម្លាំង ដែលរុស្ស៊ី ចាត់ទុកថា ជាការជ្រៀតជ្រែកបញ្ហាផ្ទៃក្នុង របស់វ៉េណេស៊ុយអេឡា។

សូមបញ្ជាក់ថា « Macanisme Montevideo » គឺជាយន្តការចរចារ វាងភាគីវ៉េណាស៊ុយអេឡា ដោយមានការសម្របសម្រួល ពីក្រុមទំនាក់ទំនងបរទេសចំនួនប្រមាណ​៧​ប្រទេស​ រួមទាំងសហភាពអឺរ៉ុបផង។ ក្នុងពេលប្រជុំលើកទីមួយ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមការងារនេះ បានអំពាវនាវ ឲ្យមានការបោះឆ្នោតប្រធានាធិបតីដោយសេរី និងយុត្តិធម៌។

នៅវ៉េណេស៊ុយអេឡាឯនោះ ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក ត្រូវបានអាជ្ញាធរ​វ៉េណេស៊ុយអេឡា រារាំង មិនឲ្យដឹកចូលប្រទេសទេ បើទោះបីជាប្រជាជន​វ៉េណេស៊ុយអេឡា កំពុងជួបបញ្ហាខ្វះស្បៀងអាហារធ្ងន់ធ្ងរក៏ដោយ។ បច្ចុប្បន្នជំនួនទាំងនោះ​ ត្រូវនៅស្ថិត​នៅកកកុញនៅតំបន់Cucuta ព្រំដែនកូឡូប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ