អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡា៖ លោក​ម៉ាឌុយរ៉ូ ចោទ​សមាជិក​សភា​បក្ស​ប្រឆាំង ថា​ជា​អ្នក​បញ្ជា​ភេរវកម្ម

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅប្រទេសវ៉េណេស៊ុយអេឡា មានករណីផ្ទុះគ្រាប់បែក បញ្ជាដោយ​យានដ្រូន នៅចំពីមុខវេទិកាសន្ទករថា របស់លោកប្រធានាធិបតីម៉ាឌុយរ៉ូ។ លោកម៉ាឌុយរ៉ូ បានចាត់ទុកថា នេះគឺជាអំពើភេរវកម្ម ដែលគេមានបំណងធ្វើឃាតរូបលោក។ ក្រៅពីបានចោទប្រធានាធិបតីកូឡុំប៊ី ថាជាអ្នកនៅពីក្រោយរឿងនេះ នៅថ្ងៃពុធនេះ លោកម៉ាឌុយរ៉ូ បានចោទសមាជិកសភាបក្សប្រឆាំង​ ថាបានឃុបឃិតគ្នា ចង់ធ្វើឃាតលោក។ លោកម៉ាឌុយរ៉ូ បានប្រកាសថា នឹងដកអភ័យឯកសិទ្ធិ​សភា ហើយចាប់សមាជិកសភាបក្សប្រឆាំង យកទៅកាត់ទោស។

លោក Maduro លើក​រូប​បង្ហាញ​ មុខ​ជនសង្ស័យ​ប៉ុនប៉ង​ធ្វើឃាត​រូបលោក។
លោក Maduro លើក​រូប​បង្ហាញ​ មុខ​ជនសង្ស័យ​ប៉ុនប៉ង​ធ្វើឃាត​រូបលោក។ Miraflores Palace/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសន្ទរកថា ផ្សាយផ្ទាល់តាមទូរទស្សន៍ និងវិទ្យុជាតិ លោកនីកូឡា​ម៉ាឌុយរ៉ូ បានលើកឡើងថា លោកមានភស្តុតាងគ្រប់គ្រាន់ ដែលបញ្ជាក់ពីការពិត នៃគំរោងធ្វើឃាតលើរូបលោក។ លោកបានអះអាងទៀតថា អ្នកដែលនៅពីក្រោយឃុបឃិតធ្វើរឿងនេះ គឺ អតីតប្រធានសភាវ៉េណេស៊ុយអេឡា មកពីគណបក្សប្រឆាំង។ លោកម៉ាឌុយរ៉ូ ហ៊ានអះអាងដូច្នេះ គឺដោយយោង លើចំលើយសារភាព របស់មនុស្ស៦នាក់ ដែលគេចាប់ខ្លួនខ្លួនបាន ក្រោយកើតហេតុការណ៍ បំផ្ទុះគ្រាប់បែកតាម​យានដ្រូន កាលពីថ្ងៃសៅរ៍ទី ៤សីហា។

សូមបញ្ជាក់ថា លោក Julio Borges អតីតប្រធានសភាវ៉េណេស៊ុយអេឡា​ មកពីគណបក្សប្រឆាំង បច្ចុប្បន្នកំពុងរស់នៅភៀសខ្លួន នៅក្នុងប្រទេសកូឡុំប៊ី។ ឆ្លើយតបនឹងបទចោទប្រកាន់នេះ លោកបានអះអាងថា៖ ពិភពលោកទាំងមូល គ្មាននរណាជឿ លើរឿងបោកបញ្ឆោត ឆាកល្ខោនដែល ម៉ាឌុយរ៉ូ បានរៀបចំឡើងនេះទេ។ លោក Julio Borges បន្ថែមថា អ្វីដែលម៉ាឌុយរ៉ូ ចង់ធ្វើ គឺរៀបអំពើឃាតកម្មក្លែងក្លាយនេះឡើង ដើម្បីយកលេស ចោទប្រកាន់ និងតាមចាប់អ្នកនយោបាយបក្សប្រឆាំង ដាក់គុកតែប៉ុណ្ណោះ។

ដោយយោងតាមវីដេអូថតពេលសួរចំលើយ ជនម្នាក់ដែលជាអតីតទាហាន ហើយត្រូវគេចាប់ខ្លួនបានក្រោយកើតហេតុ បាននិយាយបញ្ចេញឈ្មោះ មនុស្ស២នាក់ គឺលោក Julio Borges និង លោក Juan Requesens ដែលជាសមាជិកសភាគណបក្សប្រឆាំងដែរ។ យ៉ាងណាមិញ បើយោងតាមទំព័រTwitter របស់គណបក្សប្រឆាំង បានអះអាងថា លោក Juan Requesens ព្រមទាំងប្អូនស្រី ត្រូវបានមនុស្សរបស់ក្រុមស៊ើបការសម្ងាត់វ៉េណេស៊ុយអេឡា មានគ្នា១៤នាក់ ចាប់ឃាត់ខ្លួន និងវាយដំយ៉ាងដំណំ កាលពីថ្ងៃអង្គារ ទី៧សីហា។

ដោយឡែក លោក Diosdado Cabello មនុស្សមានអំណាចលំដាប់ទី២ នៅវ៉េណេស៊ុយអេឡា និងបច្ចុប្បន្ន ជាប្រធានសភាធម្មនុញ្ញនោះ បានប្រកាសថា សភាធម្មនុញ្ញ នឹងបើកការប្រជុំ ដើម្បីសម្រេចដកអភ័យ​ឯកសិទ្ធិសភា របស់សមាជិកសភារូបណា ដែលជាប់ចោទពីបទប្រព្រឹត្តិអំពើភេរវកម្ម ប៉ុនប៉ង សម្លាប់លោកម៉ាឌុយរ៉ូ។

គួររំលឹកថា សភាធម្មនុញ្ញវ៉េណេស៊ុយអេឡា ត្រូវបានបង្កើតឡើង ក្រោយការបោះឆ្នោតថ្ងៃទី​៣០​កក្កដា ឆ្នាំ២០១៧​ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញថ្មី។ សភាធម្មនុញ្ញនេះ មានអំណាចចាត់តាំង សឹងតែគ្មានដែនកំណត់។ សភាធម្មនុញ្ញ ដែលមានតែមនុស្ស របស់បក្សលោកម៉ាឌុយរ៉ូ ជាសមាជិកនេះ ត្រូវបានក្រុមគណបក្សប្រឆាំង ចាត់ទុកថា ជាការប្រជែងអំណាច ជាមួយសភាជាតិ ព្រោះក្នុងសភាជាតិ ក្រុមគណបក្សប្រឆាំងមានសម្លេងភាគច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ