អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វ៉េណេស៊ុយអេឡា៖ ​ប្រធានាធិបតី​​​អបអរ​​​ជោគជ័យ​​ការ​​បោះឆ្នោត​​សភា​​ធម្មនុញ្ញ ទាំង​ដែល​អ្នក​ទៅ​បោះឆ្នោត​​មានតែ​ជាង​៤០%

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​អាទិត្យ​ទី ៣០ កក្កដា ​ រដ្ឋា​ភិបាល​វ៉េណេស៊ុយអេឡា​​ ដឹក​នាំ​ដោយ​លោក​ប្រធានាធិបតី​ម៉ាឌុយរ៉ូ ​ បាន​រៀបចំ​ការ​បោះឆ្នោត​ដ៏​ចំរូង​ចំរាស​មួយ​ ដើម្បី​បង្កើត​សភា​ធម្មនុញ្ញ​ ឈាន​ទៅ​រំលាយ​សភា​ចាស់ ​និង​តាក់​តែង​រដ្ឋធម្មនុញ្ញ​ថ្មី។ ការ​បោះឆ្នោត​បាន​ប្រព្រឹត្តិ​ធ្វើ​ទៅ ​ក្នុង​បរិយាកាស​យ៉ាង​តឹងតែង ​និង​ហិង្សា​បំផុត។ យ៉ាង​ហោច​ណាស់ ​មាន​មនុស្ស​ស្លាប់ ​១០​នាក់ ​ដោយការ​ប្រឈមមុខ​ដាក់​គ្នា ​រវាង​កម្លាំង​សមត្ថកិច្ច ​និង​ក្រុម​បាតុករ​ នៅ​ក្នុង​យប់​ថ្ងៃ​បោះ​ឆ្នោត។ ស្រប​ពេល​ដែល​រដ្ឋាភិបាល​វ៉េណេស៊ុយ​អេឡា ​ប្រកាស​ពី​ជោគ​ជ័យ​នៃ​ការ​បោះឆ្នោត​នេះ ​ គណបក្ស​ប្រឆាំង​ ឯណោះ ​បាន​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន ​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត។

លោក Nicolas Maduro ជាអតីតអ្នកបើកឡានក្រុង ​ប្តេជ្ញា​កាច់​​ចង្កូច​វ៉េណេស៊ុយអេឡា​បន្តទៀត ​បើ​ទោះបី​ជា​មាន​ការ​តវ៉ា​ទារ​ឲ្យ​ចុះពី​តំណែង
លោក Nicolas Maduro ជាអតីតអ្នកបើកឡានក្រុង ​ប្តេជ្ញា​កាច់​​ចង្កូច​វ៉េណេស៊ុយអេឡា​បន្តទៀត ​បើ​ទោះបី​ជា​មាន​ការ​តវ៉ា​ទារ​ឲ្យ​ចុះពី​តំណែង Reuters
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​សភា​ធម្មនុញ្ញ​ដ៏​សែន​ចំរូង​ចំរាស ​នៅ​វ៉េណេស៊ុយអេឡា ​កាល​ពី​ថ្ងៃ​ម្សិលមិញ ​ ​គឺ​បាន​ធ្វើឡើង​ក្នុង​បរិយាកាស ​ដ៏​តានតឹង​បំផុត ​ដោយសារ​ទីមួយ ​គឺ​ក្រុម​គណបក្ស​ប្រឆាំង ​បាន​ធ្វើ​ពហិការ ​មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នេះ​ទេ ​ព្រោះគេ​ចាត់​ទុក​ថា​ ជា​​ការ​បំពាន​ទាំង​ស្រុង​ ទៅ​លើ​គោលការណ៍​គ្រិះ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ។

ស្លាប់១០នាក់ យប់ថ្ងៃបោះឆ្នោត

បរិយាកាស​តាន​តឹង​មួយ​ទៀត ​ថា​៤ខែ​មក​ហើយ ​ដែល​ប្រជាជន​វ៉េណេស៊ុយអេឡា ​នៅតាម​ទីក្រុង​ធំៗ ​បាន​ធ្វើ​បាតុកម្ម​តវ៉ា ​ឲ្យ​លោក​ម៉ាឌុយរ៉ូ ​ចុះចេញ​ពី​តំណែង។ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ក្រុម​បាតុករ ​បាន​ចេញ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​ ហើយ​ដែល​ត្រូវ​កម្លាំង​នគរបាល ​និង​ទាហាន​វ៉េណេស៊ុយអេឡា ​បង្រ្កាប​យ៉ាង​ចាស់​ដៃ។ មាន​ផ្ទុះ​អំពើ​ហឹង្សា ​គប់​គ្រាប់​បែក​ផ្សែង ​គប់​ដប​ប្រេង​សាំង ​សឹង​គ្រប់​ទី​កន្លែង។ អាជ្ញាធរ ​បាន​បាញ់​តប​ដោយ​ប្រើ​គ្រាប់​កាំភ្លើង​មែនទែន។

បើ​តាម​ព័ត៌​មាន​ចុងក្រោយ​ដែល​យើង​ទទួល​បាន​ នៅយប់​ថ្ងៃ​​បោះឆ្នោត​​​ គឺមាន​អ្នក​ស្លាប់​សរុប​ ១០​នាក់ ​នៅ​ទូទាំង​ប្រទេស ​ដែល​ក្នុង​នោះ​មាន​យុវជន​វ័យ​ក្មេង ​អាយុ​ក្រោម​១៨​ឆ្នាំ ​២នាក់។ បើ​សរុប ​គិត​ចាប់​ពី​មាន​បាតុកម្ម​តវ៉ា ​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ម៉ាឌុយរ៉ូ​ ៤ខែ​មកនេះ ​គឺ​មាន​មនុស្ស​ស្លាប់ ​យ៉ាង​ហោច​ណាស់​១២០​នាក់​ហើយ ​ដោយ​ការ​បង្រ្កាប​ប្រើ​អាវុធ​ របស់​ទាហាន ​និង​នគរបាល។

នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ រដ្ឋាភិបាល ​បាន​ពង្រាយ​កម្លាំង​ទាហាន​រាប់​ម៉ឺន​នាក់ ​ទូទាំង​ប្រទេស ​ដើម្បី​ចាំ​បង្រ្កាប​ មិន​ឲ្យ​ក្រុម​បាតុករ​ ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម។ តែ​យ៉ាងណា ​បាតុករ​ដែល​ជា​យុវជន​ក្មេងៗ​ នៅ​តែ​មានៈ​ ប្រឈម​មុខ​នឹង​ការ​គំរាម​នេះ។

អ្នកទៅ​បោះឆ្នោត ​មាន​តែ​ជាង​៤១% ​ព្រម​ជាមួយ​ករណី​មិន​ប្រក្រតី

បើ​តាម​តួលេខ​ផ្លូវការ​ របស់​គណកម្មការជាតិ ​រៀបចំ​ការ​បោះឆ្នោត ​ចំនួន​អ្នក​ទៅ​បោះឆ្នោត ​មាន​ប្រមាណ ​៤១,៥៣% ​ដែល​ត្រូវ​ជា​ជាង​៨លាន​នាក់ ​ ពោល​គឺ​មិន​បាន​ពាក់​កណ្តាល​ នៃ​ចំនួន​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ទេ។ ការ​បោះឆ្នោត​សភា​ធម្មនុញ្ញ ​គេ​ត្រូវ​ការ​ឲ្យ​មាន​អ្នក​​ទៅ​បោះ​ឆ្នោត​ ឲ្យបាន​ច្រើន​បំផុត ​ទើប​លទ្ធផល​នោះ​វា​មាន​តម្លៃ។ យ៉ាង​ណា​មិញ ​រដ្ឋាភិបាល​លោក​ម៉ាឌុយរ៉ូ ​បារម្ភ​ណាស់ ​ខ្លាច​ថា​មិន​មាន​អ្នក​ទៅ​បោះ​ឆ្នោត។

មួយវិញ​ទៀត​ កាល​ពី​ថ្ងៃ​ទី ​១៦​កក្កដា​កន្លងទៅ ​ក្រុម​គណបក្ស​ប្រឆាំង ​បាន​រៀបចំ​ការ​បោះឆ្នោត​ដោយ​ឯករាជ្យ​មួយ ​ដើម្បី​ឲ្យ​ប្រជាជន​សម្រេច ​បដិសេធ​មិន​ទទួល​យក​សភា​ធម្មនុញ្ញ​របស់​លោក​ម៉ាដុយរ៉ូ។ មាន​អ្នកចូល​រួម​បោះឆ្នោត​នេះ ​ដល់​ទៅ​ជាង​៧លាន​នាក់។

ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣០​កក្កដា ​ មាន​អ្នក​ចូលរួម​លើស ​ការ​បោះឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​បក្ស​ប្រឆាំង​មែនពិត​ តែ​យ៉ាងណា ​ក៏​វា​នៅតែ​តិច​ដែរ។ នេះ​ស​បង្ហាញ​ថា ​ប្រជាជន​វ៉េណេស៊ុយអេឡា ​ជាង​ពាក់​កណ្តាល​ប្រទេស ​មិន​បាន​យល់ព្រម​គាំទ្រ ​ជាមួយ​នឹង​ការ​បង្កើត​សភា​ធម្មនុញ្ញ​នេះ​ទេ។

ជាងនេះ​ទៅទៀត ​ គណបក្ស​ប្រឆាំង ​បាន​លើកឡើង​ពី​ករណី​មិន​ប្រក្រតី​ជាច្រើន ​នៅ​ក្នុង​ពេល​បោះឆ្នោត។ នៅតាម​មណ្ឌល​ភាគ​ច្រើន ​គឺមាន​ទាហាន​យាម​ស្អេកស្កះ ​ដែល​មិន​អាច​ធ្វើ​ឲ្យមាន​បរិយាកាស​តម្លាភាព។ ប្រជាជន​មួយ​ចំនួន ​ក៏បាន​អះអាង​ថា ​បាន​ទទួល​ការ​គំរាម​ពី​អាជ្ញាធរ​ទៀត​ផង ​ បើសិន​ជា​ពួក​គេ​មិន​ទៅ​បោះឆ្នោត។ នៅមាន​នីតិវិធី ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​បោះឆ្នោត​ប្រមាណ​៦៨% ​អាច​បោះ​ឆ្នោត​បាន​ពីរ​ដង​ទៀត។ ចំណុច​នេះ​ ធ្វើឲ្យ​គេ​មិន​ទុក​ចិត្ត​សោះ ​ព្រោះ​វា​អាច​ពោរពេញ ​ដោយ​ករណី​មិន​ប្រក្រតី ​បន្លំ​តួលេខ​ជាដើម។

សហគម​អន្តរជាតិ​ មិន​ទទួល​ស្គាល់​សភា​ធម្មនុញ្ញ​ របស់​លោក​ម៉ាឌុយរ៉ូ​ទេ

អ្នក​វិភាគ​ជាច្រើន​ បាន​លើក​ឡើង​ ថា​លោក​ ម៉ាឌុយរ៉ូ ​កំពុងតែ​ធ្វើ​រដ្ឋ​ប្រហារ​ធម្មនុញ្ញ ​តាម​រយៈ​ការ​បោះឆ្នោត​សភា​ធម្មនុញ្ញ​ថ្មី​នេះ ​ព្រោះ​វា​នឹង​បើក​ផ្លូវ​ឲ្យ​លោក​ អាច​រំលាយ​រដ្ឋធម្មនុញ្ញ ​និង​សភា​ចាស់​ចោល​ទាំងអស់។ មាន​ប្រទេស​ជាច្រើន ​ដែល​បាន​ប្រកាស ​មិន​ទទួល​ស្គាល់​សភា​ធម្មនុញ្ញ​នេះ។ ផ្តើម​ដំបូង​គឺ​សហរដ្ឋ​អាមេរិក​ ដែល​លោក​ម៉ាឌុយរ៉ូ​ស្អប់​បំផុត។ ថ្មីៗ​នេះ ​សហរដ្ឋ​អាមេរិក​ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ឥស្សរៈជន​នយោបាយ ​ដែល​ជា​បក្ស​ពួក​នឹង​លោក​ ម៉ាឌុយរ៉ូ ​ចំនួន​១៣​នាក់។ ហើយ​កាល​ពី​ថ្ងៃ​៣០ ​​កក្កដា​នេះ ​ លោកស្រី​អគ្គរដ្ឋទូត​អាមេរិក​ ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ បាន​ថ្លែង​ថា​អាមេរិក​ នឹង​សម្រេច ​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម ​ឲ្យខ្លាំង​ និង​លឿន​បំផុត​ ទៅលើ​រដ្ឋាភិបាល​ផ្តាច់ការ​វ៉េណេស៊ុយអេឡា។

ក្រៅពីនេះ​នៅមាន​ប្រទេស​ក្នុង​តំបន់​ ក្បែរ​វ៉េណេស៊ុយអេឡា ​ដូច​ជា​កូឡុំប៊ី ​ប៉ាណាម៉ា ​ប៉េរូ ​ អាហ្សង់ទីន ​កូស្តារីកា ​និង​ប្រេស៊ីល​ជាដើម ​ដែល​សុទ្ធ​តែ​បាន​ប្រកាស ​ថា​គេ​ មិន​ទទួល​ស្គាល់ ​ភាព​ស្រប​ច្បាប់​ នៃ​សភា​ធម្មនុញ្ញ ​ដែល​រៀបចំ​បង្កើត​ឡើង​​ ដោយ​បក្សពួក​លោក​ម៉ាឌុយរ៉ូ​ទេ។ ចំណែក​អេស្ប៉ាញ ​ក៏​បាន​ប្រកាស​ដែរ​ ថាគេ​មិន​ទទួល​ស្គាល់​សភា​ធម្មនុញ្ញ ​ហើយ​ក៏​មិន​អាច​ទទួល​ស្គាល់​សេចក្តី​សម្រេច​នានា ​របស់​សភា​នេះ​ដែរ​។ អេស្ប៉ាញ ​កំពុង​ពិចារណា ​លើក​យក​បញ្ហា​នេះ​ ដើម្បី​សហការ​ជាមួយ​សហភាព​អឺរ៉ុប​ ដាក់​សំពាធ​មក​លើ​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា។ រដ្ឋាភិបាល​លោក​ម៉ាឌុយរ៉ូ ​នឹង​កាន់​តែ​ឯកោ​លើ​ឆាក​អន្តរជាតិ។

ប្រជាជន​​​វ៉េណេស៊ុយអេឡា ធ្វើ់​បាតុកម្មប្រឆាំង​​លោក​​ម៉ាឌុយរ៉ូ​ ក្នុង​​ថ្ងៃ​បោះឆ្នោត​ ទី៣០ ​កក្កដា ២០១៧
ប្រជាជន​​​វ៉េណេស៊ុយអេឡា ធ្វើ់​បាតុកម្មប្រឆាំង​​លោក​​ម៉ាឌុយរ៉ូ​ ក្នុង​​ថ្ងៃ​បោះឆ្នោត​ ទី៣០ ​កក្កដា ២០១៧ Reuters

ម៉ាឌុយរ៉ូ ​មើលស្រាល​ការ​ប្តេជ្ញាចិត្ត​របស់​ប្រជាជន​ពេក​ហើយ!

ក្រុម​គណបក្ស​ប្រឆាំង ​បាន​បន្ត​អំពាវនាវ​ ឲ្យ​ប្រជាជន​ចេញ​ធ្វើ​បាតុកម្ម​ ព្រោះ​នេះ​ជា​វិធី​តែ​មួយ​គត់ ​ដើម្បី​ឲ្យ​ពិភពលោក​ដឹង​ឮ ​អំពី​របត់​នយោបាយ​ បែប​ផ្តាច់ការ​របស់​លោក ​ប្រធានាធិបតី​ ម៉ាឌុយរ៉ូ។ សេដ្ឋកិច្ច​វ៉េណេស៊ុយអេឡា ​កំពុង​ដើរ​ដល់​ចំនុច​សូន្យ ​ខ្វះ​ទំនិញ​គ្រប់​មុខ ​ ហើយ​ប្រជាជន​គ្មាន​ចំណូល ​យុវជន​អត់​ការងារ​ធ្វើ។ ការ​ស្ទាបស្ទង់​មតិ​របស់​វិទ្យាស្ថាន ​Datanalisis ​បង្ហាញ​ថា​៨០%​ នៃ​ប្រជាជន​វ៉េណេស៊ុយអេឡា ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក ​ម៉ាឌុយរ៉ូទេ។

មិនត្រឹម​តែ​មិន​ទទួល​ស្គាល់ ​នូវ​បរាជ័យ​ក្នុង​ការ​ដឹកនាំ​ប្រទេស ​លោក​ម៉ាឌុយរ៉ូ ​កំពុង​តែ​រៀបចំ​ឆាក​ល្ខោន​ ​ដើម្បី​ធ្វើ​រដ្ឋ​ធម្មនុញ្ញថ្មី​តាម​ចិត្ត​ខ្លួន​ចង់​បាន ​ហើយ​អាច​បន្ត​កាន់​អំណាច​ទៅ​មុខ​ទៀត ​ដោយ​មិន​ចាំ​បាច់​ឆ្លងកាត់​ការ​បោះឆ្នោត​ទេ។ លោក​ម៉ាឌុយរ៉ូ ​បាន​គំរាម​ថា​នៅ​ពេល​សភា​ធម្មនុញ្ញ​ចូល​ធ្វើការ​ សភា​នេះ​ នឹង​ដក​អភ័យ​ឯកសិទ្ធិ ​របស់​សមាជិក​សភា​បក្ស​ប្រឆាំង​ចោល ​ហើយ​នឹង​ចាប់​យក​មក​ផ្តន្ទាទោស​ទៀត​ផង។ លោក ​ម៉ាឌុយរ៉ូ ​ក៏​បាន​ប្រកាស​ថា​នឹង​ដក​តំណែង​លោក​ស្រី ​Louisa Ortega ​ដែល​ជា​រដ្ឋ​អាជ្ញា​ទៀត​ផង។​

មុខមាត់​ពិត​ របស់​អ្នក​ស្នង​តំណែង​លោក​ អ៊ុយហ្គោ ឆាវ៉េស ​បាន​លេច​មក​យ៉ាងច្បាស់។ តែ​យ៉ាងណា ​គេជឿថា​ប្រជាជន​វ៉េណេស៊ុយអេឡា ​នឹង​មិន​រា​ថយ ​ចំពោះ​ការ​តស៊ូ ​ប្រឆាំង​នឹង​នឹម​អំណាច​ផ្តាច់​ការ​នេះទេ។ លោក ​Julio Borgez ​ប្រធាន​សភា​វ៉េណេស៊ុយអេឡា ​បាន​និយាយ​ថា៖ “ការ​តវ៉ា​របស់​ប្រជាជន​ នឹង​កាន់​តែមាន​កម្លាំង​ខ្លាំង។ រដ្ឋាភិបាល​ផ្តាច់ការ​របស់​លោក ​ម៉ាឌុយរ៉ូ ​កំពុង​តែ​មើល​ស្រាល​ពេក​ហើយ ​ទៅ​លើ​ការ​ប្តេជ្ញាចិត្ត​ របស់​ប្រជាជន ​ព្រមទាំង​ការ​ឈឺឆ្អាល​ ដាក់​សំពាធ​ពី​សំណាក់​សហគម​អន្តរជាតិ។”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ