អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡា៖ ប្រធានាធិបតី​ប្រកាស “កាត់ទោស​ឲ្យ​ធ្ងន់” ទៅលើ​ក្រុម​បាតុករ ​ពីបទ​រៀបចំ​ធ្វើ​រដ្ឋប្រហារ

ជាច្រើន​ខែ​មក​ហើយ ​ដែល​ប្រជាជន​វ៉េណេស៊ុយអេឡា ​បាន​ធ្វើ​បាតុកម្ម​តវ៉ា ​ដើម្បី​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី ​ម៉ាឌូរ៉ូ​ ចុះ​ចេញ​ពី​តំណែង​ និង​រៀបចំ​ការ​បោះឆ្នោត​ជាថ្មី។ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ​ មនុស្ស​រាប់ពាន់​នាក់ ​បាន​បន្ត​ជួបជុំ​គ្នា ​បើទោះបី​ជា​មាន​ការ​គំរាម​បង្ក្រាប​យ៉ាង​ចាស់​ដៃ ​ពី​សំណាក់​ ទាហាន ​និង​កម្មាំង​នគរបាល​វ៉េណេស៊ុយអេឡា។ ​ជាមួយ​គ្នា​នេះ ​លោក​ ប្រធានាធិបតី ​ម៉ាឌូរ៉ូ ​បាន​ប្រកាស​ថា ​សកម្មជន​តវ៉ា ​ដែល​កំពុង​ជាប់ឃុំ ​នឹង​ត្រូវ​យក​ទៅ​កាត់​ទោស ​ឲ្យ​ធ្ងន់​បំផុត ​ពី​បទ​រៀបចំ​ធ្វើ​រដ្ឋប្រហារ។

លោក ម៉ាឌូរ៉ូ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា អម​ដំណើ់រ​ដោយ​មេទ័ព​ធំៗ
លោក ម៉ាឌូរ៉ូ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា អម​ដំណើ់រ​ដោយ​មេទ័ព​ធំៗ HANDOUT / REUTERS
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​សៅរ៍ ​ទី​២៤​ មិថុនា ​នៅក្នុង​កម្មវិធី​ជួបជុំ​ជាមួយ​មេ​ទាហាន​ធំៗ ​របស់​វ៉េណេស៊ុយអេឡា ​លោក ​ប្រធានាធិបតី ​ម៉ាឌូរ៉ូ ​បាន​ថ្លែង​ថា ​ក្រុម​ប្រឆាំង ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពេល​នេះ ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាត់​ទោស​ ​នៅមុខ​តុលាការ​យោធា ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ និងសក្តិសម​​បំផុត ​ ពី​បទ​រៀបចំ​ធ្វើ​រដ្ឋប្រហារ ​និង​​ពីបទ​ជំរុញ​ឲ្យ​អាមេរិក​ធ្វើ​អន្តរាគម​យោធា។

ក្នុង​សំដី​នេះ​ លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ​មិន​បាន​បញ្ជាក់​ពី​ចំនួន​អ្នក​ទោស​នយោបាយ​ទេ ​ហើយក៏​មិន​បាន​លើកឡើង​ថា ​ពួក​គេ​ជា​ទាហាន ​ឬ​ជា​ជន​ស៊ីវីល​ដែរ។ ក្នុង​ឱកាស​នោះ​ ​មេបញ្ជាការ​កងទ័ព​វ៉េណេស៊ុយអេឡា ​ក៏​បាន​ប្រកាស​សារ​ជា​ថ្មី​ ថា​កងទ័ព​ នៅតែ​ស្មោះស្ម័គ្រ​​នឹង​នៅ​ចាំ​ការពារ​ប្រធានាធិបតី​ម៉ាឌូរ៉ូ​ ជានិច្ច។

សូម​បញ្ជាក់​ថា ​បាតុកម្ម​តវ៉ា ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី ​ម៉ាឌូរ៉ូ ​បាន​កើតឡើង​សឹងតែ​ជា​ប្រចាំថ្ងៃ ​ក្នុង​រយៈ​ពេល​៣ខែ​មក​នេះ។ បាតុកម្ម​កាន់តែ​រីកធំ​ រដ្ឋាភិបាល ​កាន់តែ​ប្រើ​ ធម៌ក្តៅ​​ដោយ​មាន​ជំនួយ​ពី​ទាហាន ​ ដើម្បី​វាយ​បំបែក​ ក្រុម​បាតុករ។ ការបង្ក្រាប ​ដោយ​កំលាំង ​បាន​បង្ករ​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ​៧៥​នាក់ ​ និង​ជា​ច្រើន​រយ​នាក់ ​ដែល​ត្រូវ​គេ​ចាប់​ឃាត់​ខ្លួន​ ក្នុង​រយៈពេល​៣ខែ​ចុង​ក្រោយ​នេះ​។

នៅក្នុង​វីដេអូ ​ ដែល​គេ​ផ្សព្វផ្សាយ ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ​សកម្មជន​ប្រឆាំង​ ឈ្មោះ ​ឡេអូប៉ូលដូ ឡូប៉េស ​ដែល​កំពុង​ជាប់​ឃុំ​នោះ ​បាន​ស្រែក​ថា ​ខ្លួន​គេ​ត្រូវ​បាន​សមត្ថិកិច្ច​ពន្ធនាគារ​ ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​​។ អស់រយៈ​ពេល​៦ខែ​មក​ហើយ ​ ដែល​អាជ្ញាធរ​ពន្ធនាគារ​ ហាម​មិន​ឲ្យ​មាន​នរណា ​ចូល​ទៅ​ជួប​អ្នក​​ទោស​នយោបាយ​រូប​នេះ​ទេ។

បាតុកម្ម​នឹង​គ្រោង​រៀបចំ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ទៀត​ បើ​ទោះ​បី​ជា​​រដ្ឋាភិបាល​គំរាម​បង្ក្រាប​យ៉ាង​ចាស់ដៃ​យ៉ាងណា​ក៏​ដោយ។ យ៉ាងណាមិញ​ សកម្មភាព​បង្រ្កាប​យ៉ាង​ហិង្សា ​ទៅ​លើ​ក្រុម​បាតុករ​នេះ ​ត្រូវ​បាន​អង្គការ​នាៗ​ រិះ​គន់​ជាខ្លាំង ​មាន​ជា​អាថទិ៍​អង្គការ​ប្រទេស​នៅ​ទ្វីប​អាមេរិក។ គណបក្ស​ប្រឆាំង​ ដែល​មាន​សំលេង​ភាគ​ច្រើន​នៅ​ក្នុង​សភា ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ ឈប់​ទទួល​ស្គាល់​រដ្ឋាភិបាល ​ហើយ​ក៏​មិន​ត្រូវ​ទទួល​យក​ ការ​បង្កើត​សភា​ធម្មនុញ្ញ ​ដែល​លោក​ប្រធានាធិបតី​ម៉ូឌូរ៉ូ ​មាន​បំណង​ធ្វើ​នោះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ