អានតួអត្ថបទ

វ៉េណេស៊ុយអេឡា បណ្តេញ​ឯកអគ្គរដ្ឋ​ទូត​អាល្លឺម៉ង់​​ចេញ​ពី​ប្រទេស

រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ របស់​លោក​ នី​កូឡា​ម៉ា​ឌូ​រ៉ូ​ បានសម្រេច​ បណ្តេញ​ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ ប្រចាំ​រដ្ឋធានី​ការ៉ាកាស​ឲ្យ​ចាកចេញ​ពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ ជាបន្ទាន់​។ ការ​បណ្តេញ​នេះ​ គឺ​ធ្វើឡើង​ នៅ​ក្រោយពេល​ដែល​លោក​ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​រូប​នេះ​ បាន​ទៅ​ទទួល​លោក​ រ្ហ័ន​ ហ្កៃ​ដូ​ដែល​បាន​វិល​ត្រលប់​ចូល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​វិញ​ កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​។ ដោយឡែក​ សហរដ្ឋអាមេរិក​ទើបតែ​បានសម្រេច​បន្ថែម​ទណ្ឌកម្ម​ផ្សេងទៀត​ ដាល់​លើ​រដ្ឋាភិបាល​របស់​លោក​ នី​កូឡា​ ម៉ា​ឌូ​រ៉ូ​ដោយ​បាន​ដកហូត​ និង​ហាមឃាត់​ទិដ្ឋាការ​ ទៅលើ​មនុស្ស៧៧នាក់​ ដែល​ស្និ​ទនឹង​របប​នេះ​។

លោក Daniel Martin Kriener អគ្គរដ្ឋទូតអាល្លឺម៉ង់ ធ្វើ​សន្និសីទ​កាសែត​​ជាមួយ​លោក​​ Juan Guaido នៅក្រុង​​ការ៉ាកាស ថ្ងៃទី​១៩កុម្ភៈ ២០១៩​
លោក Daniel Martin Kriener អគ្គរដ្ឋទូតអាល្លឺម៉ង់ ធ្វើ​សន្និសីទ​កាសែត​​ជាមួយ​លោក​​ Juan Guaido នៅក្រុង​​ការ៉ាកាស ថ្ងៃទី​១៩កុម្ភៈ ២០១៩​ REUTERS/Marco Bello
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃទី៦មីនា​ រដ្ឋាភិបាល​របស់​លោក​នី​កូឡា​ម៉ា​ឌូ​រ៉ូ​ បាន​ដាក់កំហិត​ ឲ្យ​អគ្គរដ្ឋទូត​អាល្លឺម៉ង់​ ចាក់ចេញ​ពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ក្នុងរយៈពេល៤៨ម៉ោង​។ ភ្លាម​ៗក្រោយ​ទទួល​ដំណឹង​នេះ​ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ថ្កោលទោស​ការសម្រេច​ ដែល​អាល្លឺម៉ង់​ ចាត់ទុកថា​ គ្មាន​ហេតុផល​និង​ជា​ការសម្រេច​ដែល​បន្ថែម​បញ្ហា​ឲ្យ​កាន់​ខ្លាំង​ ទៅលើ​ស្ថានការណ៍​ដែល​តានតឹង​ស្រាប់​ទៅ​ហើយ​។

ក្រសួង​ការបរទេស​អាល្លឺម៉ង់​បាន​បញ្ជាក់​បន្ថែម​ថា​ អាល្លឺម៉ង់​ ក៏ដូចជា​សហភាព​អឺរ៉ុប​ នៅតែ​ប្រកាន់​ជំហរ​ គាំទ្រ​លោ​ករ័្ហន​ហ្កៃ​ដូ​ ជា​ប្រធានាធិបតី​ស្តីទី​ របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ ក្នុងអំឡុងពេល​រង់ចាំ​ការរៀបចំ​បោះឆ្នោត​សារ​ជាថ្មី​ដោយ​ភាព​សេរី​យុត្តិធម៌​។ រដ្ឋាភិបាល​អាល្លឺម៉ង់​ ក៏​សូម​សំដែង​ការ​កោតសរសើរ​ និង​គាំទ្រ​ដល់​ការងារ​ របស់​លោក​ Daniel​ Kriener​ ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​រដ្ឋធានី​ការ៉ាកាស​ដែល​បាន​បំពេញការងារ​យ៉ាង​ល្អ​ ជាពិសេស​ក្នុង​ស្ថានការណ៍​ចុង​ក្រោយ​ថ្មី​ៗនេះ​។

សូម​រំលឹក​ថា​ លោក​អគ្គរដ្ឋទូត​អាល្លឺម៉ង់​រួម​ទាំង​តំណាង​អង្គទូត​របស់​ប្រទេស​អឺរ៉ុប​ និង​អាមេរិកឡាទីន​ ប្រមាណ​ជាង១០នាក់​ផ្សេងទៀត​បាន​ទៅ​ព្រលា​នយន្តហោះ​ក្រុង​ការ៉ាកាស​ ទទួល​លោ​ករ័្ហន​ ហ្កៃ​ដូ​ ដែល​វិល​ត្រលប់​ចូល​ស្រុក​វិញ​កាលពី​ថ្ងៃ​ចន្ទ​ទី៤មីនា​។ ប៉ុន្តែ​មក​ត្រឹម​ពេលនេះ​ គឺ​មានតែ​អគ្គរដ្ឋទូត​អាល្លឺម៉ង់​ម្នាក់​ប៉ុណ្ណោះ​ ដែល​ត្រូវ​រដ្ឋាភិបាល​លោក​ម៉ា​ឌូ​រ៉ូ​ បណ្តេញ​ចេញ​។

នៅ​លើ​ទំព័រ​Twitter​ លោ​ករ្ហ័ន​ ហ្កៃ​ដូ​ បាន​សរសេរ​ថា​ការ​បណ្តេញ​ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ គឺជា​សក្ខីកម្ម​មួយ​បញ្ជាក់​ពី​ការ​គំរាមកំហែង​មក​លើ​ពិភពលោក​សេរី​ ពីសំណាក់​របប​ផ្តាច់​ការ​នី​កូឡា​ ម៉ា​ឌូ​រ៉ូ​។ លោ​កហ្កៃ​ដូ​បាន​សរសេរ​បន្ត​ថា​ លោក​សូម​អរគុណ​ចំពោះ​អាល្លឺម៉ង់​ ក៏ដូចជា​ប្រទេស​ជា​មិត្ត​ផ្សេងទៀត​ចំពោះ​ការ​គាំទ្រ​ដ៏​រឹងមាំ​ក្នុង​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។

ដោយឡែក​ នៅ​ថ្ងៃពុធ​ទី៦មីនា​រដ្ឋាភិបាល​អាមេរិក​ បានសម្រេច​ដក​ទិ​ដ្ឋា​កា​ពី​មនុស្ស​ចំនួន៧៧នាក់​ បន្ថែម​ទៀត​ ដែល​សុទ្ធតែ​ជាម​ន្ត្រី​ធំៗ​ស្និ​ទនឹង​រដ្ឋាភិបាល​ របស់​លោក​នី​កូឡា​ ម៉ា​ឌូ​រ៉ូ​។ សហរដ្ឋអាមេរិក​ ក៏បាន​គំរាម​ថា​នឹង​ដាក់ទណ្ឌកម្ម​ ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ណា​ ដែល​ហ៊ាន​ឃុបឃិត​ រកស៊ី​ ឬផ្តល់​កម្ចី​ដល់​របប​ពុករលួយ​របស់​លោក​នី​កូឡា​ម៉ា​ឌុយ​រ៉ូ​។ លោក​ Mike​ Pence​ អនុ​ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ថា​ អាមេរិក​ នឹង​បន្ត​ដាក់​គំ​នៀប​ ធ្វើបាប​របប​ដឹកនាំ​របស់​លោក​នី​កូឡា​ ម៉ា​ឌូ​រ៉ូ​ល្គឹកណា​ សិទ្ធិ​សេរីភាព​ និង​ប្រជាធិបតេយ្យ​ មិន​ត្រូវ​បាន​រៀបចំ​ស្តារ​ឡើងវិញ​ទេ​នោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ