អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វ៉េណេស៊ុយអេឡា៖ បក្ស​ប្រឆាំង​អំពាវនាវ​​បាតុកម្ម​​ទូទាំង​​​ប្រទេស និង​មិន​ចូលរួម​ "ការចរចាក្លែងក្លាយ"

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិនយោបាយនៅប្រទេសវ៉េណេស៊ុយអេឡា កំពុងធ្លាក់ចូលជ្រៅទៅៗ។ លោក រ្ហ័ន ហ្កាយដូ ជាប្រធានសភាមកពីគណបក្សប្រឆាំង ហើយដែលបានប្រកាសខ្លួន ថាជាប្រធានាធិបតីបណ្តោះអាសន្ននោះ បានអំពាវនាវ ឲ្យប្រជាជនធ្វើបាតុកម្មទូទាំងប្រទេស ដើម្បីផ្តួលរំលំរបបផ្តាច់ការ របស់លោក នីកូឡា ម៉ាឌូរ៉ូ ហើយនឹងឈាន ទៅរៀបចំការបោះឆ្នោតជាថ្មី។ នៅ​ថ្ងៃ​សៅរ៍​ទី​២៦​មករា​នេះ នៅ​ទីក្រុង​ញូយ៉ក ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការ​សហប្រជាជាតិ នឹងត្រូវប្រជុំគ្នា ដើម្បីសាកល្បង រកច្រកចេញ និងស្រោចស្រង់ប្រទេស​វ៉េណេស៊ុយអេឡា ឲ្យផុតពីវិបត្តិនេះ។ ជារៀងរាល់ថ្ងៃ ប្រជាជនរាប់ពាន់នាក់ បាន​សម្រេចចិត្ត​ភៀសខ្លួន រត់ទៅប្រទេសជិតខាង ដើម្បីស្វែងរកចំណីអាហារ និងការងារធ្វើ។

បាតុករប្រឆាំងនឹងរដ្ឋាភិបាលផ្តាច់ការ របស់លោក នីកូឡា ម៉ាឌូរ៉ូ នៅទីក្រុងការ៉ាកាស ថ្ងៃទី២៣ មករា ២០១៩
បាតុករប្រឆាំងនឹងរដ្ឋាភិបាលផ្តាច់ការ របស់លោក នីកូឡា ម៉ាឌូរ៉ូ នៅទីក្រុងការ៉ាកាស ថ្ងៃទី២៣ មករា ២០១៩ REUTERS/Carlos Garcia Rawlins
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឆាំង បដិសេធមិនទទួល​ “ការចរចាបែបបោកប្រាស់”

បន្ទាប់ពីលោក រ្ហ័ន ហ្កាយដូ បានប្រកាសខ្លួន ថាជាប្រធានាធិបតីស្តីទីនោះ មកត្រឹមពេលនេះ ក្រុមបក្សប្រឆាំង នឹងរដ្ឋាភិបាលលោកនីកូឡា ម៉ាឌូរ៉ូ កំពុងតែប្រឈមមុខគ្នាយ៉ាងខ្លាំង។ កាលពី​ថ្ងៃ​សុក្រ​ទី​២៥​មករា រដ្ឋមន្ត្រីការពារជាតិ រួមទាំងមេទ័ពធំៗ របស់​វ៉េណេស៊ុយអេឡា បានចេញមុខប្រកាសរួមគ្នា ថា កងទ័ពជាតិនៅតែបន្តស្មោះស្មគ្រ័ និងគាំទ្រលោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ ជានិច្ច។

នៅថ្ងៃដដែលនោះដែរ លោកនីកូឡា ម៉ាឌូរ៉ូ បានប្រកាសថា លោកត្រៀមខ្លួន ក្នុងការចរចា រៀបចំឲ្យមានការនិយាយដោះស្រាយគ្នា ជាមួយនឹងក្រុមគណបក្សប្រឆាំង ដែលមានលោក រ្ហ័ន ហ្កាយដូ ជាមេដឹកនាំ។ ក៏ប៉ុន្តែ ការអំពាវនាវសុំឲ្យជួបចរចាគ្នានេះ ត្រូវបានលោក រ្ហ័ន ហ្កាយដូ បដិសេធចោលភ្លាមៗ។ លោក រ្ហ័ន ហ្កាយដូ បានប្រកាសថា លោកមិនចាញ់បោក ការចរចាក្លែងក្លាយនោះទេ។ លោកបន្ថែមថា អ្វីដែល លោកប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ ចង់បាន គឺបន្តកាន់អំណាចតទៅទៀត ដោយមិនខ្វល់ពីការស្តារលទ្ធិប្រជាធិបតេយ្យ និងស្រោចស្រង់ប្រទេសនោះទេ។

លោក​រ្ហ័ន ហ្កាយដូ ដែលប្រកាសខ្លួន ថាជាប្រធានាធិតបីបណ្តោះអាសន្ននេះ មានបំណង ថាត្រូវតែរៀបចំការបោះឆ្នោតប្រធានាធិបតី សារជាថ្មីម្តងទៀត ក្នុងពេលដ៏ឆាប់ខាងមុខ។ ការបោះឆ្នោតថ្មីនេះ ត្រូវតែធានាឲ្យបាន នូវភាពសេរីយុត្តិធម៌ មានការចូលរួមពីគ្រប់គណបក្ស និងអ្នកសង្កេតការណ៍អន្តរជាតិ។ មានន័យថា​លទ្ធផលបោះឆ្នោត ដែលរៀបចំឡើង ដោយរដ្ឋាភិបាល លោកនីកូឡា ម៉ាឌូរ៉ូ កាល​ពីខែ​ឧសភា ឆ្នាំ២០១៨ គឺត្រូវចាត់ទុកជាមោឃៈ ព្រោះជាការបោះឆ្នោត ដែលគ្មានការចូលរួមពីបក្សប្រឆាំង ហើយ ដែលពោរពេញទៅដោយ ភាពមិនប្រក្រតី។ យ៉ាងណាមិញ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តារអង្គការសិទ្ធិមនុស្សជាច្រើន បានបដិសេធ មិនទទួលស្គាល់ លទ្ធផលឆ្នោតនោះទេ។

កងទ័ពបន្តនៅពីក្រោយលោក នីកូឡា ម៉ាឌូរ៉ូ

រហូតមកទល់ពេលនេះ លោករ្ហ័ន ហ្កាយដូ ក៏ដូចជាក្រុមប្រឆាំងទាំងមូល បានសង្ឃឹមយ៉ាងខ្លាំង ថានឹងអាចអូសទាញ កងទ័ព​វ៉េណេស៊ុយអេឡា ឲ្យងាកមកគាំទ្រខ្លួន។ ក៏ប៉ុន្តែ ដូចយើងដឹងហើយ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ លោកអគ្គមេបញ្ជាការ Vladimir Padrino រដ្ឋមន្ត្រីការពារជាតិ បានចេញមកប្រកាស ថាកងទ័ពបន្តគាំទ្រ លោកនីកូឡា ម៉ាឌូរ៉ូ។

យោងតាមអ្នកវិភាគជាច្រើន បានលើកឡើងថា អ្វីៗអាចដោះស្រាយបានឆាប់រហ័ស បើសិនជាកងទ័ពប្តូរ​ចិត្ត ឈប់ការពារលោកនីកូឡា​ ម៉ាឌូរ៉ូ។ ប៉ុន្តែ ចង់ឲ្យកងទ័ពប្តូរចិត្ត មិនងាយទេ ព្រោះថាមេបញ្ជាការទ័ពធំៗ របស់វ៉េណេស៊ុយអេឡា សុទ្ធតែជាប់ពាក់ព័ន្ធនឹងសកម្មភាពរំលោភសិទ្ធិមនុស្ស អំពើពុករលួយ អំពើឧក្រិដ្ឋកម្ម ការជួញដូរគ្រឿង​ញៀន​ជាដើម។

ចង់បង្កើតរដ្ឋាភិបាលអន្តរកាល ដើម្បីឈានទៅរៀបចំការបោះឆ្នោតជាថ្មី ដោយមានការយល់ព្រមពីកងទ័ព គឺទាល់តែក្រុមប្រឆាំង សន្យាធ្វើសម្បទានឲ្យទៅមេទ័ព​ទាំងនោះ។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក ក៏ដូចជាអង្គការសិទ្ធិមនុស្សធំៗ ដែលនៅខាងបក្សប្រឆាំង បានប្រកាសថ្កោលទោសកងទ័ពវ៉េណេស៊ុយអេឡា ញឹកញ៉ាប់ណាស់។ ដូច្នេះ គេមិនអាចទទួល​យកការធ្វើសម្បទាន​ ឲ្យមេទ័ពធំៗ ដែលបានធ្វើសកម្មភាពខុសច្បាប់កន្លងមកនោះទេ។ ហេតុដូច្នេះហើយ បានជាសម្រាប់ដំណាក់កាលនេះ កងទ័ពបន្តនៅជាមួយលោកនីកូឡា ម៉ាឌូរ៉ូ ព្រោះវាបានផលល្អជាង។

មហាអំណាច ប្រកាសគាំទ្រម្ខាងម្នាក់

វិបត្តិនយោបាយនេះ កាន់តែរីកធំទៅទៀត ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយ នេះ គេសង្កេតឃើញថា ប្រទេសមហាអំណាចធំៗ មានអាមេរិក និងរុស្ស៊ីជាដើម បានចាប់ផ្តើម លូកដៃ តាំងខ្លួននៅពីក្រោយគូបដិបក្សនីមួយ។ សហគមន៍អន្តរជាតិអាចជួយបាន ល្គឹក​ណា​តែ​ សហគមន៍អន្តរជាតិ និយាយត្រូវគ្នា ជាសម្លេងតែមួយដែរ។

ប៉ុន្តែ មហាអំណាចធំៗ បានជ្រើសរើស គូបដិបក្សរៀងៗខ្លួនទៅហើយ។ សហរដ្ឋអាមេរិក រដ្ឋាភិបាលលោកដូណាល់ ត្រាំ បានប្រកាស គាំទ្រលោករ្ហ័ន ហ្កាយដូ ក្នុងនាមជាប្រធានាធិបតី​ស្តីទី។ ដូចគ្នាដែរ កាណាដា និងប្រទេសមួយចំនួនធំ នៅអាមេរិកឡាទីន សុទ្ធតែ​ប្រកាសគាំទ្រ លោករ្ហ័ន ហ្កាយដូ និងការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បី​ឈានទៅរៀបចំការបោះឆ្នោតសាជាថ្មី។

ដោយឡែក រុស្ស៊ី បានចេញមុខ គាំទ្រ លោករដ្ឋាភិបាលផ្តាច់ការរបស់លោក នីកូឡា ម៉ាឌូរ៉ូ។ ចំណែក​បារាំង អង់គ្លេស និងសហភាពអឺរ៉ុប សុទ្ធតែធ្លាប់បានប្រកាសបដិសេធ លទ្ធផលការបោះឆ្នោត ដែលរៀបចំឡើងយដោយរដ្ឋាភិបាល លោកនីកូឡា ម៉ាឌូរ៉ូ។ រដ្ឋាភិបាលបារាំង បានប្រកាសថា គេអាចនឹងប្រកាសគាំទ្រជាផ្លូវការ លោករ្ហ័ន ហ្កាយដូ ជាប្រធានាធិបតីបណ្តោះអាសន្ន បើសិនជាពុំមានដំណឹងស្តីពីការរៀបចំការបោះឆ្នោត​សាជាថ្មី ក្នុងរវាង៨ថ្ងៃទៀតទេ។ ការប្រជុំនៅក្រុមប្រឹក្សាសន្តិសុខ ដែលសហរដ្ឋអាមេរិក ជាអ្នកកោះហៅ នៅថ្ងៃសៅរ៍ទី២៦មករា គឺគេគ្មានសង្ឃឹមថា នឹងបានផ្លែផ្កា អ្វីនោះទេ ព្រោះថា រុស្ស៊ី និងចិន មានជំហរមិនដូចអាមេរិក និងបារាំង ទេ។

អ្នកវិភាគជាច្រើន កំពុងបារម្ភថា ការប្រកាសគាំទ្រ ម្ខាងៗ របស់មហាអំណាចនេះ គឺវារិតតែបន្ថែមបញ្ហាឲ្យកាន់តែរីកធំ។ បើតាមប្រភពច្បាស់ការជាច្រើន បានលើកឡើងថា រុស្ស៊ី បានបញ្ជូនជំនាញការទ័ព ជាច្រើននាក់ នៅរវាងប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីការពារសន្តិសុខ លោកនីកូឡា ម៉ាឌូរ៉ូ។ ចំណែកលោកដូណាល់ ត្រាំ វិញ បានអះអាងថា គ្រប់ជំរើសទាំងអស់ ត្រូវតែពិចារណា។ ដែលនេះមានន័យថា អាមេរិកក៏អាចបញ្ជូនទ័ព ទៅវ៉េណេស៊ុយអេឡាដែរ។ ដូច្នេះ អ្វីដែលគេបារម្ភ គឺបារម្ភខ្លាចវាកើតទៅជាសង្រ្គាមស៊ីវីល។

រុស្ស៊ី និងចិន បង្អែកធំរបស់លោក នីកូឡា ម៉ាឌូរ៉ូ

រដ្ឋាភិបាលលោកដូណាល់ ត្រាំ ទើបតែបានប្រកាស ថានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើរដ្ឋាភិបាលលោកនីកូឡា ម៉ាឌូរ៉ូ។ គួរបញ្ជាក់ថា ក្នុងមួយថ្ងៃ វ៉េណេស៊ុយអេឡា លក់ប្រេងទៅ​ឲ្​យអាមេរិក ប្រមាណជាង៥សែនធុងបារីល។ ដូច្នេះ ទណ្ឌកម្មនេះ អាចធ្វើឲ្យក្រុមហ៊ុនរដ្ឋវ៉េណេស៊ុយអេឡា ដែលស្ថិតក្នុងដៃបក្សពួកលោកម៉ាឌូរ៉ូ និងកងទ័ព រងការលំបាកខ្លាំង។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ចិន ក៏ដូចជារុស្ស៊ី ក៏អាចមានវិធានការទប់ ដើម្បីជួយរដ្ឋាភិបាល​នីកូឡា ម៉ាឌូរ៉ូដែរ។

វ៉េណេស៊ុយអេឡា ជំពាក់បំណុលចិន២ម៉ឺនលានដុល្លារ ហើយត្រូវបញ្ជូនប្រេងកត ឲ្យចិន មួយថ្ងៃ៣សែនធុងបារីល។ វ៉េណេស៊ុយអេឡា ក៏ជំពាក់លុយរុស្ស៊ី ប្រមាណជាង​១ម៉ឺន​លាន​ដុល្លារដែរ។ នេះ មានន័យថា រដ្ឋាភិបាលលោកម៉ាឌូរ៉ូ កំពុងស្ថិតក្នុងក្រញ៉ាំ និងការការពារទាំងស្រុង ពីសំណាក់ រុស្ស៊ី និងចិន។ បើរុស្ស៊ីនិងចិន បន្ត​គាំទ្ររបបនេះតទៅទៀត គឺដើម្បីផលប្រយោជន៍សេដ្ឋកិច្ច។ ដូច្នេះ​ចង់មិនចង់ រុស្ស៊ីនិងចិន ត្រូវតែបង្ខំ វ៉េណេស៊ុយអេឡា ឲ្យធ្វើកំណែទម្រង់ខ្លះ ដើម្បីស្តារសេដ្ឋកិច្ច ទើបបានផលប្រយោជន៍ទាំងអស់គ្នា។ តែថាមិនត្រូវ រុស្ស៊ីនិងចិន ក៏អាចបង្ខំឲ្យបក្សពួកលោកនីកូឡា ម៉ាឌូរ៉ូនេះ ត្រូវរើសមនុស្សថ្មី ដែលមិនសូវមានឈ្មោះស្អុយរលួយពេក ដើម្បីមកជំនួសលោកនីកូឡា​ ម៉ាឌូរ៉ូ ក៏ថាបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ