rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

លោកដូណាល់ ត្រាំ ទទួល​ជួប​លោក អ៊ែរដូហ្កាន់ បើ​ទោះបី​មាន​ការ​រិះគន់​និង​រកាំ​រកូស​ខ្លាំង

ដោយ ម៉ម ពិសី

នៅរសៀល​ថ្ងៃពុធទី១៣វិច្ឆិកា លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងទទួលជួប​លោក អ៊ែរដូហ្កាន់ ប្រធានាធិបតី​តួកគី នៅឯសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន។ ជំនួប​រវាងមេដឹកនាំទាំង​២នេះ វាស្ថិតក្នុងបរិបទមួយដ៏លំបាក ដោយសារ​តែ​បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក និងតួកគី មានបញ្ហារកាំរកូសនឹងគ្នាជាច្រើនចំណុច ដូចជា​បញ្ហាកងប្រដាប់អាវុធគួដនៅទឹកដីស៊ីរី និងបញ្ហាសម្ព័ន្ធភាព​អូតង់ជាដើម។ អ្នកនយោបាយ​​អាមេរិកជាច្រើននាក់ ក៏បានរិះគន់ខ្លាំងៗផងដែរ ទៅលើលោកដូណាល់ ត្រាំ ដែល​បើកទ្វារទទួលស្វាគមន៍ លោកអ៊ែរដូហ្កាន់ ដែលពួកគេគិតថាជាមេដឹកនាំផ្តាច់ការ ហើយបានក្បត់សម្ព័ន្ធភាព​ ជាមួយសហរដ្ឋអាមេរិក។

សមាជិកសភាអាមេរិកថា មិនគួរទទួល​លោកអ៊ែរដូហ្កាន់

សមាជិកសភាអាមេរិកជាច្រើននាក់ មានទាំង​បក្សប្រជាធិបតេយ្យ​ និងបក្ស​សាធារណៈរដ្ឋ បានរួមគ្នាសរសេរលិខិតចំហរមួយ ដោយលើកឡើងថា កាលៈទេសៈនេះ ​វាមិនសមនឹងបើកទ្វារ ក្រាលព្រំទទួលប្រធានាធិបតីតួកគីបែបនេះទេ។ ក្នុងលិខិតសរសេរបន្តថា រដ្ឋាភិបាលលោក​ដូណាល់ ត្រាំ បានសម្រេចដកទ័ព បោះបង់ចោលក្រុមកួដ ដែល​ជាសម្ព័ន្ធមិត្ត ហើយបើកផ្លូវឲ្យតួកគី និងរុស្ស៊ី វាទដីកាន់កាប់យ៉ាងស្រួល។ ឥឡូ​វថ្ងៃនេះ លោកដូណាល់ ត្រាំ រៀបចំទទួលប្រធានាធីបតីតួកគី យ៉ាងឱឡាឬក ទៀត។ ទាំងអស់នេះ គឺជារឿង មិនសមរម្យទាល់តែសោះ។ ក្រុមសមាជិកសភាអាមេរិក បានចោទសួរទៅវិញថា តើការទទួល​លោកអ៊ែរដូហ្កាន់ នៅសេតវិមានពេលនេះ វាមិនខុសពី​ ធ្វើអំណោយ​បើកឱកាស និងលើកលោកអ៊ែរដូហ្កាន់ទូលទេឬ?

លោកស្រី Liz Cheney សមាជិកសភា មកពីបក្សសាធារណៈរដ្ឋ បាន​សរសេរលិខិតមួយទៀត ទៅកាន់លោក Mike Pompeo ដោយបានសុំឲ្យ​ក្រសួងការបរទេសអាមេរិក សម្រេច​ហាមឃាត់សមាជិក​គណប្រតិភូហែរហមលោកអ៊ែរដូហ្កាន់ មួយចំនួន​ កុំឲ្យជាន់ដីអាមេរិក ដោយសារតែកាលពីលើកមុនៗ គឺមនុស្សអស់នោះហើយ ដែល​បាន​បញ្ជាឲ្យក្រុមសន្តិសុខនៅស្ថានទូតតួកគី ប្រើប្រាស់អំពើហិង្សា ទៅលើបាតុករជនជាតិអាមេរិក ដើមកំណើតកួដ។ លោកស្រីសមាជិកសភា សរសេរបន្ថែមថា រដ្ឋាភិបាល​តួកគី ដឹកនាំដោយលោកអ៊ែរដូហ្កាន់ បានប្រើប្រាស់អំពើហិង្សាគ្រប់ទំរង់ ទោះនៅទីណាក៏ដោយ គឺវា​មានលក្ខណៈអមនុស្សធម៌ និងមិនអាចទទួលយកបានជាដាច់ខាត។

ក៏ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ម្នាក់ នៅក្រសួងការបរទេសអាមេរិក ដោយសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋាអាមេរិក ត្រូវតែនិយាយ​គ្នាជាមួយតួកគី ទាក់ទិននឹងសំណុំរឿងជាច្រើន។ គេមិនត្រូវគិតថា ការទទួលជួប​ប្រធានាធិបតី​បរទេស​ម្នាក់​នៅ​សេតវិមាន ថាជាការអបអរផ្តល់ឱកាស ឬលើកទូល​នោះទេ តែវាគឺជាមធ្យោបាយ​​ការទូតមួយ​។

រវាងតួកគី និងក្រុមកួដស៊ីរី អាមេរិកបានជ្រើសរើសរួចទៅហើយ

ជាការពិត មានសំណុំរឿងរកាំរកូសជាច្រើន ដែលសហរដ្ឋអាមេរិក ត្រូវនិយាយគ្នាជាមួយតួកគី ក្នុងនោះគឺសំណុំរឿង កងកម្លាំងកួដនៅស៊ីរី។ តាមពិតទៅ ជម្រើសរបស់សហរដ្ឋអាមេរិក រវាងតួកគី និង​ ក្រុមកួដស៊ីរី គឺគ្មានអ្វីគួរឲ្យសង្ស័យទេ គឺអាមេរិក មិន​អាច​បែរខ្នងដាក់តួកគីបានឡើយ។ កន្លងមកអាមេរិក ទៅសហការជាមួយក្រុមកួដស៊ីរី គឺដើម្បីពឹងក្រុមនេះ ឲ្យជួយប្រយុទ្ធដើម្បីបំបែកក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ តែកាលៈទេសៈ​ពេលនេះ គឺតួកគី មិនត្រូវការឲ្យក្រុមកួដ មានកម្លាំងរឹងមាំ មានទឹកដីកាន់កាប់​ទេ ព្រោះវាអាចធ្វើឲ្យរង្គើរ ដល់តំបន់ខាងត្បូងតួកគី ដែលមានជនជាតិកួដ រស់នៅដែរ។

ហេតុដូច្នេះហើយ បានជា​លោកអ៊ែរដូហ្កាន់ សម្រេចលើកទ័ពចូលទៅស៊ីរី កាលពី​ដើមខែតុលា។ ហើយតួកគី​អាចលើកទ័ពទៅបាន​ ក៏ដោយសារតែអាមេរិក ជាអ្នកបើកផ្លូវឲ្យ។ គឺលោកដូណាល់ ត្រាំ ដែលជាអ្នកសម្រេច ដកទ័ពអាមេរិកចេញពីតំបន់ភាគខាងជើងស៊ីរី ដោយបោះបង់ចោលក្រុមកួដ។ ផ្លូវទូលាយ តួកគី ក៏លើកទ័ពមកភ្លាម។ ​ឥឡូវតំបន់ខាងជើងស៊ីរី គឺស្ថិតក្នុងដៃតួកគី និងរុស្ស៊ី​។

បញ្ហានេះ បានធ្វើឲ្យលោកដូណាល់ ត្រាំ ត្រូវគេរិះគន់មិនស្ទើទេ ទាំងក្នុងជួរកងទ័ពអាមេរិក ទាំងនៅក្នុង​សភា​អាមេរិក។ គ្រប់គ្នាលើកឡើងថា វាគ្មានហេតុផលណាមួយបន្ទាន់សោះ ដែលអាមេរិកត្រូវដកទ័ព។ តែលោកដូណាល់ ត្រាំ បែរជាធ្វើវា ដោយគ្មានការពិចារណា​វែងឆ្ងាយ និងដោយគ្មានការទទួលខុសត្រូវសោះតែម្តង។ ធ្វើបែបនេះ គឺធ្វើឲ្យ​ទៅថ្ងៃមុខ គេលែងទុកចិត្តសហរដ្ឋអាមេរិកទៀតហើយ គ្មាននរណាចង់ចូលរួមធ្វើ​សម្ព័ន្ធមិត្ត​កងទ័ពជា មួយអាមេរិកនោះទេ បើសម្រេចត្រឡប់ត្រឡិន តាមតែចិត្តនឹកឃើញបែបនេះនោះ។

ដោយប្រឈមនឹងការរិះគន់ខ្លាំង បាន​ជា​លោកដូណាល់ ត្រាំ ខំប្រឹងតំឡើងសរសៃក ដាក់តួកគីវិញ ដោយគំរាមថា នឹងកំទេចសេដ្ឋកិច្ចតួកគី បើសិនតួកគីមិនដកទ័ព។ តែទីបំផុត លោកដូណាល់ ត្រាំ បានត្រឹមតែ ដាក់ទណ្ឌកម្ម​លើមន្ត្រីតួកគី២ -៣នាក់ប៉ុណ្ណោះ។

សម្ព័ន្ធមិត្តអន្តរជាតិ បាត់បង់ទំនុកចិត្តលើអាមេរិក​

ការផ្លាស់ប្តូរចិត្តមិនទៀងទាត់ របស់លោកដូណាល់ ត្រាំនេះ ក៏បង្កការលំបាក និងគ្រោះថ្នាក់ ដល់​យុទ្ធនាការ​បោសសំអាតក្រុមជីហាតនៅដើមបូព៌ាដែរ ។ គោលជំហរមិនទៀតទាត់ របស់លោកដូណាល់ ត្រាំ នេះបានធ្វើឲ្យប្រទេសផ្សេងទៀត ក្នុងសម្ព័ន្ធមិត្ត​អន្តរជាតិ មានការព្រួយបារម្ភណាស់។ ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍ ទី​១៤ វិច្ឆិកា​ លោករដ្ឋមន្ត្រីការបរទេសបារាំង បានកោះប្រជុំបន្ទាន់មួយនៅវ៉ាស៊ីនតោន​ រវាងប្រទេសសមាជិកសម្ព័ន្ធមិត្ត ប្រយុទ្ធប្រឆាំងភេរវកម្ម។ រដ្ឋាភិបាលតួកគី ទើបតែ​​បានសម្រេច ថានឹងដោះលែង សមាជិកក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម​ទាំងអស់។

ដូច្នេះនេះគឺជាគ្រោះថ្នាក់ខ្លាំងណាស់ ។​ ការងារដែលសម្រេចបាន អាចនឹងត្រូវរលាយ​ក្លាយជាផេះ។ ដូច្នេះ សម្ព័ន្ធមិត្តអ​ន្តរជាតិប្រយុទ្ធប្រឆាំងភេរវកម្មនេះ ត្រូវតែមាន​ជំហររួម នឹងរឹងមាំ មិនអាចទន់ជ្រាយជាមួយតួកគីបានទេ។ កម្មវត្ថុចំបង មិនមែនយកចិត្តណា ថ្នមចិត្តអ្នកណាទេ តែគឺធ្វើយ៉ាងនា ទប់កុំឲ្យ​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម អាចកសាងកម្លាំងបានវិញ​។ សូម្បីតែរុស្ស៊ី ដែលបច្ចុប្បន្ននៅខាងតួកគី ក៏​​មានការបារម្ភដែរ ព្រោះក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ដើមកំណើតឆេឆិននី អាចចូលទៅរុស្ស៊ីវិញ ដើម្បី​​ធ្វើសកម្មភាព។

អូតង់ ត្រូវការតួកគី

បើព្រលែងតួកគីចោល អ្នកដែលខាតគឺអង្គការអូតង់ និងអាមេរិកខ្លួនឯង។ យ៉ាងណាមិញ​ លោក Robert O’Brien ទីប្រឹក្សាពិសេសអាមេរិក ទទួលបន្ទុកសន្តិសុខជាតិ បាន​បញ្ជាក់ កាលពីថ្ងៃទី​១០វិច្ឆិកា កន្លងទៅថា តួកគី មានតួនាទីសំខាន់ ក្នុងអូតង់។ បើគ្មានតួកគី អឺរ៉ុបក៏ខាត អាមេរិកក៏ខាត។ លោកបន្ថែមថា ដូច្នេះសហរដ្ឋអាមេរិក និង​ធ្វើគ្រប់យ៉ាង ឲ្យអស់ពីសមត្ថភាព ដើម្បីរក្សាតួកគី ឲ្យនៅក្នុងរង្វង់គ្រួសារ​អូតង់។

ចំណែកទាក់ទិននឹង​បញ្ហាខែលមីស៊ីល S-400 របស់រុស្ស៊ី ដែល​តួកគីបាន​ទិញវិញ​ នៅលើកញ្ចក់ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យកន្លងទៅ លោក Robert O’Brien បានលើកឡើងថា អាមេរិកមិនសុខចិត្តជាដាច់ខាត។ លោកថា នៅក្នុងអង្គការអូតង់ គេមិនអាច​ទិញ​សម្ភារៈសិកទ្រង់ទ្រាយធំបែបនេះ ពី​រុស្ស៊ីបាន​ទេ។

ជាសរុមមក យើងឃើញថា រវាងបញ្ហារកាំរកូសទាំងអស់នេះ មានរឿងខ្លះ ដែលអាមេរិក​ទំនងជាអាចធ្វើសម្បទានឲ្យតួកគី ដូចជារឿងក្រុមកួដនៅស៊ីរី និងរឿងខ្លះ ដែលអាមេរិករឹងខ្លាំង​មិនព្រមចុះចាញ់តួកគី គឺដូចករណី​ប្រព័ន្ធខែលមីស៊ីល​រុស្ស៊ី S-400 នេះជាដើម។

ដូចយើងដឹងហើយថា លោកដូណាល់ ត្រាំ ជាអតីតអ្នកជំនួញ។ ការចរចាដែលគាត់ធ្វើ គឺតែងតែយកបញ្ហា ខាតប្រាក់ ឬចំណេញប្រាក់ ដាក់មុខជានិច្ច ដោយមិនខ្វល់ថាសមរម្យ ឬមិនសមរម្យនោះទេ។ បោះបង់ចោល​ក្រុកួដស៊ីរី អាមេរិកមិនខាតប្រាក់ទេ តែបើ​តួកគី​ទិញ​ប្រព័ន្ធ S-400 របស់រុស្ស៊ី គឺអាមេរិកខាតប្រាក់ ព្រោះមិនអាចលក់ប្រព័ន្ធមីស៊ីលរបស់ខ្លួន ហើយថែមទាំងត្រូវបង្ខំចិត្ត មិនលក់យន្តហោះចម្បាំង F-35 ឲ្យតួកគីទៀតផង៕

បារាំង​ជាប់​គាំង​ស្ទើរ​គ្រប់វិស័យ ដោយ​បាតុកម្ម​ប្រឆាំងនឹង​​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍

នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភាពដែលបានបាត់បង់

ចិន ដណ្តើមចំណាត់ថ្នាក់​លេខ១ពី​សិង្ហបុរី ក្នុងនាមប្រទេស​ដែល​មានប្រព័ន្ធសិក្សា​អប់រំ​មាន​ប្រសិទ្ធិភាពខ្ពស់

សន្និសីទអាកាសធាតុCOP25 ៖ ចង់​បង្កើន​មហិច្ឆតា និង​រំពឹង​លើ​សហភាពអឺរ៉ុប

អសប៖ ចំនួនអ្នកស្លាប់ដោយសារ​ជម្ងឺអេដស៍​បានថយចុះ ប៉ុន្តែ ករណី​ឆ្លងថ្មី​នៅតែមានច្រើន

ការវាយ​ប្រហារ​ដោយ​កាំបិត​ចាក់​សម្លាប់មនុស្ស​ពីរនាក់ នៅ​ក្រុង​ឡុង​ឌ្រឺ ​ប្រទេស​អង់គ្លេស

ហេតុអ្វីបានជា​ប្រធានាធិបតី​បារាំង​ទាមទារ​ឲ្យ​អូតង់ កែប្រែ​យុទ្ធសាស្រ្ត​យោធា​ឡើងវិញ?

ចិនដំឡើងសម្លេងដាក់អាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើច្បាប់គាំទ្របាតុករហុងកុង

អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ បើពិភពលោកបន្តពន្យារពេលទប់ស្កាត់

បារាំងបង្ហាញផែនការទប់​ស្កាត់​​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចំ​ថ្ងៃ​ទិវា​ពិភពលោក​​លុបបំបាត់អំពើហិង្សាលើស្ត្រី ​

បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ជាក្តីសង្ឃឹមសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ និងជាតេស្តសម្រាប់លោកស្រីការី ឡាំ

តើ​គ្រិស្ត​សាសនា​ នៅ​ជប៉ុន​មាន​ប្រវត្តិ​យ៉ាងណា ?

អ៊ីស្រាអែល៖ លោក​ណេតាន់យ៉ាហ៊ូ ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពីបទ​ពុករលួយ

ដំណើរការដកតំណែងប្រធានាធិបតី៖ សាក្សី​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ដូណាល់ ត្រាំ​

អាមេរិក​ប្រកាស​ថា សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន មិនមែន​ជារឿងខុសច្បាប់​អន្តរជាតិ

វិទ្យុបារាំងអន្តរជាតិ​ឧទ្ទិស​ថ្ងៃ១៨វិច្ឆិកាលើបញ្ហាសំរាម

អនាគត​ប្រធានាធិបតី​ស្រីលង្កា ជាអ្នកនយោបាយជាតិនិយម និង​ចង់ស្តារទំនាក់ទំនង​ជាមួយប្រទេស​ចិន

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី