rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក រុស្ស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រុស្ស៊ីចាត់ទុក​ការចោទ​ប្រកាន់​ថា​រុស្ស៊ី​លូកដៃ​ក្នុង​ការ​បោះឆ្នោត​អាមេរិក ​ថា​​ជា​​រឿង​​តែ​​​ផ្តេស​​តែផ្តាស​

media
រដ្ឋមន្ត្រី ក្រសួងការបរទេស​រុស្ស៊ី​ Sergei Lavrov នៅ​ទីក្រុង​​មុយនិច ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី​​១៧ ​កុម្ភៈ ​២០១៨​ REUTERS/Ralph Orlowski

មួយថ្ងៃ ក្រោយពេលដែលរដ្ឋអាជ្ញាអាមេរិក បានសម្រេចចោទប្រកាន់ជនជាតិរុស៊្សី១៣នាក់ ពីបទថាបានធ្វើសកម្មភាព បំភ័ន្តមតិសាធារណៈអាមេរិក ក្នុងកំឡុងពេលឃោសនាបោះឆ្នោតនោះ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានឆ្លើយតបមកវិញ កាលពីថ្ងៃសៅរ៍ ទី១៧កុម្ភៈ ថា ការចោទប្រកាន់ទាំងអំបាលម៉ាណ ពីសំណាក់ភ្នាក់ងារស៊ើបអង្កេតអាមេរិកនេះ គឺជា​រឿងតែ​ផ្តេសតែ​ផ្តាស គ្មាន​ការពិត ​និងមិន​អាច​យក​ជា​ការ បាន​ទាល់តែសោះ។


លោក Sergueï Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី ដែលកំពុងចូលរួមសន្និសីទស្តីពីស​និ្តសុខនៅទីក្រុងមុយនីច ប្រទេសអាល្លឺម៉ង់ ត្រូវបានអ្នកកាសែតចោមរោមសួរ ទាក់ទិននឹងការចោទប្រកាន់របស់រដ្ឋអាជ្ញាអាមេរិក​ ទៅលើជនជាតិរុស្ស៊ី១៣នាក់ ពាក់ព័ន្ធក្នុងសំណុំរឿង ដែលគេសង្ស័យថារុស្ស៊ី បានលូកដៃក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតី​​អាមេរិក។

ប្រមុខការទូតរុស្ស៊ី បានឆ្លើយទៅអ្នកកាសែតថា៖​ រឿងរ៉ាវចោទប្រកាន់ទាំងអស់នេះ គឺជារឿងផ្តេសផ្តាស ឥតប្រយោជន៍សោះ ព្រោះវាគ្មានអង្គហេតុអ្វីទាំងអស់។ លោក Sergueï Lavrov បាននិយាយបែបចំអកថា កន្លងមកទាំងអនុប្រធានាធិបតីអាមេរិក ទាំងមន្ត្រីធំទទួលបន្ទុកសន្តិសុខផ្ទៃក្នុងអាមេរិក សុទ្ធតែធ្លាប់បានធានាអះអាង មិនដាច់ពីមាត់ ថា គ្មានប្រទេសណាមួយ មានលទ្ធភាពអាចចូលទៅធ្វើឲ្យរញ៉េរញ៉ៃ ឬបង្កបញ្ហា ដល់ការបោះឆ្នោតរបស់អាមេរិកបានទេ។

លោក រដ្ឋមន្ត្រីរុស្ស៊ីរូបនេះ  បន្ថែមថា នៅក្នុងលិខិតចោទប្រកាន់ របស់រដ្ឋអាជ្ញាអាមេរិក ទៅលើជនជាតិរុស្ស៊ី១៣​នាក់នេះ គឺ មានភាពស្រពិចស្រពិល មិនច្បាស់លាស់ និយាយត្រលប់ត្រឡិន។ លោកថា លោកគ្មានយោបល់អីមកបកស្រាយទេ ព្រោះយូរខែមកហើយ ដែលពួកអ្នកស៊ើបអង្កេតរបស់អាមេរិក ចេះតែចោទចុះចោទឡើង អះអាងមិនចប់មិនចេះហើយ ទាំងដោយគ្មានបង្ហាញ​ភស្តុតាង ឬអង្គហេតុឲ្យជាក់ស្តែងទាល់តែសោះ។

ដោយឡែក លោក McMaster ទីប្រឹក្សាពិសេសទទួលបន្ទុកសន្តិសុខផ្ទៃក្នុងអាមេរិក ដែលមានវត្តមាននៅក្នុងឱកាសសន្និសីទនោះដែរ  បាននិយាយថា ភស្តុតាងដែលគេបានរកឃើញ និងដាក់បន្ទុកទៅលើភ្នាក់ងាររបស់រុស្ស៊ី គឺជាភស្តុតាង ដែលពិបាកនឹងប្រកែកខ្លាំងណាស់។ លោក McMaster បាននិយាយបែបក្រើនរំលឹកថា រុស្ស៊ីត្រូវតែពិចារណា​ឡើងវិញ ​អំពីរបៀបធ្វើការ​ និងរបៀបប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន​ទៅ​លើនយោបាយរបស់ប្រទេសផ្សេង។ មន្ត្រីអាមេរិករូបនេះ អះអាង​ថា ថ្នាក់ដឹកនាំនយោបាយអាមេរិក មិនថាមកពីបក្សសាធារណៈរដ្ឋ ឬបក្សប្រជាធិបតេយ្យទេ គឺគេមិនអាចអនុញ្ញាត ឲ្យរុស្ស៊ីធ្វើ​បែបនេះ​បានទេ ជាក់ស្តែង បក្សទាំងពីរ បានព្រមព្រៀងគ្នា ដាក់ទណ្ឌកម្ម​លើរុស្ស៊ី។

គួរបញ្ជាក់ថា ក្នុងចំណោមជនជាតិរុស្ស៊ីទាំង១៣នាក់ ដែលត្រូវរដ្ឋអាជ្ញាអាមេរិកចោទ កាលពីថ្ងៃសុក្រកន្លងទៅ គឺមានម្នាក់ឈ្មោះ Evguéni Prigojine ដែលជាអ្នកជំនួញស្និទនឹងប្រធានាធិបតីពូទីន។ ជននេះត្រូវគេសង្ស័យថា ជាម្ចាស់ក្រុមហ៊ុន ដែលជួលមនុស្សឲ្យបង្កើតគណនីក្លែងក្លាយ ប្រឌិតរឿង បំផុសបំផុល និងបំភ័ន្តមតិសាធារណៈអាមេរិក។ យ៉ាងណាក៏ដោយ ក្នុងរបាយការណ៍របស់ក្រុមការងារស៊ើបអង្កេត បានលើកឡើងថា វាមិនមែនមានន័យថា អន្តរាគមន៍របស់រុស្ស៊ី បានធ្វើឲ្យខូចលទ្ធផលឆ្នោតទេ តែវាបានចូលរួម បំភ័ន្តមតិ និងជះឥទ្ធិពលទៅលើការសម្រេចចិត្ត របស់អ្នកបោះឆ្នោត៕