អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋអាជ្ញា​អាមេរិក ចោទ​ជនជាតិ​រុស្ស៊ី​១៣​នាក់ ក្នុង​សំណុំ​រឿង​នៃ​ការ​លូកដៃ​របស់​រុស្ស៊ី​មក​ក្នុង​ការ​បោះឆ្នោត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណុំរឿងនៃការលូកដៃរបស់រុស្ស៊ី​ ចូលមកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កំពុងតែរំកិលទៅមុខ ដោយបានបញ្ចេញនូវ ភស្តុតាង ឯកសារ និងព័ត៌មាន កាន់តែច្រើន ស្តីពីសកម្មភាពរបស់ចារកិច្ចរុស្ស៊ី ឬក៏មនុស្ស ដែលមានទំនាក់ទំនង ជាមួយរដ្ឋាភិបាល​រុស្ស៊ី។ នៅថ្ងៃសុក្រ ទី១៦កុម្ភៈ រដ្ឋអាជ្ញាពិសេស របស់អាមេរិក ដែលទទួលបន្ទុកស៊ើបអង្កេតរឿងនេះ បានធ្វើការចោទប្រកាន់ជាផ្លូវការ លើមនុស្ស១៣នាក់​ ជាជនជាតិរុស្ស៊ី ដែលមានតួនាទី ចាត់ចែង ចេញបញ្ជាឲ្យធ្វើសកម្មភាព ចូលមករំខាន និងបំភ័ន្ត មតិមហាជនអាមេរិក កាលពីក្នុងកំឡុងពេលឃោសនាបោះឆ្នោតប្រធានាធិបតី​អាមេរិក នៅចុងឆ្នាំ២០១៦។ ការចោទប្រកាន់ជនជាតិរុស្ស៊ី នាពេលនេះ រឹតតែធ្វើឲ្យអាមេរិក និងរុស្ស៊ី ប្រឈមមុខនឹងគ្នា កាន់តែខ្លាំង។

លោក Robert Mueller ចៅក្រម​​ស៊ើបអង្កេតពិសេស ទទួលបន្ទុុក​សំណុំរឿង​រុស្ស៊ី
លោក Robert Mueller ចៅក្រម​​ស៊ើបអង្កេតពិសេស ទទួលបន្ទុុក​សំណុំរឿង​រុស្ស៊ី © REUTERS/Yuri Gripas/File Photo
ផ្សាយពាណិជ្ជកម្ម

មេធំ ឈ្មោះ Evgueni Prigojine

នៅក្នុងលិខិតប្រកាស របស់លោក Robert Mueller រដ្ឋអាជ្ញាទទួលបន្ទុក ស៊ើបអង្កេតរឿងនេះ  បានបញ្ជាក់ ជា​ពិសេស លើជនម្នាក់ ក្នុងចំណោន១៣នាក់ ដែលជាមហាសេដ្ឋីរុស្ស៊ី ឈ្មោះ Evgueni Prigojine។ យោងតាមលទ្ធផល​ស៊ើបអង្កេត គឺ​ជននេះ ជា​មនុស្សស្និត​និង​លោក​ប្រធានាធិបតី​ពូទីន ណាស់ ព្រោះក្រុមហ៊ុន​របស់ជននេះ ជាអ្នកគ្រប់គ្រងម្ហូបអាហារសម្រាប់ពិធីធំៗ ក្នុងវិមានប្រធានាធិបតីរុស្ស៊ី។

ជនជាតិរុស្ស៊ី ឈ្មោះ Evguéni Prigojine
ជនជាតិរុស្ស៊ី ឈ្មោះ Evguéni Prigojine Reuters

ទាក់ទិននឹងសំណុំរឿងបោះឆ្នោតអាមេរិកនេះ គេបានស្រាវជ្រាវដឹងថា មហាសេដ្ឋីរុស្ស៊ីឈ្មោះ  Evgueni Prigojine នេះ គឺជាម្ចាស់ក្រុមហ៊ុនមួយឈ្មោះ “ភ្នាក់ងារស្រាវជ្រាវលើប្រព័ន្ធអ៊ីនធ័រនែត” ដែលមានទីតាំងធំ នៅឯក្រុង​ សាំងប៉េតេសបួរ។ ចំណែកមនុស្ស​១២​នាក់​ទៀត គឺសុទ្ធតែជាបុគ្គលិក អ្នកទទួលខុសត្រូវ នៃសាខារបស់ក្រុមហ៊ុននេះទាំងអស់។ គឺក្រុមហ៊ុនឈ្មោះ  “ភ្នាក់ងារស្រាវជ្រាវលើប្រព័ន្ធអ៊ីនធ័រនែត” របស់ជន Evgueni Prigojine នេះហើយ ដែលខាងក្រុមស៊ើបអង្កេតអាមេរិក តាមដានដឹងថា ជាអ្នកប្រើបច្ចេកវិទ្យា​ព័ត៌មានវិទ្យា ចូលមកបំភ័ន្តមតិសាធារណៈរបស់អាមេរិក ក្នុងគោលដៅតែ​មួយ​គត់ គឺសំអុយកិត្តិយស របស់លោកស្រីហ៊ីឡារី គ្លីនតុន​ និងធ្វើឲ្យអ្នកបោះឆ្នោត លែងទុកចិត្ត​គាត់ ហើយងាកទៅបោះឆ្នោត ឲ្យលោកដូណាល់ ត្រាំវិញ។

បើតាមការចុះផ្សាយ របស់ការសែតឯករាជ្យរុស្ស៊ី បានឲ្យដឹងថា ក្រុមហ៊ុន “ភ្នាក់ងារស្រាវជ្រាវលើប្រព័ន្ធអ៊ីនធ័រនែត” របស់ជន Evgueni Prigojine នេះ គឺធ្វើការជាប់ស្និទ ជាមួយនឹងភ្នាល់ងារស៊ើបការសំងាត់ របស់រដ្ឋរុស្ស៊ី ហើយដើមឡើយបង្កើតឡើង ក្នុងគោលដៅធ្វើសកម្មភាព បំភ័ន្តនិងពង្វក់មតិសាធារណៈរុស្ស៊ី ដើម្បីកេងចំណេញនយោបាយនៅក្នុងស្រុកទេ។ តែក្រោយមក ចាប់ពីឆ្នាំ២០១៥ ទើបគេពង្រីក ទៅក្រៅប្រទេស ដោយយកសហរដ្ឋអាមេរិក ចំនុចគោលដៅ។ លោកអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក បានលើកឡើងថា សកម្មភាពនេះ គឺអាចចាត់ទុកបានថា ជាសង្រ្គាមបច្ចេកវិទ្យា ដែលរុស្ស៊ី បានប្រើ ដើម្បីមករំខាន មកបំផ្លាញការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក។

រោងចក្រផលិត “Troll”

ក្រុមហ៊ុន“ភ្នាក់ងារស្រាវជ្រាវលើប្រព័ន្ធអ៊ីនធ័រនែត” របស់ជន Evgueni Prigojine នេះ គឺប្រៀបបាននឹងរោងចក្រ ផលិត Troll អញ្ចឹង ពោលគឺគេផលិត សារជារូបភាព ជាអក្សរ ឬវីដេអូ​ដែលលោតចេញនៅតាមបណ្តាញសង្គមនានា មានដូចជា Facebook Twitter Instagram និងYoutube ជាដើម។ ក្រុមហ៊ុននេះ មានបុគ្គលិក អង្គុយចាំតែបង្កើត គណនីក្លែងក្លាយ​ រាប់​ម៉ឺនគណនី ហើយប្រើគណនីទាំងនោះសរសេរសារ បញ្ចេញយោបល ចែកចាយ​ព័ត៌មាន មិនពិតនាៗ។ ប្រភពដដែលអះអាងថា នៅរវាងខែតុលា ឆ្នាំ២០១៦ គ្រាន់តែបុគ្គលិករបស់ក្រុមហ៊ុន ដែលអង្គុយធ្វើការតែក្នុងរឿងអាមេរិកមួយ មានដល់​ទៅ​៩០​នាក់។

ស្ត្រីម្នាក់ ដែលធ្លាប់ធ្វើការឲ្យរោងចក្រផលិត Troll នេះនៅឆ្នាំ២០១៥ ធ្លាប់បានប្រាប់ភ្នាក់ងារ AFP ថា ការងារគាត់ គឺអង្គុយសរសេរសារ ចែកចាយរូបភាព នៅតាមបណ្តាញសង្គម  និងទំព័រ Blog ជាច្រើន ដែលមានឈ្មោះខុសៗគ្នា ដែលសំណេរទាំងនោះមានខ្លឹមសារ អួតសរសើរ តែ​លោកប្រធានាធិបតីពូទីន និងលោកដូណាល់ ត្រាំ។

គណនីក្លែងក្លាយ ដើម្បីបំភ័ន្ត បំផុសបំផុល

នៅតាមបណ្តាញសង្គម គណនីក្លែងក្លាយរាប់ពាន់ រាប់ម៉ឺន ដែលបុគ្គលិកក្រុមហ៊ុននេះបានបង្កើត នឹងគ្រប់គ្រង បានចូលរួមបញ្ចេញយោបល់ បំផុសបំផុលដំណឹងមិនពិតជាច្រើន ជាពិសេស ទាក់ទិននឹងបញ្ហាធំៗ ដែលសង្គមអាមេរិក មានចាប់អារម្មណ៍ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត មានដូចជា បញ្ហាជនអន្តោប្រវេសន៍ បញ្ហាសាសនាអ៊ីស្លាម ភេរវកម្ម និងការរើសអើងប្រកាន់ពូជសាសន៍ជាដើម។

ជាក់ស្តែង គេរកឃើញថា បុគ្គលិកក្រុមហ៊ុនរុស្ស៊ីនេះ បានបង្កើតគណនីក្លែងក្លាយរបស់គណបក្សសាធារណៈរដ្ឋ ដែលគណនីក្លែងក្លាយនេះ មានមនុស្សចាញ់បោក ទៅតាមដានដល់ទៅ១សែននាក់ឯណោះ។ ដូ​ចគ្នាដែរ ក្រុមហ៊ុននេះ ក៏បានបង្កើតគណនីក្លែងក្លាយ តាំងខ្លួនជាសកម្មជនការពារសិទ្ធិអ្នកកាន់សាសនាអ៊ីស្លាម និងសកម្មជនការពារសិទ្ធិជនស្បែកខ្មៅនៅអាមេរិក។ គណនីក្លែងក្លាយទាំងនេះ ពេលជិតដល់ថ្ងៃបោះឆ្នោត បានសរសេរសារអំពាវនាវ កុំឲ្យអ្នកគាំទ្រខ្លួន ទៅបោះឆ្នោតឲ្យ លោកស្រី គ្លីនតុន។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនរុស្ស៊ីនេះ បានទាក់ទងសកម្មជនឃោសនារបស់ បេក្ខជនលោកដូណាល់ ត្រាំម្នាក់ទៀតផង ហើយសកម្មជននោះ បានប្រគល់ នូវឯកសារ និងសម្ភារៈនានា ដើម្បីឲ្យភ្នាក់ងាររុស្ស៊ីនេះ យកទៅប្រើប្រាស់ ជួយឃោសនា។ សកម្មភាពបំផុសបំផុល បំភ័ន្តមតិសាធារណៈនេះ មិនបានបញ្ឈប់ នៅពេលបោះឆ្នោតចប់នោះទេ។ បើតាមការស្រាវជា្រវរបស់ FBI គឺក្រុមហ៊ុនរុស្ស៊ីបានបន្ត បំផុសបំផុល រៀបចំឲ្យមានបាតុកម្ម​គាំទ្រ​លទ្ធផលឆ្នោត ព្រមទាំងគាំទ្រលោកដូណាល់ ត្រាំ។ ប្រាក់ដែលគេចំណាយ​ ក្នុងការរៀបចំធ្វើបាតុកម្ម ឬសកម្មភាពជួបជុំផ្សេងៗ មានរាប់លានដុល្លារ ហើយបាន​មកពីគណនីធនាគារ ដែលមានប្រភពគួរឲ្យសង្ស័យបំផុត។

ប្រកែក!

គ្មានអ្វីភ្ញាក់ផ្អើលទេ គឺ​ដូច​សព្វមួយ​ដង រដ្ឋាភិបាលរុស្ស៊ី បាន​ច្រានចោលការចោទប្រកាន់ទាំងស្រុង។ អ្នកនំាំពាក្យ​វិមានក្រឹមឡាំង ​បាន​លើកឡើង​ថា ការ​សម្រេចចោទប្រកាន់លើជនជាតិរុស្ស៊ីទាំង១៣នាក់នេះ  គឺជារឿងមួយហួសនឹងថ្លែង គ្មានហេតុគ្មានផល ទាល់តែសោះ។ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី បានបញ្ជាក់ថា “នៅក្នុងលិខិតចោទប្រកាន់របស់​រដ្ឋអាជ្ញា​អាមេរិកនេះ មិនមានបញ្ជាក់ថា សកម្មភាពរបស់ក្រុមហ៊ុន ក៏ដូចជាជនជាតិ​រុស្ស៊ីទាំង១៣នាក់នេះ ​មានអ្វីទាក់ទងជាមួយនឹងក្រុមការងារឃោសនា របស់លោក​ដូណាល់ ត្រាំ ទាល់តែសោះ”។

ចំណែក លោកដូណាល់ ត្រាំ វិញ បានមានប្រតិកម្មភ្លាមៗដែរ ដោយសរសេរនៅលើទំព័រTwitter របស់គាត់ថា ក្រុមការងារឃោសនាបោះឆ្នោតរបស់គាត់ មិនបានធ្វើអ្វីឲ្យខុសនឹងច្បាប់ ហើយក៏មិនបានឃុបឃិត​ ជាមួយរុស្ស៊ីដែរ។

រីឯ ជនជាប់ចោទធំក្នុងរឿងនេះ ដែលមានឈ្មោះថា  Evgueni Prigojine បាននិយាយថា បើអាមេរិក ចាត់ទុកគាត់ជាមនុស្សអាក្រក់  ក៏តាមតែចិត្តគេទៅចុះ។​ សូមបញ្ជាក់ដែរ ថាជន Evgueni Prigojine ត្រូវបានសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបង្កកគណនីធនាគារ រួចទៅហើយ តាំងតែពីចុងឆ្នាំ២០១៦​ម្លេះ ព្រោះជននេះ មានរឿងពាក់ព័ន្ធផ្សេងទៀត ទាក់ទិនសកម្មភាព រកស៊ីឃុបឃិត ជាមួយនឹងរដ្ឋាភិបាល បាឆា អាល់អាសាដ នៅស៊ីរី។

ពុំមានជាប់ឈ្មោះជនជាតិអាមេរិកទេ

បើតាមការបញ្ជាក់ ពីលោក Rod Rosenstein អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក បានលើកឡើងថា ក្នុងសកម្មភាពបំពុល និងបំភ័ន្តមតិសាធារណៈ ពាក់ព័ន្ធជាមួយក្រុមហ៊ុនរុស្ស៊ីនេះ  គឺពុំមានជាប់ជនជាតិអាមេរិក ណាម្នាក់ទេ។ តែយ៉ាងណា នេះគ្រាន់តែជាដំណាក់ការមួយនៃការស៊ើបអង្កេត អ្វីៗនៅមិនទាន់ចប់ទេ វាអាចមានអ្វីថ្មីតទៅទៀត។

យ៉ាងណាមិញ ទោះមិនពាក់ព័ន្ធដោយផ្ទាល់ ជាមួយក្រុមហ៊ុនរុស្ស៊ី នេះ តែក្នុងសំណុំរឿងបោះឆ្នោតនេះ មានជនជនជាតិអាមេរិក ច្រើននាក់ហើយ ដែលជាប់ក្នុងសំណាញ់ស៊ើបអង្កេត របស់FBI។ មនុស្សទាំងនោះ មានជាអាថទិ៍ គឺសាមជិករបស់ក្រុមការងារ លោក​ដូណាល់ ត្រាំ ៣នាក់​ មានដូចជា Paul Manafort ប្រធានចាត់ចែងការឃោសនា និង លោក Michael Flynn ទីប្រឹក្សាពិសេសរបស់លោកត្រាំ។ លោក Michael Flynn នេះឯង ដែលបានសារភាពថា បានកុហក FBIហើយ ឥឡូវសន្យាសហការជាមួយក្រុមស៊ើបអង្កេត​ ដើម្បីស្វែងរកការពិត ទាក់ទិននឹងរឿងលូកដៃកកូរកកាយការបោះឆ្នោត ពីសំណាក់រុស្ស៊ីនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ