អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកម៉ាក្រុង ទៅដល់​ក្រុង​វ៉ាស៊ីនតោន ដើម្បី​បញ្ចុះបញ្ចូល​លោក​ដូណាល់ ត្រាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃចន្ទ ​ទី២៣​មេសា លោក​ប្រធានធិបតី​បារាំង ​អេម៉េនុយអែល ​ម៉ាក្រុង​ បាន​​អញ្ជើញ​​ទៅដល់​​រដ្ឋធានី​វ៉ាស៊ីង​តោន ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវការ ​ជាលើក​ដំបូង​បង្អស់​ នៅ​​សហរដ្​ឋ​​អាមេរិក។ ក្រៅពី​ត្រូវ​ចូល​ទៅ ​ថ្លែង​សន្ទរកថា ​នៅ​ចំពោះមុខ​សមាជិក​សភា​អាមេរិក​ កម្មវត្ថុ​​​ដ៏​សំខាន់​មួយទៀត ​គឺ​លោក​ម៉ាក្រុង ​ត្រូវ​ជួប​ជាមួយ​​លោក​ដូណាល់ ត្រាំ​​ មួយ​​ទល់​នឹង​មួយ។ ប្រធានាធិបតី​ទាំង២ ​មាន​គោល​ជំហរ​ផ្ទុយគ្នា​ជាច្រើន​ចំណុច ទាក់​ទិន​​នឹង​​សំណុំរឿង​​កិច្ចការ​​នយោបាយ​អន្តរជាតិ ​ព្រមទាំង​បញ្ហា​ពាណិជ្ជកម្មសេរី។ លោក​​ម៉ាក្រុង​ មាន​បំណង​ពន្យល់ ​និង​អូសទាញ​ឲ្យលោក​ដូណាល់ ត្រាំ ត្រលប់​មក​សហការ ជាមួយ​​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​លោក​ខាងលិច​វិញ ​មិនថា​ក្នុង​សំណុំរឿង​អ៊ីរ៉ង់ ​សង្រ្គាម​ស៊ីរី ​ឬ​ការ​​ដោះដូរ​ពាណិជ្ជកម្​មសេរី​។

លោក ម៉ាក្រុង និង​លោក​ដូណាល់​ ត្រាំ នៅក្រុង​ញូយ៉ក ថ្ងៃទី១៨កញ្ញា ២០១៧​
លោក ម៉ាក្រុង និង​លោក​ដូណាល់​ ត្រាំ នៅក្រុង​ញូយ៉ក ថ្ងៃទី១៨កញ្ញា ២០១៧​ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ប្រមុខរដ្ឋបរទេសទីមួយ ដែលធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ ក្នុង​អាណត្តិ​លោកដូណាល់ ត្រាំ

នេះគឺ​ជាដំណើរ​ទស្សនកិច្ច​លើក​ទីមួយ របស់លោកម៉ាក្រុង ទៅកាន់សហរដ្ឋអាមេរិក។ បើតាម​ការគ្រោងទុក គឺការ​ទទួល​រាក់ទាក់ នឹងមាន​លក្ខណៈ​អាធិកអាធម្​មខ្លាំងណាស់។ ទស្សនកិច្ច​​នេះ មាន​រយៈពេល​៣ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​នេះ​ទៅ ជាមួយ​​និង​​ពិធី​បាយ​ល្ងាច​​ជុំគ្នា​​ជាលក្ខណៈ​ឯកជន រវាង​ប្តីប្រពន្ធ ​របស់​ប្រធានាធិបតី​ទាំង២ នៅឯ Mount Vernon ដែលជា​អតីត​គេហដ្ឋាន របស់​លោក ​Georges Washington។

បន្ទាប់មកទៀត នៅថ្ងៃអង្គារ លោក​ប្រធានាធិបតី​ម៉ាក្រុង ជាមួយ​លោក​ដូណាល់ ត្រាំ និង​ការ​ជួប​ពិភាក្សាគ្នា​ នៅក្នុង​បន្ទប់​ធ្វើការ​របស់​លោក​ដូណាល់ ត្រាំ ​នៅ​សេតវិមាន។ កម្មវិធី​ថ្ងៃអង្គារ នឹង​បិទបញ្ចប់ ដោយ​ពិធី​លាងសាយភោគ​ជា​លក្ខណៈ​ផ្លូវរដ្ឋ រវាង​ប្រ​ធានាធិបតី​​ទាំង២ រួម​​ជាមួយ​​មន្ត្រីអ្នក​មុខ​អ្នក​ការ​ផ្សេងៗ​ទៀត។

នៅថ្ងៃពុធ ជាថ្ងៃចុងក្រោយ ពេល​ព្រឹក លោកម៉ាក្រុង នឹង​ចូល​ទៅកាន់ ​សភា​​Congrès របស់​​សហរដ្ឋ​អាមេរិក ដើម្បី​ថ្លែ​ង​សន្ទរកថា ទៅកាន់​​សមាជិក​​សភា​ទាំង​២​អង្គ​​របស់​សហរដ្ឋ​​អាមេរិក។ បើតាម​ប្រភព​ពីវិមាន​អេលីហ្ស៊េ ​លោកម៉ាក្រុង​ នឹង​ថ្លែង​សន្ទរកថា ​ជា​ភាសា​​អង់គ្លេស។ ហើយ​នៅ​ពេល​រសៀល លោក​ម៉ាក្រុង នឹង​ទៅជួបនិស្សិត នៅ​សកល​វិទ្យាល័យ George Washington។

បើតាម​ការសន្និដ្ឋាន សន្ទរកថា ដែល​លោក​ម៉ាក្រុង នឹងត្រូវ​ថ្លែង ចំពោះ​មុខ​សភា​ទាំង២​អង្គ​​របស់​​អាមេរិក ក៏ដូច​ជា​ចំពោះ​មុខនិស្សិត គឺ​លោកម៉ាក្រុង​ នឹង​សង្កត់ធ្ងន់ ទៅ​លើ​ទំព័រ​ប្រវត្តិសាស្ត្រ​​ដែល​បារាំង និង​សហរដ្ឋ​អាមេរិក ធ្លាប់​បានចាប់​ដៃគ្នា​យ៉ាង​ណែន ក្នុង​ការ​ការពារ​​សន្តិភាព ស្ថិរភាព សិទ្ធិសេរីភាព ព្រមទាំង​ការរីកចំរើន ​នៅ​​ទូទាំង​​ពិភពលោក។ ក្នុង​ន័យ​​នេះ លោកម៉ាក្រុង នឹង​អំពាវនាវ ឲ្យ​សហរដ្ឋ​អាមេរិក មិនថា​សមាជិកសភា អ្នក​នយោបាយ​ និស្សិត​បញ្ញវន្ត​ទាំងអស់ ថាត្រូវ​តែបន្ត ដឹកនាំ​​ការ​​ទទួល​​ខុសត្រូវ​​នេះ​តទៅ​ទៀត ដើម្បី​ការពារ និង​ថែរក្សា​សន្តិភាព និង​ប្រយោជន៍រួម​ របស់​សកលលោក។

បញ្ចុះបញ្ចូលកុំឲ្យចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

យើងដឹងថា​ លោក ម៉ាក្រុង និង​លោក​ដូណាល់ ត្រាំ ​មាន​ការ​យល់ឃើញ ​និង​គោល​ជំហរ​ ខុសគ្នា ​ជាច្រើន​រឿង។ ជាក់​ស្តែង​សំណុំ​រឿង​នុយក្លេអ៊ែរអ៊ីរ៉ង់​ កិច្ច​ការ​សន្តិសុខ​អន្តរជាតិ ​និង​បញ្ហា​ដោះដូរ​ពាណិជ្ជកម្ម​សេរី។លោក​ដូណាល់ ត្រាំ ​និង​លោក​ម៉ាក្រុង ​មាន​ទស្សនវិស័យ​យល់​ឃើញ​ខុសគ្នា។​ ជា​បឋម​សំណុំរឿង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ កិច្ច​ព្រមព្រៀង ​ដែល​បាន​សម្រេច​បាន​កាល់​ពី​ខែ​កក្កដា ​ឆ្នាំ​២០១៥​នេះ ​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ ​រិះគន់​ជាខ្លាំង។

លោក​ដូណាល់ ត្រាំ ​បាន​ដាក់​កំហិត​ ថា​នៅ​ថ្ងៃ​ទី​១២​ខែ​ឧសភា​ខាង​មុខ​ បើសិន​ជា​ប្រទេស​ហត្ថលេខី​ដ៏ទៃ ​មិន​សើររើ ​កិច្ច​ព្រមព្រៀង​នេះ​ទេ ​នោះ​សហរដ្ឋ​អាមេរិក​នឹង​ដក​ខ្លួនចេញ។​ លោក​ ដូណាល់ ត្រាំ ​បាន​ទាមទារ​ជា​អាថទិ៍​ថា ​កិច្ច​ព្រមព្រៀង​នេះ​ ត្រូវតែ​កំណត់​ពី​ការ​ហាមឃាត់​អ៊ីរ៉ង់​ កុំឲ្យ​ផលិត​អាវុធ​មីស៊ីល​បាលីស្ទីក​ ហើយ​ត្រូវតែ​កំណត់​ការ​ធានា​ទូទៅមួយ​ ឲ្យ​បាន​លើស​ពី​ឆ្នាំ​២០៣០​ ជា​ឆ្នាំ​ដែល​កិច្ច​ព្រមព្រៀង​នេះ​ ត្រូវ​ចប់​សុពលភាព។

អ្វីដែល​លោក​ម៉ាក្រុង ​ត្រូវនិយាយ​នឹង​លោក​ដូណាល់ ត្រាំ ​នា​ពេល​នេះ​ ​គឺ​បញ្ចុះបញ្ចូល​លោក​ដូណាល់ ​ត្រាំ ឲ្យ​​យល់ថា ​កិច្ច​ព្រមព្រៀង​ដែល​ចុះ​ហត្ថលេខា ​កាលពី​ឆ្នាំ​២០១៥​ បើទោះ​ជា​មិន​ល្អ​ឥត​ខ្ចោះ ​តែ​វា​ជា​ជំហាន​ដំបូង ​ដើម្បី​ចូល​​ទៅ​និយាយ​បើក​ផ្លូវ​ជាមួយ​អ៊ីរ៉ង់ ​ស្តីពី​ការ​គ្រប់គ្រង​កម្មវិធី​នុយក្លេអ៊ែរ។ បើ​បន្ត​ព្រួតគ្នា​ ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​តទៅទៀត ​នោះ​អ៊ីរ៉ង់​ នឹង​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ ​ដូច​ក្នុង​ករណី​កូរ៉េ​ខាងជើង។

ដូច្នេះ​ គ្រប់​គ្នា​ត្រូវ​តែ​យល់ ​នឹង​ប្រឹងប្រែង​ថែរ​រក្សា​កិច្ច​ព្រមព្រៀង​នេះ​ឲ្យ​គង់។ បើ​អាមេរិក​ចាកចេញ ​នោះ​កិច្ច​ព្រមព្រៀង​នេះ ​នឹង​លែង​មាន​ន័យ​អ្វី​ទៀត​ហើយ។ ហើយ​វា​មិន​ខុស​ពី​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ទាល់ច្រក ​នឹង​លែង​ទុកចិត្ត​សម្ព័ន្ធមិត្ត​លោក​ខាងលិច ​ជា​រៀង​រហូត។ លោក​ម៉ាក្រុង ​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា ​គ្មាន​ជំរើស​ទី​២​ផ្សេង​ណា​ទៀត​ទេ ​ក្រៅ​ពី​បន្ត​អនុវត្ត​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​២០១៥។

សុំឲ្យអាមេរិក កុំអាលដកទ័ពចេញពីស៊ីរី លឿនពេក

លោក​ដូណាល់ ត្រាំ​ ធ្លាប់​និយាយ​ច្រើន​ដង​ហើយ ​ថា​លោក​ចង់​បញ្ជូន​ទ័ព​អាមេរិក​ ដែល​ប្រចាំការ​នៅ​អ៊ីរ៉ាក់​​ និង​ស៊ីរី ​ឲ្យ​ត្រលប់​មក​វិញ។ តែតាម​ពិត​ទៅ ការ​ប្រកាស​របស់លោកដូណាល់ ត្រាំ​នេះ ​មិន​សូវ​ជា​មាន​ការ​គាំទ្រ ​ពីអ្នក​ជំនាញ​ផ្នែក​សង្រ្គាម ​ដ៏ដូច​ជា​មេទ័ព​ធំៗ​របស់​អាមេរិក​ឡើយ។ នៅ​ស៊ីរី ​និង​អ៊ីរ៉ាក់ ​កងទ័ព​សម្ព័ន្ធមិត្ត ​ដែល​មាន​អាមេរិក​ បារាំង ​អង់គ្លេស ​ធ្វើ​ប្រតិបត្តិការ​ដើម្បី​បោសសំអាត​ក្រុម​ជីហាត ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ថ្វីបើ​ឥឡូវ​ ក្រុមនេះ ​អស់​ដែនដី​គ្រប់គ្រង​ក៏ដោយ ​តែ​មិនមែន​មាន​ន័យ​ថា ​ក្រុម​នេះ​បាក់ទ័ព​ រលាយ​សាបសូន្យ ​ទាំងស្រុង​នោះទេ។

បច្ចុប្បន្ន​នេះ ​កងទ័ព​អាមេរិក​ មាន​ប្រមាណ​២០០០​នាក់ ​នៅ​តំបន់​ ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី។ ប៉ុន្តែ ​ទាំង​ស៊ីរី ​ទាំង​អ៊ីរ៉ាក់ ​នៅពុំ​ទាន់​មាន​ស្ថិរភាព ​ដែល​អាច​ទប់ទល់​ជាមួយ​នឹង​ក្រុម​ជីហាត​នេះ​បាន​នៅ​ឡើយ​ទេ។ ដូច្នេះ​ហើយ​ បាន​ជា​លោក​ម៉ាក្រុង ​ចង់សុំ​សំណូមពរ​ កុំឲ្យ​លោក​ដូណាល់ ត្រាំ​ សម្រេច​ដកទ័ព​លឿនពេក។

“ត្រូវពួតដៃគ្នា កុំឲ្យរុស្ស៊ីមើលងាយថាទន់ខ្សោយ”

ក្រៅពី​បញ្ហា​តំបន់​ដើម​បូព៌ានេះ​ បារាំង​ ក៏ចង់​បាន​ការ​សហការ​របស់​អាមេរិក​ នៅក្នុង​យុទ្ធនាការ​បោសសំអាត​ក្រុម​ជីហាត​ នៅតំបន់​អាហ្រ្វិក​កណ្តាល​ដែរ។ បារាំង​ បាន​បង្កើត​កងសម្ព័ន្ធមិត្ត​អាហ្វ្រិក ​ហៅកាត់​ថា​ G5 Sahel ​ដើម្បី​ប្រមូល​កំលាំង​ទប់ទល់​ជាមួយ​ក្រុម​ឧទ្ទាម​ជីហាត​អ៊ីស្លាម ​ដែល​កំពុង​តែ​បង្ក​គ្រោះថ្នាក់ ​រវាង​ប្រទេស​ម៉ាលី ឆាត ​ និង​នីហ្ស៊េ។

គួរ​បញ្ជាក់​ដែរ​ ថា​ កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កងទ័ព​រវាង​បារាំង ​និង​អាមេរិក​ មាន​សារៈសំខាន់​ណាស់ ​សម្រាប់​តុល្យភាព​នៃ​អំណាច​នយោបាយ​ការបរទេស ​ទូទាំង​សកល​លោក។ យ៉ាងណាមិញ ​កាល​ពី​យប់​ថ្ងៃអាទិត្យ​ មុន​ចេញ​ដំណើរ​ទៅ​វ៉ាស៊ីនតោន ​លោក​ម៉ាក្រុង ​បាន​លើកឡើង ​នៅក្នុង​បទ​សម្ភាសន៍​ឲ្យ​ទូរទស្សន៍ ​Fox News ថា អាមេរិក​និង​បារាំង ​ត្រូវតែ​ពួត​ដៃ​គ្នា​ឲ្យ​ណែន ​មិនត្រូវ​បង្ហាញ​ឲ្យ​រុស្ស៊ី​ឃើញ ​ថា​ទន់ជ្រាយ​ទេ។ លោក ម៉ាក្រុង ​បាន​លើកឡើង​ថា​លោកពូទីន ​ជា​មនុស្ស​ឆ្លាត​ណាស់ ​ធ្វើគ្រប់​យ៉ាង ​ដើម្បី​បំផ្លាញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ​របស់​ប្រទេស​លោក​ខាងលិច ​ហើយ​ធ្វើ​ឲ្យ​ប្រទេស​លោក​ខា​ងលិច​ទន់ខ្សោយ ​ដើម្បី​ឆក់​ឱកាស ​ជះ​ឥទ្ធិពល​គ្រប់គ្រង​តំបន់​យុទ្ធសាស្ត្រ​នានា ​ជាក់ស្តែង​តំបន់​ដើមបូព៌ា​បច្ចុប្បន្ន។ បើលោក​ខាង​លិច​ទន់​ជ្រាយ​ នោះ​ រុស្ស៊ី​នឹង​បាន​ដៃ ​អាងយ៉ាង​ម្នាក់​ឯង។

ម៉ាក្រុង តំណាងឲ្យអឺរ៉ុប ក្នុងក្រសែភ្នែកលោកត្រាំ?

លោក​ម៉ាក្រុង និង​លោកដូណាល់ ​ត្រាំ ​មាន​ភាព​ល្អូកល្អឺន ​នឹង​គ្នា​ពិត​ប្រាកដ​បែប​ណា ​យើង​ពិបាក​ថា​ណាស់។ តែ​បើ​តាម​ការ​សង្កេត​ជារួម គឺ​យើង​ឃើញ​ថា ​លោក​ដូណាល់ ត្រាំ ​ចូលចិត្ត​ លោក​ម៉ាក្រុង​ច្រើន។ លោក​ដូណាល់ ត្រាំ ​តែង​ហៅ​លោក​ម៉ាក្រុង​ថា ​My Friend

យ៉ាងណាមិញ​ លោក ​Yves Bertoncini ​អ្នក​វិភាគ​ម្នាក់​ នៅ​ Institut Jacques Delors ​បាន​លើកឡើង​ថា ​បច្ចុប្បន្ន ​មេដឹកនាំ​អឺរ៉ុប ​ដែល​អាច​និយាយ​ជាមួយ​លោក​ដូណាល់ ត្រាំ​បានគឺ​មាន​តែ​ម្នាក់​គត់​ គឺ​លោក​ម៉ាក្រុង។ ដូចគ្នា​ដែរ​ លោកស្រី ​Célia Belin ​អ្នក​ស្រាវជា្រវ​នៅ ​Brookling Institution ​ក៏​យល់​ថា ​អំណេះ​តទៅ ​មាន​តែ​បារាំង​ទេ ​ដែល​ជា​អ្នក​តំណាង​ឲ្យ​សហភាព​អឺរ៉ុប​ ក្នុង​ការ​និយាយ​ចរចា​គ្រប់​រឿង​ ជាមួយ​សហរដ្ឋ​អាមេរិក។ ពី​ជំនាន់​លោក​អូបាម៉ា ​គឺ​មាន​អាល្លឺម៉ង់។ ក៏​ប៉ុន្តែ​ពេល​នេះ ​លោក​ដូណាល់ ត្រាំ ​មិន​ចង់​និយាយ​អ្វីច្រើន​ជាមួយ​អាល្លឺម៉ង់​ទេ ​ព្រោះ​គាត់​ស្អប់​លោកស្រី ​អង់ហ្គេឡា ​មែរគែល​ខ្លាំងណាស់។

តែយ៉ាងណា​ អ្នក​នយោបាយ​បារាំង​ខ្លះ ​បាន​រិះគន់​ថា ​លោក​ម៉ាក្រុង ​និង​លោក​ដូណាល់ ត្រាំ ​នេះ​មិន​សូវ​ខុសគ្នា​ប៉ុន្មាន​ទេ ​គឺ​ចូលចិត្ត​សម្បើម ​ឲ្យ​គេ​បញ្ជោ ​ទទួល​រាក់ទាក់​អាធិកអាធម្ម ​និង​អួត​សំញ៉ែង។ ទាក់ទិន​ទៅនឹង​បំណង​អូសទាញ​លោកដូណាល់ ត្រាំ ​អ្នក​នយោបាយ​បារាំង​ មួយ​ចំនួន​រិះគន់​ថា ​គឺ​លោក​ម៉ាក្រុងទៅវិញ​ទេ ​ដែល​កំពុង​តែ​ចូល​អន្ទាក់​របស់​លោក​ដូណាល់ ត្រាំ។ លោក​ដូណាល់ ត្រាំ ​មិនអាច​មក​ស្តាប់​សម្តី​លោក​ម៉ាក្រុង ​បាន​ដោយ​ងាយៗ​នោះ​ទេ។ អ្នក​វិភាគ​ខ្លះ​ យល់ថា ​ផ្ទុយ​ទៅវិញ​ គឺ​លោកត្រាំ​ទេ ​ដែល​កំពុងតែ​ប្រើ​លោក​ម៉ាក្រុង​ជា​ឈ្នាន់ ដើម្បី​ស្តារ​កេរ្តិ៍ឈ្មោះ​ និង​ឥទ្ធិពល​ ក្នុង​នាម​អាមេរិក ​ជា​មេមហា​​អំណាច​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ