អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នីការ៉ាហ្កា៖ ប្តីប្រពន្ធ​មេដឹកនាំ ធ្វើមិនដឹងមិនឮ បើទោះ​មាន​ចលនា​តវ៉ា​ប្រឆាំង​៣ខែ​មក​ហើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រយៈពេល៣៩ឆ្នាំមកហើយ ដែលលោក ដានីញ៉ែល អកតេហ្កា បានកាន់តំណែង ដោយផ្ទាល់ និងដោយប្រយោល ក្នុងការដឹកនាំប្រទេសនីការ៉ាហ្កា ដោយមានការជួយជ្រោមជ្រែងយ៉ាងសកម្ម ពីសំណាក់ភរិយារបស់ខ្លួន។ ជាមួយនឹង​ស្ថានភាពសេដ្ឋកិច្ច​ដុនដាប ព្រមទាំងការបំបិទសិទ្ធិសេរីភាព កាន់តែធ្ងន់ធ្ងរទៅៗ បានជំរុញឲ្យប្រជាជន​​នីការ៉ាហ្កា ធ្វើបាតុកម្មហិង្សាអស់រយៈពេល៣ខែមកហើយ ដើម្បីទាមទារ ឲ្យមានការបោះឆ្នោតមុនអាណត្តិ។ ការតវ៉ា៣ខែនេះ បានបណ្តាលឲ្យស្លាប់មនុស្សជិត៣០០នាក់ ដោយសារតែការបង្រ្កាបយ៉ាងសាហាវ ពី​សំណាក់អាជ្ញាធររដ្ឋាភិបាល។ ពីអ្នកបដិវដ្តន៍ ដែលបានតស៊ូផ្តួលរំលំរបប​ផ្តាច់ការ ​កាលពី​ឆ្នាំ​១៩៧៩ ពេល​នេះ ​លោក​ដានីញ៉ែល​ អកតេហ្កា ព្រមទាំងភរិយា ត្រូវបានប្រជាជននីការ៉ាហ្កា ចោទថាកំពុងតែក្រាញននាលនឹង​អំណាចផ្តាច់ការ ដោយខ្លួនឯងវិញម្តង។

លោកប្រធានាធិបតី​ Daniel Ortega និងលោកស្រី Rosario Murillo។ ថ្ងៃទី​​៧ កក្កដា ២០១៨
លោកប្រធានាធិបតី​ Daniel Ortega និងលោកស្រី Rosario Murillo។ ថ្ងៃទី​​៧ កក្កដា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

ពីអ្នកធ្វើបដិវដ្តន៍ ផ្តួលរំលំរបបផ្តាច់ការ លោក Daniel Ortega ហាក់កំពុងតែដើរតាមគន្លងផ្តាច់ការ របស់អ្នកដែលខ្លួនធ្លាប់បានផ្តួលរំលំពីអំណាច។ ថ្ងៃទី១៩ កក្កដា ឆ្នាំ​១៩៧៩ កងទ័ព​បដិវដ្តន៍​សមរភូមិ​រំដោះជាតិ នីការ៉ាហ្កា (Front Sandiniste de Libération Nationale) បានជោគជ័យ ដោយបានផ្តួលរំលំរបបផ្តាច់ការ របស់ Anastasio Somoza។ Daniel Ortega មេចលនាបដិវដ្តន៍នេះ បានក្លាយជាប្រធានាធិបតីនិការ៉ាហ្កា ក្នុង៣៤ឆ្នាំ។

រដ្ឋាភិបាលបដិវដ្តន៍របស់លោក Daniel Ortega ពីដំបូង មានទំនោរដើរតាមគំរូសង្គមនិយមរបស់សូវៀត ជាមួយនឹងសេដ្ឋកិច្ចផែនការ និងជាតូបនីយកម្ម។ តែក្រោយរបបសូវៀតដួលរលំ Daniel Ortega បានកាច់ចង្កូត បត់បង្វែរទិសទៅរករបបទីផ្សារសេរី បើកចំហរសេដ្ឋកិច្ច ទទួលវិនិយោគបរទេស។

លោកស្រី Monica Baltodano អតីតមិត្តរួមអាវុធ របស់លោក Daniel Ortega ហើយដែលបានបំបែកខ្លួនចេញកាលពីឆ្នាំ២០០០ បានលើកឡើងថា Daniel Ortega អតីតអ្នកបដិវដ្តន៍ បានស្លាប់បាត់ទៅហើយ។ នៅសល់តែ Daniel Ortega ដែលស្រលាញ់អំណាច ស្រលាញ់ទ្រព្យសម្បត្តិនិងភាពស្តុកស្តម្ភ តែប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ។ លោកស្រីបន្ថែមថា លោក Daniel Ortega កំពុងធ្វើគ្រប់យ៉ាង ដើម្បីការពារអំណាច ការពារផលប្រយោជន៍ របស់ក្រុមគ្រួសារនិងបក្សពួកខ្លួន។

ថ្វីបើលោក Daniel Ortega បានបោះបង់ចោល សំលៀកបំពាក់ឈុតទាហានមែនពិត តែមេដឹកនាំនីការ៉ាហ្ការូបនេះ មិនដែលបោះបង់ចោលភរិយារបស់លោកទេ គឺលោកស្រី Rosario Murillo។ លោកស្រី Rosario Murillo គឺជាអតីតមិត្តរួមអាវុធរបស់លោក Daniel Ortega។ ប្តីប្រពន្ធទាំង២ បានតស៊ូជាមួយគ្នា តាំងពីបាតដៃទទេរ រហូតបានអំណាចយ៉ាងណែនពេញដៃ ក្តោបក្តាប់ប្រទេសនីការ៉ាហ្កាទាំងមូល មិនថាវិស័យ​នយោបាយ ឬ​វិស័យសេដ្ឋកិច្ច។

ជាមួយនឹងសម្តីផ្អែមត្រជាក់ ស្លូតស្រទន់ ដែលតែងតែលើកឡើងអំពី អំពើល្អ អំពីសន្តិភាព​បង្រួបបង្រួមជាតិ អំពីសេចក្តីស្រលាញ់ និងអំពីព្រះជាម្ចាស់ លោកស្រី Rosario Murillo បានតាំងខ្លួន ជាស្ត្រីគំរូ ជាមាតាជាតិនៅការ៉ាហ្កា។ ប៉ុន្តែ សម្រាប់អ្នកដែលប្រឆាំងតវ៉ា និងរបបដឹកនាំនេះ លោកស្រី Rosario Murillo ត្រូវគេដាក់ងារ ថាជាមេធ្មប់ ជាមួយ​នឹង​សំលៀក​បំពាក់ចំរុះពណ៌ ខ្សែក ខ្សែដៃពាក់ស្រោចខ្លួន និងចិញ្ចៀនពាក់គ្រប់ម្រាមដៃជាដើម។

លោកស្រី Rosario Murillo ត្រូវគេជឿថា គឺជាមនុស្សដ៏សំខាន់បំផុត ដែលជួយជ្រោមជ្រែង ក្នុងការសម្រេចចិត្ត និងការដឹកនាំទាំងអស់ មិនថាក្នុងបក្ស ឬក្នុងរដ្ឋាភិបាល​នីការ៉ាហ្កា។ ការឃោសនាបោះឆ្នោត កាលពីឆ្នាំ២០១៦ គឺលោកស្រីភរិយាលោកDaniel Ortega នេះតែម្តង ដែលជាអ្នកចាត់ចែង។ ហើយក្រោយពេលលោក​ Daneil Ortega បានជាប់ឆ្នោតសាជាថ្មី លោកបានតែងតាំងភរិយាខ្លួន ឲ្យក្លាយជាអនុប្រធានាធិបតីទៀតផង។

កូនៗប្រុសស្រី ទាំង១០នាក់ របស់លោក Daniel Otega កំពុងកាន់មុខតំណែងសំខាន់ៗ គ្រប់គ្រងក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានជាដើម។ លោក Gioconda Belli អតីតមិត្តរួមអាវុធម្នាក់ទៀត របស់លោក Daniel Ortega ដែលបានផ្តាច់ខ្លួនចេញ បាននិយាយកាលពីឆ្នាំ២០១៦ថា ទំនោររបបនយោបាយរបស់ប្តីប្រពន្ធលោក Ortega គឺជាទំនោរអណាចក្រគ្រួសារនិយម ប្រៀបបាននឹងសម័យសក្តិភូមិ។ ប្តីប្រពន្ធទាំង២នាក់នេះ ហ៊ានធ្វើគ្រប់យ៉ាង មិនថាតាមវិធីណាទេ ធ្វើយ៉ាងណាឲ្យតែសំរេចគោលដៅបាន។

សូមបញ្ជាក់ថា ៣៩ឆ្នាំមកនេះ ទោះបីលោក Daniel Ortega មិនបានកាន់មុខតំណែង ជាប្រធានាធិបតីរហូតមកក្តី តែលោកម្នាក់នេះ មានវិធីសាស្ត្រធ្វើគ្រប់យ៉ាង ដើម្បីរក្សាអំណាច​ឲ្យ​នៅថេរ នៅតាមមូលដ្ឋាន ជាមួយនឹងកម្លាំងមនុស្ស ក្នុងជួរកងទ័ព។ នៅរវាងឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៦ លោក Daniel Ortega តែងតែបានចាញ់ឆ្នោត យ៉ាងអាម៉ាស់។ ក៏ប៉ុន្តែគណបក្សSandinoនិយម របស់លោកDaniel Ortega នេះ តែងតែបានចរចា ទទួលបានការបែងចែកអំណាច គ្រប់គ្រងនីការ៉ាហ្កាជានិច្ច។

ឆ្នាំ២០០៦ Daniel Ortega បានឡើងមកអង្គុយលើកៅអីប្រធានាធិបតីសាជាថ្មី ជាមួយ​នឹង​ការបោះឆ្នោត ដែលក្រុមគណបក្សផ្សេង ចោទថាពោរពេញទៅដោយការបន្លំសន្លឹកឆ្តោត។ បន្ទាប់ពីបានបញ្ចប់អាណត្តិ៥ឆ្នាំ លោកDaniel Ortega បញ្ចុះបញ្ចូលតុលាការកំពូលនីការ៉ាហ្កា ដើម្បីឈានទៅបើកផ្លូវ ឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញ ធ្វើយ៉ាងណា ឲ្យលោក Daniel Ortega អាចឈរឈ្មោះបានរហូត។​ ចុងឆ្នាំ២០១១ លោក Ortega បានជាប់ឆ្នោតម្តងទៀត ហើយចុងក្រោយគេបង្អស់ គឺនៅឆ្នាំ២០១៦ ដែលលោក Daniel Ortega បានជាប់ឆ្នោត អមដោយការតែងតាំងភរិយាខ្លួន​ ធ្វើជាអនុប្រធានាធិបតី។

ផែនការកំណែទម្រង់ ក្នុងវិស័យសង្គមកិច្ច របស់រដ្ឋាភិបាលលោក Ortega បានសង្កត់កប្រជាជនក្រីក្រ កាន់តែខ្លាំង។ អត្រាអ្នកអត់ការងារធ្វើមានចំនួនកើនឡើង។ វ៉េណេស៊ុយអេឡា ដែលធ្លាប់ជាមិត្ត ចាំចាក់បញ្ចូលប្រាក់វិនិយោគ ក៏ជួបនឹងវិបត្តិមិនអាចជួយអ្វីបាន។ នីការ៉ាហ្កា ត្រូវធ្លាក់ទៅក្នុងចលនាបះបោរហិង្សា ធ្វើឡើងភាគច្រើន ដោយសិស្សនិស្សិត អស់រយៈពេល៣ខែមកហើយ។ សកម្មជន និងបាតុករ ទាមទារឲ្យ Daniel Ortega ចុះចេញពីដំណែង ហើយរៀបចំការបោះឆ្នោតមុនអាណត្តិ។

៣ខែមកនេះ ប្តីប្រពន្ធOrtega មិនបានបង្ហាញជំហរចុះញ៉ម និងការតវ៉ាទាំងនេះទេ។ ផ្ទុយទៅវិញ គេបានប្រើប្រាស់កម្លាំងសមត្ថកិច្ចនគរបាល និងទាហាន​ដែលស្និទនឹងរដ្ឋាភិបាល ឲ្យទៅបង្រ្កាបចលនាបះបោរ យ៉ាងដំណំ។ មនុស្សប្រមាណជិត៣០០នាក់ បានស្លាប់ ក្នុងរង្វង់៣ខែនេះ។ បទពិសោធន៍បដិវដ្ត បែបកុម្មុនីស្តិស្តាលីននិយម ដែលលោក Daniel Ortega បានប្រើ ដើម្បីវាយផ្តួលរំលំរបបផ្តាច់ការ កាលពីទសវត្ស​ឆ្នាំ៧០ ពេលនេះ លោកDaniel Ortega កំពុងតែយកវាមកប្រើសាជាថ្មី ដើម្បីបង្រ្កាប​ប្រជាជនប្រជាជនខ្លួន​ឯង។ សហគមអន្តរជាតិ បានត្រឹមតែថ្កោលទោស និងអំពាវនាវ ឲ្យបញ្ឈប់រាល់អំពើហិង្សា កាប់សំលាប់នេះតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ