rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក អវកាស ការពារជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកដូណាល់ ត្រាំ ប្រកាស​បើក​បញ្ជាការដ្ឋាន​អវកាស​ “Spacecom”

media
លោកដូណាល់ត្រាំ ចាប់ដៃ​ជាមួយ​លោក​John Raymond មេបញ្ជាការ​ SPACECOM ​ខណៈលោកMark Esper រដ្ឋមន្ត្រីការពារជាតិទះដៃអបអរ។ សេតវិមាន​ ថ្ងៃទី​២៩ សីហា ២០១៩​ REUTERS/Kevin Lamarque

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសបើក​បញ្ជាការដ្ឋានអវកាស កាលពីថ្ងៃព្រហស្បតិ៍ទី​២៩សីហា។​ កម្មវត្ថុនៃបញ្ជាការដ្ឋានអវកាសនេះ គឺដើម្បីធ្វើយ៉ាងណា ការពារ​ផលប្រយោជន៍របស់អាមេរិកនៅលើអវកាស ហើយធានាឲ្យបាន ​អំពី​ការនាំមុខដាច់គេរបស់អាមេរិក នៅក្នុងវិស័យនេះ​។ ចិន និងរុស្ស៊ី ត្រូវបាន​អាមេរិក ចាត់ទុក​ថាជាគូ​ប្រជែង​ដ៏​គ្រោះថ្នាក់​បំផុត ក្នុងវិស័យនេះ។


លោកដូណាល់ត្រាំ បានប្រកាសថា៖ នេះគឺជាឱកាសជាប្រវត្តិសាស្ត្រ ដែល​វិស័យអវកាស ត្រូវបាន​ចាត់បញ្ចូលទៅក្នុងបេះដូង​នៃសន្តិសុខជាតិ និង​ការការពារជាតិ​អាមេរិក។ លោកបន្តទៀតថា៖ បញ្ជាការដ្ឋានអវកាស ដែលមានឈ្មោះថា « Spacecom » នេះ នឹងធានាការពារ​ភាព​នាំមុខផ្តាច់គេ និងអំណាចរបស់អាមេរិក នៅលើអវកាស ឲ្យនៅស្ថិតស្ថេរ មិនឲ្យប្រទេសណាផ្សេង មកប្រជែងដណ្តើមបាន​ជាដាច់ខាត។ Spacecom នឹងការពារមិនឲ្យ​សត្រូវ​ អាចបំផ្លាញ​ផ្កាយរណបរបស់អាមេរិក ព្រោះផ្កាយរណបទាំងនោះគឺជាកម្លាំងយុទ្ធសាស្ត្ររបស់អាមេរិក មិនថាសម្រាប់ការប្រយុទ្ធនៅលើដី ឬសម្រាប់​ជីវភាពរស់នៅតាមបែបសម័យទំនើប​របស់អាមេរិក។ នេះ គឺជាសម្តីរបស់​លោកដូណាល់ ត្រាំ។

គួរបញ្ជាក់ថា Spacecom នឹងក្លាយជា​បញ្ជាការដ្ឋាន​កងទ័ពទី​១១ នៃមន្ទីរបញ្ចកោណ។ បញ្ជាការដ្ឋានទី​១១នេះ នឹងមានបេសកកម្មជាច្រើន ដូចជា​ ការពារ និងផ្តល់សមត្ថភាព​រឹងមាំ ទៅលើសមរភូមិប្រយុទ្ធនៅលើអាកាស ព្រមទាំងធ្វើការបង្វឹកហាត់អ្នកជំនាញ​ប្រយុទ្ធនៅអវកាស ថែមទៀតផង។ លោក John Raymond ដែលនឹងក្លាយជាអ្នកដឹកនាំ Spacecom នេះ បានលើកឡើងថា ក្នុងវិស័យអវកាស គឺអាមេរិកនាំមុខគេ។ តែយ៉ាងយ៉ាងណា គម្លាតនៃការ​នាំមុខដាច់គេនេះ កាន់តែរួញទៅ ដោយសារតែចិន និងរុស្ស៊ី កំពុងតែរំកិលខ្លួនកាន់តែខ្លាំងក្នុងវិស័យនេះ។ ដូច្នេះ អាមេរិក ត្រូវតែប្រឹងទៅមុខឲ្យរហ័ស ហើយរកវិធីការពារខ្លួន ក្នុងករណីមានការ​វាយប្រហារ មកលើប្រព័ន្ធផ្កាយរណបរបស់អាមេរិក។

ដោយឡែក លោក Steve Kitay អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលបន្ទុក​កិច្ចការអវកាស បានអះអាងថា Spacecom មិនមានតួនាទី​ស្រាវជ្រាវ ភពផ្សេងៗ ក្នុងដែនអវកាសទេ។ បេសកកម្មរបស់វាគឺ ​ប្រើប្រាស់វិស័យអវកាសដើម្បី​ការពារផលប្រយោជន៍អាមេរិកនៅលើផែនដី។ លោកបញ្ជាក់ថា Spacecom នឹងធ្វើការសហការផ្នែក​ទិន្ន័យស៊ើបការសំងាត់ នៅក្នុង​ក្រុម​ផ្នែក៥ “Five Eyes” ដែល​មាន​ការចូលរួម ពីអូស្ត្រាលី នូវែលសេឡង់ អង់គ្លេស និងកាណាដា។ Spacecom ក៏នឹងសហការជាមួយក្រុមជំនាញ​អវកាសអាល្លឺម៉ង់ និងបារាំងដែរ។

គួរកត់សំគាល់ថា ជាមួយនឹងការបង្កើតបញ្ជាការដ្ឋានអវកាសនេះ ក្រុមអ្នកជំនាញនៃក្រសួងការពារជាតិអាមេរិក មិនបានលាក់ទេ ថាកម្មវត្ថុរបស់វាគឺដើម្បីទប់ទល់ជាមួយនឹងការគំរាម ពីសំណាក់ចិន និងរុស្ស៊ី នៅក្នុងវិស័យនេះ។ ក្នុងនោះដែរ លោកប្រធានាធិបតីអាមេរិក បានអះអាងថា លោកនឹងសម្រេចបង្កើតឲ្យ​មាន​កងកម្លាំងទ័ពអវកាស ដែលនឹងក្លាយជា​កងទ័ពផ្នែកទី៦នៃកងទ័ពអាមេរិក។ តែយ៉ាងណាគម្រោងនេះ មានសង្ឃឹមតិចណាស់​ថាអាចឆ្លងការយល់ព្រមពីសភាអាមេរិក ដោយសារតែមានការលើកឡើងថា វាចំណាយប្រាក់ច្រើន ហើយគ្មានប្រយោជន៍៕