អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Che Guevara ពីនិម្មិតរូប​នៃ​បដិវដ្តន៍​សង្គម​និយម​ មកជា​វត្ថុ​អនុស្សាវរិយ័ ​ក្នុង​​យុគ​សម័យ​សកលភាវូបនីយកម្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ឆេ ហ្កេវ៉ារ៉ា ​ត្រូវបាន​មនុស្ស​ជាច្រើន ​ចាត់​ទុក​ថា​ ជាវីរៈ​បុរស​តស៊ូ​នៃ​បដិវដ្តន៍​សង្គមនិយម ​ប្រឆាំង​នឹង​នយោបាយ​ចក្រព័ត្រ​មូលធន​និយម។ ឆេ ហ្កេវ៉ារ៉ា ​គឺ​ជា​មិត្ត​រួម​អាវុធ ​របស់​លោក ហ្វ៊ីឌែល ​កាស្ត្រូ  ​អតីត​មេ​ដឹកនាំ​របស់​គុយបា។ ក្នុងវ័យ ​៣៩​ឆ្នាំ ​ឆេ ហ្កាវ៉ារ៉ា​ ត្រូវបាន​ទាហ៊ាន​បូលីវី ​ចាប់​បាន​ និង​សម្លាប់​ចោល​ នៅថ្ងៃ ​ទី ​៩តុលា ​ឆ្នាំ​១៩៦៧ ​ដែល​តាម​ការ​សង្ស័យ ​គឺ​ជា​ស្នាដៃ​របស់ ​​CIA ។ គឺក្រោយ​ពេល​ ដែល ​ត្រូវ​គេ​ធ្វើឃាត​ នេះ​ហើយ ​ទើប​ កេរ្តិ៍​ឈ្មោះ ​របស់​ឆេ ហ្កេវ៉ារ៉ា ​ចាប់​ផ្តើម​ល្បី​រន្ទឺ​ឆ្លង​ហួស​ពី​គុយបា ​មក​ទូទាំង​ពិភពលោក។ តើ ​៥០​ឆ្នាំ​មក​នេះ ​កេរ្តិ៍​ដំណែល​នៃ​ទ្រឹស្តី​សង្គម​និយម​ របស់​ ឆេ ហ្កេវ៉ារ៉ា ​នៅ​មាន​សែស​សល់​អ្វីខ្លះ​ នៅ​គុយបា?

Che Guévara វិរៈបុរសនៃ​កម្លាំង​តស៊ូ​បដិវដ្តន៍​សង្គមនិយម ​ប្រឆាំង​ចក្រព័ត្រ ​អាមេរិក
Che Guévara វិរៈបុរសនៃ​កម្លាំង​តស៊ូ​បដិវដ្តន៍​សង្គមនិយម ​ប្រឆាំង​ចក្រព័ត្រ ​អាមេរិក Alberto Korda/Wikimedia Commons
ផ្សាយពាណិជ្ជកម្ម

Che​ Guévara ​ជានរណា?

ឆេ ហ្កេវ៉ារ៉ា ​មាន​ឈ្មោះដើម​ហៅ​ថា ​Ernesto Rafael Guevara ​កើតនៅ​ថ្ងៃ​ទី​ ១៤​ មិថុនា​ ១៩២៨ ​ក្នុង​ត្រកូល​គ្រួសារ​ស្តុកស្តម្ភ  ​និងមាន​កំរិត​វប្បធម៌​ខ្ពស់​មួយ​ នៅ​អាហ្សង់ទីន។​ ជាកូន​ច្បង​ ក្នុង​ចំណោម​បង​ប្អូន៥នាក់​  Ernesto​ មាន​និស្ស័យ ​ចាប់​អារម្មណ៍ ​ពី​ជីវភាព​សង្គម​ ជីវភាព​ប្រជាជន​ក្រីក្រ ​និង​បញ្ហា​នយោបាយ។

នៅឆ្នាំ​១៩៥២ ​ពេល​កំពុង​បញ្ចប់​ការ​សិក្សា​ផ្នែក​ពេទ្យ​ នៅក្រុង​ ប៊ុយណូហ្សែរ ​Ernesto Rafael Guevara​ បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ ​តាម​ម៉ូតូ ​ទៅកាន់​ភាគ​ខាង​ជើង​ប្រទេស​ឈីលី។ នៅ​ទីនោះ ​Ernesto ​ Guevara ​បាន​ឃើញ​ទីតាំង​ជីក​រក​រ៉ែ​ស្ពាន់​ ដ៏​មហិមា​មួយ​ ឈ្មោះ ​Chuquicamata ​និង​បាន​ឃើញ​ពី​លក្ខខណ្ឌ​ការងារ ​ដ៏​លំបាកលំបិន​បំផុត​ របស់​កម្មករ​ជីករ៉ែ ​នៅ​ទីនោះ ​ដែល​ត្រូវ​ក្រុមហ៊ុន​របស់​អាមេរិក ​ជិះជាន់​កម្លាំង​ពលកម្ម។ គឺ​ពេល​នោះ​ហើយ ​ដែល ​Ernesto Guevara ​បាន​ចាប់​ផ្តើម​ មាន​ពន្លកចិត្ត​ ស្អប់​ពួក​ចក្រព័ត្រ​មូលធន​និយម ​ដែល​មាន​សហរដ្ឋ​អាមេរិក​ ជា​មេ​ដំបូល។

ក្រោយ​ទទួល​បាន​សញ្ញាប័ត្រ​វិជ្ជសាស្ត្រ ​នៅ​ឆ្នាំ​១៩៥៣ ​Ernesto Guevara ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​នានា ​ក្នុង​ព្រៃ​អាម៉ាសហ្សូន​ ដើម្បី​ជួប​ប្រាស្រ័យ ​និង​ស្វែងយល់​ពី​ការ​រស់នៅ​របស់​ ជនជាតិ​ដើម​ នៅ​ប្រេស៊ីល ​នៅ​ បូលីវី ​នៅ​ប៉េរូ ​និង​ហ្គាតេម៉ាឡា​ជាដើម។ គឺនៅ​ ហ្កាតេម៉ាឡា​នេះ​ហើយ​ ដែល ​Ernesto Guevara​ បាន​ជួប​នឹង​នារី​ម្នាក់​ ដែល​ជា​សកម្មជន​តស៊ូ​បដិវដ្តន៍​នៅ​ប៉េរូ ​ឈ្មោះ ​Hildita​ ហើយ​បាន​ក្លាយ​ជា​ប្តី​ប្រពន្ធ​នឹងគ្នា។ រដ្ឋ​ប្រហារ​នៅ​ហ្កាតេម៉ាឡា ​ជំរុញ​ដោយ​សហរដ្ឋ​អាមេរិក​ បាន​បង្ខំ​គូរ​ស្រករ​ទាំង​ពីរ​នាក់ ​ធ្វើ​ដំណើរ​ទៅ​មិចស៊ិក ​ដែល​នៅ​នោះ​ហើយ ​​Ernesto Guevara ​ត្រូវ​បាន​សកម្មជន​តស៊ូ​បដិវដ្តន៍​សង្គម​និយម ​ដាក់​ឈ្មោះ ​ថា​ Che Guevara។

ខែកក្កដា​ ឆ្នាំ​១៩៥៥ ​Che Guevara ​បាន​ជួប​នឹង​ហ្វីឌែល កាស្ត្រូ។ អ្នក​ទាំងពីរ ​មាន​ការ​យល់ឃើញ​ដូចគ្នា ​អំពី​ចលនា​តស៊ូ​ដើម្បី​រើ​បំរះ ​ចេញ​ពី​ការ​ជិះជាន់ ​របស់​ចក្រព័ត្រ​មូលធន​អាមេរិក។ មិត្តភាព​របស់​បុរស​សង្គមនិយម​ទាំង​ពីរនាក់​ បាន​ចង​ជា​ធ្លុង​មួយ​ ដែល​បាន​ជំរុញ​អ្នក​ទាំង​ពីរ​ ឲ្យ​ធ្វើ​ដំណើរ​ទៅ​គុយបា ​នៅ​ខែវិច្ឆិកា​ ឆ្នាំ​១៩៥៦ ​ដើម្បី​រំដោះ​គុយបា ​ចេញ​ពី​របប​ផ្តាច់ការ ​របស់​ពួក ​Batista។ ចលនា​បដិវដ្តន៍​គុយបា ​បាន​ចាប់ផ្តើម ​ដោយ​ Che Guevara ​បាន​កសាង​កេរ្តិ៍ឈ្មោះ ​ជា​មេដឹកនាំ​ចលនា​តស៊ូ ​និង​ជា​មនុស្ស​មាន​ចិត្ត​ស្មោះស្ម័គ្រ​បំផុត​ នឹង​ទ្រឹស្តី​សង្គម​និយម។ ក្រោយ​រំដោះ​បាន ​គុយបា ​Che Guevara​ ត្រូវបាន​តែងតាំង ​ឲ្យ​ធ្វើ​ជា​ប្រធាន​វិទ្យាសា្ថន​កំណែទម្រង់ ​ជា​នាយក​ធនាគារជាតិ ​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​ជា​រដ្ឋទូត​ទំនាក់​ទំនង​ជាមួយ​ប្រទេស​សង្គម​និយម​ជាមិត្ត។

Che Guévara រិះគន់​លទ្ធិ​សង្គម​និយម​បែប​ផ្តាច់ការ​ របស់​សហភាព​សូវៀត

គឺក្នុង​មុខ​ងារ​នេះហើយ ​ដែល​ធ្វើ​ឲ្យ ​Che Guevara ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សង្គមនិយម​ជាច្រើន​។ បន្តិច​ម្តងៗ​ Che Guevara ​បាន​ដើរ​ចេញ​ពី​គន្លង​ទ្រឹស្តី​សង្គមនិយម ​ដែល​សហភាព​សូវៀត ​បាន​ដឹកនាំ។ ជាច្រើន​លើក​ច្រើន​សារ ​មិនថា​នៅ​ក្នុង​សន្ទរកថា ​ជា​សាធារណៈ ​ឬ​លិខិត​ផ្សេងៗ ​Che Guevara ​បាន​រិះគន់​ដោយ​ចំៗ ​ទៅ​លើ​សហភាព​សូវៀត ​ដែល​មាន​ទំនោរ​ផ្តាច់ការ ​កាន់​តែ​ខ្លាំង។

ទំនោរ​ផ្តាច់ការ​របស់​សូវៀត  ​​ដែល​ចាប់​សង្កត់​ចលនា​បដិវដ្តន៍​នានា​នេះ ​ ត្រូវ​បាន​ Che Guevara ​យល់ថា ​គឺជា​នយោបាយ​វាទទី ​ប្រើ​ឥទ្ធិពល ​ដែល​ប្រាស​ចាក​ឆ្ងាយ ​ពី​គំនិត​ដ៏​ល្អ​ផូរផង់ ​នៃ​ទ្រឹស្តី​សង្គមនិយម​ ដែល​សំដៅ​រំដោះ​ប្រទេស​ផ្សេងៗ ​ឲ្យ​មាន​ឯករាជ្យ​ម្ចាស់ការ។ សម្រាប់ ​Che Guevara ​ការ​តស៊ូ​ដើម្បី​ស្ថាបនា​របប​សង្គម​និយម ​ដែល​ស្អាតស្អំ​យុត្តិធម៌ ​ស្មើភាព​គ្នា​នោះ ​គឺ​ជា​ការ​តស៊ូ​របស់​ពិភពលោក ​មិនមែន​ជា​ការ​តស៊ូ ​ដើម្បី​តែ​លើក​តំកើង​អំណាច​កេរ្តិ៍ឈ្មោះ ​របស់​សហភាព​សូវៀត​នោះ​ទេ។

ទំនោរ​រិះគន់ ​និង​ប្រឆាំង​ មូស្គូ​ បាន​ធ្វើ​ឲ្យ ​Che Guevara​ ត្រូវ​មេដឹកនាំ​សូវៀត​ស្អប់។ ហ្វ៊ីឌែល កាស្ត្រូ ​ដែល​ទទួល​ជំនួយ​ទាំងស្រុង ​ពី​សហភាព​សូវៀត ​បាន​បង្ខំ​ចិត្ត​ ដក​ Che Guevara​ ​ឲ្យនៅ​ឆ្ងាយ​ពី​ឆាក​នយោបាយ​គុយបា។ ខែ​មេសា ​ឆ្នាំ​១៩៦៥ ​មុន​នឹង​ចាក​ចេញ​ទៅ​កុងហ្គោ ​Che Guevara ​បាន​សរសេរ​លិខិត​ចុងក្រោយ ​មួយ ​ផ្ញើរទៅ​កូនៗ​ខ្លួន​ ថា៖ “ចូរ​កូន​តាំង​ខ្លួន​ឲ្យ​មាន​មនសិកា ​ចេះ​ឈឺចាប់​នៅក្នុង​ក្រឳ​បេះដូង​របស់​កូន ​ចំពោះមុខ​អំពើ​ជិះជាន់ ​អំពើ​អយុត្តិធម៌​ទាំង​ឡាយ​ណា ​ទោះនៅ​ទី​ណាក៏​ដោយ ​ក្នុង​ពិភព​លោក​នេះ។ នេះ​ហើយ​ទើប​ហៅថា​ជា​លក្ខណៈសម្បតិ្ត​ នៃ​អ្នក​បដិវដ្តន៍​ ពិត​ប្រាកដ”។

គេធ្វើ​ឃាត​នៅ​បូលីវី

បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​តស៊ូ​បដិវដ្តន៍​នៅ​កុងហ្គោ  ​Che Guevara​ បាន​វិល​ត្រលប់ ​មក​កាន់​ប្រទេស​បូលីវី ​នៅឆ្នាំ​១៩៦៦។ ឯកោ​គ្មាន​ការ​គាំទ្រ ​ពី​សូវៀត​ និង​ក្រុម​ចលនា​រំដោះ ​របស់​បូលីវី ​Che Guevara ​បាន​រត់​គេច​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុង​ព្រៃ ​រហូត​ទាល់តែ​កងទ័ព​រដ្ឋាភិបាល​បូលីវី​ចាប់​ខ្លួន​បាន​ និង​សម្លាប់​ចោល ​នៅ​ថ្ងៃទី ​៩ ​ខែ​តុលា ​ឆ្នាំ​១៩៦៧។

ឃាតកម្ម​នេះ ​ត្រូវ​បាន​អ្នក​វិភាគ​ប្រវត្តិសាស្ត្រ​ខ្លះ ​លើកឡើង​ថា​ ជា​ស្នាដៃ​របស់​ CIA​ អាមេរិក ​ដែល​សហការ​ជាមួយ​រដ្ឋាភិបាល​បូលីវី។ តែ​សម្រាប់​អ្នក​វិភាគ​មួយ​ចំនួន​ទៀត​វិញ ​យល់​ថា​ គឺ​សហភាព​សូវៀត​ឯណោះ​ទៅ​វិញ​ទេ ​ដែល​អាច​នៅ​ពីក្រោយ ​ឃាតកម្ម​នេះ។

ក្លាយ​ជា​និម្មិតរូប​នៃ​ការ​តស៊ូ​ដើម្បី​យុត្តិធម៌​ និង​សមភាព​សង្គម

ទោះ​អ្នកណា​នៅ​ពីក្រោយ​ឃាតកម្ម​នេះ​ ក៏ដោយ​ តែ​ការ​ស្លាប់​របស់​Che Guevara​ ត្រូវ​បាន​របប​ដឹកនាំ​គុយបា ​ដឹកនាំ​ដោយ​ ហ្វ៊ីឌែល កាស្ត្រូ​ ចាត់​ទុក​ជា​ការ​បាត់បង់​វីរៈ​បុរស​ជាតិ។​ ហ្វ៊ីដែល​កាស្ត្រូ​  បាន​ធ្វើ​គ្រប់យ៉ាង​ ដើម្បី​ប្រៀប​ប្រដូច ​Che Guevara ​ទៅ​នឹង​អ្នក​សាបព្រួស​ទ្រឹស្តី​សាសនា​គ្រិស្ត ​ក្នុង​សម័យ​ព្រះ​យេស៊ូ​គ្រិស្ត ​ដែល​ត្រូវ​គេ​សម្លាប់​ធ្វើបាប។ ប្រជាជន​គុយបា ​ក៏​ដូចជា​ប្រជាជន​នៅ​អាមេរិក​ឡាទីន​ទូទៅ ​ដែល​ជា​គ្រិស្ត​សាសនិក ​ដ៏​ខ្ជាប់ខ្ជួន​នោះ  ​បាន​គោរព​ លើក​តំកើង ​Che Guevara ​ជា​និម្មិតរូប​នៃ​ការ​តស៊ូ​បដិវដ្តន៍ ​ដើម្បី​យុទ្ធធម៌​សង្គម ​ប្រឆាំង​នឹង​លទ្ធិ​មូលធន​និយម។

ក្នុង​បរិបទ​សង្រ្គាម​ត្រជាក់ ​សង្រ្គាម​នៅ​វៀតណាម ​ឈ្មោះ​របស់​Che Guevara ​បាន​ក្លាយ​ទៅ​ជា​និម្មិតរូប​នៃ​ការ​តស៊ូមតិ ​ប្រឆាំង​នឹង​នយោបាយ​ចក្រព័ត្រ​វាទទី​របស់​សហរដ្ឋ​អាមេរិក។​ យុវជន​អាមេរិក ​បាន​ពាក់​អាវ​មាន​រូប​ Che Guevara​ ដើម្បី​តវ៉ា​ ប្រឆាំង​និង​សង្រ្គាម​នៅ​វៀតណាម។ ទីណា​មាន ​ការ​តស៊ូ​រើបំរាស់ ​ដើម្បី​យុទ្ធធម៌ ​និង​សមភាព ​ទីនោះ​ គឺ​មាន​គេ​តាំង​រូបថត​ របស់ ​Che Guevara។

ថ្វីបើ​ត្រូវ​ចាត់​ទុក​ថា​ ជាវីរៈ​បុរស​ចលនា​បដិវដ្តន៍​ តែ​សម្រាប់​ អ្នក​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ​ បាន​លើក​ឡើង​ថា ​គេមិន​ត្រូវ​ភ្លេច​ទេ​ថា ​Che Guevara ​គឺ​ជា​មេ​បះបោរ​កុម្មុយនីស្តិ ​ដែល​ងប់ងុល ​នឹង​ទ្រឹស្តី​ Max-Lénine។ Che Guevara ​មិនខ្លាច​នឹង​សម្លាប់ ​ឬ​ធ្វើ​បាប​អ្នក​ប្រឆាំង ​ជិះជាន់​សិទ្ធិសេរីភាព​អ្នក​ផ្សេង​ទេ ​ដើម្បី​សម្រេច​បាន​នូវ​នយោបាយ​សង្គមនិយម ​ ដ៏​ល្អ​ផូរផង់ ​ដែល​ខ្លួន​ជឿលង់។

៥០ឆ្នាំមក្រោយ ក្លាយ​ត្រឹម​ជា ​វត្ថុ​អនុស្សាវរិយ៍​សម្រាប់​ពួក​ទេសចរណ៍ ​ទៅ​លេង​គុយបា

៥០ ​ឆ្នាំក្រោយ​មរណៈភាព ​Che Guevara ​នៅតែ​ស្ថិត​ក្នុង​ដួង​ព្រលឹង​របស់​មនុស្ស​មួយ​ចំនួន។ រូបភាព ​និង​កេរ្តិ៍​ឈ្មោះ​របស់ ​Che Guevara ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ ​មិន​ថា​នៅ​គុយបា ​ឬ​នៅ​ប្រទេស​ផ្សេង។ ខ្សែ​ភាពយន្ត ​សៀវភៅ ​ជាច្រើន ​ដែល​ថ្លែង​ពី​ប្រវត្តិ​ជីវិត​ និង​ការ​តស៊ូ ​របស់​Che Guevara ​ត្រូវបាន​គេ​ផលិត​ឡើង​យ៉ាង​ច្រើន​សន្ធឹក។

៥០ ​ឆ្នាំ​ក្រោយ​មក​នេះ ​សេចក្តី​ស្រម៉ៃ​នៃ​ការ​កសាង​ពិភពលោក ​ស្ថិត​ក្នុង​ទ្រឹស្តី​សង្គម​និយម​ស្មើភាព ​គ្មាន​អំពើ​អយុត្តិធម៌​ គ្មាន​ការ​ជិះជាន់ ​ដែល​Che Guevara​ ស្រម៉ៃ​ចង់​បាន​ បាន​ខ្សត់ខ្សោយ​ពន្លឺ ​សឹងតែ​ទាំង​ស្រុង។ ហ្វ៊ីឌែល កាស្ត្រូ​  បាន​ចាកឆ្ងាយ​ពី​គុយបា ​ទុក​ឲ្យ​គុយបា​ប្រឈមមុខ​នឹង​អនាគត​មិន​ច្បាស់លាស់ ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ ភាព​ស្មោះស្ម័គ្រ​លើ​ទ្រឹស្តី​សង្គមនិយម ​របស់​គុយបា ​ក៏បាន​ធ្វើ​ឲ្យ​ប្រជាជន​អស់​សង្ឃឹម ​និង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ ​លំបាក​ ដាច់ឆ្ងាយ​ពី​ប្រទេស​ដទៃ។

ជាមួយ​នឹង​ការ ​បើក​ចំហរ​ទ្វារ​សន្សឹមៗ​សាជាថ្មី​ គុយបា ​ត្រូវ​បង្ខំ​ចិត្ត​ បំភ្លេច​ក្តី​ស្រម៉ៃ​ក្នុង​អតីតកាល ​ហើយ​ទទួល​យក​នូវ​របត់​សេដ្ឋកិច្ច​ថ្មី  ​​ក្នុង​ពិភព​សកលភាវូបនីយកម្ម។ អ្នក​ដែល​មាន​សញ្ញាប័ត្រ​ធំៗ ​ចេញ​ពី​សហភាព​សូវៀត ​នៅឆ្នាំ​ ១៩៨០ ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ជា​បុគ្គលិក ​សណ្ឋាគារ  ​ឬ​ជា​អ្នក​បើក​តាក់ស៊ី​ឲ្យ​ពួក​ទេសចរណ៍​បរទេស ​នៅ​ឆ្នាំ ​២០១៧។ រូបថត ​ឬ​ វត្ថុ​អនុស្សាវរីយ៍ ​ដែល​មាន​រូប​ Che Guevara ​ដែល​ផលិត​នៅ​ចិន ​ត្រូវ​បាន​គេ​ដាក់​តាំង​លក់​ យ៉ាង​ព្រោងព្រាត ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស ​ដែល​មក​លេង​គុយបា។ ពី​អ្នក​តស៊ូ ​បដិវដ្តន៍​សង្គម​និយម ​ប្រឆាំង​នឹង​របប​មូលធន​និយម​ ក្នុង​ទសវត្ស​ឆ្នាំ ​៥០ ​ ​តែ​នៅ​ឆ្នាំ ​២០១៧ ​Che Guevara ​បាន​ក្លាយ​មក​ជា​និម្មិតរូប​ នៅក្នុង​វត្ថុ​អនុស្សាវរិយ៍ ដែល​ផលិតឡើង ​និង​ចែក​ចាយ​លក់ ​ នៅក្នុង​ចរន្ត​សេដ្ឋកិច្ច​ទីផ្សារ​សេរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ