អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ដូណាល់ ត្រាំ ​ចង់​ប្រកាស​សង្រ្គាម​ជាមួយ ​FBI និង​ស្ថាប័ន​យុត្តិធម៌​របស់​សហរដ្ឋ​អាមេរិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃសុក្រ ទី២កុម្ភៈ លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋ​អាមេរិក បានសម្រេចឲ្យផ្សព្វផ្សាយជាសាធារណៈ នូវរបាយការណ៍មួយស្តីអំពីសកម្មភាព​​លបលួច​ស្តាប់​ទូរស័ព្ទ របស់មនុស្សជំនិតនឹងលោកដូណាល់ ត្រាំម្នាក់ ពីសំណាក់​​FBI។ លោក​ដូណាល់ ត្រាំ បានចាត់ទុកថា FBI និងក្រសួងយុត្តិធម៌អាមេរិក បាន​​បំពាន​​អំណាច ធ្វើការ​ស៊ើបអង្កេតដោយលំអៀង ដើម្បីតែចាប់កំហុសក្រុមការងាររបស់លោក នៅក្នុងសំណុំ​រឿង​រុស្ស៊ី។ ផ្ទុយទៅវិញ ក្រុមគណបក្សប្រជាធិតេយ្យវិញ បានយល់ថា​ ការផ្សព្វផ្សាយ​របាយការណ៍នេះ ជាសាធារណៈ គឺលោកដូណាល់ ត្រាំ គ្មានបំណង​​អ្វី ក្រៅ​តែ​ពី​បង្កាច់បង្ខូចកិត្តិយសរបស់FBI និងមន្ត្រីក្រសួងយុត្តិធម៌ នោះទេ។ តើលោក ប្រធានាធិបតីអាមេរិក កំពុងតែប្រកាសសង្រ្គាម ជាមួយប្រព័ន្ធយុត្តិធម៌ឬយ៉ាងណា? តើការនេះ អាចប៉ះពាល់ ដល់គោលការណ៍គ្រិះនៃតុល្យភាពអំណាច កំរិត​ណាដែរ?

លោក​ ដូណាល់ ត្រាំ ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​
លោក​ ដូណាល់ ត្រាំ ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​ REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

របាយការណ៍ដែលបន្ទោសការងារ​ របស់FBI និងក្រសួងយុត្តិធម៌

វាជារបាយការណ៍ ដែលគណកម្មការសភាអាមេរិក ផ្តួចផ្តើមឡើងដោយសមាជិកសភា មកពីគណបក្សសាធារណៈរដ្ឋ បានស្នើឲ្យធ្វើ បន្ទាប់ពីលេចធ្លាយ រឿងរ៉ាវស្តីពីការលូកដៃជ្រៀតជ្រែករបស់រុស្ស៊ី មកក្នុងការបោះឆ្នោត។ របាយការណ៍នេះ បានចោទប្រកាន់លើការងាររបស់ ក្រុមការងារFBI ព្រមទាំងក្រសួងយុត្តិធម៌អាមេរិក ថាបានបំពានអំណាច រៀបចំរកលេសធ្វើយ៉ាងណា ឲ្យ​ចៅក្រម ចេញដីកា អនុញ្ញាត ឲ្យក្រុមស៊ើបអង្កេត​ទៅលបស្តាប់ទូរស័ព្ទរបស់មនុស្សម្នាក់ ឈ្មោះ Carter Page ដែលធ្លាប់ធ្វើការក្នុងក្រុមការងារឃោសនារបស់លោកដូណាល់ ត្រាំ។

តាមធម្មតា អាមេរិក​ មានច្បាប់មួយឈ្មោះថា Foreign Interlligence Surveillance Act (FISA) ដែលអនុញញ្ញាតឲ្យក្រុមស៊ើបអង្កេត របស់ក្រសួងយុត្តិធម៌ ស្នើសុំទៅចៅក្រមសហព័ន្ធ ឲ្យបើកការលបស្តាប់តាមទូរស័ព្ទ លើមនុស្សណាម្នាក់ បើសិនជាគេសង្ស័យ ថាមនុស្សនោះ អាចកំពុងតែឃុបឃិតជាមួយប្រទេសដ៏ទៃណាមួយផ្សេងទៀត។ ក៏ប៉ុន្តែ យោងតាមរបាយការណ៍​ ដែលលោកដូណាល់ ត្រាំបានផ្សព្វផ្សាយនេះ គឺគេបានសន្និដ្ឋាន​ច្រើនចំណុចថា ក្រុមស៊ើបអង្កេត បានស្នើទៅចៅក្រមដោយលំអៀង ក្នុងគោលបំណងតែមួយគត់គឺចាប់កំហុសជនសង្ស័យ ដែលត្រូវគេលបស្តាប់ទូរសព័្ទ។

ចំណុចទីមួយ របាយការណ៍នេះ លើកឡើងថា​ ក្រុមស៊ើបអង្កេតFBI បានស្នើទៅចៅក្រម ដោយផ្អែកលើឯកសារមួយចំនួនធំ ដែលបានមកពីមនុស្សម្នាក់ ឈ្មោះ Christopher Steele។ មនុស្សនេះ គឺជាអតីតគេញសម្ងាត់របស់អង់គ្លេស ហើយឯកសារស្រាវជ្រាវរបស់ជននេះ គឺត្រូវបានប្រមូលឡើង ក្នុងបេសកកម្មមួយ ដែលគណបក្សប្រជាធិបតេយ្យ ជាអ្នកចំណាយប្រាក់ ឲ្យធ្វើការស្រាវជ្រាវ។ គឺត្រង់ចំណុចនេះហើយ ដែល ខាងក្រុមគណបក្សសាធារណៈរដ្ឋ របស់លោក ដូណាល់ ត្រាំ ចាត់ទុកថាឯកសាររបស់ លោក Christopher Steele មានលក្ខណៈលំអៀង មិនអាចយកមកប្រើបានទេ។

ចំណុចមួយទៀត គឺរបាយការណ៍នេះ លើកឡើងដែរថា មន្ត្រីធំ៤នាក់ ដែលចុះហត្ថលេខាបញ្ជូនសម្នើបើកការលបស្តាប់តាមទូរស័ព្ទនេះ  បានធ្មេចភ្នែកស្រស់ៗ មិនចាប់អារម្មណ៍ ពីទំនោរនយោបាយ របស់ លោក Christopher Steele ទេ។ មន្ត្រីធំ៤នាក់នោះគឺ មានជាអាថទិ លោក James Comey  អតីតនាយក FBI និងលោក Rod Rosenstein អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នេះតែម្តង។ ក្រៅពីបន្ទោសមន្ត្រីធំរបស់ក្រសួង​យុត្តិធម៌ របាយការណ៍នេះ ក៏បានលើកឡើងដែរ ថា លោក Christopher Steele គឺជាគេញសម្ងាត់ ដែលមិនគួរឲ្យទុកចិត្តបានទេ ព្រោះធ្លាប់មានប្រវត្តិមិនល្អច្រើនដងហើយ។

លោកCarter Page ជាមុខសញ្ញាមួយ និងជាយូរមកហើយ របស់FBI

ខាងក្រុម FBI ក៏ដូចជាអ្នកនយោបាយ បក្សប្រជាធិបតេយ្យ បានលើកឡើងថា របាយការណ៍នេះ គ្មានអ្វីប៉ះពាល់ធ្ងន់ធ្ងរទេ ដល់សំណុំរឿងរុស្ស៊ី ព្រោះថា របាយការណ៍នេះ លើកឡើងតែករណីមនុស្សតែម្នាក់គត់ គឺលោក Carter Page។ ដោយឡែក សំណុំរឿងការលូកដៃជ្រៀតជ្រែករបស់រុស្ស៊ី មកក្នុងការបោះឆ្នោតអាមេរិកនេះ គឺគេបានស៊ើបអង្កេត ច្រើនមុខសញ្ញាណាស់ នឹងដោយផ្អែកលើច្រើនប្រភពផ្សេងទៀត។ ដូច្នេះមិនមែនបន្ទោស FBI  តែលើករណីលោក Carter Pageនេះ មានន័យថាសំណុំរឿងរុស្ស៊ី ត្រូវបិទចោលទាំងស្រុងនោះទេ។

ហើយការស៊ើបអង្កេត លើរូបលោក Carter Page ទៀតសោត ខាងក្រុម FBI បានឆ្លើយ​តប​មកវិញថា គេមិនមែនសម្រេចស៊ើបលើមនុស្សនេះ ដោយផ្អែកតែលើ ឯកសាររបស់លោក​ Christopher Steele នោះទេ។ FBI បានចាប់អារម្មណ៍សង្ស័យមនុស្សនេះ តាំង​តែ​ពី​ឆ្នាំ​២០១៣ម្លេះ ពោលគឺមុនលោក Christopher Steele ត្រូវបានគណបក្ស​ប្រជាធិបតេយ្យ​ ចាត់ឲ្យស៊ើបទៅទៀត។ ហើយចំណែកការស្នើ ឲ្យបើកការលបស្តាប់តាមទូរស័ព្ទ គឺក្រុមការងារFBI ស្នើទៅចៅក្រម ដែលអ្វីៗវាស្ថិតលើឆន្ទានុសិទ្ធិរបស់ក្រម ជាអ្នកសម្រេច។

លោដូណាល់ ត្រាំ រកវិធី បង្កាច់បង្ខូច FBI ?

ជារួមមក សម្រាប់អ្នកប្រឆាំងរិះគន់លោកដូណាល់ ត្រាំ គេយល់ថា របាយការណ៍នេះ មិនគ្រប់ជ្រុងជ្រោយទេ ពោលគឺសរសេរសន្និដ្ឋានតែមួយផ្នែក ដោយមិនបានស្វែងយល់ពីតថៈភាពនៃការស៊ើបអង្កេតរបស់ FBI ទេ។ ក្រុមគណបក្សប្រជាធិបតេយ្យ យល់ថា លោកដូណាល់ ត្រាំផ្សព្វផ្សាយឯកសាររបាយការណ៍ ដែលមិនគ្រប់ជ្រុងជ្រោយនេះជាសាធារណៈ គ្មានបំណងអ្វីផ្សេង ក្រៅតែពីបង្កាច់បង្ខូចការងាររបស់ FBI ព្រមទាំងមន្ត្រីធំៗ របស់ក្រសួងយុត្តិធម៌តែប៉ុណ្ណោះ។ ពោលគឺធ្វើយ៉ាងណា ឲ្យគេលែងទុកចិត្ត FBI ក្នុងសំណុំរឿងរុស្ស៊ីនេះ។

បើតាមប្រភពខ្លះ បានអះអាងថា លោកត្រាំ ធ្វើដូចនេះ ដើម្បីរុញ លោក Robert Mueller ចៅក្រមស៊ើបអង្កេតសំណុំរឿងនេះ ព្រមទាំង លោក Christopher Wray នាយកFBI បច្ចុប្បន្ន ព្រមទាំងលោក Rod Rosenstein អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យលាលែងចេញពីតំណែង ព្រោះអ្នកទាំងបីនេះ សុទ្ធតែ មិនត្រូវធាតុ ជាមួយលោកដូណាល់ ត្រាំទាំងអស់។

ប្រធានាធិបតីអាមេរិក​ ជ្រៀតជ្រែក អំណាចតុលាការ

លោក ត្រាំ សរសេរ ក្នុងTwitter របស់គាត់ថា “អ្វីដែលបានកើតឡើង នៅអាមេរិក បង្កឡើយ​ដោយ​ក្រុមFBI គឺជារឿងមួយដ៏អាម៉ាសបំផុត”។ សម្តីចោទប្រកាន់នេះ ធ្ងន់ធរណាស់។ ប្រធានាធិបតីអាមេរិក កម្ររិះគន់ស្ថាប័នយុត្តិធម៌អាមេរិក ដោយចំហរបែបនេះណាស់។ វាបង្ហាញយ៉ាងច្បាស់ថា លោកដូណាល់ ត្រាំ ប្រធានាធិបតី តំណាងឲ្យស្ថាប័ននីតិ​ប្រតិ​បត្តិ​ កំពុងតែ​ចេញ​មុខ​ប្រកាស​សង្រ្គាម ជាមួយ​ស្ថាប័នតុលាការ ប្រព័ន្ធ​យុត្តិធម៌។

មន្ត្រីធំៗ សមាជិកសភា និងព្រឹទ្ធិសភា មកពីបក្សប្រជាធិបតេយ្យ បានលើកឡើងព្រមៗគ្នា ថា សកម្មភាពដែលលោកដូណាល់ ត្រាំ កំពុងធ្វើនេះ គឺជាសកម្មភាព ជ្រៀតជ្រែក មកលើឯករាជ្យភាព នៃប្រព័ន្ធតុលាការ។ ទង្វើនេះ គឺវាប៉ះពាល់យ៉ាងខ្លាំង ទៅលើគោលការណ៍​គ្រិះ នៃការបែងចែងអំណាចរដ្ឋទាំងបី ហើយផ្ទុយពីរដ្ឋធម្មនុញ្ញ។

យ៉ាងណាមិញ អ្នកនយោបាយបក្សប្រជាធិបតេយ្យ ខ្លះ លើកឡើងថា លោកដូណាល់ ត្រាំ កំពុងតែនាំសហរដ្ឋអាមេរិក ឲ្យដើរ ធ្លាក់ចូលទៅក្នុងវិបត្តិរដ្ឋធម្មនុញ្ញ ដោយ​សារ​តែ​សម្តី​ និងការសម្រេច ដោយគ្មានការពិចារណារបស់គាត់។ ស្រួលមិនស្រួលវិបត្តិធម្មនុញ្ញនេះ ​អាចនឹងទាញលោកដូណាល់ ត្រាំ ឲ្យធ្លាក់ពីកៅអីផង ក៏ថាបានដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ