Che Guevara ពីនិម្មិតរូបនៃបដិវដ្តន៍សង្គមនិយម មកជាវត្ថុអនុស្សាវរិយ័ ក្នុងយុគសម័យសកលភាវូបនីយកម្ម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥៣
លោក ឆេ ហ្កេវ៉ារ៉ា ត្រូវបានមនុស្សជាច្រើន ចាត់ទុកថា ជាវីរៈបុរសតស៊ូនៃបដិវដ្តន៍សង្គមនិយម ប្រឆាំងនឹងនយោបាយចក្រព័ត្រមូលធននិយម។ ឆេ ហ្កេវ៉ារ៉ា គឺជាមិត្តរួមអាវុធ របស់លោក ហ្វ៊ីឌែល កាស្ត្រូ អតីតមេដឹកនាំរបស់គុយបា។ ក្នុងវ័យ ៣៩ឆ្នាំ ឆេ ហ្កាវ៉ារ៉ា ត្រូវបានទាហ៊ានបូលីវី ចាប់បាន និងសម្លាប់ចោល នៅថ្ងៃ ទី ៩តុលា ឆ្នាំ១៩៦៧ ដែលតាមការសង្ស័យ គឺជាស្នាដៃរបស់ CIA ។ គឺក្រោយពេល ដែល ត្រូវគេធ្វើឃាត នេះហើយ ទើប កេរ្តិ៍ឈ្មោះ របស់ឆេ ហ្កេវ៉ារ៉ា ចាប់ផ្តើមល្បីរន្ទឺឆ្លងហួសពីគុយបា មកទូទាំងពិភពលោក។ តើ ៥០ឆ្នាំមកនេះ កេរ្តិ៍ដំណែលនៃទ្រឹស្តីសង្គមនិយម របស់ ឆេ ហ្កេវ៉ារ៉ា នៅមានសែសសល់អ្វីខ្លះ នៅគុយបា?
Che Guévara ជានរណា?
ឆេ ហ្កេវ៉ារ៉ា មានឈ្មោះដើមហៅថា Ernesto Rafael Guevara កើតនៅថ្ងៃទី ១៤ មិថុនា ១៩២៨ ក្នុងត្រកូលគ្រួសារស្តុកស្តម្ភ និងមានកំរិតវប្បធម៌ខ្ពស់មួយ នៅអាហ្សង់ទីន។ ជាកូនច្បង ក្នុងចំណោមបងប្អូន៥នាក់ Ernesto មាននិស្ស័យ ចាប់អារម្មណ៍ ពីជីវភាពសង្គម ជីវភាពប្រជាជនក្រីក្រ និងបញ្ហានយោបាយ។
នៅឆ្នាំ១៩៥២ ពេលកំពុងបញ្ចប់ការសិក្សាផ្នែកពេទ្យ នៅក្រុង ប៊ុយណូហ្សែរ Ernesto Rafael Guevara បានសម្រេចចិត្តធ្វើដំណើរ តាមម៉ូតូ ទៅកាន់ភាគខាងជើងប្រទេសឈីលី។ នៅទីនោះ Ernesto Guevara បានឃើញទីតាំងជីករករ៉ែស្ពាន់ ដ៏មហិមាមួយ ឈ្មោះ Chuquicamata និងបានឃើញពីលក្ខខណ្ឌការងារ ដ៏លំបាកលំបិនបំផុត របស់កម្មករជីករ៉ែ នៅទីនោះ ដែលត្រូវក្រុមហ៊ុនរបស់អាមេរិក ជិះជាន់កម្លាំងពលកម្ម។ គឺពេលនោះហើយ ដែល Ernesto Guevara បានចាប់ផ្តើម មានពន្លកចិត្ត ស្អប់ពួកចក្រព័ត្រមូលធននិយម ដែលមានសហរដ្ឋអាមេរិក ជាមេដំបូល។
ក្រោយទទួលបានសញ្ញាប័ត្រវិជ្ជសាស្ត្រ នៅឆ្នាំ១៩៥៣ Ernesto Guevara បានធ្វើដំណើរឆ្លងកាត់តំបន់នានា ក្នុងព្រៃអាម៉ាសហ្សូន ដើម្បីជួបប្រាស្រ័យ និងស្វែងយល់ពីការរស់នៅរបស់ ជនជាតិដើម នៅប្រេស៊ីល នៅ បូលីវី នៅប៉េរូ និងហ្គាតេម៉ាឡាជាដើម។ គឺនៅ ហ្កាតេម៉ាឡានេះហើយ ដែល Ernesto Guevara បានជួបនឹងនារីម្នាក់ ដែលជាសកម្មជនតស៊ូបដិវដ្តន៍នៅប៉េរូ ឈ្មោះ Hildita ហើយបានក្លាយជាប្តីប្រពន្ធនឹងគ្នា។ រដ្ឋប្រហារនៅហ្កាតេម៉ាឡា ជំរុញដោយសហរដ្ឋអាមេរិក បានបង្ខំគូរស្រករទាំងពីរនាក់ ធ្វើដំណើរទៅមិចស៊ិក ដែលនៅនោះហើយ Ernesto Guevara ត្រូវបានសកម្មជនតស៊ូបដិវដ្តន៍សង្គមនិយម ដាក់ឈ្មោះ ថា Che Guevara។
ខែកក្កដា ឆ្នាំ១៩៥៥ Che Guevara បានជួបនឹងហ្វីឌែល កាស្ត្រូ។ អ្នកទាំងពីរ មានការយល់ឃើញដូចគ្នា អំពីចលនាតស៊ូដើម្បីរើបំរះ ចេញពីការជិះជាន់ របស់ចក្រព័ត្រមូលធនអាមេរិក។ មិត្តភាពរបស់បុរសសង្គមនិយមទាំងពីរនាក់ បានចងជាធ្លុងមួយ ដែលបានជំរុញអ្នកទាំងពីរ ឲ្យធ្វើដំណើរទៅគុយបា នៅខែវិច្ឆិកា ឆ្នាំ១៩៥៦ ដើម្បីរំដោះគុយបា ចេញពីរបបផ្តាច់ការ របស់ពួក Batista។ ចលនាបដិវដ្តន៍គុយបា បានចាប់ផ្តើម ដោយ Che Guevara បានកសាងកេរ្តិ៍ឈ្មោះ ជាមេដឹកនាំចលនាតស៊ូ និងជាមនុស្សមានចិត្តស្មោះស្ម័គ្របំផុត នឹងទ្រឹស្តីសង្គមនិយម។ ក្រោយរំដោះបាន គុយបា Che Guevara ត្រូវបានតែងតាំង ឲ្យធ្វើជាប្រធានវិទ្យាសា្ថនកំណែទម្រង់ ជានាយកធនាគារជាតិ ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងជារដ្ឋទូតទំនាក់ទំនងជាមួយប្រទេសសង្គមនិយមជាមិត្ត។
Che Guévara រិះគន់លទ្ធិសង្គមនិយមបែបផ្តាច់ការ របស់សហភាពសូវៀត
គឺក្នុងមុខងារនេះហើយ ដែលធ្វើឲ្យ Che Guevara បានធ្វើដំណើរទៅកាន់ប្រទេសសង្គមនិយមជាច្រើន។ បន្តិចម្តងៗ Che Guevara បានដើរចេញពីគន្លងទ្រឹស្តីសង្គមនិយម ដែលសហភាពសូវៀត បានដឹកនាំ។ ជាច្រើនលើកច្រើនសារ មិនថានៅក្នុងសន្ទរកថា ជាសាធារណៈ ឬលិខិតផ្សេងៗ Che Guevara បានរិះគន់ដោយចំៗ ទៅលើសហភាពសូវៀត ដែលមានទំនោរផ្តាច់ការ កាន់តែខ្លាំង។
ទំនោរផ្តាច់ការរបស់សូវៀត ដែលចាប់សង្កត់ចលនាបដិវដ្តន៍នានានេះ ត្រូវបាន Che Guevara យល់ថា គឺជានយោបាយវាទទី ប្រើឥទ្ធិពល ដែលប្រាសចាកឆ្ងាយ ពីគំនិតដ៏ល្អផូរផង់ នៃទ្រឹស្តីសង្គមនិយម ដែលសំដៅរំដោះប្រទេសផ្សេងៗ ឲ្យមានឯករាជ្យម្ចាស់ការ។ សម្រាប់ Che Guevara ការតស៊ូដើម្បីស្ថាបនារបបសង្គមនិយម ដែលស្អាតស្អំយុត្តិធម៌ ស្មើភាពគ្នានោះ គឺជាការតស៊ូរបស់ពិភពលោក មិនមែនជាការតស៊ូ ដើម្បីតែលើកតំកើងអំណាចកេរ្តិ៍ឈ្មោះ របស់សហភាពសូវៀតនោះទេ។
ទំនោររិះគន់ និងប្រឆាំង មូស្គូ បានធ្វើឲ្យ Che Guevara ត្រូវមេដឹកនាំសូវៀតស្អប់។ ហ្វ៊ីឌែល កាស្ត្រូ ដែលទទួលជំនួយទាំងស្រុង ពីសហភាពសូវៀត បានបង្ខំចិត្ត ដក Che Guevara ឲ្យនៅឆ្ងាយពីឆាកនយោបាយគុយបា។ ខែមេសា ឆ្នាំ១៩៦៥ មុននឹងចាកចេញទៅកុងហ្គោ Che Guevara បានសរសេរលិខិតចុងក្រោយ មួយ ផ្ញើរទៅកូនៗខ្លួន ថា៖ “ចូរកូនតាំងខ្លួនឲ្យមានមនសិកា ចេះឈឺចាប់នៅក្នុងក្រឳបេះដូងរបស់កូន ចំពោះមុខអំពើជិះជាន់ អំពើអយុត្តិធម៌ទាំងឡាយណា ទោះនៅទីណាក៏ដោយ ក្នុងពិភពលោកនេះ។ នេះហើយទើបហៅថាជាលក្ខណៈសម្បតិ្ត នៃអ្នកបដិវដ្តន៍ ពិតប្រាកដ”។
គេធ្វើឃាតនៅបូលីវី
បន្ទាប់ពីបរាជ័យក្នុងការតស៊ូបដិវដ្តន៍នៅកុងហ្គោ Che Guevara បានវិលត្រលប់ មកកាន់ប្រទេសបូលីវី នៅឆ្នាំ១៩៦៦។ ឯកោគ្មានការគាំទ្រ ពីសូវៀត និងក្រុមចលនារំដោះ របស់បូលីវី Che Guevara បានរត់គេចពីកន្លែងមួយទៅកន្លែងមួយក្នុងព្រៃ រហូតទាល់តែកងទ័ពរដ្ឋាភិបាលបូលីវីចាប់ខ្លួនបាន និងសម្លាប់ចោល នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ១៩៦៧។
ឃាតកម្មនេះ ត្រូវបានអ្នកវិភាគប្រវត្តិសាស្ត្រខ្លះ លើកឡើងថា ជាស្នាដៃរបស់ CIA អាមេរិក ដែលសហការជាមួយរដ្ឋាភិបាលបូលីវី។ តែសម្រាប់អ្នកវិភាគមួយចំនួនទៀតវិញ យល់ថា គឺសហភាពសូវៀតឯណោះទៅវិញទេ ដែលអាចនៅពីក្រោយ ឃាតកម្មនេះ។
ក្លាយជានិម្មិតរូបនៃការតស៊ូដើម្បីយុត្តិធម៌ និងសមភាពសង្គម
ទោះអ្នកណានៅពីក្រោយឃាតកម្មនេះ ក៏ដោយ តែការស្លាប់របស់Che Guevara ត្រូវបានរបបដឹកនាំគុយបា ដឹកនាំដោយ ហ្វ៊ីឌែល កាស្ត្រូ ចាត់ទុកជាការបាត់បង់វីរៈបុរសជាតិ។ ហ្វ៊ីដែលកាស្ត្រូ បានធ្វើគ្រប់យ៉ាង ដើម្បីប្រៀបប្រដូច Che Guevara ទៅនឹងអ្នកសាបព្រួសទ្រឹស្តីសាសនាគ្រិស្ត ក្នុងសម័យព្រះយេស៊ូគ្រិស្ត ដែលត្រូវគេសម្លាប់ធ្វើបាប។ ប្រជាជនគុយបា ក៏ដូចជាប្រជាជននៅអាមេរិកឡាទីនទូទៅ ដែលជាគ្រិស្តសាសនិក ដ៏ខ្ជាប់ខ្ជួននោះ បានគោរព លើកតំកើង Che Guevara ជានិម្មិតរូបនៃការតស៊ូបដិវដ្តន៍ ដើម្បីយុទ្ធធម៌សង្គម ប្រឆាំងនឹងលទ្ធិមូលធននិយម។
ក្នុងបរិបទសង្រ្គាមត្រជាក់ សង្រ្គាមនៅវៀតណាម ឈ្មោះរបស់Che Guevara បានក្លាយទៅជានិម្មិតរូបនៃការតស៊ូមតិ ប្រឆាំងនឹងនយោបាយចក្រព័ត្រវាទទីរបស់សហរដ្ឋអាមេរិក។ យុវជនអាមេរិក បានពាក់អាវមានរូប Che Guevara ដើម្បីតវ៉ា ប្រឆាំងនិងសង្រ្គាមនៅវៀតណាម។ ទីណាមាន ការតស៊ូរើបំរាស់ ដើម្បីយុទ្ធធម៌ និងសមភាព ទីនោះ គឺមានគេតាំងរូបថត របស់ Che Guevara។
ថ្វីបើត្រូវចាត់ទុកថា ជាវីរៈបុរសចលនាបដិវដ្តន៍ តែសម្រាប់ អ្នកប្រវត្តិសាស្ត្រមួយចំនួន បានលើកឡើងថា គេមិនត្រូវភ្លេចទេថា Che Guevara គឺជាមេបះបោរកុម្មុយនីស្តិ ដែលងប់ងុល នឹងទ្រឹស្តី Max-Lénine។ Che Guevara មិនខ្លាចនឹងសម្លាប់ ឬធ្វើបាបអ្នកប្រឆាំង ជិះជាន់សិទ្ធិសេរីភាពអ្នកផ្សេងទេ ដើម្បីសម្រេចបាននូវនយោបាយសង្គមនិយម ដ៏ល្អផូរផង់ ដែលខ្លួនជឿលង់។
៥០ឆ្នាំមក្រោយ ក្លាយត្រឹមជា វត្ថុអនុស្សាវរិយ៍សម្រាប់ពួកទេសចរណ៍ ទៅលេងគុយបា
៥០ ឆ្នាំក្រោយមរណៈភាព Che Guevara នៅតែស្ថិតក្នុងដួងព្រលឹងរបស់មនុស្សមួយចំនួន។ រូបភាព និងកេរ្តិ៍ឈ្មោះរបស់ Che Guevara ត្រូវបានគេយកទៅប្រើប្រាស់យ៉ាងទូលំទូលាយ មិនថានៅគុយបា ឬនៅប្រទេសផ្សេង។ ខ្សែភាពយន្ត សៀវភៅ ជាច្រើន ដែលថ្លែងពីប្រវត្តិជីវិត និងការតស៊ូ របស់Che Guevara ត្រូវបានគេផលិតឡើងយ៉ាងច្រើនសន្ធឹក។
៥០ ឆ្នាំក្រោយមកនេះ សេចក្តីស្រម៉ៃនៃការកសាងពិភពលោក ស្ថិតក្នុងទ្រឹស្តីសង្គមនិយមស្មើភាព គ្មានអំពើអយុត្តិធម៌ គ្មានការជិះជាន់ ដែលChe Guevara ស្រម៉ៃចង់បាន បានខ្សត់ខ្សោយពន្លឺ សឹងតែទាំងស្រុង។ ហ្វ៊ីឌែល កាស្ត្រូ បានចាកឆ្ងាយពីគុយបា ទុកឲ្យគុយបាប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ ជាមួយនឹងសហរដ្ឋអាមេរិក។ ភាពស្មោះស្ម័គ្រលើទ្រឹស្តីសង្គមនិយម របស់គុយបា ក៏បានធ្វើឲ្យប្រជាជនអស់សង្ឃឹម និងរស់នៅក្នុងភាពក្រីក្រ លំបាក ដាច់ឆ្ងាយពីប្រទេសដទៃ។
ជាមួយនឹងការ បើកចំហរទ្វារសន្សឹមៗសាជាថ្មី គុយបា ត្រូវបង្ខំចិត្ត បំភ្លេចក្តីស្រម៉ៃក្នុងអតីតកាល ហើយទទួលយកនូវរបត់សេដ្ឋកិច្ចថ្មី ក្នុងពិភពសកលភាវូបនីយកម្ម។ អ្នកដែលមានសញ្ញាប័ត្រធំៗ ចេញពីសហភាពសូវៀត នៅឆ្នាំ ១៩៨០ ត្រូវបង្ខំចិត្តធ្វើជាបុគ្គលិក សណ្ឋាគារ ឬជាអ្នកបើកតាក់ស៊ីឲ្យពួកទេសចរណ៍បរទេស នៅឆ្នាំ ២០១៧។ រូបថត ឬ វត្ថុអនុស្សាវរីយ៍ ដែលមានរូប Che Guevara ដែលផលិតនៅចិន ត្រូវបានគេដាក់តាំងលក់ យ៉ាងព្រោងព្រាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេស ដែលមកលេងគុយបា។ ពីអ្នកតស៊ូ បដិវដ្តន៍សង្គមនិយម ប្រឆាំងនឹងរបបមូលធននិយម ក្នុងទសវត្សឆ្នាំ ៥០ តែនៅឆ្នាំ ២០១៧ Che Guevara បានក្លាយមកជានិម្មិតរូប នៅក្នុងវត្ថុអនុស្សាវរិយ៍ ដែលផលិតឡើង និងចែកចាយលក់ នៅក្នុងចរន្តសេដ្ឋកិច្ចទីផ្សារសេរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ