អានតួអត្ថបទ
អាមេរិក

សហគមន៍​អន្ដរជាតិ​ប្ដេជ្ញា​បន្ត​អនុវត្ត​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ ទោះ​គ្មាន​វត្តមាន​អាមេរិក

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្រកាស​ពី​ការ​ដក​ខ្លួន​របស់​អាមេរិក ចេញ​ពី​កិច្ច​ព្រម​ព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​។ ការ​ដក​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ស្ដី​ពី​អាកាស​ធាតុ ត្រូវ​បាន​លោក ដូណាល់ ត្រាំ ពន្យល់​ថា ធ្វើ​ឡើង​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​អាមេរិក​។ បើ​តាម​លោក​ត្រាំ កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ​ផ្ដោត​តិច​តួច​ណាស់​ទៅ​លើ​បញ្ហា​អាកាស​ធាតុ​។ ផ្ទុយ​ទៅ​វិញ វា​បាន​ផ្ដល់​ឱកាស​ឲ្យ​ប្រទេស​ដទៃ ដូច​ជា ចិន​និង​ឥណ្ឌា ទាញ​យក​ផល​ចំណេញ​ពី​វិស័យ​ឧស្សាហកម្ម និង​បំផ្លាញ​ការងារ​របស់​ប្រជាជន​អាមេរិកាំង។ និង​ថា លោក​មិន​អាច​គាំទ្រ​កិច្ច​ព្រម​ព្រៀង​ដែល​ដាក់​ទណ្ឌកម្ម​លើ​សហរដ្ឋ​អាមេរិក​ដូច្នេះ​បាន​ឡើយ​។ គួរ​កត់​សម្គាល់​ថា បន្ទាប់​ពី​ការ​ដក​ខ្លួន​របស់​អាមេរិក បណ្ដា​ប្រទេស​ធំ​ៗ​លើ​ពិភព​លោក បាន​សម្ដែង​ការ​ខក​ចិត្ត​ ប៉ុន្តែ​ប្ដេជ្ញា​ថា នឹង​បន្ត​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​បើ​ទោះ​បី​ជា​គ្មាន​វត្តមាន​អាមេរិក​ក៏​ដោយ។

©REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង ជឿ​ថា លោក​ដូណាល់​ត្រាំ បាន​ប្រព្រឹត្ត​កំហុស​ជា​ប្រវត្តិសាស្ត្រ នៅ​ពេល​សម្រេច​ចិត្ត​ដក​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​ទីក្រុង​ប៉ារីស​។ តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​តាម​ទូរទស្សន៍ លោក ម៉ាក្រុង បាន​ឆ្លៀត​ឱកាស អញ្ជើញ​អ្នក​វិទ្យាសាស្ត្រ និង​ពាណិជ្ជករ ឲ្យ​មក​រស់​នៅ​និង​ធ្វើ​ការ​នៅ​ប្រទេស​បារាំង ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​អាកាសធាតុ​និង​បរិស្ថាន​។ លោក​បាន​ជំរុញ​ឲ្យ​អ្នក​ការពារ​បរិស្ថាន ជួយ​ធ្វើ​ឲ្យ​ភព​ផែន​ដី​នេះ​ល្អ​ប្រសើរ​ឡើង​វិញ។

ក្រៅ​ពី​សេចក្ដី​ថ្លែងការណ៍​ផ្ទាល់​របស់​ប្រធានាធិបតី បារាំង​ក៏​បាន​ចូល​រួម​ជាមួយ​អាឡឺម៉ង់​និង​អ៊ីតាលី ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ រិះគន់​ការ​សម្រេច​ចិត្ត​របស់​លោក​ដូណាល់ ត្រាំ​។ នាយករដ្ឋ​មន្ដ្រី​កាណាដា​ឯណោះ​វិញ បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ លោក​ក៏​រំភើប​ណាស់​ដែរ នៅ​ពេល​ដែល​ឃើញ​ពិភពលោក​ទាំង​មូល ស្រុះ​ស្រួល​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ។

ដោយ​ឡែក ប្រទេស​ជប៉ុន​ ប្រដូច​ការ​ដក​ខ្លួន​របស់​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ទៅ​នឹង​ការ​បែរ​ខ្នង​ដាក់​ឧត្តម​គតិ​នៃ​មនុស្ស​ជាតិ។ រដ្ឋ​មន្ដ្រី​បរិស្ថាន​ជប៉ុន​បាន​ថ្លែង​ថា លោក​មិន​ត្រឹម​តែ​ខក​ចិត្ត​ទេ។ លោក​ថែម​ទាំង​ខឹង​ទៀត​ផង​ចំពោះ​ការ​ដក​ខ្លួន​របស់​អាមេរិក​នេះ។

ចិន ដែល​ជា​ប្រទេស​បង្ហុយ​ឧស្ម័ន​ពុល​ច្រើន​ជាង​គេ​លើ​លោក តាម​រយៈ​នាយក​រដ្ឋមន្ដ្រី​ចិន លី ខឺឈាំង បាន​អះអាង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ចិន​ថា នឹង​នៅ​តែ​បន្ត​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​អាកាស​ធាតុ​។ ភ្លាម​ៗ​នោះ​ ឥណ្ឌា និង​សហភាព​អឺរ៉ុប បាន​ប្ដេជ្ញា​ចិត្ត​ដូច​ចិន​ដែរ គឺ​បន្ត​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​បើ​ទោះ​បី​ជា​គ្មាន​វត្តមាន​អាមេរិក​ក៏​ដោយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ