អានតួអត្ថបទ
អាល្លឺម៉ង់

លោកស្រី ​មែរកិល ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ អាណត្តិ​ទី​៤

នៅ​អាល្លឺម៉ង់! ក្រោយ​ជាប់​គាំង​រដ្ឋាភិបាល​ ជាង​៥ខែ​មក ថ្ងៃអាទិត្យ​ ទី​៤មីនា គណបក្ស​អភិរក្ស​និយម​​ របស់​លោក​ស្រី មែរកិល បាន​សម្រេច​ការ​ចរចាដោយ​ជោគជ័យ​ ជាមួយ បក្ស​សង្គមប្រជាធិបតេយ្យ ដើម្បី​​បង្កើត​រដ្ឋាភិបាលចម្រុះ​​ថ្មី។ លោកស្រី អង់ហ្គឺឡា ​មែរកិល នឹងក្លាយ​ជា​នាយករដ្ឋមន្ត្រី ភេទស្រីទី​១​លើ​ពិភពលោក ដែល​កាន់​តំណែង​ដឹកនាំរដ្ឋ​យូរ​ជាង​គេបំផុត គឺ​៤អាណត្តិ​​ តាម​រយៈ​ការ​បោះឆ្នោតដោយប្រជាធិតេយ្យ។

អធិការបតីអាល្លឺម៉ង់ លោកស្រី មែរកិល
អធិការបតីអាល្លឺម៉ង់ លោកស្រី មែរកិល REUTERS/Hannibal Hanschke
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបាន​​​ស្រុះ​ស្រួល​គ្នា រដ្ឋាភិបាល​ចម្រុះ​​ថ្មីរបស់​អាល្លឺម៉ង់ នឹងចាប់​​ផ្តើមដំណើរ​ការការងារ​​នៅ​ពាក់កណ្តាល​​ខែ​នេះ គឺ​នៅថ្ងៃទី​១៤មីនា ដែល​សភាអាល្លឺម៉ង់​ត្រូវ​បោះឆ្នោត​ផ្តល់​សេចក្តីទុក​ចិត្តជាផ្លូវការ​សាជា​ថ្មី​​ឲ្យ​លោកស្រី មែរកិល​ ដឹកនាំ​រដ្ឋាភិបាល​តទៅទៀត​។

ជាក់​ស្តែទៅ គណបក្ស​អភិរក្ស​និយម​​ CDU របស់​លោក​ស្រី​ បាន​ឈ្នះ​ឆ្នោត​ និង​ទទួល​លទ្ធផល​នាំ​មុខ​គេ  នៅក្នុងការ​បោះឆ្នោត​ពីថ្ងៃទី ២៤ កញ្ញា ២០១៧   ប៉ុន្តែ​បក្សនេះ​គ្មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​សម្រាប់​បង្កើត​​រដ្ឋា​ភិបាល​ តែ​ម្នាក់​ឯង​ទេ។ ដំបូង​ឡើយ លោកស្រី​ មែរកិល ត្រូវ​ចរចាជា​មួយ​បក្ស​ផ្សេង​ទៀត​ ដើម្បី​ធ្វើ​​រដ្ឋាភិបាល​ចម្រុះ។ កាលពី​ខែ​វិច្ឆិកាឆ្នាំ២០១៧ លោកស្រី​មែរកិល​ បាន​ទៅចរចា​ជាមួយ​នឹង​បក្ស​បរិស្ថាននិង​អ្នក​សេរីនិយម ប៉ុន្តែ​មិន​បានផល ទើបជា​នាំឲ្យ​អាល្លឺម៉ង់ឲ្យ​​ជាប់​គាំង​នយោបាយ។

នៅ​ទីបំផុត ខែ​មករា លោកស្រី ​មែរកិល បាន​បោះដៃ​ចរចាជាមួយបក្ស​សង្គម​ប្រជាធិបតេយ្យ SPD។ បក្ស SPD នេះ ពីមុន​​ធ្លាប់ធ្វើ​​រដ្ឋាភិបាល​ចម្រុះ​ជា​មួយ​បក្ស​លោកស្រី​មែរកិល ដឹកនាំ​ប្រទេសគ្នា​​រួច​មកហើយ​ ពី​ឆ្នាំ​ ២០១៣-ដល់​២០១៧  ​បក្ស​នេះចង់ធ្វើ​ជា​បក្ស​ប្រឆាំង ​ក៏ប៉ុន្តែនៅចុងបំផុត ក៏​​ប្រែ​ចិត្ត​ ត្រលប់​មកចូល​តុ​ចរចា បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គ្នា​​វិញ។

សូម​ជ្រាប​ថា សភាអាល្លឺម៉ង់មាន​ អាសនៈ៧០៩។ បក្ស​របស់​លោកស្រីទទួល​បានអាសនៈ​២៤៦​ច្រើន​ដាច់​គេមែន តែមិន​គ្រាប់គ្រាន់​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯងទេ ចាំបាច់ត្រូវ​ចង់​សម្ព័ន្ធភាព ជាមួយ​បក្ស​សង្គម​ប្រជាធិបតេយ្យ ដែល​មាន​កៅអី​១៥៣ បូកបញ្ចូលគ្នា គឺ​៣៩៩ ដើម្បី​ល្មម​អាច​មាន​សំឡេង​ភាគច្រើនដាច់ខាត់ បង្កើត​រដ្ឋាភិបាល​បាន​។ ​បក្ស​ទាំង​ពីរ​មាន​គោលនយោបាយ​ប្រឆាំង​គ្នា​ច្រើន​ ទាមទារត្រូវជជែក​​​ចរចាគ្នាយូរ ហើយសរសេរ​កម្មវិធី​នយោបាយ​ឡើងវិញ ដើម្បី​ឲ្យ​ដើរ​ស្រប​គ្នា ក្នុងការ​ដឹកនាំ​រដ្ឋាភិបាល​ទៅថ្ងៃ​​ខាងមុខ​។ ដូច្នេះហើយ ទើប​ស៊ី​ពេល​អស់​ជិត​ពីរខែ ដែល​ទើបតែ​សម្រេច​ការ​ព្រមព្រៀង​ចុងក្រោយ ជាផ្លូវ​ការ​មែនទែន​​នៅ​ថ្ងៃ​អាទិត្យ ទី​៤មីនា​។

ភ្លាមៗ លោកស្រី មែរកិល បាន​ប្រកាសថ្លែង រដ្ឋាភិបាល​ចម្រុះ​ថ្មីរបស់​លោកស្រី នឹង​ដឹកនាំ​អា​ល្លឺម៉ង់ ទៅ​រក​សុខុមភាព ហើយ​និង​ជំរុញ​សហភាព​អឺរ៉ុប​ឲ្យ​កាន់តែប្រសើរ។ ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង ក៏​បាន​ថ្លែង​អបអរសាទរ ដោយ​សប្បាយ​ចិត្តថា​នឹង​បាន​ចាប់​ដៃ​ធ្វើការ​ជាមួយ​គ្នា​ ឲ្យ​បាន​ឆាប់​ដើម្បីបង្កើន​​សន្ទុះ​នៃ​សហគមន៍​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ