អានតួអត្ថបទ
​​អាល្លឺម៉ង់

ក្រសួង​​ការពារជាតិ​​អាល្លឺម៉ង់​​​ចេញ​បញ្ជា​​អោយ​ចុះ​ត្រួតពិនិត្យ​គ្រប់​​បន្ទាយ​​ទាហាន​​​​​

ថ្ងៃអាទិត្យ​នេះ ក្រសួងការពារ​ជាតិអាល្លឺម៉ង់​បាន​​​ប្រកាស​ថា ​បាន​ចេញ​បញ្ជា​អោយ​ចុះត្រួតពិនិត្យ​គ្រប់​បន្ទាយ​ទាហាន​ទាំងអស់ក្នុងស្រុក​ ក្រែង​មាន​រូបសញ្ញា​រឺ​វត្ថុ​សល់​ពី​ជំនាន់​ទាហាន​ណាហ្ស៊ី​អាល្លឺម៉ង់។ ការ​ប្រកាស​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​រឿងអាស្រូវ​រកឃើញ​វត្ថុ​សេសសល់​​ពី​ទាហាន​ណាហ្ស៊ី​នៅ ​បន្ទាយ​ទាហាន​២កន្លែង។ 

រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ លោកស្រី​ ​Ursula von der Leyen
រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ លោកស្រី​ ​Ursula von der Leyen REUTERS/Vincent Kessler
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការពារជាតិ​អាល្លឺម៉ង់​មិនចង់​បន្ត​ឃើញ​រឿងអាស្រូវ​​ទាក់ទង​វត្ថុ រឺ​​របស់របរ​សេសសល់​​ពី​ទាហាន​ណាហ្ស៊ី តទៅទៀតទេ។ កាលពី​ថ្ងៃសៅរ៍ ​អាល្លឺម៉ង​​បាន​ប្រកាស​ថា បាន​រកឃើញ វត្ថុ​​​សេសសល់​​របស់​ទាហាន​​ណាហ្ស៊ី នៅ​​បន្ទាយ​ទាហាន​២កន្លែង គឺ​នៅភាគខាង​អាគ្នេយ៍ និង​នៅ​ភាគ​ខាងត្បូង​ខែត្រ​Strasbourg របស់​បារាំង។ បន្ទាយ​ទាហាន​មួយនេះ​ ជា​​បន្ទាយ​ទាហាន​ទ័ព​បារាំងនិងអាល្លឺម៉ង់​រួមគ្នា។

វត្ថុ​សេសសល់​បែប​អនុស្សាវរីយ៍ ​​សម្គាល់​​​ទាហាន​ណាហ្ស៊ី ជំនាន់​ឆ្នាំ​១៩៣៥ទៅ​១៩៤៥។ ​​អាជ្ញាធរ​រកឃើញ​​ ដូចជា​​មួក កាំភ្លើង រឺ​ក៏​រូបថត​ទាហាន​ណាហ្ស៊ី​ជាដើម នៅបន្ទាយ​ទាហាន​ទាំង២​កន្លែង​នេះ។ នៅបន្ទាយ​ទាហាន​បារាំង​និង​អាល្លឺម៉ង់​​ដែល​គេរកឃើញ​វត្ថុ​ទាំងនេះ​ កាលពី​សប្តាហ៍​មុននេះ អាជ្ញាធរ​អាល្លឺម៉ង់​​​បាន​ចាប់ខ្លួន​​មន្ត្រី​ទាហានជ្រុលនិយមប្រកាន់​ពូជសាសន៍​​​​មួយរូប ​ដែល​ជាប់សង្ស័យ​ថា ​បន្លំខ្លួន​​ធ្វើ​ជា​ជនភៀសខ្លួន​ស៊ីរី ដើម្បី​​ធ្វើ​ភេរវកម្ម​​ប្រឆាំង​នឹង​អ្នកនយោបាយ​​និង​បុគ្គល​សំខាន់ៗឆ្វេង​និយម​ នៅអាល្លឺម៉ង់​។ យោងតាម​សារព័ត៌មា​នក្នុងស្រុក​អាល្លឺម៉ង់ ទាហាន​​រូបនេះ ចង់​ធ្វើឃាត​រដ្ឋមន្ត្រី​យុត្តិធម៌​ និង​អតីត​ប្រធានាធិបតី Joachim Gauck ​រួមទាំង​​តំណាង​សហគមន៍​ជនជាតិ​ជី្វហ្វ​និង​អ៊ីស្លាម​ផងដែរ។ ​

លោកស្រី​រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ Ursula Von der Leyen ដែល​ជិតដិត​នឹងលោកស្រី​មែរគែល ​​ប្រាប់ថា ​មិន​អន់​ឧន​​ដាច់ខាត​បើ​មាន​ការ​​​គោរពបូជា​​ទាហាន​ណាហ្ស៊ី។ លោកស្រី​បាន​ស្នើ​អោយ​​​ទាហាន​អាល្លឺម៉ង់​ធ្វើខ្លួន​អោយត្រឹមត្រូវ ចៀសវាង​​និន្នាការ​ជ្រុលនិយម​ប្រកាន់​ពូជសាសន៍។ លោកស្រី បាន​បន្ទោស​ថា កងទ័ព​គួរតែ​ប្រកាន់​វិន័យ​ប្រឆាំង​នឹង​អ្នកគាំទ្រ​ស្តាំនិយមជ្រុល​តាំង​ពី​ដំបូង​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ