អានតួអត្ថបទ
រុស្ស៊ី

អាជ្ញាធររុស្ស៊ី ធ្វើការឆែកឆេររង្គាល ទល់នឹងក្រុមមេប្រឆាំងឈ្មោះ Navalny

ថ្ងៃព្រហស្បតិ៍ ទី​១២កញ្ញា ប៉ូលីសរុស្ស៊ី បានវាតប្រតិបត្តិការឆែកឆេរទ្រង់ទ្រាយធំ ទល់នឹងបណ្តាសហការីរបស់មេប្រឆាំងឈ្មោះ Alexei Navalny ដែលក្នុងរដូវក្តៅនេះ បានបំបះរលកតវ៉ា ទាក់ទងនឹង ការបោះឆ្នោតជ្រើសរើស សភាខេត្តក្រុងម៉ូស្គូនីតិកាលថ្មី ជាទីដែល បេក្ខជនជាច្រើនគ្នីគ្នាគាត់ មិនបានទទួល សិទ្ធិចូលប្រឡូកនឹងគេ។ ជាលទ្ធផលនៃការកកូរកកាយរុករក សឹងពេញទូទាំងប្រទេស មានរឹបអូសយកបាន សម្ភារៈ និង បង្កកគណនី ក្រុមប្រឆាំងនោះ។

លោក Alexeï Navalny នៅក្នុង​មណ្ឌលបោះឆ្នោត​កាល​ពី​សប្តាហ៍​មុន សម្រាប់ការ​ជ្រើសរើសអភិបាលក្រុង Moscou
លោក Alexeï Navalny នៅក្នុង​មណ្ឌលបោះឆ្នោត​កាល​ពី​សប្តាហ៍​មុន សម្រាប់ការ​ជ្រើសរើសអភិបាលក្រុង Moscou REUTERS/Tatyana Makeyeva
ផ្សាយពាណិជ្ជកម្ម

“ គឺជា ប្រតិបត្តិការប៉ូលីសធំបំផុត ក្នុងប្រវត្តិប្រទេសរុស្ស៊ី សម័យថ្មី “ -ជាសេចក្តី​ដែល​លោក Navalny បានប្រកាស ក្នុងសារមួយចុះផ្សាយលើ Blog គាត់។ តាមយោបល់គាត់ ៖ ប្រតិបត្តិការនេះ បញ្ឆេះ ដោយ បរាជ័យនៃបក្ស កាន់អំណាច ដែលក្នុងការបោះឆ្នោតសភាខេត្តក្រុងម៉ូស្គូ កន្លងទៅ បានបាត់បង់អាសនៈអស់ប្រមាណ ១ភាគ៣។

យុទ្ធិកជននេះ ខាងប្រយុទ្ធទល់នឹងអំពើពុករលួយ ក្នុងវ័យ៤៣ ឆ្នាំ ហើយដែលអង្គការគាត់ខាងប្រយុទ្ធនេះ។  តាំងពីខែសីហាមក អង្គការរបស់គាត់​ បាន​ក្លាយជាផ្ទាំងស៊ីប នៃការអង្កេត តាមបទ” លាងលុយ” ។ សរុបទៅ ប្រតិបត្តិការឆែកឆេរនេះ មានចំនួនជាង ២០០ បានប្រព្រឹត្តទៅ យ៉ាងហោចណាស់ នៅតាមក្រុងចំនួន៤១ ជាទីដែលមាន ក្រុមគាត់ធ្វើការ​។

លោក Leonid Volkov ដៃស្តាំរបស់មេប្រឆាំង បានលម្អិតថា ៖ ស៊ីបនៃប្រតិបត្តិការ គឺ “ លំនៅដ្ឋាន និង ការិយាល័យ របស់ ក្រុមដែលសហការ ព្រមទាំងគេហដ្ឋាន ក្រុមសកម្មជនស្ម័គ្រចិត្ត។ ពួកសកម្មជន អះអាងថា នៅក្រុង Perm  កម្លាំងរក្សាសណ្តាប់ធ្នាប់ ថែមទាំងលុកចូលលំនៅពួកគេ តាមបង្អូចទៅផង។

ក្រុមលោក Navalny ក៏ថ្លែងទៅ AFP ថា៖ ពួកប៉ូលីស បានវត្តមាននៅពីមុខការិយាល័យគេ ក្នុងក្រុងម៉ូស្គូ ។ សប្តាហ៍មុន លំនៅទាំងនេះ និង ស្ទូឌីយោ ថតសំឡេង របស់ក្រុម បានរងទៅហើយនូវការឆែកឆេរ។ សម្រាប់ពួកអ្នកគាំទ្រក្រុមប្រឆាំង ប្រតិបត្តិការឆែកឆេររង្គាលនេះ គឺបណ្តាលមកពី ចលនាតវ៉ាខ្នាតធំមិនធ្លាប់ មានដូច គិតតាំងពីឆ្នាំ ២០១២ មក ដែលកាលណោះ មានរលកបោកបក់សែនខ្លាំង ប្រឆាំងនឹងការត្រឡប់  ចូលវិមានក្រេមឡាំងវិញ នៃលោក វ៉្លាឌីមៀរ ពូទីន។

ក្នុងរដូវក្តៅឆ្នាំនេះ បាតុកម្មប្រឆាំងប្រព្រឹត្តទៅ សឹងរាល់ តែថ្ងៃសៅរ៍ តាំងពីកណ្តាលខែកក្កដាមក តវ៉ាទល់នឹង ការឆូតឈ្មោះក្រុមបេក្ខជនគ្នីគ្នាលោក Navalny មិន ឲ្យចូលប្រកួត ដើម្បីដណ្តើមយក អាសនៈក្នុងសភាខេត្តក្រុងម៉ូស្គូ។

ក្នុងការបោះឆ្នោត នាថ្ងៃអាទិត្យកន្លងទៅ ក្រុមបេក្ខជនខាងបក្សកាន់អំណាច បាត់បង់អស់សឹង ១ភាគ៣ នៃអាសនៈខ្លួន បើប្រៀបទៅនឹង សភាខេត្តក្រុងម៉ូស្គូ នីតិកាលមុន។

ចំណែក បេក្ខជនខាងបក្សកុម្មុយនិស្ត ដែលក្នុងនីតិកាលមុន បានមានតែ ៥ អាសនៈ ក្នុងចំណោម ៤៥ អាសនៈនៃសភា លើកនេះ ដណ្តើម បានដល់ទៅ ១៣ អាសនៈ ក៏ ដោយសារ ការអំពាវនាវ របស់លោក Navalny ឲ្យបោះឆ្នៅត គាំទ្រទៅ បេក្ខជនខាងបក្សកុម្មុយនិស្តដែល តាមមតិគាត់ គឺ “ប្រាជ្ញាជាង”។

ស្របនឹងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី the Bell ប្រតិបត្តិការប៉ូលីសលើកនេះ គឺ ដើម្បីរាំងរា កុំឲ្យអង្គការរបស់លោក Navalny រីកលូតលាស់នៅខេត្ត គ្រាន់នឹងបញ្ចៀស កុំឲ្យរដ្ឋអំណាចស្រងាកចិត្ត នឹងលទ្ធផលនៃ ការបោះ ឆ្នោត ដូចករណី នៅម៉ូស្គូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ