អានតួអត្ថបទ
ចិន-នូវែលសេឡង់

ផលិតផល​ធ្វើពី​ទឹកដោះគោ​របស់​ក្រុមហ៊ុន​ Fonterra​ ​មាន​ជាតិពុល​តុកស៊ីន​

ក្រុមហ៊ុនអាហារ​ Fonterra​ ដែល​ជា​ក្រុមហ៊ុន​នាំចេញ​ផលិត​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ ដ៏​ធំ​បំផុត​នោះ បាន​ទទួលស្គាល់​ កាលពី​ចុងសប្តាហ៍​កន្លងទៅ​​ថា ​ផលិតផល​ខ្លួន​មួយ​ចំនួន​​មាន​ជាតិ​ពុល​តុកស៊ីន ​​បង្ក​ឡើង​ដោយ​ជាតិ​សាច់​ស្អុយរលួយ។​​ ដោយសារ​បញ្ហាជាតិ​​​​ពុល​នេះ ប្រទេស​ចិន​បាន​​ព្យួរ​ចោល​ការនាំចូល​​ម្សៅទឹកដោះ​គោផលិត​ដោយ​ក្រុមហ៊ុន​នេះ ព្រមទាំង​​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ម៉ាក​ ដាណុនផងដែរ។ នៅ​ថ្ងៃ​ចន្ទនេះ ក្រុមហ៊ុន​ Fonterra បាន​ធ្វើការ​សុំទោស​ប្រទេស​​ចិន តែ​​មិន​ភ្លេច​នឹង​បដិសេធថា ខ្លួន​មិន​បាន​ព្យាយាម​បិទបាំង​ព័ត៌មាន​​ទាំងនេះឡើយ។ នៅថ្ងៃ​ចន្ទ​នេះ​ដែរ រុស្ស៊ី​បាន​ហាមឃាត់​ការ​នាំចូល​ផលិតផល​​ក្រុមហ៊ុន Fonterra ក្នុង​ប្រទេស​ខ្លួន។

អតិថិជន​ត្រូវ​បាន​អនុញ្ញាត​អោយ​ជ្រើស​យក​ផលិតផល​ម្សៅទឹកដោះ​គោ Dumex នៅ​ផ្សារ​ Hefei ខេត្ត​ Anhui ប្រទេស​ចិន។
អតិថិជន​ត្រូវ​បាន​អនុញ្ញាត​អោយ​ជ្រើស​យក​ផលិតផល​ម្សៅទឹកដោះ​គោ Dumex នៅ​ផ្សារ​ Hefei ខេត្ត​ Anhui ប្រទេស​ចិន។ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ចន្ទ​នេះ នៅ​ក្រុងប៉េកាំង ប្រទេស​ចិន លោក Theo Spierings ដែល​ជា​អគ្គ​នាយក​​នៃ​ក្រុមហ៊ុន Fonterra បានធ្វើការ​សុំទោស​​​ប្រទេស​ចិន ដោយ​សារ​តែ​ផលិតផល​ធ្វើពី​ទឹកដោះគោ​របស់​ខ្លួន ដែល​នាំ​ចូល​ទៅប្រទេស​ចិន​នោះ មាន​ជាតិ​ពុល​តុកស៊ីន បង្កឡើង​ដោយ​ជាតិសាច់ស្អុយរលួយ។ លើសពីនេះ ផលិតផល​ភេសជ្ជៈ​សំរាប់​កីឡាករ របស់​ក្រុមហ៊ុននេះ ក៏​មាន​ជាតិ​តុកស៊ីន​ផងដែរ។​ គួរ​បញ្ជាក់ថា ជាតិ​តុកស៊ីន​អាច​នាំ​អោយ​រង​ពិការភាព រឺក៏​គ្រោះថា្នក់​រហូត​ដល់​ស្លាប់​ទៀតផង។​

ក្រុមហ៊ុន​​អាហារ​ Fonterra ​បាន​​ប្រាប់​ថា​​បាន​នាំ​ចេញ​​​ផលិតផល​ធ្វើ​ពី​ទឹកដោះ​គោ​​ដែល​មាន​បញ្ហាជាតិ​ពុល​នេះ​ ទៅ​ប្រទេស​ចិន ម៉ាឡេស៊ី វៀតណាម ថៃ​ និង​អារ៉ាប៊ីសាអ៊ូឌីត។ ផលិតផល​​​ទាំងនេះគឺ​ជា​ផលិតផល​ទឹកដោះគោ​សំរាប់​​​ទារក។ សហគ្រាសផ្សេងៗ​ដូច​ជា​ Dumex Baby Food ដែល​ជា​សាខា​​មួយ​​នៃ​​ម៉ាក​បារាំង​​ Danone ​​និង​សាខា​​ពីរ​ទៀត​នៃ​ក្រុមហ៊ុន​ចិន ​Wahaha  បាន​​ទិញ​ផលិតផល​​ពី​ក្រុមហ៊ុន ហ្វុនទែររ៉ា។ ក្រុមហ៊ុន​ម៉ាក​​​ដាណុន​ ​បាន​​ប្រាប់​ថា ផលិតផល​ខ្លួន​ប្រហែល​ជា​អាច​ខូច​គុណភាព ដោយ​សារ​ជាតិ​ពុល​នេះ។

បន្ទាប់​ពី​ជួប​​បញ្ហា​​នេះមក​ ប្រទេស​ចិនបាន​ព្យួរ​​​ការ​នាំ​ចូល​ផលិតផល​ធ្វើពី​ទឹកដោះគោ​មួយ​ចំនួន​ពី​ប្រទេស​នូវេលហ្សេឡង់ និង​អូស្ត្រាលី ព្រោះ​ថា​នៅ​​អូស្ត្រាលី​ ក៏​អាច​មាន​ផលិតផល​នាំមក​ពី​នូវេលហ្សេឡង់​​​ដែរ។ កាលពី​ឆ្នាំ​មុន ចិន​បាន​នាំ​ចូល​ក្នុង​ស្រុក​នូវ​ម្សៅ​ទឹកដោះគោ​ ក្នុង​តំលៃ​ទឹកប្រាក់​​១ពាន់​លាន ៩សែន​ដុល្លារ។ ផលិតផល​ទាំងនេះ ភាគច្រើន​​មកពី​នូវេលហ្សេឡង់។ នាយករដ្ឋមន្ត្រី​នូវេលហ្សេឡង់​ John Key បរិហារ​ថា​ មិនយល់សោះឡើយ​ថា​ហេតុ​អ្វី​​​ក្រុមហ៊ុន​ ហ្វុងទែររ៉ា ជូន​​ព័ត៌មានដ៏​អាសន្នបែប​​​​នេះ ​​យឺតយ៉ាវ​ម្ល៉េះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ