អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បញ្ហា​អាកាសធាតុ​អាចជា​មូលហេតុ​នៃ​គ្រោះថ្នាក់​យន្តហោះ​អាល់ហ្សេរី​ តែ​បារាំង​​គិតគូរ​​លើ​គ្រប់​សម្មតិកម្ម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សុក្រ​នេះ ​ប្រធានាធិបតី​បារាំង​បាន​ប្រាប់​ថា​ ​ ​​ប្រអប់ខ្មៅ​​យន្តហោះ​អាល់ហ្សេរី​ត្រូវបាន​​រកឃើញ​​ហើយ។ ​យន្តហោះ​​​អាល់ហ្សេរី ជើងហោះហើរ​AH ៥០១៧ ​ដឹកមនុស្ស​១១៨នាក់ ក្នុង​នោះ​មាន​អ្នក​ដំណើរ​​បារាំង​​​៥៤នាក់ បាន​ចាកចេញ​​ក្រុង​វ័រហ្កាឌូហ្គូ ​​​ប្រទេស​បួគីណាហ្វាសូ ​ ​ឆ្ពោះ​ទៅ​អាល់ហ្សេរី តែ​​បាន​បាត់ខ្លួន​​​ពីរ៉ាដា​ ​នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ពេល​កំពុង​ហោះហើរ​នៅ​ភាគខាងជើង​ប្រទេស​ម៉ាលី។ បំណែកយន្តហោះ​​ត្រូវបាន​​រកឃើញ​ នៅ​ភាគខាងជើង​ប្រទេស​ម៉ាលី ជិតព្រំដែន​បួគីណាហ្វាសូ។ យន្តហោះ​ដ្រូន​ទ័ព​បារាំង​ បាន​ចាប់​បាន​​ទីតាំង​បំណែក​យន្តហោះ។ ​​​​​គ្មាន​​​មនុស្ស​ណាម្នាក់​​រស់រាន​មាន​ជីវិត​ពីគ្រោះថ្នាក់​នេះទេ។ ​​បារាំង​បាន​បញ្ជូន​អ្នកជំនាញ​ចុះ​ទៅ​ស៊ើបអង្កេត​​នៅ​ម៉ាលី។ នៅ​ទីនោះ​​ ​កងទ័ព​បារាំង​​បាន​ចាប់ផ្តើម​​​​ស៊ើប​អង្កេត និង​​គិតគូរ​លើ​គ្រប់​​​សម្មតិកម្ម​ទាំងអស់។ ​​បារាំង​​គិតថា​ គ្រោះថ្នាក់​យន្តហោះ​​​​អាល់ហ្សេរី មិន​អាច​បង្ក​ឡើង​​​ដោយ​​ការបាញ់​មីស៊ីល​ទេ។ វា​​អាច​បណ្តាល​មក​ពីបញ្ហា​អាកាសធាតុ​ច្រើនជាង​ ព្រោះ​តំបន់​ដែល​យន្តហោះ​ឆ្លងកាត់ ជួប​បញ្ហា​ព្យុះ​ខ្សាច់។​ ​នៅ​ព្រឹក​នេះ ​រដ្ឋាភិបាល​បារាំង​ប្រជុំ​​​គ្នា​​ពី​បញ្ហា​អស់នេះ។

យន្តហោះប្រភេទ​M-D​83 ​ដែល​រង​គ្រោះថ្នាក់​​នៅ​ម៉ាលី ត្រូវ​គេ​​ថតបាន ពេល​​​​កំពុង​ហោះ​ចេញ​ពី​​ក្រុង​Hamburg ប្រទេស​អាល្លឺម៉ង់​ ​កាលពីថ្ងៃ​១៥មិថុនា។
យន្តហោះប្រភេទ​M-D​83 ​ដែល​រង​គ្រោះថ្នាក់​​នៅ​ម៉ាលី ត្រូវ​គេ​​ថតបាន ពេល​​​​កំពុង​ហោះ​ចេញ​ពី​​ក្រុង​Hamburg ប្រទេស​អាល្លឺម៉ង់​ ​កាលពីថ្ងៃ​១៥មិថុនា។ REUTERS/Lennart Boettcher
ផ្សាយពាណិជ្ជកម្ម

គួរ​រំលឹក​ឡើងវិញ​ថា អ្នកដំណើរ​ជនជាតិ​បារាំង​ក្នុង​យន្តហោះ​អាល់ហ្សេរី​ ជើងហោះហើរ​AH៥០១៧ មាន​ចំនួន​៥៤នាក់។ ដូច្នេះ ​ក្នុង​ការ​ស៊ើបអង្កេត​ ​បារាំង​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត មិនអាចសន្និដ្ឋាន​លឿន​ថា យន្តហោះ​រង​ការបាញ់មីស៊ីល​​​​ទេ ទោះបី​​​​រយៈពេល​ចុងក្រោយ​នេះ យើងឃើញ​មាន​​គ្រោះថ្នាក់​យន្តហោះ​២លើក​មកហើយ​ក៏ដោយ ហើយ​ទោះបី​ថា​គ្រប់គ្នាសុទ្ធតែ​លើកឡើង​ថា​​ ​​យន្តហោះ​ម៉ាឡេស៊ី​​ដែល​ធ្លាក់​នៅ​អ៊ុយក្រែន​នោះ បាន​​រង​ការបាញ់​មីស៊ីល​ក៏ដោយចុះ បារាំង​មិនអាច​សន្និដ្ឋាន​លឿន​ដូច​ហេតុការណ៍​យន្តហោះ​ម៉ាឡេស៊ី​ទេ។

ប្រទេស​ម៉ាលី នៅតែ​​ជួប​ប្រទះ​​បញ្ហាអ​សន្តិសុខ​ទោះ​ជា​​មានអន្តរាគមន៍​ពី​កងទ័ពអន្តរជាតិ​ក៏ដោយ។​ ​យើង​នៅ​ចាំថា ​ក្នុង​ឆ្នាំ​២០១២ ក្រុម​ប្រដាប់​អាវុធ​​ជីហាត​បាន​កាន់កាប់​ប្រទេស​នេះ ​​រាប់ខែ មុន​នឹង​កងទ័ព​បារាំង​ចូលមក​ជួយរដ្ឋាភិបាល​ម៉ាលី ​​​បណ្តេញ​ក្រុមឧទ្ទាម​អ៊ីស្លាម​​​​ ​ចេញ​អស់​​​ពី​ម៉ាលី។ បារាំង​ជា​អ្នក​ជួយ​អន្តរាគមន៍​ការពារ​សន្តិសុខ​នៅ​ម៉ាលី បារាំង​ធ្លាប់​​ប្រាប់ថា បាន​បណ្តេញ​ក្រុម​ឧទ្ទាមចេញ​អស់​ពី​ម៉ាលី​ហើយ ដូច្នេះ បារាំង​មិន​អាច​ពោលពាក្យ​ផ្តេសផ្តាស​ថា ក្រុមឧទ្ទាម​ដែល​នៅ​តែ​គំរាម​សន្តិសុខ​ម៉ាលី​នោះ មាន​អាវុធ​ទំនើប​បែប​មីស៊ីល​​រហូត​ដល់​បាញ់​ទំលាក់​យន្តហោះ​អាល់ហ្សេរី សម្លាប់​អ្នកដំណើរ​បារាំង​​​​​​ទេ។ បារាំង​គិតថា មិនអាច​ជា​គ្រោះថ្នាក់​ បង្ក​ឡើង​ដោយ​ការបាញ់​មីស៊ីល ​​ក៏ដោយសារ​តែ​ថា ក្រុម​ជីហាតប្រហែល​ជា​គ្មាន​អាវុធ​ទំនើប​អ្វីទេ។ ពួកគេ​មាន​តែ​​​​អាវុធ​លី​​នៅ​លើ​ស្មា ដូចជា​ប្រដាប់​បាញ់​​រ៉ុកកែត​​តែ​ប៉ុណ្ណោះ។

សម្មតិកម្ម​ផ្សេងៗ ដែល​​អាច​​ជា​មូលហេតុ​នៃ​​​​គ្រោះថ្នាក់​​យន្តហោះ​អាល់ហ្សេរី​​​

រូបភាព​វីដេអូ​ទូរទស្សន៍​បារាំង​ បង្ហាញ​ពី​កន្លែង​យន្តហោះ​​ជួប​គ្រោះថ្នាក់។
រូបភាព​វីដេអូ​ទូរទស្សន៍​បារាំង​ បង្ហាញ​ពី​កន្លែង​យន្តហោះ​​ជួប​គ្រោះថ្នាក់។

បញ្ហា​​អាកាសធាតុ​
ក្រសួង​មហាផ្ទៃ​​បារាំង​គិតថា បញ្ហា​អាកាស​ធាតុ អាច​ជា​មូលហេតុ​ចំបង ព្រោះថា ​​ ​ពេល​ហោះហើរ​នោះ អ្នកបើកបរ​បាន​សុំ​អោយ​ប្តូរ​​​ផ្លូវ​ហោះហើរ ដោយសារ​តែ​​មាន​បញ្ហា​ព្យុះ។ ​​​តំបន់​ដែលយន្តហោះ​អាល់ហ្សេរី​​ឆ្លងកាត់​នោះ កំពុង​ប្រឈម​នឹង​​ការវាយប្រហារ​ដោ​យ​​ព្យុះ​ខ្សាច់។ យោងតាម​អ្នក​ជំនាញ​ ​​បើ​រន្ទះ​បាញ់​ចំ​ ​យន្តហោះ​ យន្តហោះ​​មិនងាយ​រង​ការ​បាញ់​ប្រហារ​ផ្សេងទៀត​ទេ តែ​​​ការ​ខូចខាត​យន្តហោះ​​ ​បង្ក​ដោយ​រន្ទះបាញ់​ ​ក៏​មិនធ្ងន់ធ្ងរ​អ្វីដែរ។ ​

បញ្ហា​បច្ចេកទេស
គេ​គិតថា ​បញ្ហា​បច្ចេកទេស​មិនអាច​ជា​មូលហេតុ​គ្រោះថ្នាក់​យន្តហោះ​​ទេ ព្រោះថា ប៉ុន្មានថ្ងៃ​មុនហោះហើរ​ ​យន្តហោះ​អាល់ហ្សេរី​​បាន​ទទួលការ​ត្រួតពិនិត្យ​បច្ចេកទេស​​​​ទូទៅ​រួចហើយ។ ​ការត្រួតពិនិត្យ​បង្ហាញ​ថា យន្តហោះ​​​មាន​​ស្ថានភាព​ល្អ អាច​ហោះហើរ​គ្មាន​បញ្ហា។ ​សូមបញ្ជាក់​ដែរ​ថា យន្តហោះ​អាល់ហ្សេរី​នោះ ជា​យន្តហោះ​ប្រភេទ​​Mcdonnell-Douglass-83 ដែល​យើង​ហៅថា អិម-ដេ ៨៣នោះ។ យន្តហោះ​នេះ ជា​​​​របស់​​​ក្រុមហ៊ុន​អេស្ប៉ាញ Swiftair។ ក្រុមហ៊ុន​អាកាសចរណ៍​អាល់ហ្សេរី​បាន​ជួល​យន្តហោះ​​​នេះ ពី​ក្រុមហ៊ុន​អេស្ប៉ាញ។ ​តាំង​ពី​​​បើកទ្វារ​​ដំណើរការ​នៅឆ្នាំ​១៩៨៦មក ​ក្រុមហ៊ុន​​អេស្ប៉ាញ​មិនដែល​ជួប​បញ្ហា​​​គ្រោះថ្នាក់​បែប​​នេះ។ តែ​បើ​យើង​មើលពី​អាយុ​យន្តហោះវិញ​ យន្តហោះ​ចំណាស់​១៨ឆ្នាំហើយ។​ ដូច្នេះ អាច​រង​​ការខូច​គ្រឿងខ្ចៅ​អ្វី​មួយ​ក៏ថាបាន។ ទោះ​យ៉ាងនេះ​ក្តី ក៏​គេ​គិតថា ការខូចខាត​បែបនេះ ​មិនអាច​បង្ក​​​គ្រោះថ្នាក់​ដល់​យន្តហោះ​អាល់ហ្សេរី​ដែរ។ ​​

អំពើ​ភេរវកម្ម
បើ​មិនមែន​ជា​គ្រោះថ្នាក់​ដោយសារ​​បញ្ហា​បច្ចេកទេស​​ ​​អ្នកជំនាញផ្នែកអាកាស​​​​ក៏​​​គិត​ដែរ​ថា​​​ វា​​​អាច​ជា​​អំពើ​ភេរវកម្ម រឺ​ក៏ថា យន្តហោះ​អាច​រង​​ការបាញ់​មីស៊ីល​​បាន​ដែរ ព្រោះថា ​​តំបន់​យន្តហោះ​​​ឆ្លងកាត់ គឺ​តំបន់វាលខ្សាច់​​សាហារ៉ា។ នៅ​តំបន់​នេះ ក្រុម​ជីហាត​នៅ​​​​​ធ្វើ​សកម្មភាព​​​​​នៅឡើយ។ ការដែល​​ យន្តហោះ​​បាន​ផ្តាច់​ទំនាក់ទំនងរហ័ស​បំផុត​ ពី​ផ្នែក​ត្រួតពិនិត្យ​​​ការ​ហោះហើរ​ ​អាច​ថា មកពី​យន្តហោះ​​ត្រូវ​​គេ​​​បង្ខំ​អោយ​បង្វែរ​​ទិសដៅ ​រឺ​ក៏​អាចថា ​យន្តហោះ​ត្រូវ​រង​មីស៊ីល ដែល​គេ​បាញ់​ពី​ដីទៅ។ ​​​ដូច្នេះ មានន័យ​ថា ដោយសារ​អំពើ​ភេរវកម្ម​​ទាំងនេះ ​អ្នកបើកបរ​យន្តហោះ​គ្មាន​ពេល​បញ្ជូន​ដំណឹង​​ទៅ​ផ្នែក​ត្រួតពិនិត្យ​ការហោះហើរ​ ដើម្បីប្រាប់ថា យន្តហោះ​ជួប​បញ្ហា​​ទេ។​

ថ្វីបើ​បារាំង​គិតថា គ្រោះថ្នាក់​មិនអាច​បង្កមក​ពី​ការ​បាញ់​មីស៊ីល តែ​ការដែល​បារាំង​​គិតគូរ​លើ​គ្រប់​សម្មតិកម្ម​ គ្រប់​មូលហេតុ​ ក្នុង​ការ​ស៊ើបអង្កេត​​​​ពេលនេះ យើង​អាច​និយាយ​ថា​ បារាំង​​មិន​បាន​បិទភ្នែក​ ធ្វើ​ថ្លង់​ធ្វើគរ ចំពោះ​បញ្ហា​អសន្តិសុខ និង​​​ភេរវកម្ម ​ដែល​​នៅ​តែ​មាន​ក្នុង​តំបន់​សាហារ៉ា​អាហ្វ្រិក​នោះដែរ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ