rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាហ្វ្រិក​ខាងត្បូង តុលាការព្រហ្មទណ្ឌអន្តរជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាហ្វ្រិក​ខាងត្បូង​​ប្រកាស​​ដកខ្លួន​​ចេញពី​​តុលាការ​​ព្រហ្មទណ្ឌ​​អន្តរជាតិ​

media
ប្រធានាធិបតី​ស៊ូដង់ Omar Hassan El Bechir ដែល​អាហ្វ្រិកខាងត្បូង​មិនព្រម​ចាប់ខ្លួន តាមសំណើ​តុលាការ​ក្នុងស្រុក និងតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ REUTERS/Tiksa Negeri

ថ្ងៃសុក្រ​នេះ អាហ្វ្រិកខាងត្បូង​បាន​​ប្រកាស​​ដកខ្លួន​​​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ មូលហេតុ​​​គឺ​ដោយសារ​​ ​​កាលពី​ឆ្នាំ២០១៥ ក្រុងព្រេតូរីយ៉ា​​បដិសេធ​​ចាប់ខ្លួន​ប្រធានាធិបតី​ស៊ូដង់ អូម៉ា អ៊ែល បេស្ហៀ ​តាមសំណូមពរ​របស់តុលាការ​អន្តរជាតិ​មួយនេះ។ អាហ្វ្រិក​ខាងត្បូង​​អាច​ក្លាយជា​ប្រទេស​ទី១ ដែល​ដកខ្លួន​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

 


កាលពី​ថ្ងៃពុធ ​អាហ្វ្រិក​ខាងត្បូង​បានផ្ញើលិខិត ​ជូនដំណឹង​ទៅ​អង្គការ​សហប្រជាជាតិ ​​ប្រាប់ពី​ការ​​ដកខ្លួន​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ស្របតាម​និតិវិធី​នេះ ​ការដកខ្លួន​នឹង​ចូល​​ជាផ្លូវកា​រ ១ឆ្នាំក្រោយ​​​ការ​ជូនដំណឹង​​ទៅ​អង្គការ​សហប្រជាជាតិ។ ​
 
អាហ្វ្រិក​ខាងត្បូង​គំរាម​​​ដើរចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​១ឆ្នាំមកហើយ។ មូលហេតុ​ដោយសារ​តែភាពចម្រូងចម្រាស ​​កាលពី​ឆ្នាំ២០១៥ ​ក្រោយ​ពេល​ក្រុងព្រេតូរីយ៉ា​​​​​បដិសេធ​ចាប់ខ្លួន​ប្រធានាធិបតី​ស៊ូដង់ អូម៉ា អ៊ែល បេស្ហៀ។ លោក​អ៊ែល បេស្ហៀ រងការ​ចោទប្រកាន់​ពីតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​​ពី​​​​បទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ​នៅ​តំបន់​ដាហ្វួ ភាគខាងលិច​ស៊ូដង់។ ស៊ូដង់​ធ្លាក់​​​ក្នុង​សង្គ្រាម​ស៊ីវិល ជាង​១០ឆ្នាំ​ហើយ។
 
ឆ្នាំ២០១៥​កន្លងទៅ លោក​បេស្ហៀ មានវត្តមាន​ក្នុង​ជំនួប​កំពូល​សហភាព​អាហ្វ្រិក នៅ​ក្រុង​ចូអានណេសស្បួ តែ​អាជ្ញាធរ​អាហ្វ្រិកខាងត្បូង​មិនបាន​ចាប់ខ្លួន​គាត់ទេ។ បន្ទាប់ពីនោះ ​លោក​បេស្ហៀ បាន​ប្រញាប់​ប្រញាល់​​​ចេញ​ពី​អាហ្វ្រិកខាងត្បូងវិញ ​ទោះជា​តុលាការ​ក្រុង​ព្រេតូរីយ៉ា​​ហាមគាត់​មិន​អោយចេញ​​ពី​ទឺកដី​អាហ្វ្រិកខាងត្បូង​ក៏ដោយ។ កាលនោះ​រដ្ឋាភិបាល​អាហ្វ្រិកខាងត្បូង​​មិនបាន​​មាត់​​កអី​​ទេ។
 
អាហ្វ្រិក​ខាងត្បូង​ផ្អែក​លើ​ហេតុផលថា លោក​បេស្ហៀ មាន​​​អភ័យឯកសិទ្ធិពី​សហភាព​អាហ្វ្រិក។ ​ថ្ងៃសុក្រ​នេះ អាហ្វ្រិកខាងត្បូង​​បាន​ឆ្លៀត​​​បរិហារ​​​​ថា ​​សន្ធិសញ្ញា​ទីក្រុង​រ៉ូម​ ​​ដើរផ្ទុយ​ស្រឡះ​ពី​ច្បាប់​ស្តីពី​អភ័យឯកសិទ្ធិ​​ការទូត​​របស់​អាហ្វ្រិក​ខាងត្បូង​​ ឆ្នាំ២០០១ទៀតផង។ ​អង្គការ​សិទ្ធិ​មនុស្ស​បានរិះគន់​ការសម្រេចចិត្ត​របស់​ក្រុង​ព្រេតូរីយ៉ា ថា​ជាការ​​មើលងាយ​​យុត្តិធម៌។
 
​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​​ដំណើរការតាំងពី​ឆ្នាំ២០០៣ មាន​រដ្ឋសមាជិក​១២៤ មាន​ទិសដៅ​ដាក់ទោស​ឧក្រិដ្ឋជន​​បង្ក​បទប្រល័យពូជសាសន៍ បទ​​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និង​​បទឧក្រិដ្ឋ​សង្គ្រាម។ ក្នុង​ចំណោម​ការ​ស៊ើប​អង្កេត​ចំនួន​១០ មាន​ការ​ស៊ើបអង្កេត​៩ បាន​វាយប្រហារ​ទៅលើ​ប្រទេស​អាហ្វ្រិក។ សហភាព​អាហ្វ្រិក​បាន​ចោទ​​តុលាការ​អន្តរជាតិ​មួយនេះ​ថា​រើសអើងពូជសាសន៍​ ​​ដាក់ទោស​តែ​​មេដឹកនាំ​​ជនជាតិ​ស្បែកខ្មៅ។
 
ដោយឡែក ក្រៅពី​អាហ្វ្រិកខាងត្បូង ប្រធានាធិបតី​ប្រទេស ​ប៊ូរុនឌី​ក៏ទើបតែ​​​ប្រកាស​អោយ​ប្រើ​ច្បាប់​ដែល​អនុញ្ញាត​​អោយ​ប៊ូរុនឌី​ដកខ្លួនចេញ​​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ។ បួរុនឌី​នៅតែ​ត្រូវ​ធ្វើ​បែបបទ​​​ជូន​ដំណឹង​ទៅ​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ៕