rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

Ticad៖ ជប៉ុនសង្ឃឹមវិនិយោគនៅអាហ្វ្រិក ប្រកប​ដោយ“គុណភាព” ខុសពីចិន

ដោយ ម៉ម ពិសី

ចាប់ពីថ្ងៃពុធទី​២៨សីហា នៅទីក្រុង​យ៉ូកូហាម៉ា ប្រទេសជប៉ុន មាន​ការរៀបចំវេទិកាសន្និសីទអន្តរជាតិដើម្បីការអភិវឌ្ឍន៍នៅទ្វីបអាហ្វ្រិកលើកទី​៧ ក្រោមការផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន អង្គការសហប្រជាជាតិ សហព័ន្ធអាហ្វ្រិក និងធនាគារអភិវឌ្ឍន៍អាស៊ី។ សន្និសីទរយៈពេល​៣ថ្ងៃនេះ មានការចូលរួម ពី​តំណាងរដ្ឋាភិបាល តំណាងវិស័យឯកជនប្រទេសអាហ្វ្រិក ព្រមទាំងតំណាងក្រុមហ៊ុននិងអ្នកវិនិយោគជប៉ុនជាច្រើន​ ដើម្បីជជែកពិភាក្សាគ្នា លើគម្រោងវិនិយោគ និងគម្រោងអភិវឌ្ឍន៍នានា នៅទ្វីបអាហ្វ្រិក។ វេទិកានេះ ក៏ជាឱកាសសម្រាប់ជប៉ុនផងដែរ ក្នុងការរំលេចវត្តមានរបស់ខ្លួន នៅលើទ្វីបអាហ្វ្រិក ខណៈដែលបច្ចុប្បន្ននេះ កម្ចីអភិវឌ្ឍន៍ ឬ​គម្រោងរបស់ចិន តម្លៃរាប់ពាន់លានដុល្លារ បានសម្រុកចូលយ៉ាងខ្លាំង នៅតាមប្រទេស​អាហ្រ្វិក។

សន្និសីទអន្តរជាតិដើម្បីការអភិវឌ្ឍន៍ទ្វីបអាហ្វ្រិក ហៅកាត់ថា Ticad លើកទី៧នេះ គឺធ្វើឡើងក្រោមប្រធានបទ “ពន្លឿនការអភិវឌ្ឍន៍នៅទ្វីបអាហ្វ្រិក តាមរយៈធនធានមនុស្ស បច្ចេកវិទ្យាទំនើប និង​គំនិតបង្កើតថ្មី”។ បើពិនិត្យលើពាក្យក្នុងប្រធានបទផ្លូវការនេះ គឺយើងអាចដឹងថា ជប៉ុនក្នុងនាមជាម្ចាស់​សន្និសីទនេះ មានចេតនា យកវេទិកានេះ ជាការផ្ញើរសារទៅកាន់ទ្វីបអាហ្វ្រិក ស្តីពីកម្ម​វត្ថុនៃវត្តមានរបស់ជប៉ុន នៅទ្វីបអាហ្វ្រិក ដែលផ្តោតសំខាន់ ទៅ​លើ​ការអភិវឌ្ឍន៍ បណ្តុះបណ្តាលធនធានមនុស្ស ការផ្ទេរចំណេះដឹងនឹងបច្ចេកវិទ្យា ព្រមទាំងការជួយ​ជម្រុញ លើកទឹកចិត្ត នូវគំនិតបង្កើតថ្មីផ្សេងៗ នៅតាមប្រទេសអាហ្វ្រិក។

លោកស៊ិនហ្សូ អាបូ ក្រើនរំលឹកប្រទេសអាហ្វ្រិក អំពីបំណុលសន្ធិកសន្ធាប់របស់ចិន

នៅក្នុង​សន្ទរកថា បើកទ្វារសន្និសីទនេះកាលពីថ្ងៃទី២៨សីហា លោកស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងថា៖ វាពិតជាមានការបន្ទាន់ណាស់ ដែលត្រូវតែវិនិយោគនៅអាហ្វ្រិក ហើយជាការវិនិយោគដែលមានគុណភាព។ លោកបន្ថែមថា៖ ប្រទេសអាហ្វ្រិកមួយចំនួនធំ មានកម្រិតបំណុលសាធារណៈធ្ងន់ធ្ងរណាស់ ដែលបញ្ហានេះ គឺជាឧបសគ្គដល់ការវិនិយោគ​ពីបរទេស។ សម្តីនេះ ទោះបីជាលោក នាយករដ្ឋមន្ត្រីជប៉ុនមិនថាឲ្យចំ ក៏យើងអាចដឹងដែរ ថាលោកសំដៅទៅដល់ចិន ដែលបានជះប្រាក់រាប់សិបពាន់លានដុល្លារ ទៅឲ្យប្រទេសនៅអាហ្វ្រិកខ្ចី។

ក្នុងន័យនេះ ជប៉ុនមានបំណង​បង្ហាញឲ្យឃើញថា ខ្លួនខុសពីចិន ដែលមានតែប្រាក់យកទៅជះឲ្យខ្ចី ដើម្បីធ្វើនេះធ្វើនោះ។ តែផ្ទុយទៅវិញគឺក្រុមហ៊ុនចិនទេ ដែលជាអ្នក​ចំណេញ ហើយថែមទាំងប្រើប្រាស់បុគ្គលិកជនជាតិចិន និងផលិតផលចិន​​ទៀតផង។ រីឯប្រទេសអាហ្វ្រិកវិញ ទីបំផុត ត្រូវជាប់បំណុលចិនវ័ន​ក សងមិនរួច។ លោក ស៊ិនហ្សូ អាបេ បានសង្កត់ធ្ងន់បន្ថែមថា រដ្ឋាភិបាលជប៉ុន និងជម្រុញឲ្យមានការវិនិយោគ ទាំងវិស័យសាធារណៈ ទាំងវិស័យ​ឯកជននៅអាហ្វ្រិក ដែលជាការវិនិយោគប្រកបដោយគុណភាព​ និង​មាន​ការតាមដានច្បាស់លាស់យូរអង្វែង មិនមែនជាការវិនិយោគសម្លឹងតែផលចំណេញ រយៈពេលខ្លីនោះទេ។

គម្រោងវិនិយោគរបស់ជប៉ុនមាន “គុណភាព” ជាងរបស់ចិន

បើនិយាយពីតួលេខទឹកលុយ គម្រោងវិនិយោគរបស់ជប៉ុននៅអាហ្វ្រិក មានតិចជាងចិនដល់ទៅពាក់កណ្តាល។ កាលពីឆ្នាំ២០១៨ នៅក្នុងវេទិកាកំពូលចិន-អាហ្វ្រិក ចិនបានសន្យាវិនិយោគ ដល់ទៅ៦ម៉ឺនលានដុល្លារ។ គម្រោងរបស់ចិន ភាគច្រើនគឺធ្វើក្រោមរូបភាព​ជាកម្ចីអភិវឌ្ឍន៍ជាមួយនឹងការប្រាក់ទាប។ តែជាទូទៅ ជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់​ផលិតផលចិន បុគ្គលិកចិន ហើយអាចគ្មាន​ការតាមដានគុណភាព​ត្រឹមត្រូវ ឬក៏មិនឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងផង ក៏មាន។

សម្រាប់ជប៉ុនវិញ គេមិនប្រកួតប្រជែងបែបនេះទេ តែគេប្រកួតប្រជែងលើគុណភាព នៃគម្រោងនីមួយៗ​។ វត្តមានរបស់ជប៉ុន ចាប់ផ្តើមមានច្រើននៅតាម​ប្រទេសដូចជាកេនយ៉ា អេហ្ស៊ីប ហ្កាណា និងនីហ្សេរីយ៉ាជាដើម។ ពីដើមមក ជប៉ុនវិនិយោគច្រើន តែក្នុងវិស័យសាធារណៈ ដើម្បីលើកកំពស់គុណភាពនៃសេវាសាធារណៈ ដូចជា ការរៀបចំពង្រាយបណ្តាញចរន្តអគ្គីសនី ការអភិវឌ្ឍន៍សេវាកម្មសុខាភិបាលរដ្ឋ ព្រមទាំងការវិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនរួមសាធារណៈ។ យ៉ាងណាមិញ ក្នុងសន្និសីទលើកនេះ ជប៉ុន​មានគម្រោងផ្តល់វិនិយោគចំនួន​ ៤ពាន់លានដុល្លារ ក្នុងវិស័យថាមពលអគ្គីសនី នៅអេហ្ស៊ីប នៅកេនយ៉ា​ និងជីប៊ូទី។

ក្រៅពីការវិនិយោគ ដែលលើកកំពស់សមត្ថភាពសេវាសាធារណៈ ជប៉ុន​មានបំណងលើកចេញជាគម្រោងផ្សេងៗ ដែល​ជំរុញការអភិវឌ្ឍន៍សមត្ថភាព​ធនធានមនុស្ស តាម​រយៈ​ការបណ្តុះបណ្តាល។ ជាក់ស្តែង ក្នុងរវាង៣ឆ្នាំទៅមុខទៀតនេះ ជប៉ុននឹងបណ្តុះបណ្តាលអ្នកជំនាញ​នៅតាមប្រទេសអាហ្វ្រិកប្រហែលជា​៣០ប្រទេស ឲ្យមានជំនាញ​គ្រប់គ្រងហានិភ័យ ផ្នែកហិរញ្ញវត្ថុសាធារណៈ និងបំណុលរដ្ឋ។

បន្ថែមពីនេះ គឺនៅមាន​សមត្ថភាពធនធានមនុស្ស និង​បច្ចេកវិទ្យា នៅក្នុងវិស័យឯកជនទៀត។ លោក Amadou Hott រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ប្រទេសសេណេហ្កាល់ ដែលមានវត្តមាន​នៅក្នុងសន្និសីទនោះ បានលើកឡើងថា ជប៉ុនអាចជួយបណ្តុះបណ្តាលយុវជនអាហ្វ្រិក ហើយជួយនាំមកនូវចំណេះដឹងបច្ចេកទេស បច្ចេកវិទ្យា និងគំនិត​បង្កើតថ្មី នៅក្នុងវិស័យឯកជន។ ដូចគ្នាដែរ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចប្រទេសបេណាំង បានផ្តោតការសង្ឃឹមច្រើន លើគម្រោងវិនិយោគក្នុងវិស័យឯកជនជាមួយជប៉ុន។ លោកថា ជប៉ុននឹងជួយឲ្យប្រទេសវិស័យ​​ឯកជនរបស់ប្រទេសលោក អាចមានលទ្ធភាព​ផលិតនិងកែឆ្នៃវត្ថុធាតុដើមនៅនឹងកន្លែងផ្ទាល់ ដោយឈប់លក់ចេញនូវវត្ថុធាតុដើម​ទាំងដុល ទៅឲ្យបរទេស។

ប្រទេសអាហ្វ្រិកខ្លះ លែងទុកចិត្តចិន

ជាទូទៅ ជប៉ុនមិនសូវជា​ចូលចិត្ត ប្រមូលក្តោបក្តាប់គំរោងធំៗមហិមា ដូចចិនទេ។ ជប៉ុនមានគំនិតសម្លឹងផលចំណេញតិចតួច ស្ងាត់ស្ងៀម ហើយមានសមភាព​ជាមួយប្រទេសម្ចាស់ស្រុក។ គម្រោងវិនិយោគរបស់ជប៉ុន តែងតែ មានភ្ជាប់ជាមួយការបណ្តុះបណ្តាល​បុគ្គលិក ដែលជាប្រជាជនម្ចាស់ស្រុក ហើយមានការតាមដានច្បាស់លាស់។

ផ្ទុយទៅវិញ គម្រោងរបស់ចិនភាគច្រើន មិនបានហុចផលវិជ្ជមានយូរអង្វែង ដល់សេដ្ឋកិច្ច​​ប្រទេសម្ចាស់ផ្ទះទេ ហើយថែមទាំងបានបំផ្លាញធនធានធម្មជាតិ បរិស្ថានទៀតផង។ គេសង្កេតឃើញថា ប្រទេសអាហ្វ្រិកមួយចំនួន ចាប់ផ្តើមស្វែងយល់​ពី​ហានិភ័យ និងផលអវិជ្ជមាន​នៃបំណុលយ៉ាងគំហុករបស់ចិន។ ជាក់ស្តែង ប្រទេស​តង់ហ្សានី ទើប​តែបានសម្រេចលប់ចោល នូវគម្រោងវិនិយោគរបស់ចិន ក្នុងតម្លៃ​១ម៉ឺនលាន​ដុល្លារ នៅក្នុងការជួសជុល និងសាងសង់កំពង់ផែសមុទ្រនៅ​Bayamago។

លោកស្រី Akiko Suwa-Eisenmann អ្នកស្រាវជ្រាវនៅវិទ្យាស្ថានជាតិស្រាវជ្រា​វសេដ្ឋកិច្ចកសិកម្ម បាន​លើកឡើងថា កម្ចីរបស់ចិនមានការប្រាក់តិចនៅលើក្រដាសមែន តែធាតុពិតទៅថ្ងៃក្រោយ ប្រទេសជាប់បំណុលនិងវ័នក។ ឧទាហរណ៍ប្រទេសជីប៊ូទី ដែលបានខ្ចីលុយចិនយ៉ាងច្រើននៅឆ្នាំ២០១៥ ពេលនេះ មានបំណុលសាធារណៈសរុបដល់ទៅ​៨៩% នៃទិន្នផលដុលក្នុងស្រុក។

បន្ថែមពីនេះទៀត វត្តមានរបស់ចិន នៅតាមប្រទេសអាហ្វ្រិកខ្លះ បានចាប់ផ្តើមបង្កឲ្យមានការតវ៉ា ដោយសារប្រជាជន ព្រមទាំងអ្នកដឹកនាំខ្លះ គេចាប់ផ្តើមលែងទុកចិត្តចិន។ ការចូលលុកលុយរបស់ចិន ត្រូវបានគេចាត់ទុក ប្រៀបបីដូចជាការចូលទៅ​កើបប្រមូលយកធនធានធម្មជាតិ ព្រៃឈើ រ៉ែមានតម្លៃជាដើម ដោយមិនខ្វល់ពី​ប្រជាជនម្ចាស់ស្រុកទេ។ ជាក់ស្តែងដូចជានៅ​ប្រទេសហ្កាបុង និងកាំម៉េរូន ដែលព្រៃឈើមួយ និងរ៉ែ ចំនួន​ធំ ត្រូវបានក្រុមហ៊ុនចិនកាប់ ជីកប្រមូលនាំចេញ។

ដូច្នេះ ជាមួយនឹងគម្រោងវិនិយោគ ដែលមានគុណភាព និងមាន​ការទទួលខុសត្រូវរបស់ជប៉ុន គឺជប៉ុនមានសង្ឃឹមច្រើន ថាប្រទេសអាហ្វ្រិក អាចងាកមករកខ្លួន ជាជាងទៅ​រក​ចិន។ ក្រុមហ៊ុនជប៉ុនរកស៊ីនៅ​អាហ្រ្វិក បានកើនឡើងគួរសម។ ឆ្នាំ២០១០ មាន២៥០​ក្រុមហ៊ុន តែបច្ចុប្បន្ន មានដល់ទៅ​ជិត៨០០ក្រុមហ៊ុន។

ជប៉ុនចង់ឲ្យប្រទេសអាហ្វ្រិកជួយខ្លួន ក្លាយជាសមាជិកអ​ចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ

បើផ្អែកតាមការវិភាគ របស់លោកស្រី Akiko Suwa-Eisenmann ជប៉ុនចង់ជួយទ្វីបអាហ្វ្រិក ហើយជប៉ុនក៏ចង់ឲ្យប្រទេសអាហ្វ្រិកជួយខ្លួនវិញដែរ។ នោះគឺបំណងរបស់ជប៉ុន ដែល​ចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ។ បើបានមែន នោះមានន័យថា វាជាជោគជ័យការទូតដ៏ធំ របស់ជប៉ុន ក្នុងនាមជាមហាអំណាចប្រចាំអាស៊ី ស្មើភាព​គ្នាជាមួយចិន៕

COP25 ចង់​សង្រ្គោះ​សមុទ្រ ខណៈ​របាយការណ៍​បញ្ជាក់ថា ទឹក​សមុទ្រ​កាន់តែ​ខ្សត់​អុកស៊ីសែន

សភាអាមេរិក​នឹង​ចាប់ផ្តើម​សរសេរ​បទចោទប្រកាន់ ផ្លូវការ ដើម្បីទម្លាក់លោកដូណាល់ ត្រាំ

បារាំង​ជាប់​គាំង​ស្ទើរ​គ្រប់វិស័យ ដោយ​បាតុកម្ម​ប្រឆាំងនឹង​​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍

នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភាពដែលបានបាត់បង់

ចិន ដណ្តើមចំណាត់ថ្នាក់​លេខ១ពី​សិង្ហបុរី ក្នុងនាមប្រទេស​ដែល​មានប្រព័ន្ធសិក្សា​អប់រំ​មាន​ប្រសិទ្ធិភាពខ្ពស់

សន្និសីទអាកាសធាតុCOP25 ៖ ចង់​បង្កើន​មហិច្ឆតា និង​រំពឹង​លើ​សហភាពអឺរ៉ុប

អសប៖ ចំនួនអ្នកស្លាប់ដោយសារ​ជម្ងឺអេដស៍​បានថយចុះ ប៉ុន្តែ ករណី​ឆ្លងថ្មី​នៅតែមានច្រើន

ការវាយ​ប្រហារ​ដោយ​កាំបិត​ចាក់​សម្លាប់មនុស្ស​ពីរនាក់ នៅ​ក្រុង​ឡុង​ឌ្រឺ ​ប្រទេស​អង់គ្លេស

ហេតុអ្វីបានជា​ប្រធានាធិបតី​បារាំង​ទាមទារ​ឲ្យ​អូតង់ កែប្រែ​យុទ្ធសាស្រ្ត​យោធា​ឡើងវិញ?

ចិនដំឡើងសម្លេងដាក់អាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើច្បាប់គាំទ្របាតុករហុងកុង

អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ បើពិភពលោកបន្តពន្យារពេលទប់ស្កាត់

បារាំងបង្ហាញផែនការទប់​ស្កាត់​​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចំ​ថ្ងៃ​ទិវា​ពិភពលោក​​លុបបំបាត់អំពើហិង្សាលើស្ត្រី ​

បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ជាក្តីសង្ឃឹមសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ និងជាតេស្តសម្រាប់លោកស្រីការី ឡាំ

តើ​គ្រិស្ត​សាសនា​ នៅ​ជប៉ុន​មាន​ប្រវត្តិ​យ៉ាងណា ?

អ៊ីស្រាអែល៖ លោក​ណេតាន់យ៉ាហ៊ូ ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពីបទ​ពុករលួយ

ដំណើរការដកតំណែងប្រធានាធិបតី៖ សាក្សី​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ដូណាល់ ត្រាំ​

អាមេរិក​ប្រកាស​ថា សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន មិនមែន​ជារឿងខុសច្បាប់​អន្តរជាតិ

វិទ្យុបារាំងអន្តរជាតិ​ឧទ្ទិស​ថ្ងៃ១៨វិច្ឆិកាលើបញ្ហាសំរាម

អនាគត​ប្រធានាធិបតី​ស្រីលង្កា ជាអ្នកនយោបាយជាតិនិយម និង​ចង់ស្តារទំនាក់ទំនង​ជាមួយប្រទេស​ចិន

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ