rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អេត្យូពី ប៊ូរុនឌី អាហ្វ្រិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ជំនួបកំពូល​សហភាព​អាហ្រ្វិក៖​ភាព​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​បញ្ជូន​កម្លាំងអាហ្រ្វិក​ទៅ​ប៊ូរុនឌី

media
លោក​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន និង​លោកស្រី​ប្រធាន​សហភាព​អាហ្រ្វិក Nkosazana Dlamini-Zuma ថ្ងៃទី២៩ មករា ២០១៦ TONY KARUMBA / AFP

ជំនួបកំពូល​សហភាព​អាហ្រិ្វក​លើក​ទី២៦ កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​ទីក្រុង​អាឌីសអាបេបា ប្រទេស​អេត្យូពី។ តែ​ភាព​មិន​ចុះ​សម្រុង​គ្នា​ក្នុង​សំណុំរឿង​ប្រទេស​ប៊ូរុនឌី​កំពុង​បន្ត​មាន​នៅ​ក្នុង​ចំណោម​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​សហភាព​អាហ្រ្វិក។ ភាព​មិន​ចុះ​សម្រុង​គ្នា គឺ​ទាក់ទង​នឹង​ការ​បញ្ជូន​កម្លាំង​រក្សា​សន្តិភាព​អាហ្រ្វិក​ទៅ​កាន់​ប្រទេស​ប៊ូរុនឌី​ដែល​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​សហភាព​អាហ្រ្វិក តែ​រដ្ឋាភិបាល​នៃ​ប្រទេស​ប៊ុរុនឌី​បាន​បដិសេធ​មិន​ទទួល​យក​ជា​ដាច់​ខាត។


ថ្លែង​នៅ​ក្នុង​ជំនួបកំពូល​សហភាព​អាហ្រ្វិក​លើកទី២៦ ក្នុង​ទីក្រុង​អាឌីសអាបេបា ប្រទេស​អេត្យូពី លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​បាន​សម្តែង​ការ​គាំទ្រ​មិន​រារែក​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​សហភាព​អាហ្រ្វិក​ក្នុង​បេសកកម្ម​គាំពារ និង​បង្ការ ព្រម​ទាំង​ការ​ដាក់​ពង្រាយ​ក្រុម​អ្នកសង្កេតការណ៍​សិទ្ធិមនុស្ស​ដែល​សរុប​មាន​គ្នា ៥ ០០០នាក់​នៅ​ក្នុង​ប្រទេស​ប៊ូរុនឌី។ លោក​បាន គីមូន​បាន​យល់​ឃើញ​ថា ស្ថានការណ៍​នៅ​ប៊ូរុនឌី​សព្វថ្ងៃ​បាន​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ដាក់​ពិតប្រាកដ និង​បន្ទាន់​បំផុត។

សូម​ជម្រាប​ជូន​ថា​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៥ កន្លង​ទៅ ក្រុមប្រឹក្សា​សន្តិភាព និង​សន្តិសុខ​នៃ​សហភាព​អាហ្រ្វិក​បាន​ព្រមព្រៀង​គ្នា​ជា​គោលការណ៍​ក្នុង​ការ​ដាក់​ពង្រាយ​កម្លាំង​រក្សា​សន្តិភាព​អាហ្រ្វិក​ចំនួន ៥ ០០០នាក់​នៅ​ក្នុង​ប្រទេស​ប៊ូរុនឌី។ បេសកកម្ម​របស់​កម្លាំង​អាហ្រ្វិក គឺ​ដើម្បី​ប្រឈម​ទប់​នឹង​ចង្វាក់​ហិង្សា​ប្រចាំ​ថ្ងៃ​ដែល​គ្រប់​គ្នា​បារម្ភ​ខ្លាច​ឆ្លង​រីករាល​ដាល​ក្រោម​ទ្រង់ទ្រាយ​ធំ​ប្រែ​ក្លាយ​ជា​ទង្វើ​ប្រល័យ​ពូជសាសន៍​ជា​ថ្មី​ដែល​ប៊ូរុនឌី​ធ្លាប់​បាន​ឆ្លង​កាត់​នា​ចន្លោះ​ឆ្នាំ ១៩៩៣ និង ២០០៦។ សង្រ្គាមស៊ីវិល​រយៈពេល ១៣ឆ្នាំ​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​ប្រជាជន​ប៊ូរុនឌី​ចំនួន ៣០ម៉ឺននាក់។

វិបត្តិ​នយោបាយ​នៅ​ប៊ូរុនឌី​បាន​ផ្ទុះ​ជា​ថ្មី​តាំង​ពី​ដំណាច់​ខែ​មេសា ឆ្នាំ ២០១៥ ពោល​តាំង​ពី​ក្រោយ​លោក​ប្រធានាធិបតី​ប៊ូរុនឌី​គូរុនហ្ស៊ីហ្សា​បាន​ប្រកាស​ឈរ​ឈ្មោះ​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី៣។ អំពើហិង្សា​រយៈពេល ៩ខែ​កន្លង​ទៅ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៤០០នាក់ និង​អ្នកភៀសខ្លួន​មិន​តិច​ជាង ២៣ម៉ឺននាក់​ទេ ភាគ​ច្រើន​ជា​សកម្មជន​បក្សប្រឆាំង អ្នកកាសែត និង​សកម្មជន​សង្គមស៊ីវិល។

តែ​បញ្ហា​នៅ​ត្រង់​ថា ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​សហភាព​អាហ្រ្វិក​នៅ​មិន​ទាន់​បាន​ស្រុះស្រួល​គ្នា​ក្នុង​ការ​បញ្ជូន​កម្លាំង​អាហ្រ្វិក​ទៅ​ប៊ូរុនឌី​នៅ​ឡើយ​ទេ។ ចំណែក​រដ្ឋាភិបាល​ប៊ូរុនឌី​ក៏​មិន​ចង់​ទទួល​កម្លាំង​រក្សា​សន្តិភាព​អាហ្រ្វិក​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​ដែរ។ ថ្លែង​នៅ​ចំពោះ​មុខ​ក្រុមអ្នកកាសែត​នា​ឱកាស​ចូលរួម​ក្នុង​ជំនួបកំពូល​សហភាព​អាហ្រ្វិក​ក្នុង​ប្រទេស​អេត្យូពី លោក​ប្រមុខ​ការទូត​ប៊ូរុនឌី​បាន​បញ្ជាក់​ច្បាស់ៗ​ថា គ្មាន​លក្ខខណ្ឌ​ណា​មួយ​ដែល​ប៊ូរុនឌី​ត្រូវ​ទទួល​យក​កម្លាំង​រក្សា​សន្តិភាព​អាហ្រ្វិក​ទេ និង​ថា រដ្ឋាភិបាល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង៕