អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

OMS ប្រកាស​កម្រិត​អាសន្ន​នៃ​ការ​​ឆ្លង​​មេរោគ​​អេបូឡា នៅ​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃព្រហស្បតិ៍ទី១៨កក្កដានេះ អង្គការសុខភាពពិភពលោក បានសម្រេចប្រកាសដាក់កម្រិតអាសន្ន​ពិភពលោក​ នៃជម្ងឺឆ្លងអេបូឡា​ ដែលកំពុងតែ​យាយី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសមួយចំនួន ដែលនៅ​​ជាប់ព្រំដែន។ ការឆ្លងរាលដាលនៃមេរោគហេបូឡា នៅក្នុងតំបន់នេះ ត្រូវបាន​អ្នកជំនាញសុខាភិបាល ជួប​នូវការលំបាក​ជាខ្លាំង ក្នុងការធ្វើយុទ្ធនាការទប់ស្កាត់ ដោយ​សារតែមាន​ក្រុមប្រដាប់អាវុធ ធ្វើសកម្មភាព​ហិង្សា ព្រមទាំង​កត្តាខ្វះការយល់ដឹង ពីប្រជាជន។ តើការប្រកាសកម្រិតអាសន្ន នៃជំងឺឆ្លងអេបូឡា ដែល​អង្គការសុខភាព​ពិភពលោកនេះ អាចមានប្រសិទ្ធិភាព ដល់ការទប់ស្កាត់ការរីករាលដាល បានកម្រិតណា ?

Medical stuff and an Ebola survivor treat Ebola patient Ibrahim Mupalalo inside the Biosecure Emergency Care Unit (CUBE) at the ALIMA (The Alliance for International Medical Action) Ebola treatment centre in Beni, in the Democratic Republic of Congo
Medical stuff and an Ebola survivor treat Ebola patient Ibrahim Mupalalo inside the Biosecure Emergency Care Unit (CUBE) at the ALIMA (The Alliance for International Medical Action) Ebola treatment centre in Beni, in the Democratic Republic of Congo REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

ប្រកាសកម្រិតអាសន្ន​ពិភពលោក នៃការឆ្លងរាលដាល

ការប្រកាសអាសន្ន​កម្រិតពិភពលោក នៃការឆ្លងរាលដាលមេរោគមួយ គឺ​ជានីតិវិធីពិសេស របស់អង្គការសុខភាព​ពិភពលោក។ វាមានន័យថា ការឆ្លងរាលដាលនេះ ស្ថិតក្នុង​ស្ថានភាពដ៏​ធ្ងន់ធ្ងរ ភ្លាមៗទាន់ហន់ រហ័សនឹកស្មានមិនដល់។ បន្ថែមពីនេះ គឺការឆ្លងរាលដាល អាច​នឹងរីកសាយភាព​ទៅតាមប្រទេសជាច្រើនផ្សេងទៀត។ ហេតុដូច្នេះហើយ នីតិវិធី អាចមាន​លទ្ធភាព ជំរុញឲ្យមាន​ដំណោះស្រាយ​រួម​ វិធានការ​រួម​ ភ្លាមៗ ជាលក្ខណៈអន្តរជាតិ ដោយយោងទៅតាម​ក្រិត្យក្រម​អនាម័យ នៃអង្គការសុខភាព​ពិភពលោក​។

បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោក យល់ឃើញថា ស្ថានភាព​ឆ្លងរាលដាលមេរោគអេបូឡា នៅសាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ គឺ​ស្ថិតក្នុងភាពអាសន្ន​កម្រិតខ្ពស់។ តំបន់ដែល​មានការឆ្លងមេរោគអេបូឡា គឺ​ស្ថិត​នៅ​ តំបន់ក្រុង Goma ភាគ​ខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលវានៅជាប់ព្រំដែន ជាមួយ​ប្រទេសរ៉ូវ៉ាន់ដា និង​ប្រទេសអ៊ូហ្គង់ដា។ ទីក្រុង Goma នេះ ក៏មា​នជើងហោះហើរផ្លូវអាកាស ជាមួយ​អ៊ូហ្គង់ដា អេត្យ៉ូពី និងរដ្ឋធានី​ឃីនឆាហ្សាផង។

ដូច្នេះតំបន់ Goma នេះ គឺជាចំណុចប្រសព្វ នៃ​ចរាចរណ៍របស់មនុស្ស មកពីច្រើនប្រទេស។ មានន័យថា ការឆ្លងរាលដាលនៃមេរោគ អាចកើតឡើង យ៉ាងងាយ​ និងយ៉ាងឆាប់រហ័ស។ តាមពិតទៅ អង្គការសុខភាពពិភពលោក ធ្លាប់បានគិតថាចង់ប្រកាសអាសន្ននេះ តាំងតែពីខែ​មិថុនាម្លេះ នៅពេលមេរោគអេបូឡានេះ ត្រូវគេសង្កេតថា​កំពុងឆ្លងច្រើន នៅ​ប្រទេសអ៊ូហ្កង់ដា ព្រមជាមួយនឹងករណីស្លាប់អ្នកជំងឺ ចំនួន២នាក់។

ជិតមួយឆ្នាំ ស្លាប់​១៦៦៨នាក់ ដោយមេរោគអេបូឡា

នៅ​តំបន់ទីក្រុង Goma កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ គេបាន​ប្រទះអ្នកជំងឺម្នាក់ ដែល​មានផ្ទុយមេរោគអេបូឡា។ ក្រោយមកនៅថ្ងៃចន្ទ អ្នកជំងឺក៏បានស្លាប់។ បើផ្អែកតាម​អាជ្ញាធរសុខាភិបាល​អ៊ូហ្គង់ដា បាន​ឲ្យដឹងថា អ្នកជំងឺដែលស្លាប់នោះ ទំនងជាបាន​ឆ្លងមេរោគនេះ នៅឯក្រុងKasese នៅជាប់ព្រំដែន ជាមួយ​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ។ ដូច្នេះហើយ បាន​ជាអាជ្ញាធរកំពុងតែស្វែងរក មនុស្សទាំងអស់ ដែលអាចមានទំនាក់ទំនង បានជួប​ឬបានប៉ះពាល់ជាមួយ​នឹងអ្នកជំងឺនោះ ដើម្បីប្រមូលមកធ្វើតេស្ត​ឈាម រកមេរោគ នឹងចាត់វិធានការ ទប់ស្កាត់កុំឲ្យឆ្លងទៅអ្នកផ្សេង។

បើគិតពី​ខែ​សីហា ឆ្នាំ២០១៨មក មេរោគអេបូឡា បានសម្លាប់ជីវិតមនុស្ស​ចំនួន​ ១៦៦៨​នាក់​ទៅហើយ នៅខេត្ត គីវូខាងជើង នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ។ ប្រមាណ​ជិត១ឆ្នាំមកនេះ អាជ្ញាធរសុខាភិបាល ក៏ដូចជាមន្ត្រី​របស់​អង្គការសុខភាព​ពិភពលោក មានការលំបាកខ្លាំងណាស់ ក្នុងការអនុវត្តយុទ្ធនាការ ទប់ស្កាត់ការឆ្លងមេរោគអេបូឡានេះ។

បញ្ហាចោទចំបងបំផុតនោះ គឺអសន្តិសុខ។ នៅតំបន់ Goma និងខេត្ត គីវូខាងជើងនេះ ពោរពេញទៅក្រុមឧទ្ទាមប្រដាប់អាវុធ ហិង្សា។​ មន្ទីរពេទ្យ ឬកន្លែងសង្រ្គោះអ្នកជំងឺ ត្រូវបាន​ក្រុម​ប្រដាប់អាវុធ ចូលទៅវាយបំផ្លាញ នឹងបាញ់សម្លាប់មនុស្ស ជាច្រើនករណីមកហើយ។ យ៉ាងណាមិញ អង្គការគ្រូពេទ្យគ្មានព្រំដែន បានសម្រេចចិត្តឈប់ធ្វើសកម្មភាព​នៅតំបន់នោះ ដោយសារតែខ្លាចស្លាប់បុគ្គលិក។

បញ្ហាចោទមួយទៀតនោះ គឺកត្តាចំណេះដឹងរបស់ប្រជាជន។ ប្រជាជន​ដែលរស់នោដាច់ស្រយ៉ាល នៅតំបន់នោះ ពុំជឿថាមាន​មេរោគអេបូឡាទេ។ អ្នកខ្លះ​នាំគ្នា​ផ្អើល ជឿថាជាការឃោសនាបោកបញ្ឆោត។ អ្នកខ្លះទៀត ក៏មិនព្រមទទួល​​ការព្យាបាល ឬស្តាប់តាមការណែនាំរបស់គ្រូពេទ្យទេ។ ពួកគេស្វែងរកការព្យាបាលបែបអបិយជំនឿទៅវិញ។ កត្តាទាំងអស់នេះ គឺសុទ្ធតែបានជំរុញឲ្យ​មេរោគអេបូឡានេះ រីករាលដាលបានយ៉ាងរហ័ស។

ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈសារធាតុរាវនៃខ្លួនមនុស្ស

មេរោគអេបូឡានេះ ត្រូវបានគេរកឃើញដំបូងនៅសាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោនេះតែម្តង នៅឆ្នាំ១៩៧៦។ ឈ្មោះអេបូឡានេះ គឺជាឈ្មោះស្ទឹងមួយ​ ដែលជាទីតាំងគេមានការឆ្លងរាលដាល​នៃមេរោគនេះដំបូង។ ផ្អែកតាមការស្រាវជ្រា​វ មេរោគនេះ មាននៅក្នុងខ្លួនសត្វប្រចៀវ។ ក៏ប៉ុន្តែមេរោគអេបូឡាក្នុងខ្លួនប្រចៀវ មិន​បង្កឲ្យទៅជាជំងឺទេ។ ក្រោយមកមេរោគនេះ បានឆ្លងទៅ​ដល់សត្វស្វា និងសត្វជ្រូកព្រៃ មុននឹងឆ្លងទៅកាន់មនុស្ស។

ការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ គឺធ្វើឡើង តាមរយៈការ​ប៉ះពាល់ដោយផ្ទាល់ជាមួយនឹងសារធាតុរាវ ដែលចេញពីខ្លួនរបស់មនុស្ស ដែលមានផ្ទុកមេរោគនេះ។ សារធាតុរាវនេះ វាអាចដូចជាញើស ទឹកមាត់ ទឹករងៃ ឈាម លាមក ឬកំអួតជាដើម។ ខុសពីមេរោគ​ឆ្លង​មួយ​ចំនួន ដែលអាច​ឆ្លងរីកសាយភាព​តាមរយៈខ្យល់អាកាសដកដង្ហើម មេរោគ​អេបូឡានេះ ឆ្លងបាន​គឺទាល់តែប៉ះផ្ទាល់ ជាមួយអ្នកផ្ទុក។ ដូច្នេះ​ករណីចម្លង វាអាចមិនច្រើន​ដូចការចម្លងតាមខ្យល់អាកាសទេ។

តែយ៉ាងណាអ្វីដែល​អ្នកជំនាញបារម្ភបំផុត គឺថា មេរោគអេបូឡា ធ្វើឲ្យអ្នកឆ្លងវា ប្រឈមនឹងការស្លាប់ក្នុងកម្រិតខ្ពស់​បំផុត។ ជាក់ស្តែង ករណីឆ្លងរាលដាល នៅ​ហ្គីណេ សេរ៉ាឡេអូន និងលីបេរីយ៉ា នៅរវាងឆ្នាំ២០១៣និង២០១៦ មានអ្នកឆ្លង២៩០០០ករណី ហើយ​អ្នកស្លាប់មានដល់ទៅ​ជាង​១១៣០០ករណី។ ហើយសម្រាប់ការឆ្លងរាល់ដាលនាពេលនេះវិញ នៅតំបន់ភាគខាងកើតសាធារណរដ្ឋកុងហ្គោនេះ គឺមានអ្នកស្លាប់ ជាង​១៦០០នាក់​ ក្នុងចំណោមអ្នកឆ្លង​ប្រមាណជាង​២៥០០នាក់។

ជាមធ្យម ក្នុងរវាង​៥ថ្ងៃ អ្នកឆ្លង អាចមាន​អការៈក្តៅខ្លួនខ្លាំង ហើយបាក់ស្រុត​កម្លាំងមួយរំពេច អមជាមួយ​នឹងការឈឺចុកសាច់ដុំ និងឈឺសន្លាក់ឆ្អឹង ឈឺក្បាលខ្លាំង និងឈឺបំពង់ក។ ក្នុងករណី​ខ្លះ អ្នកផ្ទុក អាចនឹងដាច់សរសៃឈាមផង។ ហើយបើទោះសង្រ្គោះបាន​ផុតពីស្លាប់ អ្នកផ្ទុកវា អាចមាន​បញ្ហាភ្នែក ឬត្រចៀក។

ថ្នាំវ៉ាក់សាំង ស្ថិតក្នុងដំណាក់កាលសាកល្បង

មកត្រឹមពេលនេះ គឺមានថ្នាំវ៉ាក់សាំងមួយប្រភេទ តែវាកំពុងស្ថិត ក្នុងដំណាក់កាលសាកល្បង នៅឡើយ​។ គឺនៅភាគខាងកើត​សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោតែម្នង ដែលគេបានចាក់វ៉ាក់សាំងនេះ ឲ្យ​មនុស្ស​ ប្រមាណ​ជាង​១៦ម៉ឺននាក់។​ តែយ៉ាងណា អង្គការសុខភាព​ពិភពលោក កំពុងបារម្ភ ព្រោះគេផលិត​មិនទាន់ ​ដើម្បីចាក់បង្ការទេ។

ហេតុដូច្នេះហើយ បានជានីតិវិធីប្រកាសអាសន្ន​ជាសកលនេះ មានសារៈសំខាន់។ លោកអគ្គនាយកអង្គការសុខភាព​ពិភពលោក បាន​លើកឡើងថា  សហគមអន្តរជាតិ ត្រូវតែរួមគ្នាធ្វើការ ដើម្បីពន្លឿនការផលិត​វ៉ាក់សាំង។ បន្ថែមពីនេះ គឺត្រូវ​ឲ្យមានកញ្ចប់ថវិកាឆ្លើយ​តប​ការ​ចំណាយបន្ទាន់ រួមគ្នាដាក់វិធានការ​ ដើម្បីជួយទប់មេរោគនេះ កុំឲ្យវាធ្ងន់ធ្ងរខ្លាំង ដូចកាលពី​ឆ្នាំ២០១៥ - ២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ