អានតួអត្ថបទ
សហរដ្ឋអាមេរិក-អាហ្វ្រិក

លោកអូបាម៉ា នៅអាហ្វ្រិក៖ បញ្ហា​សន្តិសុខ និង​សេដ្ឋកិច្ច​លុបបាំង​បាត់​បញ្ហា​រំលោភ​សិទ្ធិមនុស្ស

ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា ត្រូវ​បញ្ចប់​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ នៅ​ប្រទេស​កេនយ៉ា ទឹកដី​កំណើត​របស់​ឪពុក​លោក នៅថ្ងៃ​អាទិត្យ​ទី ២៦ កក្កដា។ នៅ​កេនយ៉ា លោកអូបាម៉ា​បាន​និយាយ​ពី​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម អំពើ​ពុករលួយ និង​អំពាវនាវ​សុំ​ឲ្យ​ឈប់​មាន​ការរើសអើង​ទៅលើ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា នៅ​ប្រទេស​កេនយ៉ា។ 

ប្រធានាធិបតី​អាមេរិក(ឆ្វេង) និង​ប្រធានាធិបតី​កេនយ៉ា (ស្តាំ)
ប្រធានាធិបតី​អាមេរិក(ឆ្វេង) និង​ប្រធានាធិបតី​កេនយ៉ា (ស្តាំ) REUTERS/Jonathan Erns
ផ្សាយពាណិជ្ជកម្ម

ឆ្លើយ​ទៅនឹង​សំណួរ​របស់​អ្នកកាសែត កាលពី​ថ្ងៃ​សៅរ៍ ទាក់ទង​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា នៅ​កេនយ៉ា លោកអូបាម៉ា និយាយ​ថា លោក​ឧស្សាហ៍​លើកនិយាយ​ពី​ប្រធានបទ​នេះ​ជាមួយ​មេដឹកនាំ​នៅ​អាហ្រ្វិក​កន្លងមក។ “នៅពេល​រដ្ឋាភិបាល មាន​ទម្លាប់​បែងចែក មិន​គោរព​សិទ្ធិ​មនុស្ស​ស្មើគ្នា នោះ រដ្ឋាភិបាល នោះ នឹង​ធ្លាក់​ក្នុង​អន្ទាក់​ដែល​តម្រូវ​ឲ្យ​ពួកគេ​បិទ​សិទ្ធិ​សេរីភាព​ប្រជាជន​ខ្លួនឯង”។

 
ក្នុង​រឿង​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ប្រធានាធិបតី​កេនយ៉ា​វិញ មិន​យល់ស្រប​ជាមួយ​លោក​អូបាម៉ាទេ ដោយ​ឆ្លើយតប យ៉ាង​សុភាព​ទៅវិញ ថា គេ​មិនអាច​ចាប់​បង្ខំ ប្រជាជន​កេនយ៉ា​ឲ្យ​ទទួល​ស្គាល់​អ្វី ដែល​គេ​មិន​ចូលចិត្ត​នោះទេ។ កេនយ៉ា ស្ថិតនៅ​ក្នុង​ចំណោម​ប្រទេស​អាហ្វ្រិក​ចំនួន ៣៥ ដែល​មាន​ច្បាប់​ប្រឆាំង​នឹង​ការស្រឡាញ់​ភេទ​ដូចគ្នា។

នៅ​កេនយ៉ា ដូច​ការរំពឹង​ទុក ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ពីការសហការ​ជាមួយ កេនយ៉ា ក្នុង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវជន ជាពិសេស ក្រុម​ស្ហេបាប់ នៅ​សូម៉ាលី។

បន្ទាប់ពី កេនយ៉ា លោកប្រធានាធិបតី​អូបាម៉ា​ត្រូវ​បន្ត​ដំណើរ​ទៅ​ប្រទេស​អេត្យូពី​នៅ​ល្ងាច​ថ្ងៃអាទិត្យ។ នៅ​ថ្ងៃ​អង្គារ លោក​អូបាម៉ា ត្រូវ​ឡើង​ថ្លែង នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​អាហ្វ្រិក នៅ​ទីស្នាក់ការ​សហភាព​អាហ្វ្រិក ក្នុង​ទីក្រុង​អាឌី អាបេបា របស់​អេត្យូពី។ ក្រុមអ្នកការពារ​សិទ្ធិ​មនុស្ស​រិះគន់ លាយ​ក្តីបារម្ភ​ថា លោក​ប្រធានាធិបតី​អាមេរិក កំពុង​ផ្តោត​ខ្លាំង​ជ្រុល​ទៅលើ​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម ដោយ​ភ្លេច មិនយកចិត្ត​ទុកដាក់​និយាយ​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស នៅ​ប្រទេស​អាហ្វ្រិក។
 
លោកអូបាម៉ា ធ្វើ​ទស្សនកិច្ច​ទៅកេនយ៉ា និង​អេត្យួពី​ដែល​កំពុង​ការរិះគន់​ពីរឿង​រំលោភ​សិទ្ធិមនុស្ស
អង្គការ​ការពារ​សិទ្ធិមនុស្ស រិះគន់ ព្រោះលោកប្រធានាធិបតី​អាមេរិក មិនបាន​លើក​និយាយ​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កេនយ៉ា។ លោកអូបាម៉ា​បានអំពាវនាវ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ស្រឡាញ់ភេទ​ដូចគ្នា ប៉ុន្តែ លោក​មិន​បាន​លើក​និយាយ​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស របស់​រដ្ឋាភិបាល​កេនយ៉ា​បច្ចុប្បន្ន ក៏​ដូច​អតីតកាល​នោះ​ទេ។ សកម្មជន​សិទ្ធិ​មនុស្សកំពុង​បារម្ភថា អាជ្ញាធរ​កេនយ៉ា​បច្ចុប្បន្ន យក​លេស​អនុវត្ត​ច្បាប់ ប្រយុទ្ធប្រឆាំង​អំពើភេរវកម្ម ដើម្បី​ចាប់ចង ក្រុម​ដែល​ប្រឆាំង​នឹង​ខ្លួន។

លោក​ប្រធានាធិបតី​កេនយ៉ា​បច្ចុប្បន្ន ក៏ធ្លាប់​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចោទប្រកាន់ ក្នុងរឿង​បង្រ្កាប​ហិង្សា ក្រោយ​ការបោះឆ្នោត ដែល​សម្លាប់​មនុស្ស​ជាង ១ពាន់នាក់។ លោក​ប្រធានាធិបតី​កេនយ៉ា បាន​រួចពីការចោទប្រកាន់ ដោយសារ​តែ​តុលាការ​គ្មាន​ភស្តុតាង​ក៏ពិតមែន ប៉ុន្តែ មិនមែន​មានន័យ​ថា លោក​ស្អាតស្អំ​នោះទេ។ លោកប្រធានាធិបតី​អាមេរិក​មិនមែន​មិនដឹង​រឿង​អស់នោះទេ។ ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​អង្គការ​ការពារ​សិទ្ធិមនុស្ស​បារម្ភ​ខ្លាច​គឺ​ត្រង់ថា ដើម្បីចង់​ប្រយុទ្ធប្រឆាំង​ខ្លាំង​នឹង​ក្រុមភេរវនិយម នៅ​អាហ្វ្រិក លោក​ប្រធានាធិបតី​អាមេរិក​បាន​បិទភ្នែក ធ្វើ​គថ្លង់ មិនដឹង មិននិយាយ​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កេនយ៉ា។

នៅ​អេត្យូពី​វិញក៏​ដូច្នោះ​ដែរ។ តាំងពី​មុន​លោក​អូបាម៉ា​ធ្វើដំណើរ​ទៅ​អាហ្វ្រិក​ម្ល៉េះ ប្រជាជន​អេត្យូពី ជាច្រើន​រយនាក់ ធ្វើ​បាតុកម្ម នៅ​មុខ​សេតវិមាន ក្នុង​ក្រុង​វ៉ាស៊ីនតោន ដើម្បី​តវ៉ា ប្រឆាំង កុំ​ឲ្យ​អាមេរិក​នាំយកជំនួយ គាំទ្រ​ដល់​រដ្ឋាភិបាល​អេត្យូពី ដែល​ពួកគេ​ចាត់ទុក​ជា​មេដឹកនាំ​ផ្តាច់ការ។ តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស Human rights watch ការរំលោភ​សិទ្ធិមនុស្ស បិទសេរីភាព​អ្នកសារព័ត៌មាន​មាន​កាន់តែច្រើន បន្ទាប់​ពី​ប្រធានាធិបតី​អេត្យូពី​បាន​ឈ្នះឆ្នោត ប្រមូល​យក​អាសនៈ ទាំងអស់ នៅ​រដ្ឋសភា។ ទាំង​គណបក្ស​ប្រឆាំង និង​សង្គមស៊ីវិល​ចោទប្រកាន់​លោក​ប្រធានាធិបតី Hailemariam Desalegn​ថា បាន​រៀបចំ​ការបោះឆ្នោត ដើម្បី​ជា​វាំងនន​បាំង ភ្នែក​អន្តរជាតិ ថា លទ្ធិប្រជាធិបតេយ្យ​កំពុង​កើតមាន​នៅ​អេត្យូពី។

លោក​ប្រធានាធិបតី អាមេរិក​ត្រូវជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​អេត្យូពី នៅថ្ងៃ ចន្ទ។ ពាណិជ្ជកម្ម ការវិនិយោគ សន្តិភាព និង​សន្តិសុខ ជា​ប្រធានបទ​ដែល​លោក​អូបាម៉ា​នឹង​លើក​និយាយ​ជាមួយ​ប្រមុខដឹកនាំ​អេត្យូពី។ ថ្នាក់ដឹកនាំ​ទាំងពីរ នឹង​ពិភាក្សា​លើ​សហប្រតិបត្តិការ ប្រយុទ្ធប្រឆាំង​ភេរវកម្ម នៅ​អាហ្វ្រិកខាងកើត។ អេត្យូពី ដែ​មានទ័ព ដល់​ទៅ​៤ពាន់​នាក់ ក្នុង​កងកម្លាំង​ទ័ព​សហភាព​អាហ្វ្រិក ជា​ប្រទេស​ដៃគូ​សន្តិសុខ មិនអាច​ខ្វះបាន​របស់​អាមេរិក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវជន​នៅ​អាហ្វ្រិក​ខាងកើត។
 

វាយឺតពេល​ទៅហើយ ដែលលោក​អូបាម៉ា​ទើប​បែរ​ទៅ​រក​អាហ្វ្រិក​នៅពេលនេះ
ប្រជាជន​កេនយ៉ា ធ្លាប់​សង្ឃឹមច្រើន ថា នៅក្រោយ​ជាប់ឆ្នោត ឆ្នាំ ២០០៩ ប្រធានាធិបតី​អាមេរិក​ស្បែកខ្មៅ នឹង​ចាប់​អារម្មណ៍ ធ្វើ​នយោបាយ​បើកចំហរ​សំដៅ​អាហ្វ្រិក ដែល​ជា​ដី​កំនើត​របស់​ជីដូនជីតា​របស់​លោកអូបាម៉ា។ ប៉ុន្តែ ប្រជាជន កេនយ៉ា ត្រូវ​ខកចិត្ត ខ្លាំង ព្រោះ​ថា លោកអូបាម៉ា​បាន​បែរខ្នង​ដាក់​ពួកគេ អស់​មួយអាណត្តិ និង​ទើប​ត្រលប់​មក​រាក់ទាក់​ជាមួយ​ពួកគេ នៅ​ពេល​ខ្លួន ជិត​អស់​អាណត្តិ​ប្រធានាធិបតី អាមេរិក​ទៅ​ហើយ​នោះ។

បើប្រៀបធៀប​នឹង​ប្រធានាធិបតី​អាមេរិក​ពីរមុន គឺ​លោក​ប៊ូស និង​លោក​គ្លីនតុន លោកអូបាម៉ា ថ្វីត្បិត​មាន​កំណើត​កូនកាត់​កេនយ៉ា​អាមេរិក ប៉ុន្តែ​មិន​បាន​ធ្វើអ្វី​ធំដុំ​សម្រាប់​អាហ្រ្វិក ក្នុង​រយៈពេល ២​អាណត្តិ​នេះទេ។ ប្រជាជន​អាហ្រ្វិក​នៅ​ចាំ​ដឹងគុណ​លោក​អតីត​ប្រធានាធិបតី​គ្លីនតុន ដែល​បាន​បង្កើត​កិច្ចព្រមព្រៀង​បន្ធូរបន្ថយ ពន្ធ សម្រាប់​ទំនិងញ​នាំចូលពី​អាហ្រ្វិក ក្នុង​ពេល​លោក​ប្រធានាធិបតី​​ប៊ូស វិញ បាន​ផ្តល់​ជំនួយ​រាប់លាន​ដុល្លារ សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​មេរោគអេដស៍​នៅ​អាហ្វ្រិក។ ចំណែក​អាមេរិក របស់​លោក​អូបាម៉ា ដែល​លែង​សូវ​ត្រូវការ​វត្ថុធាតុ​ពី​អាហ្វ្រិក បាន​កាត់បន្ថយ​ទំហំ​ដោះដូរ​ពាណិជ្ជកម្ម ជាមួយ​អាហ្វ្រិក ដោយ​បាន​បណ្តោយ​ឲ្យ​អាហ្រ្វិក​របូត​ចេញ​ពី​ដៃ ទៅធ្លាក់​ក្នុង​សំណាញ់​របស់​ចិន ដែល​កំពុង​បង្កើន​ការវិនិយោគ ជាពិសេស​ផ្នែក​រ៉ែធម្មជាតិ។ ចិន​មាន​ទំហំ​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​អាហ្រ្វិកក ស្មើ នឹង​៣ភាគរយ នៃ​ផលិត​ក្នុង​ស្រុក​សរុប​របស់​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ