អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ផ្អាក​​អង្កេត​សំណុំ​រឿង​ស៊ូដង់ បញ្ជាក់​ពី​ភាព​កំខ្សោយ​របស់​ស្ថាប័ន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​សញ្ញា​ថ្មី​បញ្ជាក់​អំពី​ភាព​ទន់​ខ្សោយ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ CPI។ លោកស្រី​រដ្ឋ​អាជ្ញា​ Fatou Bensouda ទទួល​បន្ទុក​សំណុំ​រឿងស៊ូដង់ បាន​ប្រកាស​​ផ្អាក​ឈប់​ធ្វើ​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​​សង្គ្រាម និង​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅដាហ្វួរ ភាគ​ខាង​លិច​ប្រទេស​ស៊ូដង់។ លោកស្រី​រដ្ឋ​អាជ្ញា ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដាច់ណាត់​នេះ ក្នុង​បំណង​​ពញ្ញាក់​ស្មារតី​​សហគមន៍​អន្តរជាតិ​ ដែល​មិន​បាន​ជួយ​ដាក់​គំនាប​គ្រប់​គ្រាន់​លើ​ក្រុម​អ្នក​កាន់​អំណាច​នៅ​ស៊ូដង់។ ប៉ុន្តែ​សម្រាប់ លោក​ប្រធានាធិបតី​ស៊ូដង់​ដែល​ជា​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​នៅ​ដាហ្វួរ មិន​ដែល​ព្រួយ​បារម្ភ​ ខ្លាច​ស្ថាប័ន​ច្បាប់​អន្តរជាតិ​មួយ​នេះ​សោះ។ ​នៅ​ថ្ងៃ​នេះ លោក អូម៉ា អែលបេឈៀ (Oma el-Béchir( បាន​សម្តែង​ការ​អបអរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​។

លោកស្រី​រដ្ឋ​អាជ្ញា Fatou Bensouda នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប្រកាស​ព្យួរ​សំណុំ​រ៉ង​ដាហ្វួរ
លោកស្រី​រដ្ឋ​អាជ្ញា Fatou Bensouda នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប្រកាស​ព្យួរ​សំណុំ​រ៉ង​ដាហ្វួរ AFP
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តី​ថ្លែងការណ៍​ នៅអង្គការ​សហប្រជាជាតិ នា​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃម្សិលមិញ លោកស្រី​រដ្ឋ​អាជ្ញា ហ្វាទូ បិនស៊ូដា បាន​ប្រកាស​ជា​ផ្លូវការ​ព្យួរ​ការ​ស៊ើប​​អង្កេត​សំណុំរឿង​ដាហ្វួរ។ ប៉ុន្តែ​មិន​មែនជា​ការ​​បោះបង់​ បិទ​បញ្ចប់​សំណុំ​រឿង​នេះ​ទេ។ លោក​ស្រីរដ្ឋ​អាជ្ញា​បាន​រិះគន់​ កង្វះ​ឆន្ទៈ​ និង​ការ​គាំទ្រ​ពី​សំណាក់​ការ​សម្រេច​ចិត្ត​ព្យួរ​ការ​អង្កេត​ ក៏​ព្រោះ​តែ​លោកស្រី​គ្មាន​ជម្រើស​។ លោកស្រី​ត្រូវ​ការដាក់​គំនាប​លើ​គ្រប់​ភាគី លើ​សហគមន៍​អន្តរជាតិ ជាពិសេស​លើ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​ឱ្យ​ស្ថាប័ន​កំពូល​មួយ​នេះបញ្ចេញ​សកម្មភាព​ជួយ​ចាប់​ខ្លួន​ជនជាប់​ចោទ​ ដែល​ក្នុង​នោះ​មាន​ម្នាក់​គឺ​លោក​ប្រធានាធិបតីស៊ូដង់ អូម៉ារ អែលបេឈៀ។

 
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ បាន​ចោទ​ប្រកាន់​លោក អូម៉ា អែលបេឈៀ ប្រធានាធិបតី​ស៊ូដង់ ក្នុង​បទ​​ឧក្រិដ្ឋកម្មស​ង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ​ក្នុង​អំឡុង​សង្គ្រាម​នៅតំបន់​ដាហ្វួរ ភាគ​ខាង​លិច​ប្រទេស​ស៊ូដង់។ ដំណើរ​សំណុំ​រឿង​ក្តី​បាន​ចាប់​ផ្តើម​តាំង​ពី ឆ្នាំ​ ២០០៩មក។ ដីកា​អន្តរជាតិ​តាម​ចាប់​ខ្លួន​ជន​ជាប់​ចោទ​រូប​នេះ​ក៏​មាន​ ប៉ុន្តែ​លោក អែលបេឈៀ នៅ​តែ​មាន​សេរីភាព​ កាន់​អំណាច​ដដែល។ ស៊ូដង់​ក៏​មិន​ដែល​ខ្វល់​ខ្វាយ​នឹង​​សហការ​ជាមួយ​តុលការ​ព្រហ្មទណ្ឌ​ ក្នុង​ចំណាត់​ការ​សំណុំ​រឿង​នេះ​ដែរ។

 
កង្វះមធ្យោបាយ​និង​ការ​គាំទ្រ

កង្វះ​ការ​គាំទ្រ​និង​មធ្យោបាយប៉ះពាល់​ខ្លាំង​ដល់​ប្រសិទ្ធិភាព​របស់​តុលាការ។ ​ការ​រិះគន់​មាន​ប្រភេទ​ខុសៗ​គ្នា។ សម្រាប់​ថ្នាក់​ដឹកនាំ​ប្រទេស​​អាហ្វ្រិក​ ការ​បន្ទោស​មាន​លក្ខណៈ​នយោបាយ​ខ្លាំង ! ថា​តុលាការ​កាត់​​ទោស​តែ​មេដឹកនាំ នៅទ្វីប​អាហ្វ្រិក ព្រោះ​ជាក់​ស្តែង​ក្នុង​ចំណោម​សំណុំ​រឿង​ទាំង​២១ ដែល​តុលាការ​កំពុងស៊ើប​អង្កេត​ សុទ្ធ​តែ​ទាក់ទង​នឹង​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​ទាំង​អស់។

ការ​រិះគន់​ខ្លាំង​មួយ​ទៀត​គឺ​ភាព​យឺត​យ៉ាវ​របស់​តុលាការ។ ជាង​១០​ឆ្នាំ​មក​នេះ តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ទើប​បានចេញ​ការ​ថ្កោល​ទោស​មួយ​ករណី​ប៉ុណ្ណោះ។ សម្រាប់​ជន​រងគ្រោះ​ សវនការ​ស៊ី​ពេល​វែង​ណាស់។

សេចក្តី​សម្រេច​ចិត្ត​ព្យួរ​​សំណុំ​រឿង​ដាហ្វួរ ​នេះ ធ្លាក់​មក​តែ​ប្រមាណ​ជាង​១០​ថ្ងៃ​ក្រោយ​ ការ​សម្រេច​ចិត្ត​បោះបង់​ បិទ​បញ្ចប់​សំណុំ​រឿង​ចោទ​ប្រកាន់​ប្រធានាធិបតី​កេនញ៉ា ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ។ សម្រាប់​អ្នក​សង្កេត​ការណ៍ នេះ​ជា​បរាជ័យរបស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

ប៉ុន្តែ​សម្រាប់​អ្នក​ការពារ​​គាំទ្រ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ វត្តមាន​របស់​CPI  មិន​អាច​ខ្វះ​បាន​ទេ។ តុលាការ​នៅ​ក្មេង​មែន ប៉ុន្តែ​ធ្លាប់​បាន​ផ្តល់​​​យុត្តិធម៌​​ឱ្យ​​ពិភពលោក​។ ម្យ៉ាង​ទៀត តុលាការ​គឺ​ជា​ចំណែក​មួយ​នៃ​ការ​ប្រយុទ្ធ​​ការទូត​ សម្រាប់​ប្រទេស​ហត្ថលេខី និង​ចុងក្រោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​ជា​រួម​ចំណែក​រក្សា​ប្រវត្តិសាស្ត្រ​និង​ការ​ចង​ចាំ។ តុលាការ​មាន​រក្សា​ទុក​នូវ​ភស្តុតាង សក្ខីកម្ម​ ព័ត៌មាន​ដ៏​មាន​តម្លៃ​សម្រាប់​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ