អានតួអត្ថបទ

លោក​ស៊ី ជីនពីង ​បំពេញ​ទស្សនកិច្ច​នៅ​ស៊ីមបាវ៉េ​ដែល​ល្បីឈ្មោះ​មិនល្អ​ខាង​សិទ្ធិមនុស្ស

លោក​ប្រធានាធិបតិ​ចិន ស៊ី ជីន ពីង ដែល​ទៅចូលរួម​ក្នុង​សន្និសីទ​​ ​អ.ស.ប ​ស្តីពី​អាកាសធាតុ បាន​ចាកចេញ​ពី​ទីក្រុង​ប៉ារីស កាល​ពីថ្ងៃ​អង្គារ ដើម្បី​​បន្ត​ដំណើរ​ទៅបំពេញ​ទស្សនកិច្ច នៅ​ក្នុង​តំបន់​អាហ្វ្រិក។ ដំណើរទស្សនកិច្ច​​រយៈពេល ៥ថ្ងៃ នៅ​ក្នុង​តំបន់​អាហ្វ្រិក​នេះ បាន​​ចាប់ផ្តើម​ដំបូង​គេ ពី​ប្រទេស​ស៊ីមបាវ៉េ ដែល​ជា​ប្រទេសមួយ​កម្រ​នឹង​មាន​ដំណើរទស្សនកិច្ច​ប្រមុខរដ្ឋ​បរទេស ដោយសារតែ​ប្រទេស​នេះ​ល្បីឈ្មោះ​មិនល្អ​ខាង​សិទ្ធិមនុស្ស។

​លោក​ប្រធានាធិបតីស៊ីមបាវ៉េ រ៉ូប៊ែរ មូហ្កាបេ ទទួល​ស្វាគមន៍​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ដល់​ព្រលាន​យន្តហោះ នៅថ្ងៃ​អង្គារ ១ធ្នូ ២០១៥
​លោក​ប្រធានាធិបតីស៊ីមបាវ៉េ រ៉ូប៊ែរ មូហ្កាបេ ទទួល​ស្វាគមន៍​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ដល់​ព្រលាន​យន្តហោះ នៅថ្ងៃ​អង្គារ ១ធ្នូ ២០១៥ REUTERS/Philimon Bulawayo
ផ្សាយពាណិជ្ជកម្ម

លោក​ស៊ី ជីនពីង ដែល​ធ្វើ​ដំណើរ​ចេញ​ពី​សន្និសីទ​អាកាសធាតុ​នៅ​ប៉ារីស បាន​ទៅដល់​ប្រទេស​ស៊ីមបាវ៉េ នៅ​ល្ងាច​ថ្ងៃ​អង្គារ ដោយ​មាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ពី​សំណាក់​លោក​ប្រធានាធិបតី រ៉ូប៊ែរ មូហ្កាបេ។

បើរាប់ចាប់តាំង​ពី​ឆ្នាំ​១៩៩៦​មក នេះ​គឺ​ជាលើក​ដំបូងបង្អស់ ដែល​ប្រធានាធិបតី​ចិន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ស៊ីមបាវ៉េ ហើយ​​ដំណើរទស្សនកិច្ច​របស់​លោកស៊ី ជីនពីង នៅ​ពេលនេះ គឺ​ជា​ជោគជ័យ​ផ្នែក​ការទូត​ដ៏​ធំមួយ សម្រាប់​លោក​រ៉ូប៊ែរ មូហ្កាបេ ប្រធានាធិបតី​វ័យ ៩១ឆ្នាំ ដែល​កាន់អំណាច​ជាប់​រហូត​ចាប់តាំង​ពី​ស៊ីមបាវ៉េ​បាន​ទទួល​ឯករាជ្យ​ពី​អង់គ្លេស នៅ​ឆ្នាំ​១៩៨០ ហើយ​ដែល​ជាទូទៅ មិនសូវ​មាន​គេ​រាប់រក ដោយសារ​តែ​ជាប់ឈ្មោះ​មិនល្អ​ខាង​សិទ្ធិមនុស្ស។

គេ​សង្កេតឃើញ​ថា លោក​មូហ្កាបេ ថ្វីដ្បិត​តែ​ត្រូវ​ប្រទេស​ជាច្រើន ជាពិសេស បណ្តា​ប្រទេស​លោកខាងលិច​មិនរាប់រក ក៏ប៉ុន្តែ ជាមួយ​ចិនវិញ ប្រធានាធិបតី​ស៊ីមបាវ៉េ​តែងតែ​រក្សា​ទំនាក់ទំនង​ល្អ​​ជាប់ជា​និច្ច ចាប់តាំង​ពី​​ក្រោយ​ទទួល​ឯករាជ្យ​។ ថ្មីៗ​នេះ​ទៀត លោក​មូហ្កាបេ ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ស្ទើរតែ​ជុំទិស​ពី​ការ​រំលោភ​សិទ្ធិមនុស្ស ជាពិសេស ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​ប្រឆាំង​នយោបាយ ទើប​នឹង​ទទួល​បាន​ពានរង្វាន់​សន្តិភាព​ខុងជឺ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​ពានរង្វាន់​ណូបែល​សន្តិភាព​ Made in China។

នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ រយៈពេល ២ថ្ងៃ​នេះ លោក​ស៊ី ជីនពីង គ្រោង​នឹង​ជជែក​ជាមួយ​លោក​រ៉ូប៊ែរ មូហ្កាបេ ជុំវិញ​​ការ​បោះទុនវិនិយោគ​របស់​ចិន នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ ហើយ​បើ​យោងតាម​ក្រសួង​ការបរទេស​ស៊ីមបាវ៉េ កិច្ចព្រមព្រៀង​មួយ​ចំនួន​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​នេះ ជាពិសេស គឺ​កិច្ចព្រមព្រៀង​ក្នុង​វិស័យ​កសិកម្ម វិស័យដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ។

បន្ទាប់​ពី​ស៊ីមបាវ៉េ លោក​ស៊ី ជីនពីង នឹង​បន្ត​ដំណើរទៅកាន់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង នៅថ្ងៃ​ពុធ ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី យ៉ាកុប ហ្ស៊ូម៉ា ព្រមទាំង​ចូលរួម​ក្នុង​ជំនួបកំពូល​​អាហ្វ្រិក-ចិន ដែល​នឹង​បើក​ធ្វើ​នៅថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ ហើយ​ដែល​នឹង​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រមុខរដ្ឋ​​មក​ពី​គ្រប់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាហ្វ្រិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ