rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហ្កាបុង ឧស្ម័នកាបូនិក ព្រៃឈើ អង្គការ​សហប្រជាជាតិ ប្រែប្រួល​អាកាសធាតុ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អសប៖ ហ្កាបុង​ទទួលប្រាក់​១៥​០លាន​ដុល្លារ​សម្រាប់​ការប្រឹងប្រែង​ប្រឆាំង​នឹងការកាប់ព្រៃឈើ

media
ដំរីព្រៃ​នៅឧទ្យានជាតិ​នៅ​​ប្រទេស​ហ្កាបុង នៅឆ្នាំ ២០១១ ©Amaury HAUCHARD / AFP

ប្រទេស​ហ្កាបុង​នឹង​ទទួល​ទទួល​រង្វាន់ ពីមូលនិធិ​អន្តរជាតិ សម្រាប់​ការចូលរួម​របស់​ប្រទេស​មួយនេះ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការកាប់បំផ្លាញព្រៃឈើ។ សេចក្តីប្រកាស​របស់អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​អាទិត្យ បាន​បង្ហាញ​ថា ហ្កាបុង ជា​ប្រទេស​អាហ្រ្វិក​ដំបូងគេ​ដែល​បាន​ទទួល​រង្វាន់​បៃតង សម្រាប់​ការប្រឹងប្រែង​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ។

 


ហ្កាបុង​នឹង​ក្លាយ​ជា​ប្រទេស​អាហ្វ្រិក​ដំបូងគេ ដែល​បាន​ទទួល​ប្រាក់ជំនួយ ពីមូលនិធិ​បៃតង​របស់​អង្គការ​សហប្រជាជាតិ។ តាម​សេចក្តីថ្លែងការណ៍​របស់​គំនិតផ្តួចផ្តើម​ដើម្បី​ព្រៃនៅ​តំបន់អាហ្វ្រិកកណ្តាល ហៅកាត់ថា Cafi ដែល​ជា​ស្ថាប័ន​មួយ​របស់​អង្គការ​សហប្រជាជាតិ ប្រមូលផ្តុំ​បណ្តា​ប្រទេស​អាហ្រ្វិក ហើយ​និង​ក្រុមប្រទេស​ផ្តល់ជំនួយ រដ្ឋាភិបាល​ហ្កាបុង នឹង​ទទួល​បាន​ថវិកា ១៥០​លាន​ដុល្លារ ពី​ប្រទេស​ន័រវែស សម្រាប់​កិច្ចសន្យា ប្រយុទ្ធប្រឆាំង​នឹង​ការកាប់ព្រៃ​ខុសច្បាប់ ហើយ​និង​ការប្រឹងប្រែង​របស់​រដ្ឋាភិបាល ក្នុង​ការដាំឡើងវិញ និង​ការរក្សា តំបន់​ព្រៃ សម្រាប់​ស្រូប​ឧស្ម័នកាបូនិក។

ផ្ទៃដី​ប្រមាណ​៩០ភាគរយ​របស់​ហ្កាបុង គ្របដណ្តប់​ដោយ​តំបន់ព្រៃធម្មជាតិ។ ហ្កាបុង​ដែល​ស្ថិតនៅ​ចំកណ្តាល​តំបន់ព្រៃ ត្រូពិក របស់​អាហ្វ្រិកកណ្តាល ដែល​ជាសួតធំទី ២​របស់​ផែនដី បន្ទាប់ពី​ព្រៃត្រូពិកអាម៉ាហ្សូន ផ្តល់​ជំរក​ដល់​សត្វដំរី អាហ្វ្រិក ប្រមាណ ៦០ភាគរយ។ សម្រាប់ អង្គភាព​ដើម្បី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ នេះ​ជា​សញ្ញា​បង្ហាញ​ពីការគ្រប់គ្រង​បាន​ល្អ សម្បត្តិ​ធនធាន​ធម្មជាតិ។

ប៉ុន្មាន​ឆ្នាំ​មកនេះ រដ្ឋាភិបាល​ហ្កាបុង​បាន​អភិវឌ្ឍ​គោលនយោបាយ​ច្រើន ដើម្បី ការពារ អភិរក្ស តំបន់ព្រៃ អាហ្វ្រិកកណ្តាល។ ហ្កាបុង មាន​ឧទ្យាន​ជាតិ ចំនួន ១៣ ដែល​គ្របដណ្តប់ផ្ទៃដីប្រទេស​ប្រមាណ ១១​ភាគរយ។

នៅ​ដើម​ខែ​មីនា​កន្លងទៅ ប្រទេស​ហ្កាបុង​បាន​រងរញ្ជួយ​ដោយសារ​ជំនួញ​ឈើ​ខុសច្បាប់ ដែល​ក្រុមឈ្មួញ​ចិន រួម​ជាមួយ​មន្រ្តីរដ្ឋាភិបាល បាន​ផ្សំគំនិតគ្នា លួចកាប់ សម្រាប់​ទីផ្សារ​អាស៊ី។

ដើម្បី បិទបញ្ចប់​រឿងអាស្រូវ​នេះ រដ្ឋាភិបាល​ហ្កាបុង​របស់​លោក Ali Bongo Ondimba បាន​សម្រេច​រុះរើ​រដ្ឋាភិបាល និង​បាន​ជ្រើសរើស​ជនជាតិ​អង់គ្លេស ម្នាក់ ដែល​ស្នេហា​បរិស្ថាន ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តី ព្រៃឈើ។

ជាមួយ​នឹង​ការបង្កើតគម្របព្រៃ ដើម្បី​ស្រូប​ឧស្ម័នកាបូនិក​ពី បរិយាកាស ហ្កាបុង​អាច​ស្ថិតនៅក្នុង​ចំណោម​ប្រទេស​ជាង ២០ ដែល​អង្គការ​សហប្រជាជាតិ​បាន​ចាត់ទុក​ជា​ប្រទេស​នាំមុខគេ ក្នុង​ចូលរួម​ឲ្យ​មាន​ឧស្ម័ន​កាបូនិក សូន្យ នៅ​អំឡុង​ឆ្នាំ ២០៥០។

ពិភពលោក​នឹង​អាច​ខកបំណង មិនអាច​សម្រេច​តាម​គោលដៅ ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀងអន្តរជាតិ​ស្តីពី​អាកាសធាតុ​នោះទេ ព្រោះថា បើតាម​របាយការណ៍​មួយ​របស់​អង្គការ​សហប្រជាជាតិ ចុះ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យម្សិលមិញ ប្រទេស​នៅក្នុង​លោក មិនត្រឹមតែ​បរាជ័យ​មិនអាច​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​កាបូនិក ដែល​ជា​ឧស្ម័នផ្ទះកញ្ចក់ ធ្វើ​ឲ្យ​ផែនដី​ឡើងកំដៅ​តែប៉ុណ្ណោះទេ ផ្ទុយទៅវិញ គឺ​មានតែបង្កើន​២ភាគរយ បន្ថែមទៀត នៅឆ្នាំ ២០១៨ ដែល​ធ្វើ​ឲ្យ​ឧស្ម័នកាបូនិក ក្នុង​បរិយាកាស មានចំនួ​នដល់ ៣៧ពាន់​លាន​តោន៕