ហេតុអ្វីបានជាមានផ្ទុះអំពើហិង្សាប្រឆាំងនឹងជនបរទេសនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៩
នៅថ្ងៃអាទិត្យ ទី១៥ កញ្ញា ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោកស៊ីរីល រ៉ាម៉ាហ្វូសាបានប្រញិបប្រញាប់បញ្ជូនគណៈប្រតិភូជាន់ខ្ពស់អាហ្រ្វិកខាងត្បូងមួយក្រុមទៅកាន់ប្រទេសនីហ្សេរីយ៉ា នីហ្សេ ហ្កាណា សេណេហ្កាល់ តង់សានី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសសំប៊ី។ បេសកកម្មរបស់គណៈប្រតិភូអាហ្រ្វិកខាងត្បូងដែលដឹកនាំដោយអតីតរដ្ឋមន្រ្តីលោកយ៉េវ រ៉ាដេបា គឺធានាដល់ប្រទេសអាហ្រ្វិកទាំងនោះពីការសន្យារបស់រដ្ឋាភិបាលទីក្រុងប្រេតូរីយ៉ាក្នុងការគោរពឯកភាព និងសាមគ្គីភាពរវាងគ្រួសារអាហ្រ្វិកដូចគ្នា។ បន្ទាប់មក ពួកគេក៏ត្រូវប្រាប់ពីវិធានការមួយចំនួនត្រូវទីក្រុងប្រេតូរីយ៉ាគ្រោងអនុវត្តដើម្បីបញ្ចប់ទង្វើវាយប្រហារលើជនបរទេស និងចាប់ជនដៃដល់ទៅកាត់ទោស។ គួររម្លឹកថានៅដើមខែកញ្ញានេះ អាហ្រ្វិកខាងត្បូងបានស្គាល់អំពើហិង្សា និងការវាយបំផ្លាញទ្រព្យសម្បត្តិរបស់ជនបរទេស។ តើអ្វីទៅជាដើមចមនៃការផ្ទុះហិង្សាប្រឆាំងនឹងជនបរទេសនៅអាហ្រ្វិកខាងត្បូង និងថា តើប្រទេសអាហ្រ្វិកមួយនេះជាប្រទេសស្អប់ជនបរទេសឬ?
« ទូកទៅ កំពង់នៅ » នេះហើយជាអ្វីដែលគ្រប់គ្នាបានសម្គាល់ឃើញនៅក្រោយអំពើហិង្សា និងការវាយបំផ្លាញទ្រព្យសម្បត្តិរបស់ជនបរទេសក្នុងប្រទេសអាហ្រ្វិកខាងត្បូង ពិសេសជនបរទេសមកពីក្រុមប្រទេសអាហ្រ្វិកដូចគ្នា។ ស្ថានការណ៍ហាក់បានស្ងប់ស្ងាត់ និងវិលត្រឡប់រកភាពប្រក្រតីវិញមែន តែវាបានបន្សល់ទុកនូវរូបភាពមិនល្អទាល់តែសោះសម្រាប់អាហ្រ្វិកខាងត្បូងដែលមានពលរដ្ឋ ៥៧លាននាក់ ពិសេសបានបន្សល់ទុកនូវស្នាមរបួស និងការភ័យខ្លាចសម្រាប់ជនបរទេសដែលកំពុងរស់នៅ រួមទាំងអ្នកដែលចង់ទៅតាំងលំនៅក្នុងទឹកដីអាហ្រ្វិកមួយនេះផង។ គ្រាន់តែក្នុងរយៈពេលប៉ុន្មានថ្ងៃនាដើមខែកញ្ញានេះ អំពើហិង្សាប្រឆាំងជនបរទេសបានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច ១២នាក់ របួសជាង ៦០០នាក់ និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងដំណំ។
អ្វីជាការកត់សម្គាល់ ក្រុមមនុស្សដែលជាផ្ទាំងស៊ីបនៃទង្វើស្អប់ខ្ពើមជនបរទេសមិនមានត្រឹមជនបរទេសប៉ុណ្ណោះទេ តែក៏មានពលរដ្ឋអាហ្រ្វិកខាងត្បូងគ្នាឯងដែរ។ សង្កាត់ដែលបានរងផលប៉ះពាល់ខ្លាំងជាងគេពីអំពើហិង្សាមួយនេះច្រើនជាសង្កាត់ដែលរស់នៅដោយជនបរទេស និងជនជាតិអាហ្រ្វិកខាងត្បូងដែលជាអ្នកមានស្តុកស្តម។ ក្រៅពីជនបរទេសមកពីប្រទេសអាស៊ី ដូចយ៉ាងបង់ក្លាដែស និងប៉ាគីស្ថាន គេសង្កេតឃើញមានច្រើនមកពីក្រុមប្រទេសអាហ្រ្វិកគ្នាឯងដូចយ៉ាងនីហ្សេរីយ៉ា ស៊ីមបាវ៉េ ឬមួយក៏ប្រទេសសំប៊ី។ អ៊ីចឹងហើយបានជាអ្នកដែលបញ្ចេញប្រតិកម្មក្តៅក្រហាយខ្លាំងជាងគេនឹងអំពើស្អប់ជនបរទេសនៅអាហ្រ្វិកខាងត្បូងពេលនេះ គឺគ្មាននរណាក្រៅពីក្រុមប្រទេសអាហ្រ្វិកគ្នាឯងនោះទេ។
ប្រធានគណៈកម្មការសហភាពអាហ្រ្វិកលោកមូសសា ហ្វាគីម៉ាហាម៉ាតបានថ្កោលទោស និងបានចាត់ទុកទង្វើរបៀបនេះ ថាជាការមើលងាយ មើលថោកចំពោះជនបរទេស និងបញ្ជាក់ថា អំពើស្អប់ខ្ពើមជនបរទេសមិនមែនជាទម្លាប់ការទូតរបស់ទ្វីបអាហ្រិ្វកឡើយ។ អំណះអំណាងរបស់លោកហ្វាគីម៉ាហាម៉ាតយ៉ាងដូចនេះក៏មិនសូវខុសប៉ុន្មានដែរ ព្រោះគេកម្រឃើញអំពើស្អប់ជនបរទេសកើតមាននៅក្នុងប្រទេសអាហ្រ្វិកផ្សេងណាស់។ តែក្រុមអ្នកវិភាគបានមើលឃើញថា គេពិបាកបែងចែកឲ្យបានច្បាស់លាស់រវាងទង្វើឧក្រិដ្ឋកម្មស្អប់ជនបរទេស ការជម្រះបញ្ជីរវាងក្រុមបងធំ និងឧក្រិដ្ឋកម្មទូទៅនៅអាហ្រ្វិកខាងត្បូងដែលជាប្រទេសមានអត្រាមនុស្សឃាតខ្ពស់ជាងគេមួយក្នុងលោក។ តាមតួលេខរបស់ប៉ូលិសអាហ្រ្វិកខាងត្បូង មានមនុស្សឃាតចំនួន ៥៨ករណីក្នុងមួយថ្ងៃ។
តើអាហ្រ្វិកខាងត្បូងដែលជាប្រទេសមហាអំណាចឧស្សាហកម្មទី១ ក្នុងទ្វីបអាហ្រ្វិកពិតជាមានការរើសអើង និងស្អប់ជនបរទេសមែនឬ?។ មិនមែនទេ នេះជាការឆ្លើយរបស់ប្រធានាធិបតីលោកស៊ីរីល រ៉ាម៉ាហ្វូសា។ តាមប្រធានាធិបតីអាហ្រ្វិកខាងត្បូងរូបនេះដដែល រដ្ឋាភិបាលបានធ្វើការយ៉ាងស្វិតស្វាញដើម្បីលើកទឹកចិត្តប្រជាជនឲ្យទទួលជនបទេសគ្រប់រូបមកពីក្រុមប្រទេសអាហ្រ្វិកផ្សេងទៀត។ លោករ៉ាម៉ាហ្វូសាថែមទាំងបានរម្លឹកថា ជនបរទេសភាគច្រើនគោរពច្បាប់អាហ្រ្វិកខាងត្បូង និងចង់រស់នៅដោយសុខសន្តិភាព។ មែនទែនទៅ អំពើហិង្សាប្រឆាំងជនបរទេសនៅអាហ្រ្វិកខាងត្បូងមិនមែនជារឿងថ្មី និងឧស្សាហ៍កើតមានញឹកញាប់។ ពិតណាស់ អាហ្រ្វិកខាងត្បូងត្រូវបានគេស្គាល់ជាប្រទេសធា្លប់មានការរើសអើងពូជសាសន៍ និងពណ៌សម្បុរ។
ចំណែកការផ្ទុះអំពើហិង្សាប្រឆាំងជនបរទេសពេលនេះត្រូវបានគេមើលឃើញថា មិនមែនដោយសារគំនិតជាតិនិយម ឬគំនិតជ្រុលនិយមទេ តែគឺគំនិតច្រណែននិយម។ ជនបរទេសនៅអាហ្រ្វិកខាងត្បូងត្រូវបានចោទប្រកាន់ពីបទលួចការងាររបស់ពលរដ្ឋក្នុងស្រុក។ គួរបញ្ជាក់ថានៅអាហ្រ្វិកខាងត្បូង អត្រាអ្នកអត់ការងារធ្វើមានដល់ទៅ ២៩% ក្នុងនោះមាន ៥០% ជាយុវជន។ ទន្ទឹមគ្នានេះ ចំនួនអ្នកក្រមានកាន់តែច្រើនដោយមានពលរដ្ឋជាងពាក់កណ្តាលរស់ក្រោមខ្សែបន្ទាត់ក្រីក្រជាមួយនឹងចំណូលតិចជាង ៤០អឺរ៉ូក្នុងមួយខែ។ ដូច្នេះ វិបត្តិដែលប្រទេសអាហ្រ្វិកខាងត្បូងកំពុងជួបប្រទះពេលនេះជាវិបត្តិផ្ទៃក្នុងសុទ្ធសាធដែលរដ្ឋាភិបាលត្រូវដោះស្រាយជាបន្ទាន់។ បើពុំនោះសោតទេ អំពើហិង្សាប្រឆាំងនឹងជនបរទេសពេលនេះមិនត្រឹមតែធ្វើឲ្យខូចរូបភាពប្រទេសប៉ុណ្ណោះទេ តែវាក៏នឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយក្រុមប្រទេសអាហ្រ្វិកគ្នាឯងផ្សេងទៀតដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ