rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ទុយនីស៊ី បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បោះឆ្នោត​ប្រធានាធិបតី​នៅ​ទុយនីស៊ី៖ ស្មុគស្មាញ និង​មិន​ជាក់​លាក់

media
ផ្ទាំង​ឃោសនា​បង្ហាញ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ទុយនីស៊ី ថ្ងៃទី ១៥ កញ្ញា ២០១៩ FETHI BELAID / AFP

ប្រជាពលរដ្ឋ​ទុយនីស៊ី​ ជាង​៧​លាន​នាក់​ ត្រូវ​ទៅបោះឆ្នោត​ នៅ​ថ្ងៃអាទិត្យ​ទី ១៥ កញ្ញា ជ្រើសរើស​ប្រធានាធិបតីថ្មី។ ជា​ប្រភព​ដើម​នៃការ​ផ្ទុះ​​បដិវត្ត​អារ៉ាប់ឆ្នាំ​២០១១ ទុយនីស៊ី​ គឺ​ជា​ប្រទេស​តែ មួយ​គត់​​​ដែល​បាន​ដើរ​ចេញ​ពី​វិបត្តិ​និង​ស្គាល់​ស្ថិរភាពនយោបាយ​ឡើង​វិញ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​ក្តី​ព្រួយ​បារម្ភនៅ​បន្ត​មាន​ចំពោះ​ស្ថិរភាព​នយោបាយ​អនាគត ព្រោះ ​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​នេះ មាន​ទម្រង់​​ស្មុគស្មាញ​ និងមិន​ជាក់លាក់​សោះ។


មិន​ច្បាស់​លាស់ មិន​ប្រាកដប្រជា ព្រោះ​ចំនួន​បេក្ខជន​មាន​ច្រើន​ខ្លាំង ដល់​ទៅ​២៦​រូប និង​មាន​បែកខ្ញែក​នយោបាយ។ បេក្ខជនភាគ​ច្រើន ​ប្រសូត​ចេញ​ពី​គ្រួសារ​នយោបាយ​តែ​មួយ តែ​បែរ​មក​ប្រឈម​​គ្នា​ទៅ​វិញ។ ក្នុង​សម័យ​បោះឆ្នោត ​កាលពី​ឆ្នាំ​២០១៤​ គេ​សម្គាល់​​ឃើញ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​រវាង​ចរន្ត​នយោបាយ​ពីរ គឺ​បក្ស​​អ៊ីស្លាម​និយម (អ្នក​ស្តាំនិយម) និង​បក្ស​​ទំនើប​និយម​ (អ្នក​ឆ្វេង​និយម)។ លើកនេះ ការ​បោះឆ្នោត​ ផ្តោត​ខ្លាំង​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច​និង​សង្គម និង ​មានលេច​​​បេក្ខជនដែល​មាន​និន្នាការ​នយោបាយថ្មី “​ប្រឆាំង​នឹង​ប្រព័ន្ធ​នយោបាយ​ចាស់”។

ដូច​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​លើពិភព​លោក​បច្ចុប្បន្ន ទុយនីស៊ី​លែង​ទុកចិត្ត​លើ​​អ្នក​នយោបាយ​ចាស់​គំរិល បក្សធំៗ​ជា​អ្នក​ស្តាំ-អ្នក​ឆ្វេងទៀត​ហើយ។​ ចរន្ត​នយោបាយ​ថ្មី​ជា​អ្នក​ប្រជានិយម ដែលកើត​ចេញ​ពី​​ខក​ចិត្ត​នឹងបក្ស​កាន់​​អំណាច​មុនៗ ថា​មិន​បាន​គោរព​ពាក្យ​សន្យា​ស្តា​សេដ្ឋកិច្ច​និង​ផ្តល់​ការងារ កំពុង​ឆាក​ប្តូរផ្លាស់​នយោបាយ​ទុយនីស៊ី។ បេក្ខជន​១២​រូប ដែល​ធ្លាប់​ជា​រដ្ឋមន្ត្រី​ ទំនង​ជា​នឹង​ត្រូវ​ប្រឈម​នឹង​អ្វី​ដែល​គេ​ហៅ​ថា​ ការ​បោះឆ្នោត​បដិសេធ។ ម្ចាស់​ឆ្នោត​ក្មេងៗ បាន​ប្រកាស​មិន​បោះឆ្នោត​ឱ្យ​បេក្ខជន​នៃ​បក្ស​នយោបាយ​ចាស់ៗ​ទេ។ នៅ​ក្នុង​ចំណោម​បក្ស​ធំៗ​ដែល​ធ្លាប់​មាន​ឈ្មោះ​ល្បី មាន​តែ​បក្ស​អ៊ីស្លាម Ennahdaមួយ​គត់​ដែល​ទំនង​មាន​សង្ឃឹម​ប្រមូល​សំឡេង​បាន​ខ្លះ ប៉ុន្តែ​បក្ស​នេះ​កំពុង​ធ្លាក់​ប្រជាប្រិយភាព​ខ្លាំង។

បើ​តាម​វិទ្យាស្ថាន​ស្ទង់​មតិ​ទុយនីស៊ី បេក្ខជន​អ្នកប្រជានិយម​ មាន​សំឡេង​ចង់​បោះឆ្នោត​ឱ្យ​ច្រើន​ជាងគេ។ ប៉ុន្តែ​ប្រភព​នៃ​ភាព​មិន​ជាក់​លាក់​មួយ​ទៀត គឺ​អត្រា​ចូល​រួម​បោះឆ្នោត​។ គេ​មិន​ដឹង​ថា​តើ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ជិត​មួយ​លាន​នាក់​កន្លះ​ ព្រមទាំង​យុវជន​យុវតី និង​ប្រជាពលរដ្ឋ​ស្រទាប់​កណ្តាល​ នឹង​ទៅ​បោះឆ្នោត​ក្នុង​កំរិត​ណា​ទេ ព្រោះ​ពួកគេ​ភាគ​ច្រើន​អស់​ជំនឿ​លើ​នយោបាយ និង​លែង​ចង់​បោះឆ្នោត​។

ជា​ចុងក្រោយ ភាព​ស្មុគស្មាញ​មួយទៀតគឺអាច​បណ្តាល​មក​ពេលវេលា​នៃ​ការបោះឆ្នោត​។ ទុយនីស៊ី​រួសរាន់​រៀប​ចំ​ ការ​បោះឆ្នោត​មុន​កាលកំណត់ថ្ងៃ​នេះ ដោយ​ហេតុ​តែ​ប្រធានាធិបតី​ទទួលមរណភាព​កាលពី​ខែ​កក្កដា។ បក្ស​នយោបាយ​នីមួយៗ​ទំនង​ជា​តែងតាំង​បេក្ខជន​របស់​ខ្លួន​យ៉ាង​ប្រញេបប្រញាប់ផង៕