សករាជថ្មីមួយបានបើកឡើងហើយនៅស៊ូដង់ តែផ្លូវដែលត្រូវដើរឆ្ពោះទៅកាន់ប្រជាធិបតេយ្យពិតប្រាកដនៅវែងឆ្ងាយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤១
កាលពីថ្ងៃសៅរ៍ ទី១៧ សីហា ក្រុមស៊ីវិលដឹកនាំដោយកម្លាំងសេរីភាព និងការផ្លាស់ប្តូរ និងក្រុមប្រឹក្សាយោធាអន្តរកាលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ធម្មនុញ្ញមួយដើម្បីជំនួសច្បាប់ធម្មនុញ្ញបច្ចុប្បន្ន។ ជាមួយនឹងសេចក្តីថ្លែងការណ៍ធម្មនុញ្ញដែលមានកម្រាស់ ២០ទំព័រនេះ ក្រុមស៊ីវិល និងក្រុមយោធាបានកាន់ដៃដឹកនាំប្រទេសរួមគ្នាសម្រាប់សម័យអន្តរកាល មុននឹងរៀបចំបោះឆ្នោតជាផ្លូវការ។ គួររម្លឹកថា មុននឹងឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនេះ ក្រុមស៊ីវិល និងក្រុមយោធាបានប្រឈមមុខដាក់គ្នាយ៉ាងហិង្សាអស់រយៈពេល ២ខែ។ គឺក្រុមយោធានេះឯងដែលបានទម្លាក់លោកប្រធានាធិបតីអ៊ែលបេស្ហៀរក្នុងថ្ងៃទី១១ មេសា បន្ទាប់ពីមានចលនាបះបោរមហាជនអស់រយៈពេល ៨ខែ។ ឥឡូវនេះ សករាជថ្មីមួយបានបើកឡើងហើយ តែផ្លូវដែលស៊ូដង់ត្រូវដើរឆ្ពោះទៅកាន់ប្រជាធិបតេយ្យពិតប្រាកដនៅវែងឆ្ងាយ។
ទំរាំស៊ូដង់ឈានមកដល់ថ្ងៃនេះ គេត្រូវចំណាយពេលចំនួន ២៤០ថ្ងៃ និងចំណាយជីវិតមនុស្សអស់ចំនួន ២៥០នាក់។ គួររម្លឹកថាអស់រយៈពេល ៨ខែ ពោលតាំងពីថ្ងៃទី១៩ ធ្នូ ឆ្នាំ ២០១៨ ដែលប្រជាជនស៊ូដង់បាននាំគ្នាចុះផ្លូវធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងទាមទារឲ្យមានការផ្លាស់ប្តូរមួយ។ តែគេត្រូវរង់ចាំដល់ថ្ងៃទី១១ មេសាទើបបដិវត្តរបស់មហាជនដែលមានការជួយគាំទ្រពីកងទ័ពមួយនេះអាចទម្លាក់លោកអូម៉ា អ៊ែលបេស្ហៀរពីតំណែងប្រធានាធិបតីបាន។ បន្ទាប់មក ចលនាមហាជនដដែលនេះត្រូវចំណាយពេលជាង ២ខែបន្ថែមទៀតដើម្បីអាចបង្ខំក្រុមឧត្តមសេនីយឲ្យសុខចិត្តចែកអំណាចជាមួយក្រុមស៊ីវិលនៅពេលនេះ។
នៅក្នុងកិច្ចព្រមព្រៀងនយោបាយចុះហត្ថលេខាក្នុងថ្ងៃសៅរ៍ ទី១៧ សីហា ក្រុមស៊ីវិលដឹកនាំដោយកម្លាំងសេរីភាព និងការផ្លាស់ប្តូរ និងក្រុមប្រឹក្សាយោធាអន្តរកាលបានចាប់ដៃដឹកនាំប្រទេសរួមគ្នានៅក្នុងសម័យអន្តរកាលរយៈពេល ៣៩ខែខាងមុខ មុននឹងធ្វើការរៀបចំបោះឆ្នោតជាផ្លូវការនៅឆ្នាំ ២០២២។ កិច្ចព្រមព្រៀងនយោបាយនោះជាសេចក្តីថ្លែងការណ៍ធម្មនុញ្ញមួយកម្រាស់ ២០ទំព័រដែលជំនួសឲ្យរដ្ឋធម្មនុញ្ញបច្ចុប្បន្ន។ ជាមួយនឹងសេចក្តីថ្លែងការណ៍ធម្មនុញ្ញនេះ ក្រុមប្រឹក្សាយោធាអន្តរកាលដែលបានដឹកនាំប្រទេសនៅក្រោយការទម្លាក់លោកអូម៉ា អ៊ែលបេស្ហៀរបានរលាយខ្លួនត្រឹមថ្ងៃទី១៩ សីហា និងដាក់ជំនួសដោយក្រុមប្រឹក្សាអធិបតេយ្យសម្រាប់សម័យអន្តរកាលរយៈពេល ៣៩ខែដែលមានសមាសភាព ១១រូប គឺ៦រូបជាជនស៊ីវិល និង ៥រូបជាទាហាន។
បន្ទាប់មក ប្រធានក្រុមប្រឹក្សាអធិបតេយ្យនឹងត្រូវផ្លាស់វេនម្តងម្នាក់ដោយនៅក្នុង ២១ខែដំបូង ត្រូវដឹកនាំដោយឧត្តមសេនីយម្នាក់ ហើយនៅសល់ ១៨ខែចុងក្រោយនឹងត្រូវដឹកនាំដោយជនស៊ីវិលម្នាក់។ បន្ទាប់មកទៀតនៅថ្ងៃទី២០ សីហា នឹងមានការតែងតាំងនាយរដ្ឋមន្រ្តីម្នាក់ ហើយរដ្ឋាភិបាលអន្តរកាលមួយនឹងត្រូវបង្កើតឡើងនៅថ្ងៃទី២៨ សីហាជាមួយនឹងចំនួនរដ្ឋមន្រ្តីច្រើនបំផុត ២០រូប។ តែមានក្រសួងសំខាន់ចំនួនពីរដែលបានកក់ទុករួចស្រេចសម្រាប់កងទ័ព គឺការពារជាតិ និងក្រសួងមហាផ្ទៃ។ ចុងក្រោយ សភាអន្តរកាលមួយនឹងត្រូវប្រសូត្រឡើងក្នុងរយៈពេល ៩០ថ្ងៃ បន្ទាប់ពីថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងនយោបាយ។
បើអ្វីៗមានដំណើរការដោយរលូនដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងមែន រដ្ឋាភិបាលអន្តរកាលអាចនឹងផ្តើមការងាររបស់ខ្លួនចាប់ពីថ្ងៃទី១ កញ្ញាខាងមុខទៅ។ មានការងារប្រឈមច្រើនណាស់ដែលកំពុងរង់ចាំរដ្ឋាភិបាលអន្តរកាល ពិសេសស្រោចស្រង់សេដ្ឋកិច្ចជាតិដែលកំពុងដុនដាបខ្លាំង និងស្វែងរកកិច្ចព្រមព្រៀងសន្តិភាពរួម និងយូរអង្វែរមួយសម្រាប់ប្រទេសស៊ូដង់ទាំងមូល។ ចូរកុំភ្លេចថា មានតំបន់មួយចំនួនកំពុងបន្តគ្របដណ្តប់ដោយជម្លោះប្រដាប់អាវុធនៅឡើយ។ ទោះជាយ៉ាងនេះក្តីសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ ការចាប់ដៃធ្វើការរួមគ្នារវាងក្រុមស៊ីវិល និងក្រុមយោធាពេលនេះជាសករាជថ្មីមួយ និងជាជោគជ័យប្រវត្តិសាស្រ្តមួយមិនអាចប្រកែកបានទេសម្រាប់ស៊ូដង់តាំងពីទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៥៦ មក។
តែទន្ទឹមនឹងភាពរីករាយត្រេកត្រអាល ក៏មានលេចចេញនូវក្តីបារម្ភផងដែរ ព្រោះចូរកុំភ្លេចថា ក្នុងរយៈពេល ៦៣ឆ្នាំនៃការទទួលបានឯករាជ្យ អំណាចនៅស៊ូដង់បានស្ថិតក្នុងកណ្តាប់ដៃយោធាសរុបចំនួន ៥៤ឆ្នាំ និងក្នុងដៃស៊ីវិលតែ ១១ឆ្នាំប៉ុណ្ណោះ។ លើកណាក៏ដូចជាលើកណាដែរ ក្រុមឧត្តមសេនីយមិនដែលទុកឲ្យក្រុមស៊ីវិលដឹកនាំប្រទេសយូរប៉ុន្មានទេ។ គឺសេណារីយ៉ូមួយនេះឯងដែលសកម្មជនប្រឆាំងបារម្ភខ្លាចកើតមានឡើងវិញ។ អ្វីដែលគ្រប់គ្នាកំពុងរង់ចាំមើលពេលនេះ តើសម្ព័ន្ធភាពរវាងស៊ីវិល និងយោធាក្នុងសម័យអន្តរកាលរយៈពេល ៣៩ខែនឹងមានដំណើរចប់ចុងចប់ដើម ឬមួយក៏ត្រូវចែកផ្លូវគ្នាដើរនៅកណ្តាលទី?។ វាហាក់ដូចជារហ័សពេកដែលគេអាចផ្តល់ចម្លើយសុទិដ្ឋិនិយមមួយចំពោះសំណួរនេះ។
អ្វីដែលគេអាចនិយាយបាន នេះជាឱកាសមួយដ៏ល្អដែលភាគីនីមួយៗមិនគួរមើលរំលង និងទុកឲ្យកន្លងផុតបានឡើយ។ តែដើម្បីអាចចាប់ដៃគ្នាឆ្ពោះទៅដល់គោលដៅបាន វាអាស្រ័យតែលើឆន្ទៈនយោបាយពិតប្រាកដរបស់ភាគីពាក់ព័ន្ធប៉ុណ្ណោះ។ បើមិនដូច្នោះទេ ប្រវត្តិសាស្រ្តច្រំដែលនឹងកើតមានជាថ្មីនៅស៊ូដង់ ហើយអ្នកដែលបន្តរងគ្រោះ គឺគ្មាននរណាក្រៅពីប្រទេស និងពលរដ្ឋស៊ូដង់ខ្លួនឯងទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ