អានតួអត្ថបទ

ស៊ូដង់​ចុះ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ស៊ីវិល

ក្រុមយោធា​កំពុង​កាន់​អំណាច​នៅ​ស៊ូដង់ និង​ក្រុម​ដឹកនាំ​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​សឹក បាន​ចុះ​​​កិច្ចព្រមព្រៀង​ ជា​ប្រវត្តិសាស្ត្រ លើ​សេចក្តីថ្លែងការណ៍​ធម្មនុញ្ញ ផ្ទេរ​អំណាច​ដឹកនាំ​ប្រទេស​ទៅ​ឱ្យ​​រដ្ឋាភិបាល​ស៊ីវិល។ ពិធី​ចុះ​ហត្ថលេខា​បាន​ប្រព្រឹត្ត​ទៅនៅ​រសៀល​ នៅ​ថ្ងៃ​សៅរ៍​ទី ១៧ សីហា ២០១៩​នេះ នៅ​ទីក្រុង​ខាទុំ ក្រោម​វត្តមាន​របស់​ប្រមុខរដ្ឋ​-រដ្ឋាភិបាល និង​មេដឹកនាំ​​បរទេសជា​ច្រើន​រូប ព្រមទាំង​​ពលរដ្ឋ​ស៊ូដង់​រាប់ពាន់​នាក់។ ជា​កិច្ចព្រមព្រៀង​ដ៏​ផុយស្រួយ​មែន តែ​ជាពន្លឺ​នៃ​​ក្តី​សង្ឃឹម​របស់​​ប្រជាពលរដ្ឋ​ ​ថាស៊ូដង់​នឹង​មាន​សេរីភាព​ និង ​រុងរឿង​ឡើង។

ឧត្តមសេនីយ៍ Hamdan Dagloអនុប្រធាន​ក្រុមប្រឹក្សា​យោធា​បណ្តោះអាសន្ន និង​លោក Ahmed Rabid ប្រមុខ​ចលនា​ប្រឆាំង
ឧត្តមសេនីយ៍ Hamdan Dagloអនុប្រធាន​ក្រុមប្រឹក្សា​យោធា​បណ្តោះអាសន្ន និង​លោក Ahmed Rabid ប្រមុខ​ចលនា​ប្រឆាំង ASHRAF SHAZLY / AFP
ផ្សាយពាណិជ្ជកម្ម

​កិច្ចព្រម​ព្រៀង ដែល​តំណាង​យោធា​និង​តំណាង​ចលនា​ប្រឆាំង​បាន​ចុះ​ហត្ថលេខា​ នៅ​ថ្ងៃ​សៅរ៍នេះ មាន​ទម្រង់​ជា​ការ​ចង្អុល​ដំណើរ​ឆ្លង​អន្តរកាល​ ផ្ទេរអំណាចដឹកនាំ​ប្រទេស​បែប​យោធា ​ឱ្យ​ស៊ីវិល សម្រាប់​​រយៈ​ពេល​៣៩​ខែ។​ ការ​បោះឆ្នោត​សភា​ គ្រោង​នឹង​រៀប​ចំ​ធ្វើ​នៅ​ឆ្នាំ​២០២២។ នៅ​ថ្ងៃអាទិត្យ​ស្អែក ក្រុមប្រឹក្សាយោធា​ដែល​កំពុង​កាន់​អំណាច​ត្រូវ​រំលាយ​ ដោយ​ដាក់​ជំនួស​មក​វិញ​នូវ​​ក្រុម​ប្រឹក្សា​អធិបតេយ្យ ​ដែលមានបន្ទុក​ដឹកនាំ​ប្រទេស​ឆ្លង​អន្តរកាល និង​ ដែល​មាន​សមាសភាព១១​នាក់ (ក្នុង​នោះ​៦​នាក់​ជា​ស៊ីវិល​ ៥​នាក់​ជា​យោធា)។ ឆ្លង​ផុត​ដំណាក់កាល​ទី​មួយ​នេះ​ហើយ ក្រុមប្រឹក្សា​អធិបតេយ្យ​ នឹង​តែង​តាំង​​នាយករដ្ឋមន្ត្រី​ថ្មី​ ​នៅ​ថ្ងៃ​អង្គារ ដែល​ទំនង​ជា​រូប​លោក អាដាឡា ហាំដុក អតីត​សេដ្ឋវិទូ​ប្រចាំ​អង្គការ​សហប្រជាជាតិ។ ​រដ្ឋាភិបាល​ថ្មី​​នឹង​មាន​រូប​រាង​ពេញ​លេញ​​ទៅ​ថ្ងៃ​ទី ២៨​សីហា​ សប្តាហ៍​ក្រោយ។ តួនាទី​ការពារជាតិ​និង​មហាផ្ទៃ​នឹង​ត្រូវ​ស្ថិត​នៅ​លើ​ដៃ​ក្រុម​យោធា។

​ដំណើរ​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​នៅ​វែង​ឆ្ងាយ​ទៀត​មែន ប៉ុន្តែ​ប្រជាពលរដ្ឋ​ស៊ូដង់​បាន​សម្តែង​ក្តី​អបអរ​ ​ទូទាំង​ប្រទេស ព្រោះ​ការ​សម្រេច​កិច្ចព្រមព្រៀង​នេះ បាន​បិទ​បញ្ចប់​ចលនា​បះបោរ​ប្រឆាំង​ដ៏​ធំ​មិន​ធ្លាប់​មាន រយៈ​ពេល​២៤០​ថ្ងៃ បាត់​បង់​ជីវិត​​មនុស្ស​អស់​២៥០​នាក់ ទម្រាំ​ច្រាន​ប្រធានាធិបតីក្រាញ​អំណាច​៣០​ឆ្នាំ​​ អូមារ អែលបេស្ហៀរបាន​នៅ​ថ្ងៃ​ទី​១១​មេសា ២០១៩ និ​ង​ច្រាន​ក្រុម​ឧត្តមសេនីយ​​នៃ​​រដ្ឋាភិបាលបណ្តោះ​អាសន្ន​​យោធា ឱ្យ​ព្រមបើក​ផ្លូវ​នាំ​ប្រទេស​ឆ្លង​អន្តរកាលទៅ​បង្កើត​រដ្ឋាភិបាល​ស៊ីវិល តាម​បែប​ប្រជាធិបតេយ្យ។

កិច្ចព្រមព្រៀង​អាច​សម្រេច​ទៅ​បាន​ដោយ​មាន​អេត្យូពី និង​សហភាព​អាហ្វ្រិក​ជា​អន្តរការី។ ពិធី​ចុះ​ហត្ថលេខា បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់​មេដឹកនាំ​បរទេស​ជា​ច្រើន​ដូច​ជា នាយក​រដ្ឋមន្ត្រី​អេត្យូពី​ ប្រធានសហភាព​អាហ្វ្រិក ថ្នាក់ដឹកនាំ​នយោបាយ​ប្រទេស​អេមីរ៉ាត់អារ៉ាបរួម អារ៉ាប៊ីសាអូឌីត អន្តរការី​អាមេរិក​ អង់គ្លេស ព្រមទាំង​តំណាង​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធ​អារ៉ាប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ