អានតួអត្ថបទ

នាយក​រដ្ឋមន្ត្រី​អេត្យូពី​ចូលខ្លួន​ធ្វើ​អន្តរការី​ឱ្យ​ស៊ូដង់

នាយក​រដ្ឋមន្ត្រី​អេត្យូពី លោក អាប៊ី អាម៉េដ Abiy Ahmed បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ស៊ូដង់​ហើយ​នៅ​ថ្ងៃ​សុក្រ​ទី ៧ មិថុនា ២០១៩ នេះ​ ដើម្បី​ដើរ​តួនាទី​ជា​​អន្តរការីដោះស្រាយ​វិបត្តិនយោបាយ​​ឱ្យ​ស៊ូដង់។ ក្រោយ​រដ្ឋ​ប្រហារ​ទម្លាក់​ប្រធានាធិបតី លោក អូមារ អែលបេស្ហៀរ កាលពី​ខែ​មេសា​មក​ ​ស៊ូដង់បាន​លង់ក្នុងសោកដនាកម្ម និង​កា​រប្រឈម​តតាំង​គ្នា​​រវាង​​ក្រុមប្រឹក្សា​យោធា​អន្តរកាល និង​សម្ព័ន្ធ​ស៊ីវិល​ជា​បក្ស​ប្រឆាំង។

នាយក​រដ្ឋមន្ត្រី​អេត្យូពី (ឆ្វេង) និង​ឧត្តមសេនីយ៍​ប៊ូរ៉ាន ប្រមុខ​ដឹកនាំ​ក្រុមប្រឹក្សា​យោធាស៊ូដង់​។ ថ្ងៃទី ៧ មិថុនា ២០១៩
នាយក​រដ្ឋមន្ត្រី​អេត្យូពី (ឆ្វេង) និង​ឧត្តមសេនីយ៍​ប៊ូរ៉ាន ប្រមុខ​ដឹកនាំ​ក្រុមប្រឹក្សា​យោធាស៊ូដង់​។ ថ្ងៃទី ៧ មិថុនា ២០១៩ PMEthiopia
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ប្រភព​ការទូត​ជា​ច្រើន លោក​នាយករដ្ឋមន្ត្រី Abiy Ahmed គ្រោង​នឹង​មាន​ជំនួប​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​យោធា​អន្តរកាល ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ អាប់ឌែល ហ្វាតា អាល់ប៊ួរ៉ាន និង​តំណាង​ក្រុម​ប្រឆាំង​នៃ​​សម្ព័ន្ធ​ស៊ីវិល​ដើម្បី​សេរីភាព​ និង​រំដោះ​ស៊ូដង់។ ប៉ុន្តែ​កាលវិភាគ​លម្អិត​របស់​លោក​ប្រមុខរដ្ឋាភិបាល​អេត្យូពី មិន​ត្រូវ​បាន​បញ្ជាក់​ទេ។

ឡើង​កាន់​អំណាច​នៅ​ខែ​មេសា ២០១៨ លោក អាប៊ី ត្រូវ​បានពិភពលោក​​ទទួលស្គាល់​និង​អបអរ ថា​ជា​អ្នក​ការ​ទូត​ដ៏​ចំណាន ដោយ​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​សន្តិភាព​ឱ្យ​អេត្យូពី​ជាមួយ​ប្រទេស​អេរីត្រេ ដែល​ជា​អតីត​ខេត្ត​មួយ​អេត្យូពី ​ទើប​ប្រកាស​ជា​រដ្ឋ​ឯករាជ្យ​នៅ​ឆ្នាំ​១៩៩៣។ បន្ទាប់​មក​ទៀត លោក អាប៊ី ក៏​បាន​សាក​ល្បង​បន្ធូរបន្ថយ​សម្ពាធ​តានតឹងនៅ​​​ស៊ូដង់​ខាង​ត្បូង​ ភាព​តាន​តឹង​រវាង​ប្រទេស​អេរីត្រេនិង​ជីប៊ូជី និង​រវាង​កេនយ៉ា​ជាមួយ​សូម៉ាលី។

តើ​លោកអាប៊ី ​នឹង​មាន​ឥទ្ធិពលខ្លាំង​​គ្រប់គ្រាន់​នៅ​ស៊ូដង់​ដែរ​ឬទេ បើ​ប្រទេស​នេះ​ស្ថិត​ក្រោម​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាតអារ៉ាប់រួម។ ប្រទេស​ទាំង​បី​នេះមិនងាយ​នឹង​ព្រលែងក្រុង​ខាទុំ​ងាយៗ​ឡើយ។ ម្សិលមិញ​ អារ៉ាប៊ីសាអូឌីត​និង​អេមីរ៉ាត បាន​ត្រឹម​តែ​ចេញ​សេចក្តីថ្លែងការណ៍​ចុងមាត់​ចុងក​ប៉ុណ្ណោះ​ ឱ្យ​ភាគ​ទាំង​ពីរ​ជ្រើស​រើស​ផ្លូវការ​ចរចា។ តែ​សម្ព័ន្ធ​ស៊ីវិល​ជា​បក្ស​ប្រឆាំង​បាន​បដិសេធ​​យ៉ាង​ដាច់​អហង្កា។ អ្នក​ជំនាញ​ប្រទេស​ស៊ូដង់ សំឡឹងឃើញ​មាន​ដំណោះស្រាយ​តែ​មួយ​គត់ គឺ​គំនាប​របស់​សហគមន៍​អន្តរជាតិ​បង្ខំ​ឱ្យ​ក្រុមប្រឹក្សា​យោធា​អន្តរកាល​​ព្រម​រំលាយ​ខ្លួន ចុះ​ចេញ​ពី​អំណាច។ ការ​ចរចា​មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ​សម្រាប់​ពេល​នេះ ព្រោះ​ប្រទេស​ទាំងមូលគ្រប​ដណ្តប់​ទៅ​ដោយ​ការ​ភ័យ​ខ្លាច។

ស៊ូដង់​បាន​លង់​​ក្នុង​អំពើ​ហិង្សា​មរណៈ​ តាំង​ពី​ប្រធានាធិបតី​បេស្ហៀរ ត្រូវ​បាន​ក្រុម​យោធា​ទម្លាក់​ចេញ​ពី​តំណែង នៅ​​ថ្ងៃទី ១១​មេសា។ កាលពី​ថ្ងៃ​ចន្ទ រដ្ឋាភិបាល​សឹក​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​យោធា​អន្តរកាល​ បានចេញ​​បង្ក្រាបបាតុករ​ដែល​មកកាន់​កាប់នៅ​មុខ​ទី​បញ្ជាការដ្ឋាន​យោធា​ រហូត​មាន​ស្លាប់​ប្រមាណ​១១៣​នាក់ បើ​តាមប្រភព​បក្ស​ប្រឆាំង​និង តែ​៦១​នាក់​បើ​តាម​ប្រភព​យោធា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ