rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ូដង់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ស៊ូដង់៖កងទ័ពបានអន្តរាគមន៍បំបែកហ្វូងបាតុករក្នុងទីក្រុងការទូម

media
នៅស៊ូដង់ កងទ័ពបានអន្តរាគមន៍បំបែកហ្វូងបាតុករក្នុងទីក្រុងការទូម ASHRAF SHAZLY / AFP

នៅ​ក្នុង​ប្រទេស​ស៊ូដង់ កងទ័ព​បាន​ផ្តើម​អន្តរាគមន៍​បំបែក​ហ្វូង​បាតុករ​នៅ​ពី​មុខ​អគ្គសេនាធិការរដ្ឋាន​កងទ័ព​ក្នុង​ទីក្រុង​ការទូម​នា​ព្រលឹម​ស្រាងៗ​ថ្ងៃ​ចន្ទ ទី៣ មិថុនា។ មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៩នាក់ រួម​ទាំង​អ្នក​របួស​ធ្ងន់ ស្រាល​ជា​ច្រើន​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​បទអន្តរាគមន៍​នោះ នេះ​ជា​តួលេខ​បញ្ជាក់​ដោយ​គណៈកម្មាធិការ​គ្រូពេទ្យ​ស៊ូដង់។ អំពើ​ហិង្សា​មួយ​នេះ​បាន​កើត​ឡើង បន្ទាប់​ពី​ការ​ចរចា​រវាង​ក្រុម​បាតុករ និង​កងទ័ព​កំពុង​បន្ត​ជាប់​គាំង។ គួរ​រម្លឹក​ថា តាំង​ពី​កងទ័ព​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​លោក​អូម៉ារ អ៊ែលបេស្ហៀរ​ក្នុង​ថ្ងៃទី១១ មេសា​មក ក្រុម​បាតុករ​បាន​ទាមទារ​ឲ្យ​ក្រុម​ឧត្តមសេនីយ​ប្រគល់​អំណាច​ទៅ​ឲ្យ​ក្រុមស៊ីវិល។ តែ​ក្រុម​ឧត្តមសេនីយ​បាន​ទាមទារ​រក្សា​អំណាចកំពូល​នៅ​ក្នុង​សម័យ​អន្តរកាល។ ស្ថានទូតអាមេរិក​ប្រចាំ​ក្រុង​ការទូម​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ជំរុញ​ក្រុម​ឧត្តមសេនីយ​ឲ្យ​បញ្ឈប់​ប្រតិបត្តិការ​បង្រ្កាប​លើ​ហ្វូងបាតុករ និង​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ក្រុមប្រឹក្សា​កងទ័ព។ អ្វី​ជា​ការ​កត់សម្គាល់ អន្តរាគមន៍​របស់​កងទ័ព​ថ្ងៃ​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​ច្រើន​ដក​ក្នុង​សប្តាហ៍​កន្លង​ទៅ ពិសេស​ក្នុង​សង្កាត់ Nile Street ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣នាក់។ លោក​ហ្វាទី ម៉ូហាម៉េដ មន្រ្តី​ម្នាក់​នៃ​សមាគមន៍​វិជ្ជាជីវៈ​ស៊ូដង់​បាន​ចោទ​ក្រុម​ឧត្តមសេនីយ​ពី​បង្ក​ឲ្យ​មាន​ភាព​វឹកវរ ចលាចល​ពេល​នេះ។


« គឺ​ក្រុមប្រឹក្សាយោធា​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​អំពើហិង្សា​ពេល​នេះ​ក៏​ដូច​ជា​អំពើ​ហិង្សា​នៅ​សង្កាត់ Nile Street​នា​សប្តាហ៍​កន្លង​ទៅ។ យើង​មិន​យល់ និង​ពិបាក​ពន្យល់​ពី​យុទ្ធសាស្រ្ត​របស់​ក្រុម​ឧត្តមសេនីយ។ តែ​គេ​អាច​និយាយ​បាន​ថា ពួក​គេ​បាន​ព្យាយាម​ញុះញង់​ហ្វូង​បាតុករ​ដើម្បី​ឲ្យ​ពួក​បាតុករ​ផ្ទុះ​អំពើ​ហិង្សា។

ដល់​អ៊ីចឹង​ទៅ កងទ័ព​បាន​យក​លេស​ហិង្សា​របស់​ហ្វូង​បាតុករ​ដើម្បី​បើក​អន្តរាគមន៍​បង្រ្កាប។ បន្ថែម​ពី​នេះ កងទ័ព​ថែម​បាន​បញ្ជូន​គ្នីគ្នា​គេ​ដែល​ស្លៀកពាក់​ស៊ីវិល​ឲ្យ​ចូល​បង្ក​ភាព​វឹកវរ និង​ចលាចល​នៅ​ក្នុង​ហ្វូង​បាតុករ​ទៀត​ផង។ យើង​បាន​ឃាត់​ខ្លួន​ពួក​គេ​ចំនួន ៥នាក់​ដែល​សុទ្ធសឹង​ជា​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ ហើយ​យើង​ក៏​បាន​ប្រគល់​អ្នក​ទាំង ៥ ឲ្យ​ទៅ​កងទ័ព​វិញ​ហើយ។

យើង​បាន​បង្កើត​ឲ្យ​មាន​គណៈកម្មការ​មួយ​ដើម្បី​ធ្វើ​ការ​ជាមួយ​កងទ័ព​ក្នុង​ការ​រក្សា​សន្តិសុខ​នៅ​ទីតាំង​ប្រមូលផ្តុំ​របស់​ពួក​បាតុករ។ តែ​អន្តរាគមន៍​របស់​កងទ័ព​ពេល​នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា កងទ័ព​បាន​ប្រើ​ភាសា​ពីរ​ខុស​គ្នា។ ដូច្នេះ យើង​បាន​ព្យួរ​ការ​ចូលរួម​ជាមួយ​គណៈកម្មការ​នោះ​វិញ។ ខណៈ​នេះ ពិធី​តម​អាហារ​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម​ជិត​បិទបញ្ចប់ ហើយ​អ្វីៗ​នឹង​អាច​កើត​មាន​ឡើង​គ្រប់​ពេល នោះ​បើ​ទោះ​បី​ខ្ញុំ​មិន​គិត​ថា កងទ័ព​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​គាស់​រំលើង​ជំរំ​របស់​ពួក​បាតុករ​ក៏​ដោយ។

យើង​បាន​ដាក់​កម្លាំង​នៅ​តាម​ច្រក​ចេញ​ចូល ហើយ​ក៏​មាន​ការ​ឆែកឆេរ​យ៉ាង​ម៉ត់ចត់​ផង​ដែរ។ បន្ទាប់​មក យើង​ក៏​មាន​បណ្តាញ​ព័ត៌មាន​ដើម្បី​បញ្ជូន​ព័ត៌មាន​ភ្លាមៗ​ទាក់ទង​នឹង​ហេតុការណ៍​បន្ទាន់​ផ្សេងៗ។ ក្បួនបាតុកម្ម​មួយ​នេះ​មាន​បង្កប់​ដោយ​ស្មារតី​បដិវត្ត ហើយ​ចលនា​មួយ​នេះ​នឹង​បន្ត​មាន​រហូត​ដល់​ការ​ទាមទារ​របស់​យើង​ទទួល​បាន​លទ្ធផល​វិជ្ជមាន »៕