ជំងឺគ្រុនចាញ់ ៖ ថ្នាំបង្ការថ្មីមានប្រសិទ្ធភាពខ្ពស់ខ្លាំង ផ្តើមចាក់សាកល្បងនៅអាហ្វ្រិក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤៩
អង្គការសុខភាពពិភពលោកសង្ឃឹមថានឹងអាចផ្តល់ថ្នាំបង្ការជំងឺគ្រុនចាញ់ ដល់កុមារបាន ១២ម៉ឺននាក់ ពីពេលនេះដល់ឆ្នាំ២០២០ ពោលគឺស្មើនឹងចំនួនពាក់កណ្តាលនៃចំនួនមរណភាពកុមារអាហ្វ្រិកអាយុក្រោម៥ឆ្នាំ ព្រោះជំងឺគ្រុនចាញ់។ យុទ្ធនាការចាក់ថ្នាំបង្ការ ទ្រង់ទ្រាយធំ ដោយប្រើថ្នាំវ៉ាក់សាំងប្រឆាំងជំងឺគ្រុនចាញ់ដំបូង បានចាប់ផ្តើមនៅប្រទេសម៉ាឡាវី កាលពីថ្ងៃអង្គារទី២៣មេសា និងនៅប្រទេសហ្កាណា និងកេនយ៉ា នៅសប្តាហ៍នេះ។ តើថ្នាំបង្ការជំងឺគ្រុនចាញ់នេះមានប្រសិទ្ធភាពយ៉ាងណា ? និងមានការប្រើប្រាស់យ៉ាងដូចម្តេចខ្លះ ?
ជំងឺគ្រុនចាញ់ អាចសម្លាប់ក្មេងបាន ក្នុងរយៈពេលក្រោម២៤ម៉ោង។ ប្រសិនគេអាចជួយក្មេងឱ្យរួចជីវិតបាន ប៉ុន្តែជំងឺគ្រុនចាញ់បានធ្វើឱ្យសរីរាង្គក្មេងដូចជា ខួរក្បាល ឬតម្រងនោមខូចខាត។ ប៉ុន្តែរហូតមកទល់ពេលបច្ចុប្បន្ននេះ ពិភពលោកពុំទាន់មានថ្នាំបង្ការណាមានប្រសិទ្ធភាព សម្រាប់ប្រយុទ្ធប្រឆាំងនឹងរាតត្បាតនៃជំងឺគ្រុនចាញ់នេះទេ។ ក្រោយពីធ្វើការសិក្សាអស់រយៈពេល ៣០ឆ្នាំ និងចំណាយថវិកាអស់ជាងមួយពាន់លានដុល្លារ អ្នកស្រាវជ្រាវទើបតែបានសម្រេចរកឃើញថ្នាំបង្ការថ្មី ដែលអង្គការសុខភាពពិភពលោក បានចាប់ផ្តើមបើកយុទ្ធនាការចាក់បង្ការ ជាដំណាក់កាលពិសោធន៍ ចាប់ពីថ្ងៃទី ២៣ មេសា នៅប្រទេសម៉ាឡាវី និងចាប់ពីសប្តាហ៍នេះទៅ នៅក្នុងប្រទេសហ្កាណា និងកេនយ៉ា។ អង្គការសង្ឃឹមថា រហូតដល់ចុងឆ្នាំ ២០២០ នឹងមានកុមារម៉ាឡាវី ហ្កាណា កេនយ៉ាង ក្រោមអាយុ ២ឆ្នាំ មួយប្រទេស ១២ម៉ឺននាក់ បានទទួលថ្នាំការពារជំងឺគ្រុនចាញ់។
នៅប្រទេសកម្ពុជា ករណីស្លាប់ព្រោះជំងឺគ្រុនចាញ់ ត្រូវបានកាត់បន្ថយអស់៩៩%មែន ប៉ុន្តែនៅអាហ្វ្រិក ជំងឺជំងឺចម្លងដោយមូសដែកគោល នៅបន្តសម្លាប់មនុស្សអស់រាប់សិបពាន់នាក់ ក្នុងមួយឆ្នាំៗ។ នៅក្នុងចំនួន អ្នកបាត់បង់ជីវិត នៅឆ្នាំ២០១៧ ជាង ៤៣៥០០០នាក់ ៩០%ជាពលរដ្ឋរស់នៅអាហ្វ្រិក។ ហើយពីរភាគបីនៃជនរងគ្រោះស្លាប់ ជាកុមារក្រោមអាយុ៥ឆ្នាំ។ ហេតុដូច្នេះហើយបាន លោកវេជ្ជបណ្ឌិត Matthew Coldiron ឯកទេសរោគរាតត្បាត នៅអង្គការគ្រូពេទ្យគ្មានព្រំដែន បានសម្តែងការអបអរយុទ្ធនាការចាក់ថ្នាំសាកល្បងទ្រង់ទ្រាយធំនេះ ព្រោះថ្វីបើថ្នាំបង្ការពុំទាន់ល្អឥតខ្ចោះ តែជាតំណាងភាពជឿនលឿនផ្នែកវេជ្ជសាស្ត្រ។
“ថ្នាំបង្ការនេះមិនមែនជាថ្នាំល្អឥតខ្ចោះទេ ! កំរិតប្រសិទ្ធភាព ក៏មានត្រឹមពី ៣០ទៅ៤០% ហើយត្រូវចាក់ច្រើនលើកទៀត -បួនដងយ៉ាងតិច។ ប៉ុន្តែជំងឺគ្រុនចាញ់ ជាភាពប្រឈមដ៏សំខាន់មួយ មានមនុស្សប្រមាណមួយលាននាក់មានផ្ទុកជំងឺនេះ និងបានសម្លាប់ជីវិតមនុស្សរាប់សិបពាន់ ក្នុងមួយឆ្នាំៗ។ ឯមធ្យោបាយព្យាបាលបច្ចុប្បន្ន ក៏ស្ទើរតែស៊ាំអស់ទៅហើយ ដូច្នេះយើងត្រូវការដំណោះស្រាយថ្មី មធ្យោបាយថ្មី។ ហើយខ្ញុំគិតថា ថ្នាំវ៉ាក់សាំងថ្មីនេះ ជាចំណែកមួយនៃដំណោះស្រាយថ្មី។ យើងស្វាគមន៍ សកម្មភាពរបស់អង្គការសហប្រជាជាតិ ចំពោះប្រទេសម៉ាឡាវី ហ្កាណា កេនយ៉ា នាពេលនេះ។ ពីព្រោះថ្នាំវ៉ាក់សាំងនឹងត្រូវប្រើ ដើម្បីជាប្រយោជន៍ផង និងទាំងដឹងអំពីគុណវិបត្តិ ក្នុងលក្ខខណ្ឌជីវិតពិតៗ និងក្នុងស្ថានភាពជាក់ស្តែងតែម្តងផង។ សង្ឃឹមថា គេនឹងបានដឹងអំពីឥទ្ធិពលជាក់ស្តែង ដែលនឹងកើតមានលើប្រជាពលរដ្ឋទាំងមូលផង និងមានភស្តុតាងពិតប្រាកដបញ្ជាក់អំពីគុណប្រយោជន៍ និងគុណវិបត្តិនៃថ្នាំបង្ការប្រឆាំងនឹងជំងឺគ្រុនចាញ់ផង។”
តើថ្នាំបង្ការនេះមានឈ្មោះ និងការប្រើប្រាស់យ៉ាងដូចម្តេច ?
មានឈ្មោះថា Mosquirix ឬ RTS,S ថ្នាំវ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនចាញ់ ត្រូវបានរកឃើញដោយក្រុមហ៊ុនឱសថអង់គ្លេស GlaxoSmithKline សហការជាមួយអង្គការក្រៅរដ្ឋាភិបាល PATH និងផ្តល់ហិរញ្ញវត្ថុដោយសម្ព័ន្ធថ្នាំបង្ការ មូលនិធិពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា និងគ្រុនចាញ់ និងអង្គការUNICEF។ រកបន្សំឃើញនៅឆ្នាំ១៩៨៧ Mosquirix ជាថ្នាំបង្ការសម្រាប់ចាក់ឱ្យទារកចាប់ពីអាយុ៦សប្តាហ៍ ដល់១៧ខែ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់បណ្តាលមកពីប៉ារ៉ាស៊ីត Plasmodium falciparum ដែលជាទម្រង់ជំងឺមានកើតយ៉ាងញឹកញាប់ជាងគេ និងធ្ងន់ធ្ងរជាងគេ។
ថ្នាំបង្ការនេះ ជាបន្សំ និងមានសកម្មភាពជា ប្រូតេអ៊ីនPlasmodium falciparum លាយបញ្ចូលជាមួយសារធាតុសម្រាប់បង្កើតជាអង់ទីក័រជំងឺរលាកថ្លើមប្រភេទបេ ក្នុងទម្រង់ជាធាតុមួយនៃមេរោគតែគ្មានសមត្ថភាពចម្លង។ ដោយសារបន្សំនេះហើយ បានជាគេត្រូវចាក់ថ្នាំបង្ការ Mosquirix នេះ ដល់ទៅបួនដង ដើម្បីអាចរាប់ថាមានប្រសិទ្ធភាព និងដើម្បីអាចការពារខ្លួនប្រឆាំងនឹងជំងឺរលាកថ្លើមប្រភេទបេមួយទៀត។
កាលពីខែកក្កដា ឆ្នាំ២០១៥ ភ្នាក់ងារឱសថអឺរ៉ុប បានផ្តល់យោបល់វិជ្ជមានចំពោះថ្នាំ Mosquirix ដែលទើបបានធ្វើការសាកល្បង គម្រប់ដំណាក់កាលទីបី នៅក្នុង៧ប្រទេស (បួគីណាហ្វាសូ ហ្កាបុង ហ្កាណា កេនយ៉ា ម៉ាឡាវី ម៉ូសំប៊ិច និងតង់ហ្សានី) ជាមួយលទ្ធផលចុះផ្សាយក្នុងទំព័រទស្សនាវដ្តីសុខភាព The Lancet កាលពីខែមេសាឆ្នាំ ២០១៥ផង។
គិតមកទល់នឹងថ្ងៃនេះ ជាថ្នាំបង្ការ ដែលពូកែជាងគេបំផុត ប្រឆាំងនឹងមេរោគ Plasmodium Falciparum ប៉ារ៉ាស៊ីត ដែលស្មុគស្មាញជាមីក្រុបដទៃខ្លាំងណាស់។ មីក្រុបនេះ មានADN បីប្រភេទ និងហ្សែន ដល់ទៅ ៥៣០០ មានន័យថា វាអាចផលិតប្រូតេអ៊ីន ៥០០ដងលើសមេរោគHIV ឬវីរ៉ុសគ្រុនផ្តាសាយធំឯណោះ។ ឯចំណែកថ្នាំបង្ការ Mosquirix វិញ អាចដៅតែលើប្រូតេអ៊ីនមួយប្រភេទរបស់មេរោគគ្រុនចាញ់ប្រភេទនេះប៉ុណ្ណោះ។
បើតាមអង្គការសុខភាពពិភពលោក នៅក្នុងពេលធ្វើតេស្តសាកល្បងបឋម នៅរវាងពីឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៥ ថ្នាំបង្ការនេះមានប្រសិទ្ធភាពអាចកាត់បន្ថយករណីកុមារ (អាយុពី៧ដល់៥ឆ្នាំ) ឆ្លងជំងឺគ្រុនចាញ់ជាទូទៅ បាន៣៩% ក្នុងរយៈពេល៤ឆ្នាំជាប់គ្នា -ជិត៣០% ចំពោះករណីជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ និង ៥៦% ចំពោះទារកអាយុ៦សប្តាហ៍ដល់១៧ខែ។ បើតាមលទ្ធផលនេះ ប្រសិទ្ធភាពនៃថ្នាំ មានកំរិតទាប មិនអាចកម្ចាត់រោគគ្រុនចាញ់បានទេ ប៉ុន្តែ ជាអាវុធបន្ថែមមួយទៀតសម្រាប់ប្រឆាំងនឹងជំងឺគ្រុនចាញ់។ អ្នកស្រាវជ្រាវ និងអាជ្ញាធរសុខាភិបាល សង្ឃឹមថា មានថ្នាំបង្ការ បូកផ្សំនឹងការប្រើមធ្យោបាយការពារ ដូចជាប្រើមុងជ្រលក់ថ្នាំប្រឆាំងមូសទៅ ចំនួនជនរងគ្រោះនឹងអាចថយចុះគួរជាទីកត់សម្គាល់បាន។ នៅរវាងពីឆ្នាំ ២០០០-២០១៥ ចំនួនមនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់បានធ្លាក់ចុះអស់៦២%។
ប្រសិនបើលទ្ធផលនៃយុទ្ធនាការចាក់ថ្នាំបង្ការដកពិសោធន៍លើកនេះ បានទទួលផលវិជ្ជមាន (គេនឹងចាប់ដឹងលទ្ធផលនៅរវាងពីរឆ្នាំទៀត) នាំថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស នឹងត្រូវបានគេយកទៅប្រើប្រាស់យ៉ាងទូលំទូលាយនៅអាហ្វ្រិក ដើម្បីបន្ថែមពីលើយុទ្ធសាស្ត្រការពារជំងឺគ្រុនចាញ់ ដោយប្រើម៉ុងជ្រលក់ថ្នាំ ដោយប្រើថ្នាំបាញ់សម្លាប់សត្វល្អិតសត្វមូស និងការព្យាបាលជាកិច្ចការពារស្ត្រីមានផ្ទៃពោះ។ យុទ្ធសាស្ត្រដែលចាប់ផ្តើមថយប្រសិទ្ធភាព ព្រោះមូសចាប់ស៊ាំនឹងថ្នាំសម្លាប់សត្វល្អិតនោះហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ